យុគសម័យ - កាលពីថ្ងៃទី ២២ ខែវិច្ឆិកា នៅរដ្ឋធានី Ha Noi អតីតអ្នកជំនាញការ និងអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម បានជួបសំណេះសំណាល និងចែករំលែកនូវអនុស្សាវរីយ៍អំពីអំឡុងពេលបំពេញបេសកកម្មនៅប្រទេសកម្ពុជា ជាមួយនឹងនិស្សិតកម្ពុជា។ កម្មវិធីនេះបានរួមចំណែកជួយឱ្យយុវជនជំនាន់ក្រោយស្វែងយល់បន្ថែមទៀតអំពីប្រវត្តិសាស្ត្រ គោរពឱ្យតម្លៃចំពោះការពលីកម្មរបស់អ្នកជំនាន់មុន និងបន្តពូនជ្រំចំណងមិត្តភាពវៀតណាម - កម្ពុជា។
| សមាគមមិត្តភាពវៀតណាម-កម្ពុជា បន្ត “បណ្តុះចំណងមិត្តភាព” ជាមួយនិស្សិតកម្ពុជាចំនួន ៤៧ នាក់ ដែលកំពុងសិក្សានៅប្រទេសវៀតណាម ការឧបត្ថម្ភនិស្សិតកម្ពុជា៖ ឆ្ពោះទៅរកភាពជាដៃគូរយៈពេលវែង |
កាលពីព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា សមាគមមិត្តភាពវៀតណាម - កម្ពុជា បានរៀបចំកម្មវិធីជំនួបសំណេះសំណាល កិច្ចពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍រវាងអតីតអ្នកជំនាញការ និងអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម ជាមួយនឹងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅរដ្ឋធានី Ha Noi។
សកម្មភាពនេះបានបង្កើតឱកាសឱ្យអ្នកដែលធ្លាប់បំពេញការងារ ប្រយុទ្ធ និងជួយឧបត្ថម្ភប្រជាជនកម្ពុជា រំឭកឡើងវិញនូវអនុស្សាវរីយ៍ និងចែករំលែកបទពិសោធន៍ជាមួយយុវជនជំនាន់ក្រោយ តាមរយៈនោះបានរួមចំណែកអប់រំអំពីប្រពៃណីសាមគ្គីភាព និងមិត្តភាពរវាងប្រជាជាតិទាំងពីរ។
ថ្លែងក្នុងកម្មវិធីនេះ លោក Le Tuan Khanh អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា បានឱ្យដឹងថា ជំនួបនេះប្រព្រឹត្តទៅក្នុងពេលវេលាដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅរកព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលក្នុងនោះរួមមាន មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា លើកទី ៦ អាណត្តិ ២០២៦-២០៣១ និងខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៧)។
![]() |
| សមាគមមិត្តភាពវៀតណាម - កម្ពុជា បានរៀបចំកម្មវិធីជំនួបសំណេះសំណាល កិច្ចពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍។ |
ដោយរំឭកឡើងវិញនូវដំណាក់កាលប្រវត្តិសាស្ត្រនានាក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ លោក Le Tuan Khanh បានអះអាងថា អំឡុងពេលបំពេញការងារ ប្រយុទ្ធ និងជួយគាំទ្រប្រជាជនកម្ពុជា បានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ មនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ និងមេរៀនដ៏មានតម្លៃជាច្រើនអំពីចំណងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ។
យោងតាមលោក កម្មវិធីនេះមិនត្រឹមតែជួយឱ្យនិស្សិតកម្ពុជាស្វែងយល់បន្ថែមទៀតអំពីប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌឱ្យប្អូនៗនិស្សិតបានស្តាប់ដោយផ្ទាល់នូវរឿងរ៉ាវពីសាក្សីរស់ ដែលតាមរយៈនោះធ្វើឱ្យយល់ដឹងកាន់តែច្បាស់អំពីទំនួលខុសត្រូវក្នុងការថែរក្សា និងពង្រីកប្រពៃណីមិត្តភាពវៀតណាម - កម្ពុជា។
អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា សង្ឃឹមថានិស្សិតកម្ពុជានឹងខិតខំប្រឹងប្រែងរៀនសូត្រ ម្ចាស់ការស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជនវៀតណាម ទន្ទឹមនឹងការក្លាយជាស្ពានតភ្ជាប់មិត្តភាព ដែលរួមចំណែកបង្កើនការយោគយល់គ្នា និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
លោកក៏រំពឹងផងដែរថា អតីតអ្នកជំនាញការ និងអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម នឹងបន្តរួមដំណើរ ចែករំលែកបទពិសោធន៍ និងបង្កលក្ខណៈងាយស្រួលដើម្បីឱ្យនិស្សិតកម្ពុជាបានចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរ និងតភ្ជាប់ទំនាក់ទំនងជាច្រើន ក្នុងអំឡុងពេលសិក្សានៅប្រទេសវៀតណាម។
![]() |
| គណៈប្រតិភូអញ្ជើញចូលរួមក្នុងកម្មវិធី។ |
តំណាងឱ្យនិស្សិតកម្ពុជាដែលកំពុងសិក្សានៅរដ្ឋធានី Ha Noi លោក ប៊ុន គឹមហុង តំណាងសមាគមនិស្សិតកម្ពុជានៅប្រទេសវៀតណាម បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមគ្រប់ជំនាន់ ដែលបានរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា រួមចំណែកបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម។
យោងតាមលោក ប៊ុន គឹមហុង ការរួមចំណែក និងការពលីកម្មរបស់អ្នកជំនាន់មុន តែងតែត្រូវបានប្រជាជនកម្ពុជាគោរពឱ្យតម្លៃ និងចងចាំជានិច្ច។
តំណាងនិស្សិតរូបនេះបានអះអាងថា ការដែលទទួលបានការសិក្សា និងរស់នៅក្នុងប្រទេសវៀតណាម គឺជាឱកាសដ៏មានតម្លៃដើម្បីក្រេបជញ្ជក់យកចំណេះដឹង ទន្ទឹមនឹងការស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋវៀតណាម។
លោក ប៊ុន គឹមហុង បានឱ្យដឹងថា យុវជនជំនាន់ក្រោយរបស់ប្រទេសកម្ពុជានឹងបន្តខិតខំប្រឹងប្រែងរៀនសូត្រ ហ្វឹកហាត់លត់ដំ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងការតភ្ជាប់យុវជននៃប្រទេសទាំងពីរ ដោយតាមរយៈនោះនឹងបន្តវេនគុណតម្លៃមិត្តភាពដែលអ្នកជំនាន់មុនបានពូនជ្រំឡើង។
តាមរយៈរឿងរ៉ាវប្រវត្តិសាស្ត្រ និងការចែករំលែកដោយផ្ទាល់រវាងជំនាន់នានា កម្មវិធីនេះបានរួមចំណែកបង្កើនការយោគយល់គ្នា និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិតកម្ពុជា ជាមួយនឹងអតីតអ្នកជំនាញការ និងអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម។
នេះក៏ជាសកម្មភាពជាក់ស្តែងមួយ សំដៅផ្ទេរបន្តវេននូវគុណតម្លៃនៃសាមគ្គីភាព និងមិត្តភាព ដោយលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឱ្យបន្តរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងវៀតណាម - កម្ពុជា៕
ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងសិទ្ធិផលប្រយោជន៍របស់សហគមន៍ យុគសម័យ - នៅក្នុងកិច្ចពិភាក្សានាថ្ងៃទី ១០ ខែវិច្ឆិកា ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ សមាជិករដ្ឋសភាបានស្នើឱ្យពង្រីកគោលនយោបាយគាំទ្រសិប្បករ និងប្រជាពលរដ្ឋនៅតាមតំបន់ជនជាតិភាគតិច ការពារចំណេះដឹងប្រពៃណីរបស់ប្រជាជន និងកសាងយន្តការចែករំលែកផលប្រយោជន៍ពីការធ្វើអាជីវកម្មលើបេតិកភណ្ឌ។ មតិយោបល់នានាបានសង្កត់ធ្ងន់លើតម្រូវការនៃការធានាឱ្យអ្នកថែរក្សាវប្បធម៌បានចូលរួម ទទួលបានផលប្រយោជន៍ និងមានប្រភពធនធានដើម្បីបន្តបង្ហាត់បង្រៀនដល់មនុស្សជំនាន់ក្រោយ។ |
លិខិតអបអរសាទរខួបលើកទី ៧៦ នៃទិវាប្រពៃណីរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាម យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃទិវាប្រពៃណីរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៥០ - ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦) លេខាគណៈកម្មាធិការបក្ស និងជាប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោក Phan Anh Son បានផ្ញើលិខិតអបអរសាទរជូនចំពោះកម្មាភិបាលគ្រប់ជំនាន់ដែលបំពេញការងារកិច្ចការបរទេសប្រជាជននៅថ្នាក់មជ្ឈិម និងមូលដ្ឋាន។ |


មតិពីមិត្តអ្នកអាន