សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហោះសារនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ ធ្នូ នេះ ដែលគាប់ជួ នជាមួយថ្ងៃខួបលើកទី២២ នៃការ បញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។
សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពកើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រកម្ពុជា។
សម្តេចតេជោបានលើកឡើងថា សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា នៅថ្ងៃនេះ។
ការថ្លែងរបស់សម្តេចយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នាភូមិគ្រឹះរបស់សម្តេចចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា «ខ្ញុំ ព្រះករុណាខ្ញុំ មានការចាំបាច់ ដើម្បីទូលប្រគេនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងចំពោះបងប្អូនជនរួមជាតិ នៅទូទាំងប្រទេស នូវដំណឹងដ៏រីករាយ ដែលមានចំនួនបានដឹងរួចហើយតាមរយៈ Facebook របស់ខ្ញុំ តាមរយៈការផ្សព្វផ្សាយដែលចាប់ផ្តើមដំបូងគេ គឺអង្គភាព Fresh News បន្ទាប់ទៅទូរទស្សន៍នានា បានផ្សព្វផ្សាយអំពីដំណក់ប្រេងលើកដំបូង បានចាប់ផ្តើមហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា វាគាប់ជួនខ្លាំងណាស់ជាមួយនឹងខួបលើកទី២២ ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា។ ចំណុចនេះជាមោទនភាពសម្រាប់កម្ពុជាយើងជាប្រទេសតូច»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការដែលសម្តេចកំណត់យកថ្ងៃទី២៩ ខែធ្ន ឆ្នាំ២០២០នេះ ចំថ្ងៃខួបលើកទី២២ ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដោយសារតែបើមិនការបញ្ចប់សង្គ្រាម នាំមកនូវការឯកភាពជាតិទេនោះ គឺគ្មានទេនូវព្រឹត្តិការណ៍ដំណក់ប្រេងលើកដំបូង លើកទឹកដីអង្គររបស់យើង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់ថា «សមិទ្ធផលសន្តិភាពដែលកើតចេញ ពីនយោបាយឈ្នះឈ្នះ ២៩ ធ្នូ ១៩៩៨ បាននាំមកនូវសមិទ្ធផលថ្មីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា គឺដំណក់ប្រេងជាងលើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០»។
ADB អបអរសាទរកម្ពុជា ទទួលបានដំណក់ប្រេង លើកដំបូង។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទម្រាំទទួលសមិទ្ធផល នៃដំណក់ប្រេងលើកដំបូងនៅពេលនេះ កម្ពុជាបានរង់ចាំរយៈពេល៣០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ ដែលក្រុមហ៊ុនឈ្នះការដេញថ្លៃ រុកប្រេងនៅប្លុក A ជាក្រុមហ៊ុនមួយរបស់អង់គ្លេស ប៉ុន្តែក្រុមហ៊ុនរុករកមិនឃើញក៏ដូចខ្លួនចេញ។
សម្តេចតេជោបន្តថា បន្ទាប់ពីក្រុមហ៊ុនរបស់អង់គ្លេសដកខ្លួនចេញ ក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន Chevron របស់អាមេរិក និងក្រុមហ៊ុនដែលជាដៃគូផ្សេងទៀត ក៏ចូលរុកបន្តក៏បានរកឃើញកំណប់ប្រេងក្នុងដែនសមុទ្រកម្ពុជា និងបន្តបន្ទាប់មកទៀតធ្លាក់ដល់ក្រុមហ៊ុន KrisEnergy នៅពេលនេះ។
ពាក់ព័ន្ធប្រេងកាតនេះដែរ កាលពីឆ្នាំ១៩៩៩ និង ២០០០ សម្តេចមានការធុញទ្រាន់ ជាមួយស្ថាប័នអន្តរជាតិមួយចំនួន ដែលតែងតែសួរនាំអំពីការចាត់ចែងរបស់កម្ពុជា ជុំវិញចំណូលដែលបានការប្រេងកាតនេះ។ តែនៅពេលនេះ ពេលដែលកម្ពុជា ទទួលបានដំណក់ប្រេងរបស់ខ្លួនហើយ សម្តេចឆ្លើយជូនទៅស្ថាប័នអន្តរជាតិទាំងនោះបានថា «ថវិការបានពីប្រេងនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់យ៉ាងច្បាស់ៗថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ៕
(សរុបដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន