Trending now

ខេត្ត Quang Tri រីកសាយភាយសារស្តីពីកិច្ចសន្ទនា និងសន្តិភាពពីទឹកដីប្រវត្តិសាស្ត្រ

10:29 | 07/07/2026 ឌឹកអាញ់

យុគសម័យ - នាត្រីថ្ងៃទី ៤ ខែកក្កដា នៅកម្រងវត្ថុតាងប្រវត្តិសាស្ត្រជាតិពិសេសសងខាងទន្លេ Hien Luong - Ben Hai ខេត្ត Quang Tri បានបើកឆាកមហោស្រពដើម្បីសន្តិភាពឆ្នាំ ២០២៦ ក្រោមប្រធានបទ «ពីការចងចាំឆ្ពោះទៅកាន់អនាគត - Quang Tri ដើម្បីសន្តិភាព»។ ពីទឹកដីមួយដែលធ្លាប់រងគ្រោះដោយការឈឺចាប់ជាច្រើននៃសង្គ្រាម មហោស្រពបន្តរីកសាយភាយនូវសារស្តីពីកិច្ចសន្ទនា, ការផ្សះផ្សា, កិច្ចសហប្រតិបត្តិការ និងសេចក្តីប្រាថ្នាកសាងពិភពលោកមួយប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្រភពព័ត៌មានកាន់តែតិចទៅៗ ខេត្ត Quang Tri ពង្រីកបណ្តាដំណោះស្រាយស្វែងរកអដ្ឋិធាតុកងទ័ពពលី ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក

អញ្ជើញចូលរួមក្នុងកម្មវិធីមានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Van Thang រួមជាមួយថ្នាក់ដឹកនាំបណ្តាក្រសួង, គណៈ, វិស័យថ្នាក់មជ្ឈិម, មូលដ្ឋាន, តំណាងបណ្តាអង្គការអន្តរជាតិ និងប្រជាជន ព្រមទាំងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ថ្លែងមតិបើកឆាក ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានអះអាងថា ចំពោះប្រជាជាតិវៀតណាម សន្តិភាពគឺជាសេចក្តីប្រាថ្នា ជាតម្លៃដ៏ពិសិដ្ឋដែលត្រូវបានដោះដូរដោយលោហិត និងការលះបង់សាច់ស្រស់ឈាមស្រស់យ៉ាងច្រើនរាប់មិនអស់របស់បណ្តាជំនាន់មុនៗ។ នៅលើទឹកដី Quang Tri – ជាកន្លែងរក្សាទុកបណ្តាវត្ថុតាងដ៏ឈឺចាប់នៃសង្គ្រាម ជាមួយនឹងទន្លេ Ben Hai, បន្ទាយបុរាណ Quang Tri រួមនឹងបណ្តាវាលកប់ខ្មោចកងទ័ពពលីថ្នាក់ជាតិ – ម្នាក់ៗកាន់តែយល់ជ្រាបអំពីតម្លៃនៃសន្តិភាព និងកាន់តែដឹងគុណចំពោះអ្នកដែលបានបូជាយុវវ័យ និងជីវិតដើម្បីឯករាជ្យ សេរីភាព និងការបង្រួបបង្រួមប្រទេសជាតិ។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោកនៅតែមានជម្លោះ អស្ថិរភាព និងបណ្តាការប្រឈមជាសកលជាច្រើន សារ «Quang Tri ដើម្បីសន្តិភាព» កាន់តែមានអត្ថន័យនៃសម័យកាល។ វៀតណាមបន្តប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់កិច្ចការបរទេសឯករាជ្យ, ម្ចាស់ការ, សន្តិភាព, កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; ជាមិត្ត, ជាដៃគូគួរឱ្យទុកចិត្ត, ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ; ទន្ទឹមនឹងនោះ រួមជាមួយបណ្តាប្រទេសជំរុញកិច្ចសន្ទនា, បង្កើនកិច្ចសហប្រតិបត្តិការ, លើកកម្ពស់ច្បាប់អន្តរជាតិ និងរួមដៃគ្នាកសាងពិភពលោកមួយប្រកបដោយសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ខេត្ត Quang Tri រីកសាយភាយសារស្តីពីកិច្ចសន្ទនា និងសន្តិភាពពីទឹកដីប្រវត្តិសាស្ត្រ
មហោស្រពដើម្បីសន្តិភាពឆ្នាំ ២០២៦ ក្រោមប្រធានបទ «ពីការចងចាំឆ្ពោះទៅកាន់អនាគត - Quang Tri ដើម្បីសន្តិភាព»។

ដោយវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ខេត្ត Quang Tri ក្នុងការកសាងមហោស្រពដើម្បីសន្តិភាពឱ្យក្លាយជាព្រឹត្តិការណ៍វប្បធម៌មានកម្រិតថ្នាក់ជាតិ និងឈានទៅរកការរីកសាយភាយជាអន្តរជាតិជាជំហានៗ លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា ពីទឹកដីមួយដែលធ្លាប់រងគ្រោះដោយការឈឺចាប់ជាច្រើននៃសង្គ្រាម Quang Tri នាថ្ងៃនេះកំពុងក្លាយជានិមិត្តរូបនៃសន្តិភាព, ចំណងមិត្តភាព និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍។ នោះជាមោទនភាពរបស់មូលដ្ឋាន, ជារូបភាពនៃវៀតណាមមួយដែលស្រឡាញ់សន្តិភាព ចេះបិទរំលងអតីតកាលដើម្បីឆ្ពោះទៅកាន់អនាគត។

យោងតាមលោកឧបនាយករដ្ឋមន្ត្រី សំឡេងជួងប្រាថ្នាសន្តិភាពដែលបន្លឺឡើងនៅសងខាងទន្លេ Hien Luong - Ben Hai បានដាស់តឿននៅក្នុងចិត្តមនុស្សម្នាក់ៗនូវជំនឿទុកចិត្ត និងការទទួលខុសត្រូវថែរក្សាសន្តិភាពតាមរយៈកិច្ចសន្ទនា, កិច្ចសហប្រតិបត្តិការ, ការគោរពគ្នាទៅវិញទៅមក និងសេចក្តីសប្បុរស។

ថ្លែងមតិនៅក្នុងពិធី ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri លោក Le Hong Vinh បានឱ្យដឹងថា ជាមួយនឹងទីតាំងភូមិសាស្ត្រនយោបាយដ៏វិសេសវិសាល Quang Tri ជាមូលដ្ឋានដែលរក្សាទុកនូវការចងចាំដ៏ពិសិដ្ឋជាច្រើនអំពីបណ្តាឆ្នាំខែសង្គ្រាមដ៏បៀតបៀន។ ធ្លាប់ជាខ្សែបន្ទាត់ខណ្ឌចែកដែនដីទាំងពីរផ្នែកនៃប្រទេសជាតិ ទីកន្លែងនេះភ្ជាប់ជាមួយបណ្តាឈ្មោះទីកន្លែង ដែលបានក្លាយជានិមិត្តរូបអមតៈនៃទឹកចិត្តស្រឡាញ់ជាតិ, ឆន្ទៈដ៏មោះមុត និងសេចក្តីប្រាថ្នាសន្តិភាព ដូចជា បន្ទាយបុរាណ Quang Tri, សងខាងទន្លេ Hien Luong - Ben Hai, ផ្លូវលេខ ៩, Khe Sanh, ផ្លូវលេខ ២០ Quyet Thang, Con Tien - Doc Mieu...

យោងតាមលោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត អ្វីដែលបង្កើតបានជាតម្លៃពិសេសរបស់ Quang Tri នាថ្ងៃនេះ មិនត្រឹមតែជាប្រវត្តិសាស្ត្រដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងរស់ឡើងវិញផងដែរ។ ពីគំនរផេះផង់នៃសង្គ្រាម មូលដ្ឋានបានបិទរំលងជាជំហានៗនូវអតីតកាលដ៏ឈឺចាប់ រួមកម្លាំងសាមគ្គីគ្នាកសាងឡើងវិញ និងឈានឡើងយ៉ាងខ្លាំងក្លា។ រឿងរ៉ាវរបស់ Quang Tri ក៏ជារឿងរ៉ាវរបស់វៀតណាមផងដែរ - ពោលគឺប្រជាជាតិមួយដ៏រឹងមាំក្នុងលាវការតស៊ូដណ្តើមឯករាជ្យ តែងតែលើកកម្ពស់សេចក្តីសប្បុរស, ស្មារតីសន្តិភាព, ការអត់ឱនប្រណី និងសមត្ថភាពជម្នះភាពខុសប្លែកគ្នាដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ខេត្ត Quang Tri រីកសាយភាយសារស្តីពីកិច្ចសន្ទនា និងសន្តិភាពពីទឹកដីប្រវត្តិសាស្ត្រ
ឧបនាយករដ្ឋមន្ត្រី Nguyen Van Thang ថ្លែងមតិនៅក្នុងពិធីបើកឆាក។

ពិធីបើកឆាកត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ជាមួយនឹងចំណុចលេចធ្លោខាងសិល្បៈជាច្រើន ដែលក្នុងនោះលេចធ្លោជាងគេគឺពិធីទះជួងប្រាថ្នាសន្តិភាព។ ក្នុងលំហដ៏ពិសិដ្ឋនៅក្បែរដងទន្លេ Ben Hai សំឡេងជួងបន្លឺឡើងដូចជាពាក្យឧទ្ទិសកុសលដល់អ្នកដែលបានពលីជីវិតដើម្បីសន្តិភាព ទន្ទឹមនឹងនោះ ផ្ញើកប់នូវសេចក្តីប្រាថ្នាអំពីពិភពលោកមួយប្រកបដោយសាមគ្គីភាព មនុស្សធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ភ្លាមៗក្រោយពិធីបើកឆាក គឺកម្មវិធីសិល្បៈពិសេសមួយដែលត្រូវបានវិនិយោគយ៉ាងហ្មត់ចត់ទាំងខ្លឹមសារ និងទម្រង់ ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាសម្តែងដ៏ទំនើបជាមួយភាសាសិល្បៈច្នៃប្រឌិត។ ជំពូកទាំងបី «ខ្សែទឹកនៃការចងចាំ», «ពន្លឺសន្តិភាព» និង «ពិភពលោកច្រៀងរួមគ្នា» បានរំលឹកឡើងវិញនូវដំណើរពីរាល់ការចងចាំនៃសង្គ្រាមរហូតដល់សេចក្តីប្រាថ្នាសន្តិភាព លើកតម្កើងតម្លៃនៃការផ្សះផ្សា តភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាល និងអនាគតកាល។

យោងតាមគណៈកម្មការចាត់តាំង មហោស្រពដើម្បីសន្តិភាពឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅពេញមួយឆ្នាំជាមួយនឹងសកម្មភាពវប្បធម៌, សិល្បៈ និងកីឡាខ្នាតធំជាច្រើន ដូចជា៖ ទិវាជិះកង់ដើម្បីសន្តិភាព; រាត្រីតន្ត្រី Trinh Cong Son ក្រោមប្រធានបទ «រឿងព្រេងនិទានអ្នកម្តាយ»; ពិធីអុជទៀនដឹងគុណក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការនិងពលី និងពិធីបណ្តែតប្រទីបនៅលើទន្លេ Thach Han នាថ្ងៃទី ២៦ ខែកក្កដា; មហោស្រពប៉េងប៉ោងហោះ នៅក្នុងខែវិច្ឆិកា; ការប្រគំតន្ត្រីថ្នាក់ជាតិ នៅក្នុងខែធ្នូ។ ទន្ទឹមនឹងនោះ គឺបណ្តាសកម្មភាពឆ្លើយតបដូចជា វិញ្ញាសារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ Quang Tri Amazing Marathon, វិញ្ញាសារត់ប្រណាំងកាត់ឧបសគ្គភូមិសាស្ត្រ Phong Nha Wild Trail, ការតាំងពិព័រណ៍គំនូររបស់វិចិត្រករ Le Ba Dang និងបណ្តាសកម្មភាពរំលឹកខួប ១០០ ឆ្នាំនៃកាហ្វេ Khe Sanh។

ខេត្ត Quang Tri រីកសាយភាយសារស្តីពីកិច្ចសន្ទនា និងសន្តិភាពពីទឹកដីប្រវត្តិសាស្ត្រ
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri លោក Le Hong Vinh។
មុនពិធីបើកឆាក ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang រួមជាមួយគណៈប្រតិភូការងារថ្នាក់មជ្ឈិម បានអញ្ជើញដាក់កម្រងផ្កា និងអុជធូបឧទ្ទិសកុសលដល់បណ្តាវីរយុទ្ធជនពលី នៅកម្រងវត្ថុតាងប្រវត្តិសាស្ត្រជាតិពិសេសបន្ទាយបុរាណ Quang Tri, វាលកប់ខ្មោចកងទ័ពពលីថ្នាក់ជាតិ Truong Son និងវាលកប់ខ្មោចកងទ័ពពលីថ្នាក់ជាតិផ្លូវលេខ ៩ ដោយសម្តែងនូវទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានលះបង់ជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ៕
ខេត្ត Quang Tri រីកសាយភាយសារស្តីពីកិច្ចសន្ទនា និងសន្តិភាពពីទឹកដីប្រវត្តិសាស្ត្រ
កម្មវិធីទាក់ទាញការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករ។
ខេត្ត​ Quang Tri ជំរុញអាហារូបត្ថម្ភតាមសាលារៀន៖ ការវិនិយោគសម្រាប់កុមារចាប់ពីរបបអាហារប្រចាំថ្ងៃ ខេត្ត​ Quang Tri ជំរុញអាហារូបត្ថម្ភតាមសាលារៀន៖ ការវិនិយោគសម្រាប់កុមារចាប់ពីរបបអាហារប្រចាំថ្ងៃ

យុគសម័យ - នាថ្ងៃទី ២០ ខែឧសភា នៅខេត្ត Quang Tri, មន្ទីរសុខាភិបាលខេត្ត Quang Tri បានសហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Quang Tri និងអង្គការ World Vision International ប្រចាំនៅវៀតណាម រៀបចំព្រឹត្តិការណ៍អាហារូបត្ថម្ភតាមសាលារៀន ស្ថិតក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម ENOUGH - អាហារូបត្ថម្ភគ្រប់គ្រាន់ ...

គ្រួសារប្រជាពលរដ្ឋចំនួន ១១៥ គ្រួសារនៅ Quang Tri ទទួលបានការគាំទ្រពី IFRC ដើម្បីស្តារជីវភាពឡើងវិញក្រោយព្យុះទឹកជំនន់ គ្រួសារប្រជាពលរដ្ឋចំនួន ១១៥ គ្រួសារនៅ Quang Tri ទទួលបានការគាំទ្រពី IFRC ដើម្បីស្តារជីវភាពឡើងវិញក្រោយព្យុះទឹកជំនន់

យុគសម័យ - នាថ្ងៃទី ២០ ខែឧសភា មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានសហការជាមួយសមាគមកាកបាទក្រហមខេត្ត Quang Tri ដាក់អនុវត្តការបើកផ្តល់ការគាំទ្រថវិកាជាង ១,៨ ប៊ីលានដុង ស្ថិតក្រោមគម្រោង «សង្គ្រោះបន្ទាន់ដល់គ្រួសាររងការខូចខាតដោយសារព្យុះលេខ ៣, លេខ ១០, លេខ ១១ និងឥទ្ធិពលក្រោយព្យុះនាឆ្នាំ ២០២៥» ដែលជាជំនួយឥតសំណងឧបត្ថម្ភដោយសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC)។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Tri រីកសាយភាយសារស្តីពីកិច្ចសន្ទនា និងសន្តិភាពពីទឹកដីប្រវត្តិសាស្ត្រ
ត្រៀមរៀបចំ APEC ឆ្នាំ ២០២៧៖ បំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បម្រើដល់សារព័ត៌មានអន្តរជាតិឱ្យបានឆាប់រហ័ស
អដ្ឋិធាតុកងទ័ពពលីជាង ១.៣០០ រូប ត្រូវបានប្រមូលផ្តុំក្រោយរយៈពេល ១១១ ថ្ងៃយប់
ណែនាំអំពីវៀតណាមមួយដ៏សំបូរបែបដោយប្រពៃណី ជូនចំពោះប្រជាជនម៉ាសេដូនខាងជើង
បណ្តាជំហានរីកចម្រើនថ្មីក្នុងការអនុវត្តបច្ចេកវិទ្យា ADN