Trending now

ក្នុង​រយៈពេល​ជាង​ ២ ​ឆ្នាំ បសស ផ្តល់ប្រាក់​ដល់​​កម្មការិនី​សម្រាល​កូន​អស់​ទឹកប្រាក់​ជិត​ $២០ ​លាន

18:44 | 21/09/2020

ក្នុង​រយៈពេល​ជាង​ ២ ​ឆ្នាំ​កន្លង​មក​នេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​ទៅដល់​កម្មការិនី​ដែលជា​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប.ស.ស) ​ទាំង​ក្នុង​ និង​ក្រៅ​ប្រព័ន្ធ​ពេល​សម្រាលកូន អស់​ទឹកប្រាក់​ប្រមាណ​ជា​ជិត ២០ ​លាន​ដុល្លារ​។

កម្មការិនីសម្រាលកូនទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល តាមរយៈមន្ត្រី ប.ស.ស នៅខេត្តព្រៃវែង។ រូបថត NSSF

របាយការណ៍​របស់ ប.ស.ស ​បាន​ឱ្យដឹងថា គិត​ចាប់ពី​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល បាន​ដាក់​ឱ្យ​ដំណើរការ​នៃ​ការផ្តល់ជូន​របប​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ជូន​កម្មការិនី​សម្រាលកូន​ពី​ដើមឆ្នាំ​ ២០១៨ ​ដល់​ខែ​សីហា​ឆ្នាំ​ ២០២០ មាន​ទឹកប្រាក់​ប្រមាណ​ជាង ៧៨,៧ ប៊ីលានរៀល ឬ​ប្រមាណ​ជា​ជិត​ ២០ ​លាន​ដុល្លារ​ត្រូវ​បាន ប.ស.ស. បើក​ផ្តល់​ជូន​ស្ត្រី​សម្រាលកូន​។ របាយការណ៍​ឱ្យដឹងថា៖ «​ក្នុង​នោះ​ស្រី្ត​ដែល​បាន​សម្រាលកូន​ និង​ទទួលបាន​ថវិកា​មាន​ចំនួន​ ១៩៥ ៥៣០ ​នាក់​ដែល​មាន​ចំនួន​កូន​សរុប ១៩៦ ៨៦៦ ​នាក់​»​។

លោក អ៊ុក សមវិទ្យា អគ្គនាយក​នៃ ប.ស.ស ថ្លែង​ថា ទាំងនេះ​គឺជា​ការយកចិត្ត​ទុកដាក់​យ៉ាងខ្ពស់​បំផុត​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែល​លោក​តែងតែ​គិតគូរ​ពី​សុខុមាលភាព​ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​កម្មករ​និយោជិត​។

លោក​ថា រហូត​មក​ទល់​ពេល​នេះ បើទោះបី​ជា​មាន​ការវាយតម្លៃ​ខ្ពស់ និង​ទទួល​បាន​ការកោតសរសើរ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​មាន​ការគាំទ្រ​ពី​កម្មករ​និយោជិត​ជា​សមាជិក​យ៉ាងណា​ក៏ដោយ ក៏​លោក​ និង​មន្ត្រី​នៃ​ ប.ស.ស បាននិង​កំពុង​បន្ត​ដឹកនាំ​អនុវត្ត​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ការផ្តល់​សេវា​គាំពារ​សង្គម​មួយ​នេះ​កាន់តែ​មាន​ភាពល្អប្រសើរ​ និង​ទាន់​ពេលវេលា​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ជូន​ដល់​កម្មការិនី​ជា​សមាជិក​របស់​ខ្លួន​។

អ្នកស្រី មាស សុខនី កម្មការិនី​ជា​សមាជិក​ ប.ស.ស. ​ដែល​ទើបតែ​ឆ្លងទន្លេ​បាន​ជិត​ ២ ​ខែ​ថ្លែង​ថា គ្រួសារ​គាត់​មាន​ជីវភាព​លំបាក​ហើយ​គាត់​នឹង​ចំណាយលុយ​កាន់តែ​ច្រើន​ទៀត​នៅពេល​គាត់​សម្រាលកូន​នេះ ប៉ុន្តែ​ដោយសារ​តែ​គាត់​មាន​កាត ប.ស.ស. គាត់​បាន​ទទួល​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​សម្រាប់​ដោះស្រាយ​ជីវភាព​បាន​មួយ​រយៈពេល​។

អ្នកស្រី​ថា​៖ «​ខ្ញុំ​ទទួល​បាន​ប្រាក់​ ៤០ ​ម៉ឺន​រៀល​ពី​រាជរដ្ឋាភិបាល​តាមរយៈ​ ប.ស.ស​។ ប្រាក់​នេះ​មិន​ច្រើន​ទេ​សម្រាប់​អ្នកមាន​ជីវភាព​ធូរធារ ប៉ុន្តែ​សម្រាប់​ខ្ញុំ គឺ​វា​ច្រើន​និង​មាន​តម្លៃ​ណាស់​ក្នុង​ការជួយ​ដោះស្រាយ​ការលំបាក​ក្នុង​ជីវភាព​របស់ខ្ញុំ​»​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ឲ្យ​មាន​ការឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មការិនី​ពេល​សម្រាលកូន​ចាប់តាំងពី​ដើមឆ្នាំ​ ២០១៨ ក្នុងនោះ​កម្មការិនី​សម្រាល​បាន​កូន ​១ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ ៤០ ​ម៉ឺន​រៀល កូនភ្លោះ​ ២ ​ទទួល​បាន​ ៨០ ​ម៉ឺន​រៀល និង​កូនភ្លោះ​ ៣ ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន​ ១ ​លាន​ ២ ​សែន​រៀល​។

គួរ​បញ្ជាក់ថា សម្រាប់​ ១ ​ឆ្នាំ​ ២០១៨ មាន​កម្មការិនី​នៅ​ទូទាំង​ប្រទេស​ចំនួន​ ៦៥ ០៥៤ ​នាក់​បាន​សម្រាលកូន​សរុប​ ៦៥ ៥៣៤ ​នាក់​ក្នុង​នោះ​ស្ត្រី​ដែល​សម្រាល​បាន​កូនភ្លោះ​ ២ ​មាន​ ៤៧០ ​នាក់ និង​កូនភ្លោះ​ ៣ មាន ​៥ ​នាក់​ចំណែក​ក្នុង​ឆ្នាំ ​២០១៩ កម្មការិនី​ ៧៧ ៤៤៩ ​នាក់ ​បាន​សម្រាលកូន​បាន​ ៧៧ ៩៦៦ ​នាក់ ​ក្នុងនោះ​ស្ត្រី​ដែល​សម្រាល​បាន​កូនភ្លោះ​ ២ ​មាន​ ៥០៩ ​នាក់​ និង​កូនភ្លោះ​ ៣ ​មាន​ចំនួន​ ៤ ​នាក់​៕

(ប្រភពព័ត៌មាន: postkhmer.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន