ខេត្ត Dong Nai ផ្សារភ្ជាប់សហគមន៍តាមរយៈសប្តាហ៍វប្បធម៌

08:35 | 21/11/2026 ឌឿងង្វៀន

យុគសម័យ - នាយប់ថ្ងៃទី ១៨ ខែវិច្ឆិកា សប្តាហ៍វប្បធម៌ - មហាសាមគ្គីភាព ឆ្នាំ ២០២៦ បានបើកសម្ពោធនៅទីក្រុង Dong Nai ដោយតភ្ជាប់តាមប្រព័ន្ធអនឡាញជាមួយឃុំ Ta Lai និងឃុំ Loc Thanh។ ចង្វាក់ភ្លេងគងឃ្មោះ របាំប្រពៃណី និងសកម្មភាពផ្លាស់ប្តូរវប្បធម៌នានា បានបង្កើតនូវលំហជួបជុំ និងផ្សារភ្ជាប់សហគមន៍ជនជាតិនានានៅលើភូមិសាស្ត្រខេត្ត។

ខេត្ត Tra Vinh (វៀតណាម)៖ ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុកនៅតាមមូលដ្ឋានជាច្រើន ពិធីបិទសប្តាហ៍វប្បធម៌ និងទេសចរណ៍ខេត្ត Kon Tum លើកទី៥
លោក Nguyen Van Ut ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Dong Nai ថ្លែងសុន្ទរកថាបើកពិធី។
លោក Nguyen Van Ut ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Dong Nai ថ្លែងសុន្ទរកថាបើកពិធី។

ក្រោមប្រធានបទ «Dong Nai - លំហូរនៃការតភ្ជាប់ ទីក្រុងឈានទៅមុខ» សប្តាហ៍វប្បធម៌ - មហាសាមគ្គីភាព ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយផ្សារភ្ជាប់ជាមួយនឹងទិវាមហាសាមគ្គីភាពទូទាំងប្រជាជាតិ (ថ្ងៃទី ១៨ ខែវិច្ឆិកា)។ ព្រឹត្តិការណ៍នេះលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី ទន្ទឹមនឹងការលើកកម្ពស់ស្មារតីសាមគ្គីភាពនៅក្នុងសហគមន៍ជនជាតិចំនួន ៣៧ ដែលកំពុងរស់នៅរួមគ្នានៅខេត្ត Dong Nai។

ក្រៅពីជំហរជាប៉ូលកំណើនសេដ្ឋកិច្ចដ៏ស្វាហាប់ដែលមានតំបន់ឧស្សាហកម្មជាច្រើន ខេត្ត Dong Nai ក៏មានប្រព័ន្ធបេតិកភណ្ឌប្រវត្តិសាស្ត្រ ជំនឿសាសនា និងធនធានធម្មជាតិដ៏សម្បូរបែប ដែលផ្សារភ្ជាប់ជាមួយនឹងការកកើត និងការអភិវឌ្ឍជិត ៣៣០ ឆ្នាំ។ ទាំងនេះគឺជាតម្លៃដែលរួមចំណែកកំណត់អត្តសញ្ញាណវប្បធម៌ និងបង្កើតនូវភាពស្អិតរមួតរវាងសហគមន៍ប្រជាពលរដ្ឋ។

ការតភ្ជាប់វប្បធម៌ពីទីក្រុងរហូតដល់តំបន់ព្រំដែន

ចំណុចលេចធ្លោនៃពិធីបើក គឺកម្មវិធីសិល្បៈដែលត្រូវបានរៀបចំឡើងតាមទម្រង់តភ្ជាប់ទីតាំងជាច្រើនកន្លែង ចាប់ពីឆាកកណ្តាលនៃទីក្រុង រហូតដល់ឃុំ Ta Lai និងឃុំ Loc Thanh។

ឃុំ Ta Lai ស្ថិតនៅជាប់នឹងឧទ្យានជាតិ Cat Tien ជាកន្លែងដែលបងប្អូនជនជាតិ Ma, X'tieng និង Tay ថែរក្សានូវលក្ខណៈវប្បធម៌ប្រពៃណីជាច្រើន។ ទន្ទឹមនឹងនេះ ឃុំ Loc Thanh គឺជាឃុំព្រំដែនជាប់នឹងប្រទេសកម្ពុជា ដែលមានការប្រសព្វគ្នាខាងវប្បធម៌រវាងសហគមន៍ជនជាតិភាគតិចជាច្រើន។

តាមរយៈទម្រង់នៃការតភ្ជាប់តាមប្រព័ន្ធអនឡាញ ឈុតឆាកសម្តែងនានានៅតាមមូលដ្ឋាន ត្រូវបានឧទ្ទេសនាមជូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងពិធីបើក។

នៅពេលដែលសំឡេងគងឃ្មោះបន្លឺឡើងពីទីតាំងឃុំ Ta Lai ប្រជាពលរដ្ឋនៅឯឆាកកណ្តាលបានរួមចង្វាក់ជាមួយនឹងរបាំប្រពៃណីនានា។ លំហនៃការផ្លាស់ប្តូរនេះ បានបង្កើតការតភ្ជាប់រវាងជីវភាពវប្បធម៌ទីក្រុង ជាមួយនឹងតម្លៃដែលបងប្អូនជនជាតិថែរក្សានៅតាមតំបន់ជនបទ និងតំបន់ភ្នំ។

ដោយមានវត្តមាននៅទីតាំងឃុំ Ta Lai សិប្បករ Ka Rin បានសម្តែងនូវសេចក្តីរីករាយនៅពេលបានឃើញយុវជនជំនាន់ក្រោយស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី និងចូលរួមក្នុងសកម្មភាពវប្បធម៌របស់ជនជាតិខ្លួន។

សិប្បករ Ka Rin បាននិយាយថា «ខ្ញុំពិតជារីករាយណាស់នៅពេលឃើញយុវជនស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួន។ មុខរបរត្បាញសំពត់ប្រពៃណីនេះ ខ្ញុំបានរៀនសូត្របន្តពីជីដូន និងម្តាយរបស់ខ្ញុំ ហើយឥឡូវនេះខ្ញុំផ្ទេរមរតកបន្តទៅឱ្យកូនចៅ។ ខ្ញុំស្រឡាញ់មុខរបរនេះ ហើយតែងតែព្យាយាមផ្ទេរមរតកបន្ត ព្រោះខ្លាចបាត់បង់អត្តសញ្ញាណ។ ខ្ញុំពិតជាសង្ឃឹមថាយុវជនជំនាន់ក្រោយ នឹងបន្តថែរក្សាសម្រស់វប្បធម៌ ក៏ដូចជាបទចម្រៀងប្រជាប្រិយរបស់ជនជាតិខ្លួន»។

រឿងរ៉ាវរបស់សិប្បករបានបង្ហាញឱ្យឃើញពីតួនាទីរបស់មនុស្សគ្រប់ជំនាន់ក្នុងការថែរក្សា និងផ្ទេរមរតកចំណេះដឹង ជំនាញវិជ្ជាជីវៈសិប្បកម្ម រួមជាមួយនឹងតម្លៃវប្បធម៌ប្រពៃណីនានា។

នៅទីតាំងឃុំ Loc Thanh ក្រៅពីភារកិច្ចគាំទ្រប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កម្មាភិបាល និងយុទ្ធជនកងទ័ពការពារព្រំដែន បានចូលរួមសម្តែងរបាំប្រពៃណី Rong Vong ជាមួយបងប្អូនជនជាតិ X'tieng ផងដែរ។

សកម្មភាពនេះមិនត្រឹមតែឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសផ្លាស់ប្តូរ បង្កើនការយោគយល់គ្នា និងភាពស្អិតរមួតរវាងកងកម្លាំងការពារព្រំដែន ជាមួយប្រជាពលរដ្ឋនៅតំបន់ព្រំដែនទៀតផង។

លោកអនុសេនីយ៍ឯក Bui Minh Hung នៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារ Loc Thinh បានឱ្យដឹងថា៖ «ខ្ញុំពិតជារីករាយ និងរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលបានចូលរួមសម្តែងសិល្បៈជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំ Loc Thanh។ នេះគឺជាឱកាសសម្រាប់ពួកយើងក្នុងការស្វែងយល់បន្ថែមអំពីទំនៀមទម្លាប់ ប្រពៃណីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលរួមចំណែកលើកកម្ពស់ចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែន ព្រមទាំងអនុវត្តបានល្អនូវភារកិច្ច និងការងារចលនាមហាជនរបស់កងទ័ពការពារព្រំដែន»។

ការចូលរួមរបស់កម្មាភិបាល យុទ្ធជន និងប្រជាពលរដ្ឋនៅក្នុងសកម្មភាពវប្បធម៌រួម បានរួមចំណែកពង្រឹងទំនាក់ទំនងរវាងកងទ័ព និងប្រជាជន ទន្ទឹមនឹងនោះក៏បានបង្កើតលំហជីវភាពសហគមន៍បន្ថែមទៀតនៅលើភូមិសាស្ត្រតំបន់ព្រំដែន។

ការលើកកម្ពស់កម្លាំងសាមគ្គីភាពពីសហគមន៍

មិនត្រឹមតែប្រព្រឹត្តទៅនៅឯឆាកបើកសម្ពោធប៉ុណ្ណោះទេ សប្តាហ៍វប្បធម៌ - មហាសាមគ្គីភាព ឆ្នាំ ២០២៦ ក៏ត្រូវបានរៀបចំឡើងនៅទីលានសង្កាត់ Tran Bien ព្រមទាំងឃុំ សង្កាត់ចំនួន ៩៥ និងតំបន់ឧស្សាហកម្មនានានៅលើភូមិសាស្ត្រខេត្ត Dong Nai ផងដែរ។

ក្នុងអំឡុងពេលប្រព្រឹត្តទៅនៃព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋ និងកម្មករនិយោជិត មានឱកាសចូលរួមក្នុងសកម្មភាពជាច្រើន ដូចជាការតាំងបង្ហាញវត្ថុបុរាណ ការសម្តែងបង្ហាញមុខរបរត្បាញសំពត់ប្រពៃណី ការត្បាញផ្តៅឬស្សី ល្បែងប្រជាប្រិយ ពិព័រណ៍ម្ហូបអាហារនៃបណ្តាជនជាតិ និងការឧទ្ទេសនាមផលិតផល OCOP។

សហគមន៍ជនជាតិ Kinh, Ma, X'tieng, Cho Ro និង Nung បានចូលរួមរៀបចំស្តង់តាំងពិព័រណ៍ ឧទ្ទេសនាមផលិតផល ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការផលិត និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

តាមរយៈសកម្មភាពដែលមានភាពជិតស្និទ្ធទៅនឹងជីវភាពរស់នៅ សប្តាហ៍វប្បធម៌នេះបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅតាមតំបន់ ជនជាតិ និងមុខរបរផ្សេងៗគ្នា ឱ្យបានជួបជុំ ស្វែងយល់អំពីទំនៀមទម្លាប់ ប្រពៃណី និងលក្ខណៈវប្បធម៌ពិសេសរបស់គ្នាទៅវិញទៅមក។

នេះក៏ជាឱកាសដើម្បីឱ្យមុខរបរសិប្បកម្ម ផលិតផលក្នុងតំបន់ និងទម្រង់នៃការរស់នៅតាមបែបវប្បធម៌ប្រពៃណី ត្រូវបានឧទ្ទេសនាមកាន់តែទូលំទូលាយទៅកាន់សហគមន៍ផងដែរ។

ថ្លែងនៅក្នុងពិធីបើកសម្ពោធ លោក Nguyen Van Ut ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Dong Nai បានសង្កត់ធ្ងន់ថា ទឹកដីខេត្ត Dong Nai ជាយូរលង់ណាស់មកហើយ គឺជាកន្លែងប្រមូលផ្តុំ និងប្រសព្វគ្នានៃលំហូរវប្បធម៌ សហគមន៍ជនជាតិ និងសាសនាជាច្រើន។

យោងតាមលោក គឺភាពសម្បូរបែបទាំងនេះហើយ ដែលបានរួមចំណែកបង្កើតបានជាអត្តសញ្ញាណ ស្មារតីមនោសញ្ចេតនា និងទឹកចិត្តរាក់ទាក់ទទួលភ្ញៀវរបស់ប្រជាជនខេត្ត Dong Nai។

ប្រវត្តិសាស្ត្របង្កើតបានជាជម្រៅ វប្បធម៌បង្កើតបានជាអត្តសញ្ញាណ ធម្មជាតិបង្កើតបានជាសក្តានុពល រីឯមនុស្សគឺជាធនធានដ៏សំខាន់ដែលបង្កើតបានជាភាពរស់រវើករបស់មូលដ្ឋាន។

លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Dong Nai យល់ឃើញថា ការអភិវឌ្ឍនៃទីក្រុងមួយ មិនត្រឹមតែត្រូវបានវាយតម្លៃតាមរយៈទំហំសេដ្ឋកិច្ច ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឬល្បឿននៃនគរូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានបង្ហាញតាមរយៈជម្រៅវប្បធម៌ អត្តសញ្ញាណមនុស្ស និងកម្រិតនៃភាពស្អិតរមួតនៅក្នុងសហគមន៍ផងដែរ។

ចេញពីការយល់ដឹងនោះ ខេត្ត Dong Nai បានកំណត់ថា ការថែរក្សា និងការលើកកម្ពស់តម្លៃវប្បធម៌ ត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការកសាងផែនមហាសាមគ្គីភាពទូទាំងប្រជាជាតិ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោក Nguyen Van Ut បានសម្តែងនូវចំណាប់អារម្មណ៍ថា៖ «ថ្នាក់ដឹកនាំទីក្រុងសង្ឃឹមថា ស្មារតីនៃសប្តាហ៍វប្បធម៌ - មហាសាមគ្គីភាព នឹងមិនត្រឹមតែបញ្ឈប់ត្រឹមរយៈពេលនៃការប្រារព្ធព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តផ្សព្វផ្សាយនៅក្នុងសកម្មភាពនីមួយៗ តំបន់លំនៅឋាននីមួយៗ និងជីវភាពរស់នៅប្រចាំថ្ងៃ។ សូមរួមគ្នាថែរក្សាតម្លៃវប្បធម៌ដ៏ល្អប្រសើរ រួមគ្នាពូនជ្រំចំណងសាមគ្គីភាព មនោសញ្ចេតនាជនរួមជាតិ ព្រមទាំងរួមកម្លាំងកាយចិត្តកសាងទីក្រុងមួយឱ្យមានការអភិវឌ្ឍប្រកបដោយអរិយធម៌ ទំនើប និងពោរពេញដោយមនោសញ្ចេតនា ជាកន្លែងដែលប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែបានរស់នៅ រួមចំណែក និងទទួលផលពីសមិទ្ធផលនៃការអភិវឌ្ឍ»។

ចាប់ពីចង្វាក់ភ្លេងគងឃ្មោះនៅឃុំ Ta Lai និងរបាំ Rong Vong នៅឃុំ Loc Thanh រហូតដល់សកម្មភាពផ្លាស់ប្តូរនៅតាមតំបន់លំនៅឋាន និងតំបន់ឧស្សាហកម្ម សប្តាហ៍វប្បធម៌ - មហាសាមគ្គីភាព ឆ្នាំ ២០២៦ បានរួមចំណែកនាំយកតម្លៃប្រពៃណីឱ្យកាន់តែខិតជិតទៅនឹងជីវភាពរស់នៅបែបទំនើប។

តាមរយៈការបង្កើតលំហផ្លាស់ប្តូររវាងជនជាតិ តំបន់ និងកម្លាំងសង្គមនានា ព្រឹត្តិការណ៍នេះមិនត្រឹមតែរួមចំណែកដល់ការអភិរក្ស និងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងស្មារតីសាមគ្គីភាព និងលើកកម្ពស់តួនាទីរបស់ប្រជាពលរដ្ឋក្នុងការកសាងខេត្ត Dong Nai ប្រកបដោយអរិយធម៌ ទំនើប និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅខេត្ត Soc Trang និងខេត្ត Dong Thap (ប្រទេសវៀតណាម) សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅខេត្ត Soc Trang និងខេត្ត Dong Thap (ប្រទេសវៀតណាម)
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ទើបនឹងចេញសេចក្តីសម្រេចចិត្តលេខ ៣២២៨/QD-BVHTTDL ស្តីពីការរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២៣។
បំណងផ្លាស់ប្តូរវប្បធម៌ ពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា បំណងផ្លាស់ប្តូរវប្បធម៌ ពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២៣ នារសៀលថ្ងៃទី៥ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត Dong Thap វៀតណាម លោក Huynh Minh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានទទួលជួបគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ដែលមកជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Tay Ninh អភិវឌ្ឍសេដ្ឋកិច្ចពីឧត្តមភាពច្រកទ្វារព្រំដែន
ខេត្ត Dong Nai ផ្សារភ្ជាប់សហគមន៍តាមរយៈសប្តាហ៍វប្បធម៌
ទីក្រុងហាណូយនាំយកសម្លៀកបំពាក់ប្រពៃណី Ao Dai ចូលទៅក្នុងលំហវប្បធម៌សហគមន៍
ខេត្ត Tay Ninh អភិវឌ្ឍវិស័យទេសចរណ៍ពីតម្លៃបេតិកភណ្ឌ
ខេត្ត Ninh Binh លើកកម្ពស់គុណភាពបទពិសោធន៍ទេសចរណ៍ពីបេតិកភណ្ឌ

អានច្រើនបំផុត

ខេត្ត Cao Bang អភិវឌ្ឍទេសចរណ៍សហគមន៍តាមបណ្តោយទន្លេ Bac Vong
ខេត្ត Cao Bang អភិវឌ្ឍទេសចរណ៍តំបន់ព្រំដែនផ្សារភ្ជាប់នឹងអត្តសញ្ញាណវប្បធម៌
ទីក្រុង Ha Noi ស្វែងរកឱកាសពង្រីកទីផ្សារទេសចរណ៍អង់គ្លេស និងអឺរ៉ុប
ខេត្ត Ninh Binh អភិវឌ្ឍទេសចរណ៍បទពិសោធន៍នៅតាមភូមិសិប្បកម្ម
កម្ពុជាប្រារព្ធខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិនៅរាជធានីភ្នំពេញ