Trending now

កម្ពុជាសល់ ៨០០ថ្ងៃគត់នៃដំណើរឆ្ពោះទៅ SEA Games 2023, អគ្គលេខាធិការ CAMSOC រំឮកអ្នកពាក់ព័ន្ធចូលរួមរាប់ថយក្រោយ និងត្រូវមានភាពប្រាកដនិយមខ្ពស់

13:49 | 24/02/2021

កម្ពុជានៅសល់ពេល ៨០០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (SEA Games 2023) បើគិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការនៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។


ឆ្លៀតឱកាសនេះលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានក្រើនរំឮកដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក សហព័ន្ធកីឡាជាតិ មន្ដ្រីកីឡា និងអ្នកពាក់ព័ន្ធឲ្យចូលរួមរាប់ថយក្រោយ (Countdown) និងត្រូវមានភាពប្រាកដនិយមខ្ពស់ ក្នុងដំណាក់កាលត្រៀមខ្លួននេះ ពិសេសមិនត្រូវទោទន់ពេក ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីឆ្ពោះទៅដណ្ដើមឧត្តមភាព និងជោគជ័យជូនជាតិ។

លោកថា «យោងតាមស្មារតីសន្និបាតរបស់ CAMSOC កាលពីថ្មីៗ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងហើយថា យើងនៅសល់ពេលតែជាង ៨០០ថ្ងៃ ហើយឥឡូវគឺសល់ ៨០០ថ្ងៃគត់ ចឹងគណៈកម្មការជំនាញទាំងអស់ និងអគ្គលេខាធិការដ្ឋាន CAMSOC ត្រូវដាក់ចេញនូវគោលដៅការងារមុតស្រួច និងស៊ីជម្រៅ ហើយនឹងប្រាកដប្រជាទៅគ្រប់ជំនាញទាំងអស់ ធ្វើការឲ្យបានម៉ត់ចត់ ត្រៀមខ្លួនធ្វើផែនការ ធ្វើយុទ្ធសាស្ដ្រ ធ្វើនិតីវិធី ធ្វើកម្មវិធីគ្រប់លម្អិតទាំងអស់ ដើម្បីឲ្យពេលវេលាសេសសល់ ៨០០ថ្ងៃនេះ ឲ្យប្រាកដថា យើងនឹងទទួលបានជោគជ័យ»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «៨០០ថ្ងៃនេះ គឺជាពេលវេលាដែលសម្រួចបច្ចេកទេស ខិតខំកែសម្រួល និងជំរុញការអភិវឌ្ឍន៍គុណផលកីឡា។ អ៊ីចឹងសូមដាស់តឿនរំឭកដល់កីឡាករ-កីឡាការិនី គ្រូបង្វឹកយើងទាំងអស់ឲ្យស្វែងរកលទ្ធភាពក្នុងការហ្វឹកហាត់ឲ្យបានមុតស្រួច ឲ្យខ្លាំងក្លា ត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយជានិច្ច ដើម្បីបង្កើនគុណផលកីឡាកម្រិតខ្ពស់។ សូមរំឭកដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក មន្ដ្រីកីឡា ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ សូមរួមគ្នារាប់ថយក្រោយ និងជំរុញភាពប្រាកដនិយមនៃការរៀបចំត្រៀមលក្ខណៈនេះឲ្យបានពិតប្រាកដ»

គួរបញ្ជាក់ថា ឆ្នាំ២០២១ ត្រូវបាន CAMSOC ចាត់ទុកជាឆ្នាំចាប់ផ្ដើមស៊ីហ្គេម ឬ Game Operation Time ខណៈពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នឹងប្រារព្ធនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គឺនៅសល់រយៈពេល ៨០០ថ្ងៃគត់ គ្រាដែលពិធីបិទ នឹងធ្វើនៅថ្ងៃទី១៧ ខែឧសភាដដែល បន្ទាប់ពីចប់ព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ កម្ពុជា នឹងបន្ដធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជនពិការវិញម្ដង គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលគ្រោងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣៕


(ប្រភពព័ត៌មាន: FreshNews)

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ