ជំងឺកូវីដ ១៩ គឺជាជំងឺឆ្លងដ៏កាចសាហាវដែលបាននិងកំពុងពិសោធអំពីការជឿជាក់របស់ប្រជាពលរដ្ឋខ្មែរមកលើភាពស្មោះត្រង់ និងភាពអំណត់របស់រាជរដ្ឋាភិបាល។
![]() |
![]() |
![]() |
ការចូលរួម និងការជឿជាក់ពីពលរដ្ឋលើភាពស្មោះត្រង់ និងភាពអំណត់របស់រាជរដ្ឋាភិបាលគឺជាកត្តាចាំបាច់ ដើម្បីទទួលបានជោគជ័យក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ |
ក្នុងរយៈពេលជាង ១ ឆ្នាំមកហើយតាំងពីមានការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅទីក្រុងវូហានប្រទេសចិន និងលើពិភពលោក រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបានប្រុងប្រយ័ត្នខ្ពស់ និងខិតខំប្រឹងប្រែងជាប្រចាំក្នុងការដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការសុខាភិបាល និងវិធានការច្បាប់រដ្ឋបាលជាបន្តបន្ទាប់ក្នុងគោលដៅទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ និងគ្រប់គ្រងផលប៉ះពាល់របស់វាមកលើវិស័យសេដ្ឋកិច្ច និងសង្គម។
ចាប់តាំងពីដើមឆ្នាំរហូតមកដល់ចុងឆ្នាំ ២០២០ ខណៈពេលដែលប្រទេសជាច្រើនលើសកលលោកកំពុងប្រឈមនឹងការឆ្លងជំងឺកូវីដ ១៩ ដោយមានអ្នកជំងឺ និងអ្នកស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ កម្ពុជាមានតែអ្នកជំងឺនាំចូលមួយចំនួនតូចប៉ុណ្ណោះ មិនមានអ្នកជំងឺស្លាប់ ពុំធ្លាប់បានដាក់បម្រាមគោចរ និងចាត់វិធានការធ្ងន់ធ្ងរក្រៅពីបិទសាលារៀន រមណីយដ្ឋាន និងក្លិបកម្សាន្តមួយចំនួននៅក្នុងទីក្រុងភ្នំពេញ។ ការឆ្លងជំងឺចូលសហគមន៍នៅថ្ងៃទី ៣ និង ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ត្រូវបានរដ្ឋាភិបាលគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពបំផុត។
កម្ពុជាត្រូវបានទទួលការវាយតម្លៃខ្ពស់ពីអង្គការសុខភាពពិភពលោក និងស្ថាប័នអន្តរជាតិមួយចំនួនទៀតចំពោះការគ្រប់គ្រង និងការពារការឆ្លងជំងឺកូវីដ ១៩ មិនឱ្យចូលក្នុងសហគមន៍ ខណៈពេលដែលប្រទេសជិតខាងនៅអាស៊ីមួយចំនួនដូចជា ប្រទេសថៃម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន។ល។ កំពុងរងការឆ្លងជំងឺកូវីដ ១៩ យ៉ាងខ្លាំង។
នេះគឺជាមោទនភាពរបស់ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់ដែលពួកគេបានផ្តល់សេចក្តីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងល្អប្រពៃ។
ប៉ុន្តែស្ថានភាពជំងឺកូវីដ១៩បានប្រែប្រួលយ៉ាងឆាប់រហ័សចាប់ពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ មក។
ការធ្វេសប្រហែសមួយក្នុងការគ្រប់គ្រងការធ្វើចត្តាឡីស័កនៅឯសណ្ឋាគារមួយនៅទីក្រុងភ្នំពេញបានបង្កឱ្យមានការឆ្លងរាលដាលយ៉ាងឆាប់រហ័សនូវជំងឺកូវីដ ១៩ ទាំងនៅក្នុងទីក្រុងភ្នំពេញ និងខេត្តមួយចំនួន។
គិតមកដល់ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២១ កម្ពុជាមានអ្នកជំងឺកំពុងព្យាបាលបានកើនដល់ជាង ១ ពាន់នាក់ និងមានអ្នកស្លាប់ជាង ២០ នាក់ហើយទន្ទឹមនឹងអ្នកជាសះស្បើយជិត ២ ពាន់នាក់។ គេសង្ឃឹមថា ចំនួនអ្នកជំងឺ និងអ្នកស្លាប់អាចនឹងនៅតែកើនឡើងបន្តទៀតនាពេលខាងមុខ។
![]() |
ការចូលរួម និងការជឿជាក់ពីពលរដ្ឋលើភាពស្មោះត្រង់ និងភាពអំណត់របស់រាជរដ្ឋាភិបាលគឺជាកត្តាចាំបាច់ ដើម្បីទទួលបានជោគជ័យក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ |
រាជរដ្ឋាភិបាលក៏ដាក់ចេញនូវិធានការយ៉ាងតឹងរ៉ឹងជាច្រើនជាបន្តបន្ទាប់រួមមាន ការអនុម័តច្បាប់ និងបទដ្ឋានគតិយុត្តជាបន្ទាន់ ការជំរុញឱ្យមានការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ ការចាត់វិធានការសុខាភិបាលជាក់លាក់ដូចជាដាក់ចេញវិធានការ “៣កុំ ៣ការពារ” រហូតដល់ឈានដល់ការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត-ក្រុង និងការដាក់បម្រាមគោចរនៅពេលយប់ទៀតផង។
ស្ថានភាពធ្ងន់នៃការឆ្លងរាលដាលនេះ បាននិងកំពុងបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
វាបានតម្រូវឱ្យរាជរដ្ឋាភិបាលប្រើប្រាស់ថវិកា និងធនធានមនុស្ស និងសម្ភារជាច្រើនដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល និងសម្រាប់ព្យាបាលអ្នកជំងឺដែលចេះតែកើនឡើង។ តើរាជរដ្ឋាភិបាល ជាពិសេសស្ថាប័នសុខាភិបាល និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិមានអំណត់គ្រប់គ្រាន់ក្នុងការបន្តគ្រប់គ្រងស្ថានការណ៍ដែលចេះតែវិវត្តធ្ងន់ធ្ងររាល់ថ្ងៃបានឬទេ?
កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ គឺជាបេសកកម្មមួយយ៉ាងលំបាកបំផុតដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការគ្រប់វិស័យ។
ចំណុចដែលគួរឱ្យកោតសរសើរក្រោមការដឹកនាំ និងអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានកម្លាំងគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនបានចូលរួមយ៉ាងសកម្ម និងទាន់ពេលវេលាតាំងពីដំបូងជាការបង្កើតបានក្រុមជួរមុខ និងឈានមុខក្នុងការបង្ការ និងព្យាបាលជំងឺកូវីដ ១៩ បន្ថែមដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី និងក្រុមការងាររបស់លោក ហ៊ុន ម៉ាណែត បានរៀបចំឱ្យមានមន្ទីរពេទ្យ និងទីកន្លែងសមរម្យសម្រាប់ព្យាបាលជំងឺ និងធ្វើចត្តាឡីស័កអ្នកដែលជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺ។
ទន្ទឹមនឹងនេះក៏មានសប្បុរសជនជាច្រើនបានចូលរួមថវិកាសម្រាប់ការទិញវ៉ាក់សាំង ការផ្គត់ផ្គង់ការចំណាយលើការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ និងការទិញមន្ទីរពេទ្យនគរទេពមកធ្វើជាកន្លែងព្យាបាលជំងឺទៀតផង។
ចលនានៃការចាក់វ៉ាក់សាំងបានប្រព្រឹត្តទៅយ៉ាងផុសផុលនៅទូទាំងប្រទេស ដោយមានការចូលរួមយ៉ាងកុះករ និងដោយស្ម័គ្រចិត្តពីមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងក្រុមអាទិភាពដែលត្រូវទទួលការចាក់វ៉ាក់សាំង។
ក្រៅពីចំណុចវិជ្ជមានខាងលើគេក៏សង្កេតឃើញនៅមានចំណុចអវិជ្ជមានមួយចំនួនក្នុងការដឹកនាំ និងគ្រប់គ្រងយុទ្ធនាការប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ១៩នេះ។
ការដឹកនាំ និងការទទួលខុសត្រូវរបស់មន្ត្រីទទួលបន្ទុកគ្រប់គ្រងការធ្វើចត្តាឡីស័កនៅមានការខ្វះចន្លោះ។ មន្ត្រីទទួលបន្ទុកហាក់បានមើលស្រាលស្ថានការណ៍ និងភាពធ្ងន់ធ្ងរនៃការឆ្លងជំងឺកូវីដ១៩ដែលជាហេតុបណ្តាលឱ្យកើតមានព្រឹត្តិការណ៍ថ្ងៃទី ២០ ខែកុម្ភៈ។ ការដាក់ទណ្ឌកម្មលើបុគ្គលិកសន្តិសុខសណ្ឋាគារម្នាក់វាពិតជាមិនទាន់សមរម្យអាចឱ្យប្រជាពលរដ្ឋទទួលយកបានឡើយ។
ប្រជាពលរដ្ឋអាចចោទសួរថា បើពុំមានការចូលរួមជួយសម្របសម្រួលពីបុគ្គលមានអំណាចនោះទេ តើនារីបរទេស ៣-៤ នាក់អាចនាំចូលជំងឺកូវីដ ១៩ ប្រភេទថ្មីចូលមកកម្ពុជាបានទេ? តើហេតុអ្វីបានជាសន្តិសុខតូចមួយអាចមានសមត្ថភាពជួយសម្រួលឱ្យពួកគេចេញក្រៅកន្លែងធ្វើចត្តាឡីស័ក និងឈានដល់ចម្លងដល់មនុស្សម្នាជាច្រើននៅក្នុងសហគមន៍បាន? នេះគឺជាបញ្ហាជាប្រព័ន្ធដែលត្រូវដោះស្រាយ។
ការប្រើប្រាស់អំណាចមិនត្រឹមត្រូវ និងការអនុវត្តវិធានការរដ្ឋបាលលើសពីការកំណត់របស់ច្បាប់ ឬការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏នៅតែកើតមានដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមិនសូវមានជំនឿទុកចិត្តលើមន្ត្រីរដ្ឋាភិបាល។
ផលវិបាកនៃការធ្វេសប្រហែសរបស់មន្ត្រីថ្នាក់ក្រោមបានចូលរួមចំណែកធ្វើឱ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យលើភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូលក្នុងការខិតខំប្រឹងប្រែងការពារសេចក្តីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ វាក៏បានជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់កិច្ចខិតខំប្រឹងប្រែង និងប្រសិទ្ធភាពនៃការអនុវត្តវិធានការមួយចំនួនរបស់រដ្ឋ។
ជាក់ស្តែងប្រជាពលរដ្ឋកម្មករកម្មការិនី និងមន្ត្រីរាជការទាំងស៊ីវិល និងយោធាជិត ១ លាននាក់ បានស្ម័គ្រទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ តាមការកំណត់អាទិភាពរបស់រដ្ឋាភិបាល។ ប៉ុន្តែនៅមានប្រជាពលរដ្ឋ កម្មករ កម្មការិនី និងមន្ត្រីរាជការមួយចំនួនទៀតនៅមានការស្ទាក់ស្ទើរមិនព្រមស្ម័គ្រចិត្តទទួលយកការចាក់វ៉ាក់សាំងដែលផលិតនៅប្រទេសចិន (Sinopharm និង Sinovac) និងនៅប្រទេសឥណ្ឌា (AstraZeneca) នៅឡើយ។
បញ្ហានេះបានជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវម្តងហើយម្តងទៀតដោយលាយឡំជាមួយនឹងសារដាក់សម្ពាធឱ្យមន្ត្រីរាជការទាំងយោធា និងមន្ត្រីរាជការស៊ីវិលមកចាក់វ៉ាក់សាំងណែនាំឱ្យប្រធានស្ថាប័ននីមួយៗ និងក្រសួងមុខងារសាធារណៈធ្វើបញ្ជីឈ្មោះមន្ត្រីដែលមិនស្ម័គ្រចិត្ត ហាមឃាត់អ្នកមិនចាក់វ៉ាក់សាំងមិនឱ្យចូលធ្វើការជាដើម។
គេអាចចោទសួរថា តើប្រជាពលរដ្ឋចង់ឆ្លង ឬមិនខ្លាចជំងឺកូវីដ ១៩ មែនទេបានជាមិនព្រមស្ម័គ្រចិត្តចាក់វ៉ាក់សាំងដែលរកបានដោយលំបាក? ចម្លើយគឺថាគ្មានប្រជាពលរដ្ឋណាមួយចង់ឆ្លង ឬមិនខ្លាចជំងឺនោះទេ។ ក៏ប៉ុន្តែពួកគេមិនសូវជឿជាក់លើការអំពាវនាវរបស់ថ្នាក់ដឹកនាំ និងពួកគេនៅពុំទទួលបានគ្រប់គ្រាន់ និងដោយតម្លាភាពនូវព័ត៌មានអំពីគុណភាព ប្រសិទ្ធភាព និងផលវិបាកដែលអាចកើតចេញពីការចាក់វ៉ាក់សាំងដែលផលិតនៅប្រទេសចិន និងប្រទេសឥណ្ឌានៅឡើយ។
សរុបសេចក្តីមកជំនឿចិត្តរបស់ប្រជាពលរដ្ឋមកលើរដ្ឋាភិបាលពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបានថារាល់ការអំពាវនាវ និងវិធានការដែលរដ្ឋបានដាក់ចេញត្រូវបានចូលរួមអនុវត្តយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។ មន្ត្រីអនុវត្តច្បាប់មិនត្រូវអនុវត្តឱ្យហួសពីគោលបំណងនៃវិធានការដែលបានដាក់ចេញ និងធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋនោះទេ។
ប្រជាពលរដ្ឋគួរយល់ថាជំងឺកូវីដ ១៩ គឺជាវិបត្តិសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន មិនងាយនឹងស្រោចស្រង់វិញឡើយ។ ហេតុដូច្នេះពួកគេចាំបាច់ត្រូវតែសហការចូលរួមទាំងអស់គ្នាតាមគ្រប់មធ្យោបាយទាំងស្មារតី សម្ភារ និងថវិកាដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នេះឱ្យខាងតែបាន។
ការគ្រប់គ្រងប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ គឺជាភារកិច្ចយើងទាំងអស់គ្នាមិនមែនជាកិច្ចការនយោបាយ ឬដើម្បីផលប្រយោជន៍នយោបាយរបស់បក្សនយោបាយណាមួយនោះទេ ប៉ុន្តែវាជាការចូលរួមដើម្បីទ្រទ្រង់បុព្វហេតុជាតិ និងមាតុភូមិរបស់យើងទាំងអស់គ្នា។
គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ប្រសិនបើប្រជាពលរដ្ឋទាំងអស់ពុំទាន់មានសុវត្ថិភាពនៅឡើយ។ ក្នុងស្ថានភាពដ៏លំបាកនេះ សូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទទួលយកការចាក់វ៉ាក់សាំង និងអនុវត្តតាមវិធានការដែលរដ្ឋបាលដាក់ចេញឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីសេចក្តីសុខ និងសុវត្ថិភាពរបស់ខ្លួន ក្រុមគ្រួសារ និងប្រជាជាតិយើងទាំងអស់គ្នា៕
Postkhmer/Khmertimes
មតិពីមិត្តអ្នកអាន