Trending now

យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ

11:27 | 02/07/2026 ឌឹកអាញ់

យុគសម័យ - "យុទ្ធនាការ ៥០០ ថ្ងៃនិងយប់" កំពុងត្រូវបានកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្ត ដោយមានគោលដៅស្វែងរក និងប្រមូលផ្តុំធាតុយុទ្ធជនពលីឱ្យបានប្រមាណ ១.៤៥០ ធាតុ ព្រមទាំងយកសំណាក ADN នៃផ្នូរខ្មោចដែលមិនទាន់កំណត់អត្តសញ្ញាណបានចំនួន ៤០.៩២៨ ផ្នូរ។ រាល់សំណាក ADN និងរាល់ធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរកឃើញ គឺជាការបន្ថែមនូវពាក្យតបស្នងសងគុណ និងបន្ថែមនូវក្តីសង្ឃឹមក្នុងការនាំយកបណ្តាវីរយុទ្ធជនពលីត្រឡប់មកជួបជុំគ្រួសារវិញ។

យោធភូមិភាគទី ១ ជួយប្រជាពលរដ្ឋរងគ្រោះដោយភ្លៀងទឹកជំនន់ យោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាមប្រគល់សំភារៈបរិក្ខារពេទ្យជូនយោធភូមិភាគទី ២ កងយោធពលខេមរភូមិន្ទ

ជាងកន្លះសតវត្សរ៍ក្រោយទិវាបង្រួបបង្រួមប្រទេសជាតិ បណ្តាព្រៃឈើតាមព្រំដែន បណ្តាតំបន់ដីដែលធ្លាប់ជាសមរភូមិដុតរោលយ៉ាងសាហាវឃោរឃៅនៅតំបន់ដីសណ្តទន្លេមេគង្គ និងនៅលើទឹកដីមិត្តកម្ពុជា នៅតែរក្សាទុកនូវស្លាកស្នាមរបស់យុទ្ធជនរាប់ពាន់នាក់ដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ។

សង្គ្រាមបានឈានថយទៅឆ្ងាយ ប៉ុន្តែដំណើរស្វែងរកបណ្តាវីរយុទ្ធជនពលីមិនដែលត្រូវបានបិទបញ្ចប់ឡើយ។

ក្នុងបណ្តាថ្ងៃនេះ ដំណើរនោះកំពុងត្រូវបានបន្តភ្ជាប់ដោយ "យុទ្ធនាការ" ដ៏ពិសេសមួយ - គឺមិនមានស្នូរគ្រាប់កាំភ្លើងឡើយ ប៉ុន្តែទាមទារនូវភាពស្វិតស្វាញ ទទួលខុសត្រូវ ព្រមទាំងទឹកចិត្តតបស្នងសងគុណយ៉ាងជ្រាលជ្រៅរបស់បណ្តាយុទ្ធជនក្នុងសម័យសន្តិភាព។

ដើម្បីឆ្លើយតបទៅនឹង "យុទ្ធនាការ ៥០០ ថ្ងៃនិងយប់ ជំរុញខ្លាំងការអនុវត្តការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី" ឆ្ពោះទៅរកការរំលឹកខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៧) កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៩ កំពុងដាក់ឱ្យអនុវត្តស៊ីសង្វាក់គ្នានូវបណ្តាដំណោះស្រាយ ដោយមានការប្តេជ្ញាចិត្តនាំយកយុទ្ធជនពលីកាន់តែច្រើនឡើងៗត្រឡប់មកជួបជុំស្រុកកំណើត គ្រួសារ និងជួរយុទ្ធជនរួមអាវុធវិញ។

យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
កងកម្លាំងបំពេញភារកិច្ចត្រៀមលក្ខណៈគាស់កកាយផ្នូរយុទ្ធជនពលីដែលមិនទាន់កំណត់អត្តសញ្ញាណនៅវាលកប់ខ្មោចយុទ្ធជនពលី Chau Phu (ខេត្ត An Giang) ដើម្បីយកសំណាកជីវសាស្ត្របម្រើដល់ការកោសល្យវិច័យ ADN តាមនីតិវិធីរបស់គណៈកម្មការដឹកនាំ ៥១៥ ជាតិ។

យុទ្ធនាការធំបំផុតចាប់តាំងពីមុនមកទល់បច្ចុប្បន្ន

ភ្លាមៗក្រោយពេលគណៈកម្មការដឹកនាំជាតិ និងក្រសួងការពារប្រទេស បានប្រកាសផ្សាយបណ្តាសេចក្តីសម្រេចចិត្តដាក់ឱ្យអនុវត្តយុទ្ធនាការ គណៈកម្មការដឹកនាំ ៥១៥ នៃយោធភូមិភាគទី ៩ បានធ្វើឱ្យជាក់ស្តែងភាវូបនីយកម្មតាមរយៈផែនការលេខ ៨៦៧/KH-BCĐ ដោយកំណត់ច្បាស់នូវគោលដៅ ភារកិច្ច និងដំណោះស្រាយសមស្របនឹងលក្ខខណ្ឌជាក់ស្តែងនៃតំបន់ដីសណ្តទន្លេមេគង្គ។

យោងតាមផែនការ ចាប់ពីពេលនេះរហូតដល់មុនខែកក្កដា ឆ្នាំ ២០២៧ យោធភូមិភាគទាំងមូលខិតខំប្រឹងប្រែងស្វែងរក និងប្រមូលផ្តុំធាតុយុទ្ធជនពលីឱ្យបានប្រមាណ ១.៤៥០ ធាតុ។ ដោយឡែក នាឆ្នាំ ២០២៦ គ្រោងនឹងបំពេញឱ្យរួចរាល់ប្រមាណ ៩០០ ធាតុ ហើយចំនួនដែលនៅសេសសល់នឹងត្រូវផ្តោតលើការអនុវត្តនៅក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៧។

ចំណុចពិសេសនៃយុទ្ធនាការលើកនេះ គឺមានភារកិច្ចមួយដែលមានទ្រង់ទ្រាយធំធេងណាស់ ត្រូវបានដាក់ឱ្យអនុវត្តស៊ីសង្វាក់គ្នានៅលើភូមិសាស្ត្រយោធភូមិភាគទាំងមូលជាលើកដំបូង៖ គឺការយកសំណាកជីវសាស្ត្រនៃផ្នូរយុទ្ធជនពលីដែលមិនទាន់កំណត់អត្តសញ្ញាណបានចំនួន ៤០.៩២៨ ផ្នូរ ដើម្បីបម្រើដល់ការកោសល្យវិច័យ ADN។

នេះមិនត្រឹមតែជាជំហានឈានទៅមុខផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឡើងនូវកាលានុវត្តភាពដើម្បីធ្វើឱ្យជាក់ស្តែងនូវក្តីបំណងប្រាថ្នារបស់ក្រុមគ្រួសាររាប់ម៉ឺនគ្រួសារ ដែលបានរង់ចាំព័ត៌មានពីសាច់ញាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

យោងតាមទិន្នន័យស្ថិតិ នាបច្ចុប្បន្ននេះ ទូទាំងប្រទេសនៅមានផ្នូរយុទ្ធជនពលីប្រមាណ ៣០០.០០០ ផ្នូរ ដែលមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ ដោយឡែកទីក្រុង Can Tho មានផ្នូរយុទ្ធជនពលីជាង ៥.០០០ ផ្នូរ។ ហេតុដូច្នេះហើយ ការកសាងមូលដ្ឋានទិន្នន័យ ADN ត្រូវបានរំពឹងទុកថានឹងបង្កើតបាននូវជំហានលោតផ្លោះនៅក្នុងដំណើរ "ប្រគល់ឈ្មោះជូនវិញ" ដល់បណ្តាអ្នកដែលបានលះបង់ជីវិតប៉ុន្តែមិនទាន់ច្បាស់លាស់អត្តសញ្ញាណ។

ភ្លាមៗក្នុងថ្ងៃដំបូងនៃការដាក់ឱ្យអនុវត្ត កងកម្លាំងបំពេញភារកិច្ចបានដំណើរការយកសំណាកនៅវាលកប់ខ្មោចយុទ្ធជនពលីទីក្រុង Can Tho ដែលជាកន្លែងមានផ្នូរយុទ្ធជនពលីចំនួន ៨២៧ ផ្នូរ មិនទាន់កំណត់អត្តសញ្ញាណបាន។

ទូទាំងទីក្រុង Can Tho នាបច្ចុប្បន្ននេះ មានផ្នូរយុទ្ធជនពលីចំនួន ៥.១១២ ផ្នូរ ស្ថិតក្នុងករណីត្រូវយកសំណាក ដែលត្រូវបានបែងចែកនៅតាមវាលកប់ខ្មោចយុទ្ធជនពលីចំនួន ១៧ កន្លែង។ គណៈកម្មការដឹកនាំ ៥១៥ ទីក្រុង បានបង្កើតក្រុមការងារឯកទេសចំនួនពីរក្រុម ដែលមានសមាជិកសរុបចំនួន ៩៤ រូប ព្រមទាំងកៀរគរការសហការពីបណ្តាមន្ទីរ អង្គភាព និងមូលដ្ឋាន ដើម្បីធានាបាននូវវឌ្ឍនភាពនៃយុទ្ធនាការ។

ទោះបីជាផ្នូរយុទ្ធជនពលីជាច្រើនត្រូវបានកសាងឡើងយ៉ាងរឹងមាំ ដែលធ្វើឱ្យការយកសំណាកជួបប្រទះការលំបាកមិនតិចក៏ដោយ ប៉ុន្តែគ្រប់ដំណាក់កាលទាំងអស់សុទ្ធតែត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមនីតិវិធីចំនួន ៨ ជំហាន របស់គណៈកម្មការដឹកនាំ ៥១៥ ជាតិ ដោយទាំងធានាបាននូវតម្រូវការផ្នែកវិទ្យាសាស្ត្រ ភាពសហវិទ្យាសាស្ត្រ ភាពត្រឹមត្រូវ ទាំងរក្សាបាននូវភាពស្កប់ស្កល់និងគោរពបូជាចំពោះបណ្តាវីរយុទ្ធជនពលី។

យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
បណ្តាកម្មាភិបាលជំនាញការអនុវត្តការយកសំណាកជីវសាស្ត្របម្រើដល់ការកោសល្យវិច័យ ADN នៅវាលកប់ខ្មោចយុទ្ធជនពលី Chau Phu (ខេត្ត An Giang) ដើម្បី "ប្រគល់ឈ្មោះជូនវិញ" នាពេលឆាប់ៗខាងមុខ ដល់បណ្តាយុទ្ធជនពលីដែលមិនទាន់កំណត់អត្តសញ្ញាណបាន។

"ប្រគល់ឈ្មោះជូនវិញ" ដល់បណ្តាវីរយុទ្ធជនពលី

ប្រសិនបើការយកសំណាក ADN បើកឡើងនូវក្តីសង្ឃឹមក្នុងការកំណត់អត្តសញ្ញាណជូនផ្នូរយុទ្ធជនពលីរាប់ម៉ឺនផ្នូរដែលមិនទាន់ស្គាល់ឈ្មោះនោះ គឺនៅពីក្រោយលទ្ធផលនីមួយៗទាំងនោះ គឺជាកម្លាំងញើសឈាមដ៏ស្ងៀមស្ងាត់មិនអាចកាត់ថ្លៃបានរបស់បណ្តាយុទ្ធជនដែលកំពុងថ្ងៃនិងយប់ធ្វើដំណើរស្វែងរកជួរយុទ្ធជនរួមអាវុធ។

ពួកគេមិនបានកាន់កាំភ្លើងចេញទៅសមរភូមិដូចជំនាន់ដូនតានាឆ្នាំមុនឡើយ ប៉ុន្តែនៅតែឆ្លងកាត់ព្រៃ ហែលកាត់ស្ទឹង ដើរតាមរាល់ប្រភពព័ត៌មានដ៏តូចបំផុត ដោយមានជំនឿចិត្តនិងការប្តេជ្ញាចិត្តតែមួយគត់គឺ៖ ឱ្យតែនៅមានព័ត៌មាន គឺនៅតែបន្តស្វែងរក។

នៅក្នុង "យុទ្ធនាការ ៥០០ ថ្ងៃនិងយប់" បណ្តាយុទ្ធជននៃក្រុម K91 នៃបញ្ជាការដ្ឋានយោធាខេត្ត Dong Thap បន្តធ្វើជាកងកម្លាំងស្នូលនៅលើដំណើរស្វែងរក និងប្រមូលផ្តុំធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានលះបង់ជីវិតនៅប្រទេសកម្ពុជា។

រួមដំណើរជាមួយអង្គភាពនារយៈពេលច្រើនឆ្នាំកន្លងមក គឺលោកវរសេនីយ៍ឯក Vo Thanh Dan មេបញ្ជាការក្រុម K91 - ដែលជាអ្នកបានចំណាយជីវិតក្នុងជួរកងទ័ពភាគច្រើនសម្រាប់ដំណើរស្វែងរកបណ្តាយុទ្ធជនរួមអាវុធដែលនៅដេកសន្ធឹងលើសមរភូមិនាសម័យមុន។

យោងតាមលោក ប្រភពព័ត៌មានស្តីពីយុទ្ធជនពលីកាន់តែតិចទៅៗ ស្លាកស្នាមសង្គ្រាមត្រូវបានពេលវេលាលុបបំបាត់ជាបណ្តើរៗ។ ហេតុដូច្នេះហើយ រាល់ព័ត៌មាន ទោះបីជាតូចតាចខ្លាំងក៏ដោយ ក៏សុទ្ធតែត្រូវបានអង្គភាពព្យាយាមផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់។

មិនត្រឹមតែប្រមូលព័ត៌មានពីសាក្សីរស់ប៉ុណ្ណោះទេ កម្មាភិបាលនិងយុទ្ធជននៃក្រុម K91 នៅតែម្ចាស់ការទាញយកទិន្នន័យនៅលើបណ្តាញសង្គម រួមផ្សំនឹងការចុះទៅតាមបណ្តាភូមិ ស្រុក ដើម្បីធ្វើការប្រៀបធៀប ពិនិត្យផ្ទៀងផ្ទាត់ មុនពេលរៀបចំចាត់តាំងការស្វែងរកនៅលើទីវាលជាក់ស្តែង។

ក្នុងដំណាក់កាលទី XXV (រដូវប្រាំង ២០២៥-២០២៦) អង្គភាពបានទទួលនិងដោះស្រាយប្រភពព័ត៌មានចំនួន ៤៤ ប្រភព នៅខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង នៃប្រទេសកម្ពុជា ព្រមទាំងប្រភពព័ត៌មានចំនួន ១៨ ប្រភព នៅលើភូមិសាស្ត្រខេត្ត Dong Thap។

ក្រោយរយៈពេលរាប់ខែនៃការព្យាយាមជីកកកាយដីថ្មរាប់ម៉ឺនម៉ែត្រគូប ក្រុម K91 ប្រមូលផ្តុំបានធាតុយុទ្ធជនពលីចំនួន ៦៥ ធាតុ ដែលក្នុងនោះមាន ៤៤ ធាតុនៅប្រទេសកម្ពុជា និង ២១ ធាតុនៅលើភូមិសាស្ត្រខេត្ត Dong Thap។

បណ្តាជំហានជើងមិនចេះនឿយហត់នៅលើទឹកដីមិត្ត

មិនត្រឹមតែក្រុម K91 ប៉ុណ្ណោះទេ ដំណើរតបស្នងសងគុណនោះនៅតែត្រូវបានបន្តភ្ជាប់ដោយកម្មាភិបាល និងយុទ្ធជននៃក្រុម K92 ព្រមទាំងក្រុម K93 ចំណុះបញ្ជាការដ្ឋានយោធាខេត្ត An Giang។

ចំកណ្តាលកម្តៅថ្ងៃជាង ៤០ អង្សាសេ នៃរដូវប្រាំងនៅប្រទេសកម្ពុជា ពួកគេនៅតែខិតខំប្រឹងប្រែងឆ្លងកាត់ព្រៃ ហែលកាត់ស្ទឹង ដោយនាំយកតាមខ្លួននូវស្បៀងអាហារ ទឹកពិសារ និងរាល់ឧបករណ៍សម្ភារៈឯកទេសទាំងអស់នៅលើស្មា។ មានថ្ងៃខ្លះ ក្រុមទាំងមូលត្រូវដើរជើងរាប់សិបគីឡូម៉ែត្រកាត់ព្រៃ ដោយសារតែយានយន្តមិនអាចចូលទៅដល់បាន។ ពេលរាត្រីឈានចូលមកដល់ ចំកណ្តាលព្រៃជ្រៅដែលមិនមានអគ្គិសនី មិនមានសេវាទូរស័ព្ទ ពួកគេបានចងអង្រឹងសម្រាកបណ្តោះអាសន្ន រួចព្រឹកថ្ងៃបន្ទាប់មកទៀតក៏បន្តធ្វើដំណើរទៅមុខ។

បណ្តាការលំបាកលំបិនទាំងនោះបានក្លាយទៅជាការងារប្រចាំថ្ងៃរបស់បណ្តាយុទ្ធជនដែលបំពេញភារកិច្ចស្វែងរក និងប្រមូលផ្តុំធាតុយុទ្ធជនពលី។

ទោះបីជាប្រភពព័ត៌មានកាន់តែតិចទៅៗ ស្លាកស្នាមសង្គ្រាមត្រូវបានលុបបំបាត់ជាបណ្តើរៗដោយសារពេលវេលាក៏ដោយ ក៏កម្មាភិបាល និងយុទ្ធជននៃក្រុមទាំងពីរនៅតែព្យាយាមតោងជាប់ភូមិសាស្ត្រ តោងជាប់សាក្សីរស់ ដោយមិនបោះបង់ចោលនូវរាល់តម្រុយណាមួយដែលអាចនាំទៅដល់កន្លែងតម្កល់សពប្រកបដោយសេចក្តីសុខរបស់បណ្តាយុទ្ធជនពលីឡើយ។

យោងតាមបញ្ជាការដ្ឋានយោធាខេត្ត An Giang ចាប់តាំងពីឆ្នាំ ២០០១ មកទល់បច្ចុប្បន្ន ក្រុម K92 និងក្រុម K93 ស្វែងរក និងប្រមូលផ្តុំបានធាតុយុទ្ធជនពលីជិត ២.៧០០ ធាតុ នៅលើភូមិសាស្ត្រក្នុងប្រទេស និងក្នុងព្រះរាជាណាចក្រកម្ពុជា។ រាល់ធាតុយុទ្ធជនពលីដែលត្រូវបាននាំយកត្រឡប់មកវិញ គឺជាការបន្ថែមនូវគ្រួសារមួយដែលបានកាត់បន្ថយនូវក្តីរង់ចាំ និងបន្ថែមនូវកូនម្នាក់នៃមាតុភូមិបានត្រឡប់មកជួបជុំដីម៉ែវិញ ក្រោយរយៈពេលច្រើនឆ្នាំដែលបានដេកសន្ធឹងនៅលើសមរភូមិ។

មិនទុកឱ្យនរណាម្នាក់ត្រូវបានបំភ្លេចចោលឡើយ

យោងតាមលោកឧត្តមសេនីយ៍ទោ Huynh Van Ngon អនុស្នងការនយោបាយយោធភូមិភាគទី ៩ និងជាប្រធានគណៈកម្មការដឹកនាំ ៥១៥ យោធភូមិភាគ ចាប់ពីពេលនេះរហូតដល់មុនខែកក្កដា ឆ្នាំ ២០២៧ កងកម្លាំងប្រដាប់អាវុធយោធភូមិភាគនឹងបន្តលើកកម្ពស់ការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់ថ្នាក់; ជំរុញខ្លាំងការឃោសនាផ្សព្វផ្សាយដើម្បីឱ្យប្រជាជនផ្តល់ព័ត៌មានស្តីពីយុទ្ធជនពលី; ទន្ទឹមនឹងនោះ កៀរគរឱ្យបានជាអតិបរមានូវប្រភពធនធាន ដើម្បីបំពេញឱ្យរួចរាល់នូវការយកសំណាកជីវសាស្ត្រសម្រាប់ផ្នូរយុទ្ធជនពលីចំនួន ៤០.៩២៨ ផ្នូរ មុនថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៧។

ស្របពេលជាមួយនឹងការគាស់កកាយយកសំណាក ការងារជួសជុល និងកែលម្អបណ្តាផ្នូរយុទ្ធជនពលី និងវាលកប់ខ្មោចយុទ្ធជនពលី នឹងត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ដោយធានាបាននូវភាពស្កប់ស្កល់និងគោរពបូជា។ យោធភូមិភាគក៏ត្រៀមលក្ខណៈចុះហត្ថលេខាលើកំណត់ហេតុលើកទី ២៦ ជាមួយក្រុមការងារឯកទេសនៃខេត្តចំនួន ១០ ចំណុះព្រះរាជាណាចក្រកម្ពុជា នាខែតុលា ឆ្នាំ ២០២៦ ដើម្បីបន្តរក្សាឱ្យមានប្រសិទ្ធភាពនូវការងារសហការស្វែងរក និងប្រមូលផ្តុំធាតុយុទ្ធជនពលីនៅលើទឹកដីមិត្ត។

"យុទ្ធនាការ ៥០០ ថ្ងៃនិងយប់" មិនត្រឹមតែជាភារកិច្ចនយោបាយដ៏ពិសេសរបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅទៀតផង។ រាល់ធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរកឃើញ និងរាល់អត្តសញ្ញាណដែលត្រូវបានកំណត់ដោយ ADN គឺមិនត្រឹមតែបិទបញ្ចប់នូវក្តីរង់ចាំរបស់គ្រួសារមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកអនុវត្តយ៉ាងពេញលេញនូវសីលធម៌ "ផឹកទឹកនឹកដល់ប្រភព" របស់ប្រជាជាតិទៀតផង។

នោះក៏ជាការអះអាងផងដែរថា ទោះបីជាសង្គ្រាមបានឈានថយទៅឆ្ងាយក៏ដោយ ក៏បណ្តាអ្នកដែលបានលះបង់ជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ នឹងមិនដែលត្រូវបានបំភ្លេចចោលឡើយ៕

យោធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាម បានប្រគល់សម្ភារៈឧបករណ៍វេជ្ជសាស្ត្រជូនដល់កងទ័ពឡាវ និងកងយោធពលខេមរភូមិន្ទ យោធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាម បានប្រគល់សម្ភារៈឧបករណ៍វេជ្ជសាស្ត្រជូនដល់កងទ័ពឡាវ និងកងយោធពលខេមរភូមិន្ទ

យុគសម័យ - នាថ្ងៃទី ១៦ ខែមេសា បញ្ជាការដ្ឋានយោធភូមិភាគទី ៥ និងបញ្ជាការដ្ឋានយោធាខេត្ត - ក្រុងនានា នៃយោធភូមិភាគទី ៥ បានរៀបចំពិធីប្រគល់សំភារៈឧបករណ៍វេជ្ជាសាស្ត្រជូនដល់អង្គភាពមួយចំនួននៃកងទ័ពឡាវ និងកងយោធពលខេមរភូមិន្ទ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត Covid- ១៩ ដែលមានតម្លៃសរុបជាង ៤,៧ ពាន់លានដុង។

យោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាម បានផ្តជួយឧបត្ថម្ភឧបករណ៍វេជ្ជសាស្ដ្រ និងបរិក្ខារពេទ្យដើម្បីជួយដល់កងយោធពលខេមរភូមិន្ទបង្ការប្រឆាំងនឹងជំងឺ Covid - 19 យោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាម បានផ្តជួយឧបត្ថម្ភឧបករណ៍វេជ្ជសាស្ដ្រ និងបរិក្ខារពេទ្យដើម្បីជួយដល់កងយោធពលខេមរភូមិន្ទបង្ការប្រឆាំងនឹងជំងឺ Covid - 19

យុគសម័យ - នាព្រឹកថ្ងៃទី ៧ មេសា នៅច្រកទ្វារព្រំដែនអន្តរជាតិ Xa Mat ស្រុក Tan Bien ខេត្ត Tay Ninh បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានរៀបចំពិធីប្រគល់ឧបករណ៍វេជ្ជសាស្រ្ត និងបរិក្ខារពេទ្យជូនអង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
ឯកអគ្គរដ្ឋទូតកាណាដា៖ វៀតណាមមានតួនាទីគន្លឹះនៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
មហាសន្និបាតលើកទីមួយ នៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh
ពង្រឹងការដឹកនាំរបស់បក្សចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស
ទីក្រុងហូជីមិញ៖ ទិវាបុណ្យ “គ្រួសារវៀតណាម - ឡាវ - កម្ពុជា” ផ្សព្វផ្សាយទូលំទូលាយនូវចំណងមិត្តភាព