យុគសម័យ - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលលើកទី ៣៥ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចពាក់ព័ន្ធនៅទីក្រុងបាងកក (ថៃ) នាថ្ងៃទី ៣ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំមួយចំនួនផងដែរ។
*ក្នុងជំនួបពិភាក្សាជាមួយអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសម្តែងនូវការកោតសរសើរចំពោះមនោសញ្ជេតនានិងការគាំទ្ររបស់លោកស្រី Georgieva ក៏ដូចជា IMF និងធនាគារពិភពលោក សម្រាប់ប្រទេសវៀតណាម និងស្នើដល់ IMF បន្តគាំទ្រដល់វៀតណាមក្នុងការអភិវឌ្ឍន៍យុទ្ធសាស្ត្រប្រតិបត្តិការម៉ាក្រូសេដ្ឋកិច្ច ការធ្វើទំនើបកម្មអភិបាលកិច្ចសេដ្ឋកិច្ច។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថតៈ TTXVN)
អញ្ជើញជាការឆ្លើយតប លោកស្រី Georgieva បានបញ្ជាក់ថា IMF បានចាត់ទុកប្រទេសវៀតណាមជាគំរូកំណើនរឹងមាំ ដែលតែងតែដើរទន្ទឹមជាមួយការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ ការបង្កើនប្រាក់ចំណូលនិងកាលើកកម្ពស់ជីវភាពរស់នៅសម្រាប់ប្រជាជន។ IMF ចង់ឲ្យវៀតណាម បន្តបង្កើនការរៀបចំឡើងវិញរចនាសម្ព័ន្ធ ការផ្លាស់ប្តូរគំរូកំណើន ដោះស្រាយរាល់ឧបសគ្គ និងផ្តោតសំខាន់លើការដោះស្រាយការប្រែប្រួលអាកាសធាតុនិងកំពស់ទឹកសមុទ្រកើនឡើង ជាពិសេសប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាមនិងអាស៊ាននៅឆ្នាំ ២០២០។
*នៅក្នុងជំនួបជាមួយ ព្រះអង្គម្ចាស់ Andrew នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់និងសង្ឃឹមថាព្រះអង្គម្ចាស់នឹងបន្តរួមចំណែកនិងគាំទ្រដល់ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេសក៏ដូចជាការអភិវឌ្ឍរបស់វៀតណាមលើវិស័យជាច្រើន រួមមានការជំរុញចលនាចាប់ផ្តើមអាជីវកម្ម ការអនុវត្តកម្មវិធីបច្ចេកវិទ្យាក្នុងអាជីវកម្មផលិតកម្ម ការការពារបរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋានផងដែរ។
នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបជាមួយព្រះអង្គម្ចាស់ Andrew Albert Christian Edward (រូបថតៈ TTXVN)
ព្រះអង្គម្ចាស់បានសន្យាថា នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម - អង់គ្លេស ជាមួយសកម្មភាពជាក់ស្តែង ជាពិសេសនៅក្នុងឆ្នាំដែលវៀតណាម កាន់ដំណែងប្រធានអាស៊ាន ២០២០។
* នាថ្ងៃដដែលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងភរិយាបានចូលរួមពិធីជប់លៀងរៀបចំដោយលោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-o-cha និងភរិយា ដើម្បីអបអរសាទរប្រធានគណៈប្រតិភូនិងភរិយាដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងបណ្តាកិច្ចប្រជុំពាក់ព័ន្ធនានា៕
(ដោយ ស្រីព្រេជ)
មតិពីមិត្តអ្នកអាន