តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank) បង្ហាញនៅក្នុងរបាយការណ៍មួយ ឈ្មោះ Restrained Recovery ស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា លំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើង ទំនងជាដោយសារភាពទាក់ទាញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសនានាក្នុងតំបន់។
ធនាគារពិភពលោក (World Bank)។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank) បង្ហាញនៅក្នុងរបាយការណ៍មួយ ឈ្មោះ Restrained Recovery ស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជា បន្តរងគ្រោះដោយសារឥទ្ធិពល នៃការរាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថា សកម្មភាពសេដ្ឋកិច្ច កំពុងចាប់ផ្តើម កម្រើកឡើងវិញហើយ។ សេដ្ឋកិច្ចត្រូវបានព្យាករថា នឹងរួញទំហំប្រមាណដក២ភាគរយ ក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញ ហើយលូតលាស់ បានប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១។
ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ World Bank បានឲ្យដឹងទៀតថា នៅពេលដែលមានការធូរស្រាលបន្តិច នៅក្នុងវិធានការរក្សាសុវត្ថិភាពសង្គម សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក កំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ។ អន្តរាគមន៍ក្នុងកម្រិត ដែលមិនធ្លាប់មានរបស់រដ្ឋាភិបាល បានជួយមួយផ្នែកក្នុងការទ្រទ្រង់ ដល់ផ្នែកទទួលទានប្រើប្រាស់ ឲ្យនៅស្ថិតស្ថេរ ហើយអតិផរណា ក៏ស្ថិតនៅក្រោមការគ្រប់គ្រងជាប់ផងដែរ។
យោងតាមរបាយការណ៍ខាងលើនេះ លំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើង ទំនងជាដោយសារភាពទាក់ទាញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសនានាក្នុងតំបន់។
ទោះបីជាការនាំចេញសរុប នៃផលិតផលកមន្តសាល បានរងការប៉ះទង្គិចពីការរាតត្បាតជំងឺនេះ ក៏ដោយ ក៏កំណើននៅតែបន្តមាន ក្នុងការនាំចេញផលិតផល រោងចក្រដទៃទៀត មានកង់, គ្រឿងបង្គុំអគ្គិសនី, និងគ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានា ហើយការនាំចេញអង្ករ និងផលិតផលកសិកម្មផ្សេងទៀត នៅមានសន្ទុះខ្លាំងក្លា។ ជាមួយគ្នានេះ ទេសចរណ៍ក្នុងស្រុក បានជួយមួយផ្នែកក្នុងការធ្វើឲ្យឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរកម្រើកឡើងវិញ។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក បានថ្លែងថា «ចក្ខុវិស័យកំណើនរបស់កម្ពុជា នៅប្រឈមនឹងភាពមិនប្រាកដ ប្រជាច្រើនណាស់។ គោលដៅដ៏សំខាន់បំផុត នៃគោលនយោបាយនាពេលនេះគឺ ជាបន្ទាន់ ត្រូវធ្វើយ៉ាងណាស្តារឡើងវិញ នូវការងារដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺនេះ»។
យោងតាមធនាគារពិភពលោក សេដ្ឋកិច្ចរបស់កម្ពុជា នឹងងើបឡើងវិញ ប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរងប៉ះពាល់ពីជំងឺកូវីដ-១៩
លោកស្រីបន្តទៀតថា «ឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវជំរុញលើកទឹកចិត្ត ដល់ការវិនិយោគក្នុងស្រុក និងពីបរទេសឲ្យទាញយកផលចំណេញ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ដែលត្រូវបានបង្កើតឡើង កាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះ អាចធ្វើទៅរួចតាមរយៈការដាក់ចេញ ឲ្យបានឆាប់រហ័ស នូវច្បាប់វិនិយោគមានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានា ដល់ការវិនិយោគ អមដោយវិធានការទាំងឡាយ សំដៅបង្កភាពងាយស្រួល ដល់ការធ្វើអាជីវកម្មផងដែរ»។
ក្នុងគោលបំណងជួយកម្ពុជាឲ្យឆាប់រើខ្លួនចេញពីការរាតត្បាតជំងឺនេះ ជាអនុសាសន៍ របាយការណ៍បានស្នើឲ្យបង្កើនការវិនិយោគសាធារណៈ សម្រាប់ជួយដល់ជនក្រីក្រី និងសម្រាប់ជំរុញកំណើន រួមមានទាំងកម្មវិធីបង្កើតការងារជាថ្នូរ យកប្រាក់កម្រៃប្រចាំថ្ងៃ (cash-for-work projects) ផង ហើយទន្ទឹមគ្នានេះ លើកកម្ពស់វិស័យអតិពលកម្មនានា ដើម្បីបង្កើតការងារក្នុងឱកាសដែលមានការងើបឡើងឆាប់រហ័ស នៃតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក។
របាយការណ៍ ក៏បានលើកឡើងដែរនូវឱកាសនានា សម្រាប់សម្រួលការពង្រីកការវិនិយោគក្នុងស្រុក និងពីបរទេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ក្នុងពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
របាយការណ៍នេះ បានចង្អុលបង្ហាញដែរអំពីសារៈសំខាន់ចាំបាច់បំផុត នៃការរៀបចំបង្កើនឲ្យមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំមួយ សម្រាប់វ៉ាក់សាំងកូវីឌ១៩ ក៏ដូចជាការតាមដានឲ្យបានដិតដល់ផងដែរ នូវភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ដែលអាចបង្កដោយកំណើនអូសបន្លាយយូរពេក របស់វិស័យសំណង់ និងអចលនទ្រព្យ៕
(សរុបដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន