យុគសម័យ - ខេត្ត Lam Dong កំពុងអនុវត្តយុទ្ធនាការយកគំរូ ធ្វើឌីជីថលភាវូបនីយកម្ម និងកសាងមូលដ្ឋានទិន្នន័យ ADN ចំពោះអដ្ឋិធាតុយុទ្ធជនពលីរាប់ពាន់រូបដែលមិនទាន់កំណត់បានព័ត៌មាន នៅតាមវាលកប់ខ្មោចយុទ្ធជនពលីនានានៅលើភូមិសាស្ត្រខេត្ត។
![]() |
| កម្លាំងមានសមត្ថកិច្ចអនុវត្តការយកគំរូជីវសាស្ត្រអដ្ឋិធាតុយុទ្ធជនពលី នៅវាលកប់ខ្មោចយុទ្ធជនពលីឃុំ Cu Jut (ខេត្ត Lam Dong)។ |
នេះគឺជាសកម្មភាពគន្លឹះមួយក្នុងចំណោមសកម្មភាពគន្លឹះៗនៃយុទ្ធនាការ “៥០០ ថ្ងៃយប់ ជំរុញខ្លាំងក្លាការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី” សំដៅឆ្ពោះទៅរកការរំលឹកខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧)។
បច្ចុប្បន្ននេះ ខេត្ត Lam Dong មានវាលកប់ខ្មោចយុទ្ធជនពលីចំនួន ១២ កន្លែង ក្នុងនោះមានវាលកប់ខ្មោចចំនួន ១១ កន្លែង មានផ្នែកផ្នូរយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន ត្រូវការយកគំរូសម្រាប់បម្រើដល់ការកោសល្យវិច័យ ADN។ គណៈកម្មការដឹកនាំលេខ ៥១៥ នៃខេត្ត បានបង្កើតក្រុមការងារជំនាញចំនួន ៥ ក្រុម ដើម្បីអនុវត្តភារកិច្ចយកគំរូ ធ្វើឌីជីថលភាវូបនីយកម្ម និងប្រគល់ទទួលគំរូអដ្ឋិធាតុយុទ្ធជនពលី។ មុនពេលអនុវត្តជាសកល នាថ្ងៃទី ៤ ខែមិថុនា វាលកប់ខ្មោចយុទ្ធជនពលីឃុំ Duc Linh ត្រូវបានជ្រើសរើសដើម្បីអនុវត្តជាលក្ខណៈពិសោធន៍ សំដៅឱ្យបណ្តាអង្គភាពបំពេញបង្គ្រប់នូវ នីតិវិធី ជំនាញ ដកពិសោធន៍ និងរៀបចំការអនុវត្តនៅលើទំហំទូទាំងខេត្ត។ នៅទីនេះ បណ្តាកម្លាំងបានយកគំរូចំពោះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥៥ រូប អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មាន និងប្រគល់ទទួលគំរូជូនដល់អង្គភាពកោសល្យវិច័យ ស្របតាម នីតិវិធី បច្ចេកទេសត្រឹមត្រូវ។
ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ការងារយកគំរូ និងធ្វើឌីជីថលភាវូបនីយកម្ម ត្រូវបានអនុវត្តជាផ្លូវការនៅលើទ្រង់ទ្រាយធំ នៅតាមវាលកប់ខ្មោចយុទ្ធជនពលីចំនួន ១០ កន្លែង ដោយមានចំនួនផ្នែកផ្នូរសរុប ៤.៧២១ ផ្នូរ។ វគ្គអនុវត្តដំបូងបង្អស់បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមិថុនា នៅវាលកប់ខ្មោចយុទ្ធជនពលីឃុំ Cu Jut (២១ ផ្នែកផ្នូរ) និងវាលកប់ខ្មោចយុទ្ធជនពលីឃុំ Tuy Đuc (១៨ ផ្នែកផ្នូរ)។ បន្ទាប់មកទៀត ការងារយកគំរូនឹងត្រូវបានអនុវត្តនៅតាមវាលកប់ខ្មោចយុទ្ធជនពលី Krông Nô (៧៧ ផ្នែកផ្នូរ), វាលកប់ខ្មោចយុទ្ធជនពលី Đắk R’lấp (៦១ ផ្នែកផ្នូរ), វាលកប់ខ្មោចយុទ្ធជនពលី Đắk Mil (១០០ ផ្នែកផ្នូរ), វាលកប់ខ្មោចយុទ្ធជនពលី Đắk Nông (១៩០ ផ្នែកផ្នូរ), វាលកប់ខ្មោចយុទ្ធជនពលី Bao Loc (១០២ ផ្នែកផ្នូរ), វាលកប់ខ្មោចយុទ្ធជនពលី Di Linh (៧០ ផ្នែកផ្នូរ), វាលកប់ខ្មោចយុទ្ធជនពលី Lam Dong (៦៥១ ផ្នែកផ្នូរ) និងវាលកប់ខ្មោចយុទ្ធជនពលី Binh Thuan ដោយមាន ៣.៤៣១ ផ្នែកផ្នូរ។ តាមផែនការ រាល់ការងារយកគំរូចំពោះបណ្តាផ្នែកផ្នូរយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន គឺខិតខំប្រឹងប្រែងបញ្ចប់ឱ្យបានរួចរាល់មុនថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦។
ការកត់សម្គាល់របស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN) នៅវាលកប់ខ្មោចយុទ្ធជនពលីឃុំ Cu Jut គឺចាប់តាំងពីព្រលឹមស្រាងៗ ក្រុមការងារជំនាញយកគំរូលេខ ២ បានមកមានវត្តមានរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈអនុវត្តភារកិច្ច។ បន្ទាប់ពីពិធីថ្វាយធូប និងថ្វាយកម្រងផ្កាដើម្បីរំលឹកវិញ្ញាណក្ខន្ធបណ្តាវីរយុទ្ធជនពលី បណ្តាកម្លាំងបានអនុវត្តការងារយ៉ាងរហ័សស្របតាមនីតិវិធីជំនាញត្រឹមត្រូវ។ នៅវាលកប់ខ្មោចនាពេលបច្ចុប្បន្នមានផ្នូរយុទ្ធជនពលីចំនួន ៥០ ផ្នូរ ក្នុងនោះមាន ២១ ផ្នូរមិនទាន់កំណត់បានព័ត៌មាន។ ផ្នូនីមួយៗត្រូវបានផ្ទៀងផ្ទាត់សំណុំឯកសារ កំណត់ទីតាំងយ៉ាងត្រឹមត្រូវ មុនពេលឈានទៅដល់ការគាស់កាយ។ បណ្តាគំរូជីវសាស្ត្រត្រូវបានប្រមូលយក វិចខ្ចប់ វាយកូដសម្គាល់ និងបង្កើតសំណុំឯកសារតាមបទប្បញ្ញត្តិ។
ទន្ទឹមនឹងនោះ រាល់ព័ត៌មានអំពីផ្នូរ ទីតាំង បច្ចុប្បន្នភាព និងរូបភាព គឺត្រូវបានធ្វើឌីជីថលភាវូបនីយកម្ម និងធ្វើបច្ចុប្បន្នភាពចូលទៅក្នុងប្រព័ន្ធទិន្នន័យ ដើម្បីបម្រើដល់ការងារគ្រប់គ្រង និងកោសល្យវិច័យ ADN។ រាល់ដំណាក់កាលទាំងអស់សុទ្ធតែត្រូវបានអនុវត្តជាលក្ខណៈបិទជិត និងម៉ឺងម៉ាត់បំផុត សំដៅធានានូវលក្ខណៈត្រឹមត្រូវ។ បន្ទាប់ពីបញ្ចប់ការយកគំរូ អដ្ឋិធាតុយុទ្ធជនពលីត្រូវបាននាំយកទៅបញ្ចុះឡើងវិញយ៉ាងសមរម្យ និងជាផ្លូវការ តំបន់ផ្នូរត្រូវបានប្រគល់ជូនវិញតាមស្ថានភាពដើម និងរៀបចំឱ្យមានភាពស្អាតបាត និងស្រស់ស្អាត។
អនុសេនីយ៍ឯក Vu Ngoc Minh បម្រើការងារនៅវរសេនាតូចតូចព័ត៌មានលេខ ១ ការិយាល័យសេនាធិការ នៃបញ្ជាការដ្ឋានយោធាខេត្ត Lam Dong បានឱ្យដឹងថា កម្មាភិបាល និងយុទ្ធជនដែលចូលរួមភារកិច្ច សុទ្ធតែបានកំណត់ថា នេះគឺជាការងារមានអត្ថន័យពិសេសជាពិសេស ទាំងជាការទទួលខុសត្រូវ ទាំងជាកិត្តិយសដ៏ធំធេងរបស់យោធិន។ ការយកគំរូ ធ្វើឌីជីថលភាវូបនីយកម្ម និងកោសល្យវិច័យ ADN អដ្ឋិធាតុយុទ្ធជនពលី គឺមានអត្ថន័យណាស់ រួមចំណែករក្សាទុកព័ត៌មានតាមរបៀបពេញលេញ វិទ្យាសាស្ត្រ និងប្រកបដោយចីរភាព។ ជាមួយនឹងការអភិវឌ្ឍនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បណ្តាទិន្នន័យដែលបានរក្សាទុកនេះ នឹងបើកឡើងនូវឱកាសកំណត់អត្តសញ្ញាណយ៉ាងត្រឹមត្រូវនូវអត្តសញ្ញាណរបស់បណ្តាយុទ្ធជនពលីនាពេលខាងមុខ។
លោក Nguyen Anh Son អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Cu Jut បានឱ្យដឹងថា មូលដ្ឋានបានកំណត់នេះជាភារកិច្ចនយោបាយមានលក្ខណៈសំខាន់ជាពិសេស បង្ហាញពីសីលធម៌ “ផឹកទឹកនឹកដល់ប្រភព” និងទឹកចិត្តដឹងគុណចំពោះបណ្តាវីរយុទ្ធជនពលី។ គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន បានម្ចាស់ការសម្របសម្រួលជាមួយបណ្តាអង្គភាពកងទ័ព ដើម្បីអនុវត្តបណ្តាខ្លឹមសារតាមផែនការរបស់គណៈកម្មការដឹកនាំលេខ ៥១ស នៃខេត្ត។ បណ្តាលក្ខខណ្ឌអំពីធនធានមនុស្ស បរិក្ខារសម្ភារៈ និងផែនការអនុវត្ត សុទ្ធតែត្រូវបានត្រៀមលក្ខណៈយ៉ាងម៉ត់ចត់ សំដៅធានាឱ្យដំណើរការយកគំរូប្រព្រឹត្តទៅដោយសុវត្ថិភាព និងស្របតាមនីតិវិធីត្រឹមត្រូវ។ នាពេលខាងមុខ មូលដ្ឋាននឹងបន្តយកចិត្តទុកដាក់វិនិយោគ និងលើកកម្ពស់វាលកប់ខ្មោចយុទ្ធជនពលីឱ្យកាន់តែមានភាពសមរម្យ និងស្អាតបាត រួមចំណែកអនុវត្តបានយ៉ាងល្អនូវការងារតបស្នងសងគុណនៅលើភូមិសាស្ត្រ។
ដើម្បីធានាបាននូវល្បឿននៃការយកគំរូ ធ្វើឌីជីថលភាវូបនីយកម្ម និងប្រគល់ទទួលគំរូអដ្ឋិធាតុយុទ្ធជនពលី លោក Dinh Van Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong ប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ នៃខេត្ត បានតម្រូវឱ្យបណ្តាស្ថាប័ន និងអង្គភាពពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ “ច្បាស់លាស់ទាំង ៦”៖ ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ផលិតផល ច្បាស់ការទទួលខុសត្រូវ ច្បាស់ពេលវេលា និងច្បាស់សមត្ថកិច្ច។ បញ្ជាការដ្ឋានយោធាខេត្ត - ស្ថាប័នប្រចាំការនៃគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Lam Dong ត្រូវធ្វើឱ្យបានល្អនូវការងារត្រៀមលក្ខណៈ; សម្របសម្រួល និងសហការគ្នាយ៉ាងជិតស្និទ្ធ ប្រគល់ភារកិច្ចជាក់លាក់ក្នុងការយកគំរូ និងធ្វើឌីជីថលភាវូបនីយកម្មអដ្ឋិធាតុយុទ្ធជនពលីឱ្យស្របតាមនីតិវិធីត្រឹមត្រូវ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត មិនបណ្តោយឱ្យមានការខុសឆ្គង ឬភាន់ច្រឡំឡើយ; គ្រប់គ្រង រក្សាទុក និងថែរក្សាប្រគល់ទទួលគំរូដោយធានានូវភាពសមរម្យជាផ្លូវការ និងសុវត្ថិភាពដាច់ខាត។
រាល់គំរូ ADN នីមួយៗដែលបានរក្សាទុក គឺបន្ថែមឱកាសមួយក្នុងការកំណត់អត្តសញ្ញាណយុទ្ធជនពលី; រាល់ផ្នែកផ្នូរនីមួយៗដែលបានធ្វើឌីជីថលភាវូបនីយកម្ម គឺបន្ថែមសេចក្តីសង្ឃឹមមួយសម្រាប់បណ្តាគ្រួសារដែលកំពុងទន្ទឹងរង់ចាំព័ត៌មានរបស់សាច់ញាតិ។ មិនត្រឹមតែជាភារកិច្ចជំនាញប៉ុណ្ណោះទេ យុទ្ធនាការនេះថែមទាំងបង្ហាញពីការទទួលខុសត្រូវ និងមនោសញ្ចេតនាដឹងគុណដ៏ស៊ីជម្រៅរបស់ជំនាន់ថ្ងៃនេះ ចំពោះបណ្តាអ្នកដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ រួមចំណែកនាំបណ្តាវីរយុទ្ធជនពលីត្រឡប់មកវិញជាមួយឈ្មោះ អត្តសញ្ញាណ ក្រុមគ្រួសារ និងស្រុកកំណើតជាបណ្តើរៗ៕
ជំងឺកូវីដ ១៩ គឺជាជំងឺឆ្លងដ៏កាចសាហាវដែលបាននិងកំពុងពិសោធអំពីការជឿជាក់របស់ប្រជាពលរដ្ឋខ្មែរមកលើភាពស្មោះត្រង់ និងភាពអំណត់របស់រាជរដ្ឋាភិបាល។ |
យុគមស័យ - ខ្ញុំបានមានការធ្វើដំណើរមួយ «ដ៏រំភើបចិត្ត» អមជាមួយប្រជានេសាទនៅភូមិ Dinh Tan ឃុំ Binh Chau ស្រុក Binh Son ខេត្ត Quang Ngai ទៅកាន់តំបន់ថ្មប៉ប្រះទឹក Trung Sa (Macclesfield Bank) នៃសមុទ្រខាងកើត ដែលមានចម្ងាយប្រមាណ ១០០០គីឡូម៉ែត្រពីដីគោក។ ខ្ញុំបានចំណាយរយៈពេល ... |
thoidai.com.vn

មតិពីមិត្តអ្នកអាន