Trending now

ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំង Covid-19 ជាលើកដំបូងក្រោមយន្តការ COVAX

22:52 | 04/03/2021 (ប្រែសម្រួលដោយ ហេងវុធ្ធី)

យុគសម័យ - នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ -- វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ឈ្មោះ AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤ ០០០ដូស ក្នុងចំណោម ១ ១០០ ០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ពីមជ្ឈមណ្ឌល COVAX ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជាហើយ នាយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ តាមជើងយន្តហោះពិសេស។

ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំង Covid-19 ជាលើកដំបូងក្រោមយន្តការ COVAX

ពិធីប្រគល់ និងទទួលវ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌល COVAX ត្រូវបានធ្វើឡើងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវ វេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកជំទាវ Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាតាមស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត រួមទាំងលោកជំទាវ ខាមិន ម៉ូរេណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា។

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា ពិធីប្រគល់ និងទទួលវ៉ាក់សាំងជំហានទី១ មានចំនួន៣២៤ ០០០ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សាំងសរុប ១ ១០០ ០០០ដូស ដែលមជ្ឈមណ្ឌល COVAX (COVAX Facility) នឹងផ្ដល់ជូនប្រទេសកម្ពុជា មុនបំណាច់ខែឧសភា ឆ្នាំ២០២១។ ប្រទេសកម្ពុជាត្រូវបានរំពឹងទុកថា នឹងត្រូវបានទទួលវ៉ាក់សាំង២០% នៃប្រជាជនសរុប ប្រហែល៧លានដូស ពីមជ្ឈមណ្ឌល COVAX ហើយនឹងត្រូវដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២១នេះ។

ឯកឧត្ដមបានបន្តថា មជ្ឈមណ្ឌល COVAX ដែលជាយន្តការសកល ដឹកនាំដោយអង្គការសុខភាពពិភពលោក សហការជាមួយអង្គការយូនីសេហ្វ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីដំបូង បានជំរុញឱ្យកម្ពុជាបានស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ ឈ្មោះ AstraZeneca ពីមជ្ឈមណ្ឌល COVAX។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាល គូសបញ្ជាក់ថា ប្រទេសកម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអាយុជីវិតនៃប្រជាពលរដ្ឋ ជាពិសេសមន្ត្រីសុខាភិបាលជួរមុខ អ្នកដែលប្រឈមខ្ពស់ទៅនឹងការឆ្លងកូវីដ-១៩ ឬអ្នកដែលងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារតែកូវីដ-១៩។ វ៉ាក់សាំងមិនត្រឹមតែជួយការការពារជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងជួយពន្លឿនការស្ដារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានថ្លែងនូវការអង្វករ ដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធីការពារខ្លួន គឺ៣ការពារ និង៣កុំ ដែល៣ការពាររួមមាន ពាក់ម៉ាស់ លាងដៃញឹកញាប់ជាមួយអាល់កុល ឬសាប៊ូ និងរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច មួយម៉ែត្រកន្លះ និងសកម្មភាពទាំង៣គួរចៀសវាង គឺកុំនៅកន្លែងបិទជិត កុំទៅកន្លែងដែលមានមនុស្សច្រើនកកកុញ និងកុំចាប់ដៃគ្នាពេលជួបគ្នា និងសូមនៅផ្ទះប្រសិនបើអ្នកមានគ្រុនក្ដៅ ឬសង្ស័យថាមានជំងឺឆ្លងកូវីដ និងស្នើស្វែងរកជំនួយសុខាភិបាលភ្លាមៗ។

ឯកឧត្ដម ម៉ម ប៊ុនហេង បានថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌល COVAX អង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងដៃគូផ្សេងៗទៀត ដែលបានសហការសម្របសម្រួលទាំងបច្ចេកទេស និងថវិកា ជំរុញឱ្យកម្ពុជាបានទទួលនូវវ៉ាក់សាំងកូវីដ-១៩ ជំហានដំបូងនាពេលនេះ។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយនឹងអង្គការយូនីសេហ្វ (UNICEF)៕

(ប្រែសម្រួលដោយ ហេងវុធ្ធី)

(ប្រែសម្រួលដោយ ហេងវុធ្ធី)

វៀតណាមតែងតែយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជា
ការនាំចេញនិងនាំចូលរបស់វៀតណាមនិងកម្ពុជាក្នុងខែមីនាឆ្នាំ ២០២១៖ ការនាំចូលគ្រាប់ស្វាយចន្ទីកើនឡើងយ៉ាងខ្លាំង
សមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រគល់ទឹកប្រាក់ចំនួន ៥០០លានដុងដើម្បីជួយឧប្បត្ថម្ភប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
សមាគមសហគ្រិនវ័យក្មេងវៀតណាមបានបរិច្ចាគអង្ករ ១៥ តោនដែលជួយដល់ប្រជាជនកម្ពុជា
សមាគមមិត្តភាពវៀតណាម - ឥណ្ឌាប្រគល់ជូនប្រជាជនឥណ្ឌានូវម៉ាស៊ីនជំនួយដង្ហើមចំនួន ១០០ គ្រឿងដែលមានតម្លៃជាង ១០ ពាន់លានដុង
យុវជនខេត្ត Binh Phuoc គាំទ្រកម្លាំងកម្ពុជាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត