យុគសម័យ - ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ពិធីបុណ្យទេសចរណ៍ Ao Dai ទីក្រុងហាណូយ ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅសារមន្ទីរទីក្រុងហាណូយ និងទីតាំងជាច្រើនទៀតនៅទូទាំងទីក្រុង។ ដោយមានអ្នកចូលរួមដង្ហែក្បួនប្រមាណ ១.៣០០ នាក់ រួមជាមួយនឹងសកម្មភាពសម្តែង ការច្នៃប្រឌិត និងការទទួលយកបទពិសោធន៍ភូមិសិប្បកម្ម ពិធីបុណ្យនេះបានរួមចំណែកនាំយកសម្លៀកបំពាក់ Ao Dai ឱ្យកាន់តែខិតជិតទៅនឹងជីវភាពរស់នៅរបស់សហគមន៍។
| រដ្ឋធានីហាណូយ អភិវឌ្ឍវិស័យទេសចរណ៍ចេញពីតម្លៃនៃអាវផាយប្រពៃណី ការផ្លាស់ប្តូរវប្បធម៌នៃបណ្តាជនជាតិនៅរដ្ឋធានីហាណូយ |
![]() |
| សម្លៀកបំពាក់ប្រពៃណី Ao Dai របស់វៀតណាម បង្ហាញខ្លួននៅលើឆាកសិល្បៈជាច្រើន។ |
ចំណុចលេចធ្លោមួយក្នុងចំណោមចំណុចលេចធ្លោនានានៃពិធីបុណ្យទេសចរណ៍ Ao Dai ទីក្រុងហាណូយ ឆ្នាំ ២០២៦ គឺកម្មវិធីដង្ហែក្បួនជុំវិញបឹង Hoan Kiem នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ដែលត្រូវបានរំពឹងថានឹងទាក់ទាញអ្នកចូលរួមប្រមាណ ១.៣០០ នាក់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺកម្មវិធីនេះក៏បានសហការរៀបចំសកម្មភាពបំបែកឯតទគ្គកម្មជនជាតិវៀតណាមសកល ស្តីពីចំនួនបុរសស្លៀកពាក់សម្លៀកបំពាក់ Ao Dai ច្រើនជាងគេ ដោយមានអ្នកចូលរួមប្រមាណ ៥០០ នាក់។
មិនត្រឹមតែឧទ្ទេសនាមអំពីបណ្តុំសម្លៀកបំពាក់ម៉ូដប៉ុណ្ណោះទេ ពិធីបុណ្យនេះក៏បានលៃលកលំហសម្រាប់សិប្បករភូមិសិប្បកម្ម និស្សិតផ្នែករចនាម៉ូដ ក្លឹបសិល្បៈកុមារ និងសហគមន៍ដែលស្រឡាញ់សម្លៀកបំពាក់ Ao Dai ផងដែរ។ ការចូលរួមរបស់មនុស្សជាច្រើនជំនាន់ បានរួមចំណែកនាំយកសម្លៀកបំពាក់ប្រពៃណីឱ្យបង្ហាញវត្តមានកាន់តែជិតស្និទ្ធនៅក្នុងសកម្មភាពវប្បធម៌ និងទេសចរណ៍របស់រដ្ឋធានី។
ការនាំយកសម្លៀកបំពាក់ Ao Dai ឱ្យកាន់តែខិតជិតទៅនឹងសហគមន៍
ពិធីបុណ្យនេះបានបើកសម្ពោធនាយប់ថ្ងៃទី ២១ ខែវិច្ឆិកា នៅសារមន្ទីរទីក្រុងហាណូយ តាមរយៈកម្មវិធីសិល្បៈ «ទីក្រុងហាណូយបួនរដូវ» ដោយឧទ្ទេសនាមអំពីបណ្តុំសម្លៀកបំពាក់ Ao Dai ចំនួន ៩ ឈុត របស់អ្នករចនាម៉ូដ La Hang, Lan Anh, Quang Huy, Viet Bao, Quyen Nguyen, Ta Linh Nhan, Luu Quynh Lan បវរកញ្ញា Ngoc Han និងសិប្បករ Nghiem Van Dat។
កម្មវិធីនេះមានការចូលរួមពីសិប្បករ តារាម៉ូដែល និងសិល្បករ ដោយឧទ្ទេសនាមអំពីរបៀបបង្ហាញដ៏សម្បូរបែបនៃសម្លៀកបំពាក់ Ao Dai នៅលើមូលដ្ឋាននៃតម្លៃវប្បធម៌ប្រពៃណី។
នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា លំហនៃការសម្តែងត្រូវបានពង្រីកចេញទៅកាន់តំបន់បឹង Hoan Kiem ជាមួយនឹងកម្មវិធីដង្ហែក្បួនទេសចរណ៍ Ao Dai ទីក្រុងហាណូយ ឆ្នាំ ២០២៦។
សមាជិកនៃសមាគមវប្បធម៌ Ao Dai វៀតណាម និងក្រុម Bach Hoa Bo Hanh ប្រមាណ ១.៣០០ នាក់ ត្រូវបានរំពឹងថានឹងចូលរួមដង្ហែក្បួន។ ក្នុងនោះ បុរសប្រមាណ ៥០០ នាក់ ដែលស្លៀកពាក់សម្លៀកបំពាក់ Ao Dai នឹងចូលរួមក្នុងសកម្មភាពបំបែកឯតទគ្គកម្មជនជាតិវៀតណាមសកល ស្តីពីចំនួនបុរសស្លៀកពាក់សម្លៀកបំពាក់ Ao Dai ច្រើនជាងគេ។
កម្មវិធីនេះរៀបចំឡើងដោយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងហាណូយ សហការជាមួយសមាគមវប្បធម៌ Ao Dai វៀតណាម ក្នុងគោលបំណងលើកទឹកចិត្តឱ្យសម្លៀកបំពាក់ Ao Dai បង្ហាញវត្តមាននៅក្នុងជីវភាពរស់នៅរបស់សហគមន៍ នៅគ្រប់ក្រុមអាយុ និងភេទទាំងអស់។
នៅថ្ងៃដដែលនោះ នៅសារមន្ទីរទីក្រុងហាណូយ សហភាពនារីទីក្រុងហាណូយ បានរៀបចំកម្មវិធីសម្តែងរួមគ្នានូវសម្លៀកបំពាក់ Ao Dai ក្រោមប្រធានបទ «នារីរដ្ឋធានីធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍» ដោយមានចំណងជើងថា «នារីរដ្ឋធានី - មោទនភាពសម្លៀកបំពាក់ Ao Dai - ផ្សព្វផ្សាយវប្បធម៌វៀតណាម»។
នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ នឹងមានពិធីប្រគល់រង្វាន់នៃការប្រកួតរូបថតតាមប្រព័ន្ធអនឡាញ «នារីរដ្ឋធានីថតរូបជាមួយសម្លៀកបំពាក់ Ao Dai» និងសកម្មភាពផ្តល់ជូនសម្លៀកបំពាក់ Ao Dai ដល់សិស្សស្រីចំនួន ៥០ នាក់ ដែលមានការខិតខំប្រឹងប្រែងក្នុងការសិក្សា ស្ថិតនៅក្នុងកម្មវិធី «ផ្តល់ជូនសម្លៀកបំពាក់ Ao Dai - បំពាក់ស្លាបក្តីសុបិនបៃតង»។
ក្រៅពីនេះ ក៏មានការសម្តែងសម្លៀកបំពាក់ Ao Dai រួមបញ្ចូលជាមួយសិល្បៈ ការបង្ហាត់រាំរបាំប្រជាប្រិយ និងការសម្តែង «របាំសាមគ្គីភាព» ផងដែរ។
តាមរយៈសកម្មភាពទាំងនេះ ស្ត្រី សិស្សានុសិស្ស និងសមាជិកសហគមន៍ មានឱកាសបន្ថែមទៀតក្នុងការផ្លាស់ប្តូរ ស្វែងយល់ និងអនុវត្តតម្លៃវប្បធម៌ដែលផ្សារភ្ជាប់ជាមួយនឹងសម្លៀកបំពាក់ Ao Dai។
ចំពោះយុវជនជំនាន់ក្រោយ ពិធីបុណ្យនេះបានលៃលកលំហដោយឡែកសម្រាប់កម្មវិធីម៉ូដសិល្បៈ «ពន្លកបេតិកភណ្ឌ» ដោយឧទ្ទេសនាមអំពីបណ្តុំសម្លៀកបំពាក់ Ao Dai សម្រាប់យុវវ័យ និងកុមារ។
កម្មវិធីនេះរៀបចំឡើងដោយអ្នករចនាម៉ូដ Nhat Thuc សហការជាមួយក្លឹបសិល្បៈកុមារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់កុមារក្នុងការសម្តែងដោយផ្ទាល់ ស្វែងយល់អំពីសម្រស់នៃសម្លៀកបំពាក់ Ao Dai និងតម្លៃវប្បធម៌ដែលផ្សារភ្ជាប់ជាមួយនឹង Thang Long - ទីក្រុងហាណូយ។
ស្មារតីនៃការបន្តវេនបេតិកភណ្ឌ ក៏ត្រូវបានបង្ហាញនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតរចនាម៉ូដសម្លៀកបំពាក់ Ao Dai «សម្រស់ប្រពៃណី - ដង្ហើមសហសម័យ» ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ២២ ខែវិច្ឆិកា នៅសារមន្ទីរទីក្រុងហាណូយផងដែរ។
ការប្រកួតនេះបានប្រមូលផ្តុំនូវបណ្តុំសម្លៀកបំពាក់ចំនួន ១០ ឈុត របស់និស្សិតជំនាញរចនាម៉ូដ មកពីសាកលវិទ្យាល័យចំនួន ៥ នៅទូទាំងទីក្រុង។ បណ្តុំសម្លៀកបំពាក់នីមួយៗបានបង្ហាញពីគំនិតដោយឡែកពីគ្នា ដោយរួមបញ្ចូលគ្នារវាងធាតុផ្សំប្រពៃណី ជាមួយនឹងភាសានៃការរចនាសហសម័យ។
ការលើកទឹកចិត្តនិស្សិត និងកុមារឱ្យចូលរួមក្នុងការច្នៃប្រឌិត និងការសម្តែង មិនត្រឹមតែជួយឱ្យយុវជនជំនាន់ក្រោយខិតជិតសម្លៀកបំពាក់ Ao Dai ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសដើម្បីឱ្យតម្លៃប្រពៃណីបន្តត្រូវបានផ្ទេរមរតក ធ្វើឱ្យថ្មី និងយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅផងដែរ។
នាយប់ថ្ងៃទី ២៣ ខែវិច្ឆិកា កម្មវិធីបិទពិធីបុណ្យនឹងបន្តឧទ្ទេសនាមអំពីបណ្តុំសម្លៀកបំពាក់របស់អ្នករចនាម៉ូដ Nhat Thuc និងអ្នករចនាម៉ូដនានាដែលជាសមាជិកនៃសមាគមវប្បធម៌ Ao Dai វៀតណាម រួមមាន Trung Beret, Huong Beful, Cao Thu Van, Han Phuong និង Phung Thu Thuy។
ការតភ្ជាប់សិប្បករ ភូមិសិប្បកម្ម និងការច្នៃប្រឌិតក្នុងការរចនា
ទន្ទឹមនឹងកម្មវិធីសិល្បៈនានា ក្នុងរយៈពេល ៣ ថ្ងៃនៃការប្រារព្ធពិធីបុណ្យ បរិវេណសារមន្ទីរទីក្រុងហាណូយ នឹងត្រូវរៀបចំឡើងជាលំហតាំងបង្ហាញ និងបទពិសោធន៍ចំនួន ៤ ដើម្បីឧទ្ទេសនាមអំពីតម្លៃវប្បធម៌ បច្ចេកទេសសិប្បកម្ម និងសកម្មភាពច្នៃប្រឌិតដែលផ្សារភ្ជាប់ជាមួយនឹងសម្លៀកបំពាក់ Ao Dai។
នៅក្នុងលំហភូមិសិប្បកម្មប្រពៃណី ភ្ញៀវទេសចរមានឱកាសជួបជាមួយសិប្បករដែលមកពី Trach Xa, Van Phuc និង My Duc ព្រមទាំងស្វែងយល់ដោយផ្ទាល់អំពីបច្ចេកទេសកាត់ដេរ ការត្បាញសំពត់ និងដំណាក់កាលសិប្បកម្មនានាដែលបង្កើតបានជាសម្លៀកបំពាក់ Ao Dai។
តាមរយៈសកម្មភាពសម្តែងបង្ហាញ សាធារណជនអាចយល់ដឹងកាន់តែច្បាស់អំពីភាពប៉ិនប្រសប់ បទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈដែលត្រូវបានសិប្បករគ្រប់ជំនាន់ថែរក្សា និងផ្ទេរមរតកតៗគ្នា។
លំហទីពីរ ឧទ្ទេសនាមអំពីបណ្តុំសម្លៀកបំពាក់របស់អ្នករចនាម៉ូដ និងម៉ាកយីហោសម្លៀកបំពាក់ Ao Dai ដែលជួយឱ្យភ្ញៀវទេសចរស្វែងយល់អំពីភាពសម្បូរបែបនៃម៉ូដ សាច់ក្រណាត់ និងរបៀបបង្ហាញនៃសម្លៀកបំពាក់ប្រពៃណី។
លំហទីបី តាំងបង្ហាញគ្រឿងតុបតែងខ្លួន គ្រឿងអលង្ការ ផលិតផលសិប្បកម្ម និងផលិតផលពិសេសប្រចាំតំបន់របស់រដ្ឋធានី ដោយតភ្ជាប់សម្លៀកបំពាក់ Ao Dai ជាមួយនឹងតម្លៃវប្បធម៌ ម្ហូបអាហារ និងមុខរបរប្រពៃណី។
លំហទីបួន ត្រូវបានលៃលកសម្រាប់សកម្មភាពច្នៃប្រឌិតរបស់និស្សិតនៃសាកលវិទ្យាល័យនានា រួមជាមួយនឹងតំបន់តាំងបង្ហាញរបស់សមាគមវប្បធម៌ Ao Dai វៀតណាម។
ក្រៅពីការទស្សនា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចចូលរួមដោយផ្ទាល់នៅក្នុងកម្មវិធីបទពិសោធន៍នានា ដូចជាការធ្វើគ្រឿងសិប្បកម្ម ការច្នៃគ្រឿងអលង្ការ ការគូរគំនូរនៅលើសម្លៀកបំពាក់ Ao Dai ការប៉ាក់ និងការដេរភ្ជាប់គ្រឿងលម្អ។
សកម្មភាពពិសាតែ ការទស្សនាសិល្បៈប្រពៃណី ការចូលរួមល្បែងប្រជាប្រិយ និងការថតរូបអនុស្សាវរីយ៍ ក៏ត្រូវបានរៀបចំឡើងផងដែរ ដើម្បីបង្កើតបទពិសោធន៍វប្បធម៌បន្ថែមទៀតនៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ។
ការរួមបញ្ចូលគ្នារវាងការសម្តែងម៉ូដ ជាមួយនឹងការឧទ្ទេសនាមភូមិសិប្បកម្ម និងសកម្មភាពបទពិសោធន៍ បានជួយឱ្យសាធារណជនខិតជិតសម្លៀកបំពាក់ Ao Dai ពីទិដ្ឋភាពជាច្រើន។ មិនត្រឹមតែបានទស្សនាសម្លៀកបំពាក់ដែលផលិតរួចរាល់ប៉ុណ្ណោះទេ ភ្ញៀវទេសចរថែមទាំងមានឱកាសស្វែងយល់អំពីសាច់ក្រណាត់ បច្ចេកទេសផលិត និងកម្លាំងពលកម្មរបស់សិប្បករនៅពីក្រោយផលិតផលនីមួយៗផងដែរ។
ទន្ទឹមនឹងនេះ ការរៀបចំសកម្មភាពនានានៅសារមន្ទីរទីក្រុងហាណូយ និងតំបន់បឹង Hoan Kiem បានរួមចំណែកពង្រីកលំហផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់រដ្ឋធានី។
តាមរយៈការតភ្ជាប់រវាងសិប្បករ អ្នករចនាម៉ូដ គ្រឹះស្ថានបណ្តុះបណ្តាល ភូមិសិប្បកម្ម និងសាធារណជន សម្លៀកបំពាក់ Ao Dai មិនត្រឹមតែត្រូវបានឧទ្ទេសនាមក្នុងនាមជាសម្លៀកបំពាក់ប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាផលិតផលបទពិសោធន៍ដែលផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ក្នុងតំបន់ និងសកម្មភាពច្នៃប្រឌិតផងដែរ។
សកម្មភាពទាំងនេះបានរួមចំណែកទាញយកតម្លៃបេតិកភណ្ឌនៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ បង្កើតឱកាសបន្ថែមទៀតក្នុងការឧទ្ទេសនាមផលិតផលសិប្បកម្មប្រពៃណី និងលើកកម្ពស់ភាពទាក់ទាញនៃគោលដៅទេសចរណ៍ទីក្រុងហាណូយ។
ជាមួយនឹងសកម្មភាពដ៏សម្បូរបែបជាបន្តបន្ទាប់ ពិធីបុណ្យទេសចរណ៍ Ao Dai ទីក្រុងហាណូយ ឆ្នាំ ២០២៦ ឆ្ពោះទៅរកការលើកតម្កើងសម្រស់នៃសម្លៀកបំពាក់ប្រពៃណី ការលើកទឹកចិត្តដល់ការផ្ទេរមរតក ការច្នៃប្រឌិត និងការផ្សព្វផ្សាយតម្លៃវប្បធម៌នៅក្នុងសហគមន៍។
គណៈកម្មការរៀបចំពិធីបុណ្យរំពឹងថា ពិធីបុណ្យនេះនឹងនាំមកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនូវបទពិសោធន៍ដ៏ពិសេស ព្រមទាំងរួមចំណែកអភិវឌ្ឍផលិតផលទេសចរណ៍ ឧស្សាហកម្មច្នៃប្រឌិត និងផ្សព្វផ្សាយរូបភាពទីក្រុងហាណូយដែលសម្បូរទៅដោយអត្តសញ្ញាណ ភាពច្នៃប្រឌិត និងភាពរួសរាយរាក់ទាក់៕
យុគសម័យ - ចាប់ពីថ្ងៃទី ២០-៣០ ខែសីហា ឆ្នាំ ២០២៦ ស្ថានទូត និងស្ថានអគ្គកុងស៊ុលវៀតណាមជាច្រើននៅឯបរទេស បានរៀបចំនូវសកម្មភាពនានារំលឹកខួប ៨១ ឆ្នាំនៃបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ដោយទាក់ទាញការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសសាមី តំណាងការទូត មិត្តភក្តិអន្តរជាតិ និងសហគមន៍ជនជាតិវៀតណាមយ៉ាងច្រើនកុះករ។ |
យុគសម័យ - ថ្ងៃនេះ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី VII អាណត្តិ ២០២៦ - ២០៣១ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ត្រូវបានបើកជាផ្លូវការ។ មហាសន្និបាតប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសយើងបានរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស ដែលជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់ពិសេស កំណត់នូវចក្ខុវិស័យ គោលដៅយុទ្ធសាស្ត្រក្នុងការនាំប្រទេសជាតិឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី។ ស្មារតីនៃមហាសន្និបាតលើកទី XIV ស្តីពីសេចក្តីប្រាថ្នាអភិវឌ្ឍន៍ ស្តីពីឋានៈនិងតួនាទីថ្មីរបស់ប្រទេសជាតិ ស្តីពីតម្រូវការផ្លាស់ប្តូរថ្មីនូវការគិត និងវិធីសាស្ត្រធ្វើសកម្មភាពលើគ្រប់វិស័យ គឺជាត្រីវិស័យចង្អុលបង្ហាញផ្លូវដើម្បីឱ្យមហាសន្និបាតរបស់យើងវាយតម្លៃលទ្ធផល ដកស្រង់មេរៀនពិសោធន៍ និងកំណត់នូវទិសដៅធំៗសម្រាប់ដំណាក់កាល ៥ ឆ្នាំខាងមុខ។ |

មតិពីមិត្តអ្នកអាន