នារសៀលថ្ងៃទី១១ ខែសីហា នៅទីក្រុងហាណូយ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Phung Khanh Tai បានជួបពិភាក្សាការងារជាមួយអនុប្រធានអចិន្រ្តៃយ៍នៃគណៈទាក់ទងបរទេសមជ្ឈិមបក្ស លោក Nguyen Huy Tang (ដែលទើបបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា) ស្តីពីកិច្ចសហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាម និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
![]() |
![]() |
![]() |
លោក Phung Khanh Tai ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោក Nguyen Huy Tang (រូបថត៖ daidoanket.vn) |
នៅក្នុងជំនួបការងារ លោក Phung Khanh Tai បានអះអាងថាក្នុងរយៈពេលកន្លងមក រណសិរ្សមាតុភូមិវៀតណាម និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរក្សាទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងភាគីទាំងពីរ។
លោក Phung Khanh Tai សម្តែងនូវសេចក្តីសង្ឃឹមថា ក្នុងនាមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang នឹងយកចិត្តទុកដាក់ គាំទ្រ និងសម្របសម្រួលជាមួយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមដើម្បីអនុវត្តខ្លឹមសារសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា; សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសមាគមខ្មែរ - វៀតណាម ដើម្បីលើកសំណើជូនរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសកម្ពុជាគាំទ្រយ៉ាងសកម្មដល់សហគមន៍ខ្មែរដែលមានដើមកំណើតវៀតណាម និងអាណិកជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា; បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គណៈប្រតិភូគ្រប់លំដាប់ថ្នាក់នៃរណសិរ្សមាតុភូមិវៀតណាម ទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ល។
លោក Nguyen Huy Tang បានបញ្ជាក់ថា ក្នុងនាមជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមដំណើរជាមួយរណសិរ្សមាតុភូមិវៀតណាម ជំរុញ និងតភ្ជាប់រណសិរ្សនៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធថែមទៀត៕
មតិពីមិត្តអ្នកអាន