កុមារដើមកំណើតវៀតណាមនៅទ្វីបអឺរ៉ុប សាយភាយសេចក្តីស្រឡាញ់ចំពោះភាសាវៀតណាម

09:25 | 25/11/2026 ឌឹកអាញ់

យុគសម័យ - កាលពីថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុងប៉ារីស (ប្រទេសបារាំង) កម្មវិធីទិវាវប្បធម៌វៀតណាម ឆ្នាំ ២០២៦ បានប្រមូលផ្តុំអាណិកជន និងមិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះករ ដោយមានចំណុចលេចធ្លោគឺការប្រកួតប្រជែង «ភាសាវៀតណាមក្នុងបេះដូងកូន» ដែលទាក់ទាញស្នាដៃចូលរួមប្រកួតចំនួន ២៥ ពីសំណាក់កុមារមកពីប្រទេសចំនួនបួននៅទ្វីបអឺរ៉ុប។ សកម្មភាពនេះបានរួមចំណែកថែរក្សាភាសាវៀតណាម តភ្ជាប់ជំនាន់នានា និងផ្សព្វផ្សាយវប្បធម៌វៀតណាមនៅប្រទេសបារាំង។

ទេសចរណ៍វៀតណាមស្វែងរកឱកាសពង្រីកទីផ្សារអឺរ៉ុបពីការអភិវឌ្ឍប្រកបដោយចីរភាព ទីក្រុង Ha Noi ស្វែងរកឱកាសពង្រីកទីផ្សារទេសចរណ៍អង់គ្លេស និងអឺរ៉ុប
ការសម្តែងសិល្បៈមួយឈុតនៅក្នុងកម្មវិធី។
ការសម្តែងសិល្បៈមួយឈុតនៅក្នុងកម្មវិធី។

កាលពីល្ងាចថ្ងៃទី ២១ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) មជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំប្រទេសបារាំង បានរៀបចំកម្មវិធីអបអរសាទរទិវាវប្បធម៌វៀតណាម ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នការទូត សមាគម អង្គការវប្បធម៌ រួមជាមួយប្រជាជនវៀតណាមជាច្រើនកុះករដែលកំពុងរស់នៅប្រទេសបារាំង និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុប។

ព្រឹត្តិការណ៍នេះមានគោលបំណងលើកតម្កើងគុណតម្លៃវប្បធម៌ប្រពៃណី បង្កើតលំហជំនួបសំណេះសំណាល ផ្សារភ្ជាប់សហគមន៍ និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឱ្យថែរក្សាភាសាវៀតណាម អត្តសញ្ញាណ និងឫសគល់របស់ជាតិ។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះមាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបារាំង លោក Trinh Duc Hai ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការ UNESCO លោកស្រី Nguyen Thi Van Anh ឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាមប្រចាំប្រទេសបារាំង លោកស្រី Anoa Suzanne Dussol រួមជាមួយតំណាងស្ថាប័ននានារបស់វៀតណាមប្រចាំប្រទេសបារាំង។

ថែរក្សាភាសាវៀតណាម តភ្ជាប់ជំនាន់អាណិកជន

ថ្លែងក្នុងកម្មវិធីនេះ ឯកអគ្គរដ្ឋទូត លោក Trinh Duc Hai បានសង្កត់ធ្ងន់លើតួនាទីនៃវប្បធម៌ចំពោះការអភិវឌ្ឍប្រទេសជាតិ ទន្ទឹមនឹងការកត់សម្គាល់នូវការរួមចំណែករបស់សហគមន៍ជនជាតិវៀតណាមនៅប្រទេសបារាំង ក្នុងការអភិរក្សអត្តសញ្ញាណជាតិ និងការជំរុញការផ្លាស់ប្តូរវប្បធម៌វៀតណាម - បារាំង។

ឯកអគ្គរដ្ឋទូតបានលើកតម្កើងជាពិសេសចំពោះការថែរក្សាភាសាវៀតណាម និងការបង្ហាត់បង្រៀនគុណតម្លៃវប្បធម៌ប្រពៃណីដល់យុវជនជំនាន់ក្រោយ ដោយចាត់ទុកថានេះគឺជាស្ពានតភ្ជាប់ដ៏សំខាន់រវាងជំនាន់នានា ជាមួយនឹងក្រុមគ្រួសារ មាតុភូមិ និងឫសគល់។

យោងតាមឯកអគ្គរដ្ឋទូត មជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំប្រទេសបារាំង ចាំបាច់ត្រូវបន្តពង្រីកតួនាទីជាអាសយដ្ឋានធ្វើសកម្មភាពវប្បធម៌របស់សហគមន៍ជនជាតិវៀតណាម ទន្ទឹមនឹងការក្លាយជាស្ពានតភ្ជាប់ដើម្បីឧទ្ទេសនាមរូបភាពប្រទេសជាតិ និងប្រជាជនវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។

មានទស្សនៈស្របគ្នានេះ លោក Dinh Ngoc Duc នាយកមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំប្រទេសបារាំង បានអះអាងថា ភាសាវៀតណាមមានអត្ថន័យដ៏សំខាន់ក្នុងការរក្សាទុកនូវប្រវត្តិសាស្ត្រ វប្បធម៌ និងមនោសញ្ចេតនាចំពោះមាតុភូមិរបស់សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស។

យោងតាមលោក ការបង្រៀន និងការរៀនភាសាវៀតណាម ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងស្ថាប័ន សមាគម និងក្រុមគ្រួសារ។ ក្នុងនោះ អ្វីដែលសំខាន់គឺការកសាងបរិយាកាសសិក្សាដ៏ស្និទ្ធស្នាល បង្កើតចំណាប់អារម្មណ៍ដើម្បីឱ្យកុមារប្រើប្រាស់ភាសាកំណើតយ៉ាងសកម្ម និងមានមោទនភាពបន្ថែមទៀតចំពោះប្រភពដើមវៀតណាម។

ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំប្រទេសបារាំង បានសហការជាមួយស្ថាប័ន សមាគម និងបុគ្គលជាច្រើន ដើម្បីរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈ ដែលរួមចំណែកផ្សារភ្ជាប់សហគមន៍ និងឧទ្ទេសនាមវប្បធម៌វៀតណាមនៅប្រទេសម្ចាស់ផ្ទះ។

លោក Dinh Ngoc Duc បានសម្តែងនូវក្តីសោមនស្សរីករាយ និងរំភើបចិត្ត នៅពេលដែលទិវាវប្បធម៌វៀតណាមត្រូវបានរៀបចំឡើងជាលើកដំបូង។

«ព្រឹត្តិការណ៍នេះបានបង្កើតឱកាសឱ្យប្រជាជនវៀតណាមទាំងក្នុង និងក្រៅប្រទេស បានជួបសំណេះសំណាល និងលើកតម្កើងគុណតម្លៃវប្បធម៌រួម។ ព្រឹត្តិការណ៍នេះមិនត្រឹមតែដាស់តឿននូវមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំឭកដល់មនុស្សម្នាក់ៗអំពីទំនួលខុសត្រូវក្នុងការការពារ លើកតម្កើង និងផ្សព្វផ្សាយវប្បធម៌វៀតណាម មិនត្រឹមតែនៅក្នុងសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងជាមួយមិត្តភក្តិអន្តរជាតិផងដែរ» លោក Duc បានចែករំលែក។

ចំពោះក្រុមគ្រួសារជនជាតិវៀតណាមដែលកំពុងរស់នៅប្រទេសបារាំង កម្មវិធីនេះក៏ជាឱកាសដើម្បីឱ្យជំនាន់នានាបានចូលរួមក្នុងសកម្មភាពវប្បធម៌ជាមួយគ្នា ដែលតាមរយៈនោះជួយឱ្យកុមារមានឱកាសបន្ថែមទៀតក្នុងការស្វែងយល់អំពីប្រពៃណី និងអនុវត្តភាសាវៀតណាម។

អ្នកស្រី Nguyen Quynh Mai ជាជនជាតិវៀតណាមម្នាក់ដែលកំពុងរស់នៅប្រទេសបារាំង បានឱ្យដឹងថា អ្នកស្រីមានក្តីរំភើបចិត្តនៅពេលបានចូលរួមទិវាវប្បធម៌វៀតណាមនៅប្រទេសម្ចាស់ផ្ទះជាលើកដំបូង។

ដោយបានរៀបចំការសម្តែងសិល្បៈមួយចំនួនជាមួយកុមារតូចៗ អ្នកស្រី Mai បានកត់សម្គាល់ឃើញថា កុមារទាំងនោះមានភាពសប្បាយរីករាយនៅពេលបានឧទ្ទេសនាមអំពីការយល់ដឹងរបស់ខ្លួនអំពីវប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។

យោងតាមអ្នកស្រី សកម្មភាពបែបនេះមិនត្រឹមតែបង្កើតឱកាសឱ្យសហគមន៍ជនជាតិវៀតណាមបានជួបសំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយុវជនជំនាន់ក្រោយស្វែងយល់បន្ថែមទៀតអំពីវប្បធម៌ និងប្រភពដើមរបស់ខ្លួនផងដែរ។

ស្នាដៃប្រកួតប្រជែងចំនួនម្ភៃប្រាំ សាយភាយសេចក្តីស្រឡាញ់ចំពោះភាសាវៀតណាម

ចំណុចលេចធ្លោមួយនៃកម្មវិធី គឺការប្រកួតប្រជែង «ភាសាវៀតណាមក្នុងបេះដូងកូន» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំប្រទេសបារាំង សហការជាមួយសមាគមវប្បធម៌ និងជីវភាពរស់នៅវៀតណាម។

ការប្រកួតប្រជែងនេះបានទាក់ទាញស្នាដៃចូលរួមប្រកួតចំនួន ២៥ ពីសំណាក់កុមារតូចៗមកពីប្រទេសចំនួនបួន រួមមាន ប្រទេសបារាំង ប្រទេសហូឡង់ ប្រទេសដាណឺម៉ាក និងសាធារណរដ្ឋឆែក។

តាមរយៈរឿងរ៉ាវ និងអត្ថបទសំណេរជាភាសាវៀតណាម កុមារទាំងនោះបានចែករំលែកមនោសញ្ចេតនាចំពោះក្រុមគ្រួសារ មាតុភូមិ និងគុណតម្លៃវប្បធម៌វៀតណាមដែលត្រូវបានថែរក្សានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

គណៈកម្មការរៀបចំកម្មវិធីបានប្រគល់ជ័យលាភីលេខ ១ ចំនួនបី ទៅតាមផ្នែកនីមួយៗ។ ក្នុងនោះ កុមារី Mai Van Thao Vy Emilie (ប្រទេសបារាំង) ទទួលបានជ័យលាភីលេខ ១ ផ្នែកការបោះឆ្នោតគាំទ្រពីសហគមន៍ កុមារា Tijn Konings Le (ប្រទេសហូឡង់) ទទួលបានជ័យលាភីលេខ ១ ក្នុងពូលទ្វីបអឺរ៉ុប និងកុមារី Daisy Pham Nguyen Khanh An (ប្រទេសបារាំង) ទទួលបានជ័យលាភីលេខ ១ ក្នុងពូលប្រទេសវៀតណាម។

ចែករំលែកបន្ទាប់ពីទទួលបានពានរង្វាន់ កុមារី Mai Van Thao Vy Emilie បានសម្តែងនូវបំណងចង់ឱ្យមានមិត្តភក្តិវ័យក្មេងនៅក្រៅប្រទេសកាន់តែច្រើនឡើងៗ ចេះនិយាយ យល់ និងប្រើប្រាស់ភាសាវៀតណាម។

«តាមរយៈការប្រកួតប្រជែងនេះ ក្មួយសង្ឃឹមថា នឹងមានមិត្តភក្តិវ័យក្មេងកាន់តែច្រើនឡើងៗ ចេះនិយាយ យល់ និងប្រើប្រាស់ភាសាវៀតណាម ដែលតាមរយៈនោះកាន់តែស្រឡាញ់ និងមានមោទនភាពចំពោះប្រទេសវៀតណាម» កុមារីរូបនេះបានចែករំលែក។

ការប្រកួតប្រជែងនេះបានបង្កលក្ខណៈងាយស្រួលឱ្យកុមារដើមកំណើតវៀតណាមនៅទ្វីបអឺរ៉ុប ប្រើប្រាស់ភាសាកំណើតរបស់ខ្លួន ដើម្បីនិទានរឿងរ៉ាវផ្ទាល់ខ្លួន និងបង្ហាញពីមនោសញ្ចេតនាចំពោះក្រុមគ្រួសារ និងមាតុភូមិ។ តាមរយៈនោះ កុមារទាំងនោះមានកម្លាំងចិត្តបន្ថែមទៀតក្នុងការសិក្សា និងអនុវត្តភាសាវៀតណាមនៅក្នុងបរិយាកាសរស់នៅដែលមានពហុវប្បធម៌។

ក្នុងឱកាសនេះ មជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំប្រទេសបារាំង ក៏បានរៀបចំពិធីថ្លែងអំណរគុណដល់ក្រុមអ្នកស្ម័គ្រចិត្ត និងលើកតម្កើងកិត្តិយសបុគ្គលចំនួន ១៣ រូប និងអង្គភាពចំនួន ៦ ដែលមានការរួមចំណែកយ៉ាងសកម្មជូនសហគមន៍ក្នុងវិស័យបង្រៀនភាសាវៀតណាម វប្បធម៌ សិល្បៈ ក្បាច់គុន និងសកម្មភាពសមាគម។

អង្គភាពទាំងប្រាំមួយដែលត្រូវបានកត់សម្គាល់ស្នាដៃ រួមមាន សមាគមជនជាតិវៀតណាមប្រចាំប្រទេសបារាំង សហព័ន្ធ Vovinam - Viet Vo Dao បារាំង ក្រុមចម្រៀងរួម Que Huong ក្រុម Canh Dieu សមាគម Art Space និងផ្សារវៀតណាម-បារាំង។

ទាំងនេះគឺជាអង្គការដែលបានចូលរួមក្នុងសកម្មភាពវប្បធម៌ ការអប់រំ និងការតភ្ជាប់សហគមន៍ ដែលរួមចំណែករក្សាបាននូវលំហសកម្មភាពរួមរបស់ជនជាតិវៀតណាមនៅប្រទេសបារាំង។

កម្មវិធីបានបញ្ចប់ទៅដោយការសម្តែងចម្រៀង និងរបាំដែលសម្តែងដោយសិល្បករ សិល្បការិនី និងកុមារ។ ក្នុងនោះមានបទចម្រៀង «កោតសរសើរមាតុភូមិ» «ចម្រៀងស្រឡាញ់ភាសាវៀតណាម» «ក្មួយជាពន្លកនៃបក្ស» «ក្មួយយកបាយជូនម្តាយទៅភ្ជួរស្រែ» និងរបាំ «និទាឃរដូវនៅលើភូមិ»។

តាមរយៈសកម្មភាពផ្លាស់ប្តូរបទពិសោធន៍ ការសម្តែងសិល្បៈ និងការប្រកួតប្រជែងភាសាវៀតណាមសម្រាប់កុមារ ទិវាវប្បធម៌វៀតណាមនៅប្រទេសបារាំង បានបង្កើតលំហបន្ថែមទៀតដើម្បីឱ្យសហគមន៍ជនជាតិវៀតណាមបានជួបសំណេះសំណាល ចែករំលែក និងរួមគ្នាថែរក្សាគុណតម្លៃវប្បធម៌ប្រពៃណី។

ជាពិសេស ការចូលរួមរបស់កុមារដើមកំណើតវៀតណាមនៅតាមបណ្តាប្រទេសជាច្រើននៅទ្វីបអឺរ៉ុប បានបង្ហាញឱ្យឃើញពីតួនាទីរបស់ក្រុមគ្រួសារ សមាគម និងអង្គការវប្បធម៌ ក្នុងការថែរក្សាភាសាវៀតណាម និងតភ្ជាប់យុវជនជំនាន់ក្រោយជាមួយមាតុភូមិ។

កម្មវិធីនេះក៏បានរួមចំណែកឧទ្ទេសនាមអត្តសញ្ញាណវប្បធម៌វៀតណាមទៅកាន់សាធារណជនម្ចាស់ផ្ទះ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងពូនជ្រំចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងបារាំងផងដែរ៕

វេជ្ជបណ្ឌិតវៀតណាម - កូរ៉េខាងត្បូង វះកាត់ឥតគិតថ្លៃដល់កុមារ ២៥ នាក់ដែលមានពិការភាពពីកំណើត វេជ្ជបណ្ឌិតវៀតណាម - កូរ៉េខាងត្បូង វះកាត់ឥតគិតថ្លៃដល់កុមារ ២៥ នាក់ដែលមានពិការភាពពីកំណើត
យុគសម័យ - នៅមន្ទីរពេទ្យយោធា ១៧៥ (ទីក្រុងហូជីមិញ) ក្រុមវេជ្ជបណ្ឌិតវៀតណាម និងកូរ៉េខាងត្បូង ទើបតែបានសហការវះកាត់ឥតគិតថ្លៃដល់កុមារចំនួន ២៥ នាក់ ដែលមានពិការភាពពីកំណើត ព្រមទាំងបានផ្លាស់ប្តូរបទពិសោធន៍ជំនាញក្នុងវិស័យវះកាត់កែសម្ផស្ស និងវះកាត់ឆ្អឹងថ្គាម-ផ្ទៃមុខ។
ម្សៅទឹកដោះគោកុមារ Vinamilk Optimum Gold ទទួលបានកិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦-២០២៧ ម្សៅទឹកដោះគោកុមារ Vinamilk Optimum Gold ទទួលបានកិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦-២០២៧
យុគសម័យ - Vinamilk Optimum Gold ត្រូវបានផ្តល់កិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ (Brand of the Year) នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦ - ២០២៧ (World Branding Awards 2026 - 2027) ដែលបានប្រព្រឹត្តទៅនៅចក្រភពអង់គ្លេស ដោយជាតំណាងតែមួយគត់របស់វៀតណាមដែលបានឈ្នះក្នុងប្រភេទទំនិញម្សៅទឹកដោះគោកុមារ (Infant Formula)។ ក្នុងចំណោមតម្រូវការកាន់តែខ្ពស់ឡើងៗអំពីគុណភាព និងសុវត្ថិភាពនៃផលិតផលអាហារូបត្ថម្ភសម្រាប់កុមារតូច ពានរង្វាន់អន្តរជាតិនេះបានកត់សម្គាល់ពីកិត្យានុភាពនៃម៉ាកយីហោ និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីលើកកម្ពស់ស្តង់ដារអាហារូបត្ថម្ភរបស់ Vinamilk។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រែក្លាយបេតិកភណ្ឌវប្បធម៌ឱ្យទៅជាផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត
កុមារដើមកំណើតវៀតណាមនៅទ្វីបអឺរ៉ុប សាយភាយសេចក្តីស្រឡាញ់ចំពោះភាសាវៀតណាម
ពង្រីកធនធានអាណិកជនក្នុងការអភិវឌ្ឍផលិតផលវប្បធម៌វៀតណាម
ហ្វឺវៀតណាមតភ្ជាប់ការផ្លាស់ប្តូរវប្បធម៌វៀតណាម - កម្ពុជា នៅក្រុងព្រះសីហនុ
ការផ្លាស់ប្តូរសិល្បៈតភ្ជាប់ចំណងមិត្តភាពវៀតណាម កម្ពុជា និងរុស្ស៊ី

អានច្រើនបំផុត

ខេត្ត Ninh Binh អភិវឌ្ឍទេសចរណ៍បទពិសោធន៍នៅតាមភូមិសិប្បកម្ម
ខេត្ត Dong Nai ផ្សារភ្ជាប់សហគមន៍តាមរយៈសប្តាហ៍វប្បធម៌
ទីក្រុង Ho Chi Minh កសាងម៉ាកយីហោទេសចរណ៍ប្រកបដោយចីរភាព
ទីក្រុង Ha Noi ទទួលភ្ញៀវទេសចរអន្តរជាតិជាង ៧,៥ លាននាក់
ទីក្រុង Ho Chi Minh ជំរុញលំហូរប្រភពធនធានដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌