ការផ្លាស់ប្តូរសិល្បៈតភ្ជាប់ចំណងមិត្តភាពវៀតណាម កម្ពុជា និងរុស្ស៊ី

14:52 | 23/11/2026 ឌឿងង្វៀន

យុគសម័យ - កាលពីថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុង Ho Chi Minh កម្មវិធីផ្លាស់ប្តូរសិល្បៈ «អនុស្សាវរីយ៍ប្រវត្តិសាស្ត្រ - សេចក្តីស្រឡាញ់មាតុភូមិ - ជ្រាលជ្រៅមនោសញ្ចេតនាមិត្តភាព» បានប្រមូលផ្តុំតំណាងអង្គការមិត្តភាព មិត្តភក្តិអន្តរជាតិ និងនិស្សិតកម្ពុជា។ ក្រៅពីការសម្តែងសិល្បៈជាង ២០ ឈុត កម្មវិធីនេះក៏បានតភ្ជាប់និស្សិតកម្ពុជាជាមួយគ្រួសារវៀតណាមដែលទទួលធ្វើជាឪពុកម្តាយធម៌ផងដែរ ដែលរួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងបី។

វៀតណាម និងរុស្ស៊ីផ្តោតលើការពង្រឹងទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន កម្លាំងចលករបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងរុស្ស៊ី
គណៈកម្មការរៀបចំកម្មវិធីបានប្រគល់ប័ណ្ណសរសើរជូនដល់បុគ្គលដែលមានស្នាដៃត្រូវបានជ្រើសរើស នៅក្នុងយុទ្ធនាការតែងនិពន្ធក្រោមប្រធានបទ «រួមដំណើរឈានចូលយុគសម័យថ្មី» ឆ្នាំ ២០២៦។
គណៈកម្មការរៀបចំកម្មវិធីបានប្រគល់ប័ណ្ណសរសើរជូនដល់បុគ្គលដែលមានស្នាដៃត្រូវបានជ្រើសរើស នៅក្នុងយុទ្ធនាការតែងនិពន្ធក្រោមប្រធានបទ «រួមដំណើរឈានចូលយុគសម័យថ្មី» ឆ្នាំ ២០២៦។

កាលពីព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសារមន្ទីរនារីភាគខាងត្បូង (ទីក្រុង Ho Chi Minh) ការិយាល័យអចិន្ត្រៃយ៍ភាគខាងត្បូងនៃមជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា បានសហការជាមួយគណៈកម្មាធិការទំនាក់ទំនងអតីតកម្មាភិបាលសម្ព័ន្ធយុវជនវៀតណាមភាគខាងត្បូង រៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈក្រោមប្រធានបទ «អនុស្សាវរីយ៍ប្រវត្តិសាស្ត្រ - សេចក្តីស្រឡាញ់មាតុភូមិ - ជ្រាលជ្រៅមនោសញ្ចេតនាមិត្តភាព»។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះមានតំណាងស្ថានអគ្គកុងស៊ុលកម្ពុជា ស្ថានអគ្គកុងស៊ុលសហព័ន្ធរុស្ស៊ីប្រចាំទីក្រុង Ho Chi Minh ថ្នាក់ដឹកនាំអង្គការមិត្តភាព តំណាងសហគ្រាស អតីតកម្មាភិបាលសម្ព័ន្ធយុវជន សិល្បករ សិល្បការិនី និស្សិតកម្ពុជា រួមជាមួយភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

សកម្មភាពនេះត្រូវបានរៀបចំឡើងក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍លើកទី ១០៩ នៃបដិវត្តន៍ខែតុលារុស្ស៊ី (ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ១៩១៧ - ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៦) អបអរសាទរទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) ឆ្ពោះទៅរកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា លើកទី ៦ អាណត្តិ ២០២៦-២០៣១ និងគោរពវិញ្ញាណក្ខន្ធខួប ៣០ ឆ្នាំនៃមរណភាពរបស់អតីតមេធាវី លោក Nguyen Huu Tho ដែលជាបញ្ញវន្តស្នេហាជាតិ និងជានិមិត្តរូបនៃផែនមហាសាមគ្គីជាតិទាំងមូល។

តភ្ជាប់អតីតកាល និងបច្ចុប្បន្នកាល តាមរយៈបទភ្លេងមិត្តភាព

ថ្លែងក្នុងកម្មវិធីនេះ លោកបណ្ឌិត Le Hong Liem អនុប្រធានអចិន្ត្រៃយ៍មជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា និងជាប្រធានគណៈកម្មាធិការទំនាក់ទំនងអតីតកម្មាភិបាលសម្ព័ន្ធយុវជនវៀតណាមភាគខាងត្បូង បានសង្កត់ធ្ងន់លើអត្ថន័យនៃសកម្មភាពផ្លាស់ប្តូរសិល្បៈក្នុងការរំឭកឡើងវិញនូវអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ ការអប់រំអំពីប្រពៃណី និងការពូនជ្រំចំណងមិត្តភាពរវាងប្រជាជាតិនានា។

លោក Le Hong Liem បានអះអាងថា ប្រជាជនវៀតណាមតែងតែគោរពឱ្យតម្លៃចំពោះការជួយឧបត្ថម្ភដោយស្មោះអស់ពីចិត្តរបស់ប្រជាជនសហភាពសូវៀតកាលពីអតីតកាល និងសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ លោកបានសម្តែងនូវមោទនភាពចំពោះទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង» រវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា។

យោងតាមលោក ទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា ត្រូវបានកសាង និងថែរក្សាឆ្លងកាត់ជាច្រើនជំនាន់ ដែលក្នុងនោះមានការរួមចំណែក និងការពលីកម្មរបស់កងទ័ពស្ម័គ្រចិត្ត អ្នកជំនាញការ កម្មាភិបាលសម្ព័ន្ធយុវជន និងប្រជាជននៃប្រទេសទាំងពីរ។

ចេញពីអនុស្សាវរីយ៍ប្រវត្តិសាស្ត្រទាំងនោះ សកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ បន្តបង្កើតឱកាសឱ្យជំនាន់នានាបានជួបសំណេះសំណាល ចែករំលែក និងស្វែងយល់បន្ថែមទៀតអំពីប្រពៃណីសាមគ្គីភាពរវាងប្រជាជននៃប្រទេសនានា។

«គឺចេញពីអនុស្សាវរីយ៍ដ៏អង់អាចក្លាហានទាំងនោះហើយ ដែលទំនុកច្រៀង សំនៀង និងបទភ្លេងនាពេលបច្ចុប្បន្ន ដែលត្រូវបាននិពន្ធ និងសម្តែងដោយផ្ទាល់ពីសំណាក់អ្នកនិពន្ធ សិល្បករ សិល្បការិនី ដែលជាសមាជិកនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកម្មាភិបាលសម្ព័ន្ធយុវជន និងមិត្តភក្តិស្និទ្ធស្នាល គឺជាស្ពានតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាល តភ្ជាប់បេះដូងទៅកាន់បេះដូង និងបន្ថែមភ្លើងនៃសេចក្តីស្រឡាញ់ដ៏ពុះកញ្ជ្រោលដល់យុវជនជំនាន់ក្រោយនាពេលបច្ចុប្បន្ន» លោក Le Hong Liem បានចែករំលែក។

កម្មវិធីបានឧទ្ទេសនាមនូវការសម្តែងសិល្បៈជាង ២០ ឈុត ដែលនិពន្ធ និងសម្តែងដោយអ្នកនិពន្ធ សិល្បករ សិល្បការិនី សមាជិកនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកម្មាភិបាលសម្ព័ន្ធយុវជន និងមិត្តភក្តិជិតស្និទ្ធ។

តាមរយៈទំនុកច្រៀង បទភ្លេង និងរឿងរ៉ាវប្រវត្តិសាស្ត្រ កម្មវិធីនេះបានរួមចំណែកលើកតម្កើងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងប្រទេសជាតិ ទន្ទឹមនឹងការបង្កើតបរិយាកាសផ្លាស់ប្តូរបទពិសោធន៍រវាងជំនាន់នានា និងមិត្តភក្តិអន្តរជាតិ។

គ្រួសារដែលតភ្ជាប់ចំណងមិត្តភាព

ក្រៅពីសកម្មភាពសិល្បៈ កម្មវិធីក៏បានរៀបចំការតភ្ជាប់ និងឧទ្ទេសនាមនិស្សិតកម្ពុជាដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងទីក្រុង Ho Chi Minh ជាមួយនឹងគ្រួសារវៀតណាមដែលទទួលធ្វើជាឪពុកម្តាយធម៌ផងដែរ។

សកម្មភាពនេះបានបង្កលក្ខណៈងាយស្រួលឱ្យនិស្សិតកម្ពុជាទទួលបានការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភក្នុងអំឡុងពេលសិក្សា និងរស់នៅក្នុងប្រទេសវៀតណាម ទន្ទឹមនឹងការរួមចំណែកកសាងទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងនាមជាភ្ញៀវកិត្តិយសមួយរូបមកពីប្រទេសកម្ពុជាដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាសិក្សានៅវៀតណាម និងជាប្រធាននាយកដ្ឋានស្តីទីនៃនាយកដ្ឋានសិក្សាអាស៊ី-អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ និងរំភើបចិត្តនៅពេលបានវិលត្រឡប់មកកាន់ប្រទេសវៀតណាមវិញ។

ដោយធ្លាប់មានពេលវេលាសិក្សានៅប្រទេសវៀតណាម លោក អ៊ុច លាង បានឱ្យដឹងថា ឆ្នាំទាំងនោះមិនត្រឹមតែជួយឱ្យលោកក្រេបជញ្ជក់យកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតនូវអនុស្សាវរីយ៍ មនោសញ្ចេតនា និងទំនាក់ទំនងដ៏ស្និទ្ធស្នាលជាច្រើនផងដែរ។

«ប្រទេសវៀតណាមមិនត្រឹមតែជាទឹកដីដែលបានផ្តល់ឱកាសឱ្យខ្ញុំបានសិក្សា និងរីកចម្រើនធំធាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងរក្សាទុកនូវអនុស្សាវរីយ៍ មនោសញ្ចេតនា និងទំនាក់ទំនងដ៏ជិតស្និទ្ធជាច្រើន ដែលខ្ញុំតែងតែគោរពឱ្យតម្លៃជានិច្ច» លោក អ៊ុច លាង បានចែករំលែក។

យោងតាមប្រធានសមាគមអតីតនិស្សិតកម្ពុជាសិក្សានៅវៀតណាម កម្មវិធីនេះមានអត្ថន័យក្នុងការអប់រំអំពីប្រពៃណី ការដឹងគុណចំពោះអ្នកជំនាន់មុន និងការបន្តពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ ដែលក្នុងនោះរួមមានប្រជាជនកម្ពុជា និងរុស្ស៊ីផងដែរ។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ លោកស្រី Nikokosheva Natalya ដែលត្រូវបានគេហៅជាទូទៅថា Natasa អតីតសមាជិកគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃសមាគមមិត្តភាពសហភាពសូវៀត - វៀតណាម បានចែករំលែកនូវមនោសញ្ចេតនាផ្សារភ្ជាប់ជាមួយប្រទេសវៀតណាមអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

លោកស្រី Natasa បានចាប់ផ្តើមរៀនភាសាវៀតណាមនៅសាកលវិទ្យាល័យជាតិទំនាក់ទំនងអន្តរជាតិទីក្រុង Moskva កាលពីប្រមាណកន្លះសតវត្សរ៍មុន។ បច្ចុប្បន្នកំពុងរស់នៅទីក្រុង Ho Chi Minh លោកស្រីប្រើប្រាស់ភាសាវៀតណាមយ៉ាងស្ទាត់ជំនាញ ជាមួយនឹងបទពិសោធន៍ជាអ្នកបកប្រែ និងជាអ្នកជំនាញការសិក្សាអំពីប្រទេសវៀតណាម។

យោងតាមលោកស្រី កម្មវិធីផ្លាស់ប្តូរសិល្បៈនេះបានបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងប្រជាជនវៀតណាម រុស្ស៊ី និងកម្ពុជា ដែលជាប្រទេសមួយដែលលោកស្រីក៏ធ្លាប់មានឱកាសអញ្ជើញទៅទស្សនកិច្ចផងដែរ។

ជាពិសេស លោកស្រី Natasa បានសម្តែងនូវក្តីរំភើបចំពោះសកម្មភាពដែលគ្រួសារវៀតណាមទទួលធ្វើជាឪពុកម្តាយធម៌របស់និស្សិតកម្ពុជា។ យោងតាមលោកស្រី ការដែលយុវជនកម្ពុជាមានឪពុកម្តាយវៀតណាមបន្ថែមទៀតជួយយកចិត្តទុកដាក់ និងមើលថែទាំ គឺប្រៀបដូចជាការផ្សារភ្ជាប់ទំនាក់ទំនងនៅក្នុង «គ្រួសារដ៏ធំមួយនៃប្រជាជាតិទាំងពីរ»។

ចេញពីបទពិសោធន៍នៅឯមាតុភូមិរបស់លោកស្រីផ្ទាល់ លោកស្រីបានឱ្យដឹងថា នៅប្រទេសរុស្ស៊ីក៏មាននិស្សិតវៀតណាមជាច្រើនត្រូវបានគ្រួសារជនជាតិរុស្ស៊ីទទួលធ្វើជាកូនធម៌ផងដែរ ដែលបង្កើតបានជាទំនាក់ទំនងដ៏ស្និទ្ធស្នាលហួសពីចម្ងាយភូមិសាស្ត្រ និងសញ្ជាតិ។

លោកស្រីបានមើលឃើញពីភាពស្រដៀងគ្នានៅក្នុងមនោសញ្ចេតនាដែលប្រជាជននៃប្រទេសទាំងបីមានចំពោះគ្នាទៅវិញទៅមក ជាពិសេសតាមរយៈការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភដល់យុវជនជំនាន់ក្រោយក្នុងដំណើរការសិក្សា និងរីកចម្រើនធំធាត់។

«នោះគឺជាប្រពៃណីដ៏ល្អប្រពៃបំផុត» លោកស្រី Natasa បានចែករំលែក។

តាមរយៈការសម្តែងសិល្បៈជាង ២០ ឈុត និងជំនួបសំណេះសំណាលនានា កម្មវិធី «អនុស្សាវរីយ៍ប្រវត្តិសាស្ត្រ - សេចក្តីស្រឡាញ់មាតុភូមិ - ជ្រាលជ្រៅមនោសញ្ចេតនាមិត្តភាព» បានបង្កើតបរិយាកាសឱ្យគណៈប្រតិភូរំឭកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ ចែករំលែកមនោសញ្ចេតនា និងបន្តតភ្ជាប់ជំនាន់នានា។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺសកម្មភាពទទួលធ្វើជាឪពុកម្តាយធម៌របស់និស្សិតកម្ពុជាបានបង្ហាញឱ្យឃើញថា ចំណងមិត្តភាពមិនត្រឹមតែត្រូវបានបង្ហាញតាមរយៈព្រឹត្តិការណ៍ការទូត និងការផ្លាស់ប្តូរវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវត្តមាននៅក្នុងទង្វើជាក់ស្តែង ដែលនាំមកនូវការគាំទ្រ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសនានា។

កម្មវិធីនេះបានរួមចំណែកពង្រីកតួនាទីនៃការទូតប្រជាជន ក្នុងការថែរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសវៀតណាម ជាមួយប្រទេសកម្ពុជា និងសហព័ន្ធរុស្ស៊ី ទន្ទឹមនឹងការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឱ្យបន្តចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរបទពិសោធន៍ កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សហគមន៍៕

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាចំនួន ៣០០ នាក់ គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាចំនួន ៣០០ នាក់
យុគសម័យ - កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតវៀតណាម បានរៀបចំការពិនិត្យជំងឺ ប្រឹក្សាយោបល់ផ្នែកសុខភាព ផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០០ នាក់ នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ សកម្មភាពនេះបានរួមចំណែកចែករំលែកការលំបាកជាមួយសហគមន៍ ទន្ទឹមនឹងការពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
ហ្វឺវៀតណាមផ្សារភ្ជាប់ចំណងមិត្តភាពនៅប្រទេសកម្ពុជា ហ្វឺវៀតណាមផ្សារភ្ជាប់ចំណងមិត្តភាពនៅប្រទេសកម្ពុជា
យុគសម័យ - កាលពីថ្ងៃទី ២១ ខែវិច្ឆិកា កម្មវិធី «ទិវាហ្វឺ» បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដើម្បីឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងរសជាតិហ្វឺរបស់ប្រទេសវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។ សកម្មភាពនេះត្រូវបានរៀបចំឡើងព្រមៗគ្នានៅតាមបណ្តាមូលដ្ឋានជាច្រើននៃប្រទេសកម្ពុជា ដែលរួមចំណែកផ្សព្វផ្សាយមុខម្ហូបវៀតណាម និងបង្កើនការផ្លាស់ប្តូរ ព្រមទាំងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ហ្វឺវៀតណាមតភ្ជាប់ការផ្លាស់ប្តូរវប្បធម៌វៀតណាម - កម្ពុជា នៅក្រុងព្រះសីហនុ
ការផ្លាស់ប្តូរសិល្បៈតភ្ជាប់ចំណងមិត្តភាពវៀតណាម កម្ពុជា និងរុស្ស៊ី
ក្រុម K73 ប្រគល់អំណោយជូនសិស្សានុសិស្សកម្ពុជា រួមជាមួយការផ្សព្វផ្សាយស្វែងរកអដ្ឋិធាតុយុទ្ធជនពលី
ឃុំ Long Chu បង្កើនការផ្លាស់ប្តូរ និងមិត្តភាពជាមួយឃុំព្រៃតាអី
និស្សិតកម្ពុជាបន្តវេនប្រពៃណីមិត្តភាពនៃប្រទេសទាំងពីរ

អានច្រើនបំផុត

វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត
វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
វៀតណាម - កម្ពុជា បន្តសម្របសម្រួលរុករក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
កម្ពុជាជំរុញការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច
វៀតណាម - កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ