យុគសម័យ - នារសៀលថ្ងៃទី ២៩ ខែមិថុនា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Le Minh Hung បានទទួលជួបឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោក Jim Nickel។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានពាំនាំនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ដែលបានផ្ញើលិខិតអបអរសាទរក្នុងឱកាសនាយករដ្ឋមន្ត្រីទទួលបានការទុកចិត្តពីសភា បោះឆ្នោតជ្រើសរើសឱ្យកាន់តំណែងថ្មី; វាយតម្លៃខ្ពស់ចំពោះសកម្មភាពដ៏សកម្មរបស់ឯកអគ្គរដ្ឋទូត លោក Jim Nickel និងស្ថានទូតកាណាដាប្រចាំនៅវៀតណាម នារយៈពេលកន្លងមក សំដៅជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមចាត់ទុកកាណាដាជាដៃគូដ៏សំខាន់ និងមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយឱ្យកាន់តែរឹងមាំ ឈានចូលជម្រៅ និងមានប្រសិទ្ធភាព ឆ្ពោះទៅរកការនាំទំនាក់ទំនងឱ្យឡើងដល់កម្ពស់ថ្មីនាពេលឆាប់ៗខាងមុខ។
![]() |
| នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Le Minh Hung ទទួលជួបឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោក Jim Nickel។ |
លោកនាយករដ្ឋមន្ត្រី Le Minh Hung បានសម្តែងនូវការត្រេកអរចំពោះបណ្តាលទ្ធផលជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ក្រោយរយៈពេលជិត ១០ ឆ្នាំនៃការបង្កើតក្របខ័ណ្ឌដៃគូគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ថ្នាក់ និងការជួបប្រាស្រ័យជាន់ខ្ពស់ត្រូវបានរក្សាជាប្រចាំ; ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងទ្វេដងក្រោយរយៈពេល ៥ ឆ្នាំ ដោយឡើងដល់ ៨,៦ ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២៥; សហប្រតិបត្តិការការពារជាតិមានការរីកចម្រើនជាវិជ្ជមាន តាមរយៈការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីផែនការសហប្រតិបត្តិការការពារជាតិ ដំណាក់កាល ២០២៤-២០២៦ ការដាក់ឱ្យអនុវត្តសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាព និងការបណ្តុះបណ្តាល។ សហប្រតិបត្តិការស្តីពីជំនួយអភិវឌ្ឍន៍ ការអប់រំ - បណ្តុះបណ្តាល ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការសម្របសម្រួលនៅលើបណ្តាវេទិកាពហុភាគី ក៏ទទួលបានការរីកចម្រើនជាវិជ្ជមានផងដែរ។
ទន្ទឹមនឹងបណ្តាការរីកចម្រើនសម្រេចបាននោះ លោកនាយករដ្ឋមន្ត្រី Le Minh Hung បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅមានលំហសហប្រតិបត្តិការជាច្រើនទៀតដែលមិនទាន់បានទាញយកផលប្រយោជន៍អស់នៅឡើយ ពិសេសគឺនៅក្នុងបណ្តាវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត ការផ្លាស់ប្តូរពណ៌បៃតង និងថាមពល...
ដើម្បីពង្រីកប្រសិទ្ធភាពថែមទៀតនូវទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - កាណាដា នាយករដ្ឋមន្ត្រីបានស្នើឱ្យឯកអគ្គរដ្ឋទូតគាំទ្រជំរុញបណ្តាសកម្មភាពជួបប្រាស្រ័យ ទាក់ទងតាមទូរស័ព្ទ ផ្លាស់ប្តូរគណៈប្រតិភូ ដោយផ្តល់អាទិភាពដល់ការដាក់ឱ្យអនុវត្តបណ្តាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; គាំទ្រសហគ្រាសកាណាដាវិនិយោគទៅក្នុងបណ្តាវិស័យ និងគម្រោងគន្លឹះស្តីពីថាមពល សេដ្ឋកិច្ចពណ៌បៃតង សេដ្ឋកិច្ចវិលជុំ... នៅវៀតណាម; កាណាដាបន្តបើកចំហទ្វារសម្រាប់ទំនិញវៀតណាម ពិសេសគឺបណ្តាមុខទំនិញកសិកម្ម រុក្ខាប្រមាញ់ និងជលផល; បង្កើនសហប្រតិបត្តិការបណ្តុះបណ្តាលប្រភពធនធានមនុស្សនៅក្នុងបណ្តាវិស័យបច្ចេកវិទ្យាខ្ពស់ (AI, កង់ទិច, ពាក់កណ្តាលចម្លង) សហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំនៃប្រទេសទាំងពីរ; លើកទឹកចិត្តបណ្តាសាកលវិទ្យាល័យដែលមានចំណាត់ថ្នាក់ខ្ពស់របស់កាណាដាបើកសាខានៅវៀតណាម។
នាយករដ្ឋមន្ត្រីមានបំណងចង់ឱ្យភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងគាំទ្រគ្នាទៅវិញទៅមកនៅតាមបណ្តាអង្គការ និងវេទិកាតំបន់ព្រមទាំងអន្តរជាតិ ជាពិសេសគឺនៅក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពត្រង់ស្ប៉ាស៊ីហ្វិក (CPTPP) ដែលវៀតណាមធ្វើជាប្រធាននាឆ្នាំ ២០២៦ និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ដែលវៀតណាមធ្វើជាប្រធាននាឆ្នាំ ២០២៧។
![]() |
| នាយករដ្ឋមន្ត្រីបានស្នើឱ្យឯកអគ្គរដ្ឋទូតគាំទ្រជំរុញបណ្តាសកម្មភាពជួបប្រាស្រ័យ ទាក់ទងតាមទូរស័ព្ទ ផ្លាស់ប្តូរគណៈប្រតិភូ ដោយផ្តល់អាទិភាពដល់ការដាក់ឱ្យអនុវត្តបណ្តាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; គាំទ្រសហគ្រាសកាណាដាវិនិយោគទៅក្នុងបណ្តាវិស័យ និងគម្រោងគន្លឹះនៅវៀតណាម។ |
ឯកអគ្គរដ្ឋទូត លោក Jim Nickel បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី XIV របស់គណបក្សកុម្មុយនីស្តវៀតណាម និងការបោះឆ្នោតជ្រើសរើសសភានីតិកាលទី XVI; សូមសម្តែងការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះនាយករដ្ឋមន្ត្រី ដែលទទួលបានការទុកចិត្តពីសភា បោះឆ្នោតជ្រើសរើសឱ្យកាន់តំណែងជាថ្នាក់ដឹកនាំរដ្ឋាភិបាល។ ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះបណ្តាស្នាដៃអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបណ្តាទិសដៅយុទ្ធសាស្ត្ររបស់គណបក្ស និងរដ្ឋាភិបាលវៀតណាម។
ឯកអគ្គរដ្ឋទូតបានអះអាងថា កាណាដាចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់ និងមានតួនាទីគន្លឹះនៅក្នុងអាស៊ាន ព្រមទាំងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក; អះអាងថា កាណាដាយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីមជ្ឈភាពរបស់អាស៊ាននៅតំបន់ ហើយថ្លែងអំណរគុណចំពោះវៀតណាមដែលបានគាំទ្រកាណាដាក្នុងការបង្កើនទំនាក់ទំនង និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន។
![]() |
| ឯកអគ្គរដ្ឋទូត លោក Jim Nickel បានអះអាងថា កាណាដាចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់ និងមានតួនាទីគន្លឹះនៅក្នុងអាស៊ាន ព្រមទាំងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ |
ឯកភាពចំពោះបណ្តាមតិតម្រង់ទិសរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើសក្តានុពល ក៏ដូចជាបណ្តាសំណើហសប្រតិបត្តិការជាក់លាក់មួយចំនួនស្តីពីថាមពល សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាកាសចរណ៍និងអវកាស ដឹកជញ្ជូនតាមសមុទ្រ បង្ការប្រយុទ្ធប្រឆាំងបទល្មើសសាយប័រ បទល្មើសឆ្លងដែន និងការរក្សាសន្តិភាពអង្គការសហប្រជាជាតិ...
ឯកអគ្គរដ្ឋទូតបានអះអាងថា កាណាដានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាមទាំងតាមកាលបណ្តាញទ្វេភាគី ក៏ដូចជានៅតាមបណ្តាវេទិកាពហុភាគី។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតបានពាំនាំនូវបណ្តាំផ្ញើរបស់នាយករដ្ឋមន្ត្រី លោក Mark Carney អញ្ជើញនាយករដ្ឋមន្ត្រី លោក Le Minh Hung ទៅបំពេញទស្សនកិច្ចនៅប្រទេសកាណាដា និងបានឱ្យដឹងថា នាយករដ្ឋមន្ត្រី លោក Carney មានបំណងចង់មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលវេលាសមស្របណាមួយ៕
![]() |
| នាយករដ្ឋមន្ត្រីមានបំណងចង់ឱ្យភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងគាំទ្រគ្នាទៅវិញទៅមកនៅតាមបណ្តាអង្គការ និងវេទិកាតំបន់ព្រមទាំងអន្តរជាតិ។ |
ក្នុងបរិយាកាសនៃការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ សហគមន៍ជនវៀតណាមនៅផ្នែកខ្លះនៃប្រទេសកាណាដាបានប្រារព្ធពិធីលើកទង់ជាតិនៅសាលាក្រុងដែលពួកគេរស់នៅដើម្បីបង្ហាញពីមោទនភាពនិងសាមគ្គីភាពឆ្ពោះទៅរក មាតុភូមិ។ |
យុគសម័យ - នេះជាខ្លឹមសារនៃការផ្លាស់ប្តូររវាងលោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) និងលោក Shawn Steil ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម នាថ្ងៃទី ២៧ ខែសីហា នៅទីក្រុងហាណូយ។ |
thoidai.com.vn




មតិពីមិត្តអ្នកអាន