នាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ ឯកភាពចាក់វ៉ាក់សាំងកូវីដ១៩ទៅវិញទៅមកដល់មន្ត្រីការទូត សិស្សនិស្សិតពីប្រទេសទាំង ៣ ដែលកំពុងស្នាក់នៅក្នុងប្រទេសនីមួយៗព្រមទាំងប្ដេជ្ញាអនុវត្ត និងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់។
![]() |
![]() |
![]() |
កម្ពុជា វៀតណាម និងឡាវ ឯកភាពចាក់វ៉ាក់សាំងឱ្យពលរដ្ឋទៅវិញទៅមក |
ការឯកភាព និងការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំង ៣ ពីថ្ងៃទី ១០ ខែមីនា ដែលផ្ដួចផ្ដើមគំនិតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងការបរទេសបានថ្លែងថា៖ «នាយករដ្ឋមន្ត្រីទាំង ៣ បានឯកភាពគ្នាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩។ នាយករដ្ឋមន្ត្រីទាំង ៣ ក៏បានឯកភាពគ្នាក្នុងការផ្តល់ការចាក់វ៉ាក់សាំងកូវីដ ១៩ ទៅវិញទៅមកដោយមិនគិតថ្លៃដល់មន្ត្រីការទូត និងសិស្ស និស្សិត កម្ពុជា ឡាវ និងវៀតណាមដែលកំពុងស្នាក់នៅក្នុងប្រទេសនីមួយៗ»។
ពាក់ព័ន្ធនឹងការឆ្លងរាលដាលក្នុងសហគមន៍នៅកម្ពុជា នាយករដ្ឋមន្ត្រីឡាវ និងវៀតណាមសម្តែងនូវជំនឿជឿជាក់ថា ប្រទេសកម្ពុជា នឹងទទួលបានជោគជ័យក្នុងការទប់ស្កាត់ការផ្ទុះរាលដាលដែលកំពុងកើតមានឡើងសាជាថ្មីនេះ។
នាយករដ្ឋមន្ត្រីទាំង ៣ ក៏បានកត់សម្គាល់នូវការកើនឡើងនៃទំហំពាណិជ្ជកម្មរវាង កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាមផងដែរ ហើយបានសម្តែងនូវការពេញចិត្តរួមគ្នាចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យរវាងប្រទេសទាំង ៣ ទោះកំពុងប្រឈមខ្លាំងពីជំងឺកូវីដ ១៩ ក៏ដោយ។
ក្រសួងការបរទេសបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំទាំង ៣ បានឯកភាពពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយសន្តិសុខ ការពារជាតិ ការគ្រប់គ្រងព្រំដែន ពាណិជ្ជកម្ម និងវិនិយោគការតភ្ជាប់ថាមពល និងអប់រំ»។
ថ្នាក់ដឹកនាំប្រទេសទាំង ៣ ឯកភាពបន្តរក្សា និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវយន្តការនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងព្រំដែន ព្រមទាំងសហការបន្ថែមក្នុងការការពារសន្តិសុខតាមបណ្តោយព្រំដែនរួម។
ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តពាក់ព័ន្ធនៃប្រទេសទាំង ៣ ត្រូវអនុវត្តនូវការព្រមព្រៀងដែលបានសម្រេចក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះ រួមទាំងបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងបណ្តាប្រទេសទាំង ៣។ នេះបើតាមក្រសួងការបរទេស។
ក្រៅពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីនាយករដ្ឋមន្ត្រីទាំង ៣ ក៏បានជជែកពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
គេហទំព័រព័ត៌មានរបស់រដ្ឋាភិបាលបានចុះផ្សាយថា «ទាក់ទងនឹងកង្វល់រួមកម្រិតតំបន់ និងអន្តរជាតិនាយករដ្ឋមន្ត្រីទាំង ៣ បង្ហាញពីបំណងប្រាថ្នាចង់ឃើញប្រទេសមីយ៉ាន់ម៉ាអាចស្ដារឡើងវិញនូវស្ថិរភាពឆាប់ៗនេះ និងប្រាថ្នាចង់ឃើញភាពមិនចុះសម្រុងគ្នាត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនាដោយសន្តិវិធីដើម្បីជាប្រយោជន៍របស់មីយ៉ាន់ម៉ា និងសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការរួមសហការទប់ស្កាត់កូវីដ-១៩រវាងប្រទេសទាំង ៣ ពិតជាមានសារៈសំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពេលវិបត្តិនេះបានផុតទៅ។ លោកយល់ថា ប្រទេសទាំង ៣ មានកិច្ចសហប្រតិបត្តិការល្អលើផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕
Postkhmer
មតិពីមិត្តអ្នកអាន