យុគសម័យ - នៅក្នុងក្របខ័ណ្ឌវេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) ឆ្នាំ ២០២៦ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ៨ ដល់ថ្ងៃទី ៩ មិថុនា ឯកអគ្គរដ្ឋទូត និងអ្នកការទូតអន្តរជាតិជាច្រើនរូប បានវាយតម្លៃខ្ពស់ចំពោះតួនាទីកាន់តែសកម្មជាលំដាប់របស់វៀតណាម ក្នុងការជំរុញកិច្ចសន្ទនា ពង្រឹងសាមគ្គីភាពផ្ទៃក្នុងប្លុក និងការរួមចំណែកចូលទៅក្នុងដំណើរការកំណត់រូបរាងនៃចក្ខុវិស័យអភិវឌ្ឍន៍របស់អាស៊ាននៅក្នុងដំណាក់កាលថ្មី។
បើតាមកាសែត Tien Phong ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសវៀតណាម លោក Jim Nickel បានយល់ឃើញថា សារលិខិតស្តីពីសន្តិភាព វិបុលភាព និងអនាគតដែលយកមនុស្សជាមជ្ឈមណ្ឌល គឺមានអត្ថន័យសំខាន់ជាពិសេសនៅក្នុងបរិបទនាពេលបច្ចុប្បន្ន។ តាមលោក អាស៊ានក្នុងនាមជាសហគមន៍តំបន់មួយ អាចរួមចំណែកយ៉ាងសកម្ម មិនត្រឹមតែសម្រាប់សន្តិភាព និងការអភិវឌ្ឍរបស់តំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពិភពលោកទាំងមូលទៀតផង។
បើតាមឯកអគ្គរដ្ឋទូត លោក Jim Nickel ការដែលអាស៊ាន និងកាណាដាបានដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ បានគូសបញ្ជាក់នូវជំហានរីកចម្រើនដ៏សំខាន់មួយ ក្រោយរយៈពេលជិត ៥០ ឆ្នាំដែលភាគីទាំងពីរបានបង្កើតទំនាក់ទំនងកិច្ចសន្ទនា។ លោកបានយល់ឃើញថា គ្រឹះស្ថាននៃទំនាក់ទំនងនេះ គឺបណ្តាតម្លៃ និងផលប្រយោជន៍រួម ក៏ដូចជាវិធីសាស្ត្រចូលទៅជិតដ៏ប្រហាក់ប្រហែលគ្នាចំពោះបណ្តាបញ្ហាអន្តរជាតិ។
![]() |
| ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសវៀតណាម លោក Jim Nickel។ |
ឯកអគ្គរដ្ឋទូតកាណាដាបានសង្កត់ធ្ងន់ថា ពិភពលោកនាពេលបច្ចុប្បន្នកំពុងសាក្សីភាពនូវការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និន្នាការនៃការបែកបាក់សេដ្ឋកិច្ច និងការធ្លាក់ចុះចុ្សងខ្សោយនៃបណ្តាច្បាប់ ក្រមសីលធម៌ ក៏ដូចជាបណ្តាស្ថាប័នពហុភាគី។ នៅក្នុងបរិបទនោះ វេទិកានានាដូចជា វេទិកាអនាគតអាស៊ាន គឺមានអត្ថន័យជាពិសេសនៅក្នុងការស្វែងរកសំឡេងរួម និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកក៏បានកត់សម្គាល់ផងដែរថា ទន្ទឹមនឹងបណ្តាឱកាសដែលបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតនាំមកជូន សហគមន៍អន្តរជាតិចាំបាច់ត្រូវតែធានាថា បច្ចេកវិទ្យាថ្មីៗត្រូវបានយកមកប្រើប្រាស់ដើម្បីបម្រើដល់ផលប្រយោជន៍របស់មនុស្សជាតិ។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសវៀតណាម លោក Olivier Brochet ក៏បានលើកឡើងដែរថា វេទិកាអនាគតអាស៊ានកំពុងតែក្លាយជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយរបស់តំបន់ជាបណ្តើរៗហើយ។ នៅក្នុងបរិបទដែលបណ្តាវិបត្តិអន្តរជាតិ ចាប់តាំងពីអឺរ៉ុបរហូតដល់តំបន់ជាច្រើនផ្សេងទៀត កំពុងធ្វើឱ្យកើនឡើងនូវអស្ថិរភាពសកល រាល់សារលិខិតស្តីពីកិច្ចសហប្រតិបត្តិការ ភាពបើកចំហ និងស្ថិរភាពដែលត្រូវបានផ្សព្វផ្សាយចេញពីអាស៊ាន គឺមានអត្ថន័យសំខាន់ជាពិសេសចំពោះប្រជាជន ក៏ដូចជាការអភិវឌ្ឍរបស់តំបន់។
![]() |
| ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសវៀតណាម លោក Francisco Noel R. Fernandez III។ |
ការចែករំលែកនៅលើវិទ្យុសំឡេងវៀតណាម (VOV) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសវៀតណាម លោក Francisco Noel R. Fernandez III បានយល់ឃើញថា វេទិកា AFF គឺជាគំនិតផ្តួចផ្តើមមួយដែលមានអត្ថន័យ នៅពេលផ្តោតការពិភាក្សាលើបណ្តានិន្នាការ និងឱកាសនាពេលអនាគតរបស់អាស៊ាន។ តាមលោក នៅពេលដែលអាស៊ានត្រៀមលក្ខណៈទទួលបញ្ជូលប្រទេសទីម័រខាងកើត ឱ្យក្លាយជាសមាជិកទី ១១ នោះ ការរួមគ្នាពិភាក្សាអំពីចក្ខុវិស័យអភិវឌ្ឍន៍របស់សមាគមក្នុងរយៈពេល ១០ ដល់ ២០ ឆ្នាំខាងមុខ គឺជារឿងដែលចាំបាច់បំផុត។ លោកបានវាយតម្លៃថា វេទិកានេះបានបំពេញបន្ថែមប្រកបដោយប្រសិទ្ធភាពដល់បណ្តាយន្តការសហប្រតិបត្តិការដែលមានស្រាប់របស់អាស៊ាន តាមរយៈការតម្រង់ការយកចិត្តទុកដាក់ទៅលើបណ្តាការប្រឈម និងឱកាសរយៈពេលវែង។
ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅប្រទេសវៀតណាម លោក Julien Guerrier បានវាយតម្លៃថា បណ្តាសារលិខិតដែលបានដាក់ចេញនៅក្នុងវេទិកានេះ បានបង្ហាញពីចក្ខុវិស័យឆ្ពោះទៅរកអនាគត ជាពិសេសគឺគោលដៅកសាងបណ្តាមជ្ឈមណ្ឌលនវានុវត្តន៍ និងការរួមគ្នាកំណត់រូបរាងនូវបណ្តាក្រមសីលធម៌សម្រាប់ពិភពលោកមួយ ដែលបន្តដំណើរការនៅលើគ្រឹះស្ថាននៃច្បាប់អន្តរជាតិ។
ដោយចែករំលែកទស្សនៈប្រហាក់ប្រហែលគ្នានៅលើទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN) លោកស្រី Ton Thi Ngoc Huong ប្រធានបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន បានកត់សម្គាល់ថា វេទិកា AFF បានក្លាយជាគំនិតផ្តួចផ្តើមប្រកបដោយការយកចិត្តទុកដាក់មួយនៃកិច្ចការបរទេស ដែលឆ្លុះបញ្ចាំងពីដំណើរការផ្លាស់ប្តូររបស់វៀតណាម ពីសមាជិកដែលចូលរួមយ៉ាងសកម្ម ទៅជាប្រទេសមួយដែលមានការរួមចំណែកនៅក្នុងការកសាងកម្មវិធីរបៀបវារៈយុទ្ធសាស្ត្ររបស់អាស៊ាន។ បើតាមលោកស្រី ករណីនេះបានរួមចំណែកពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាជំរុញកិច្ចសន្ទនានៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកាន់តែកើនឡើងជាលំដាប់។
ពីជ្រុងមើលនៃដៃគូមួយនៅក្រៅតំបន់ ឧបទូតបេឡារុស្សប្រចាំនៅប្រទេសវៀតណាម លោក Oleg Shloma បានវាយតម្លៃខ្ពស់ចំពោះវិធីសាស្ត្រចូលទៅជិតប្រកបដោយភាពម្ចាស់ការរបស់វៀតណាម នៅក្នុងការជំរុញកិច្ចសន្ទនា និងការកសាងជំនឿចិត្ត។ លោកបានយល់ឃើញថា វេទិកា AFF បានបង្កើតឡើងនូវលំហមួយដើម្បីឱ្យបណ្តាប្រទេសស្វែងរកផលប្រយោជន៍រួម បង្រួមភាពខុសគ្នា និងពិភាក្សាអំពីដំណោះស្រាយសម្រាប់បណ្តាការប្រឈមសកល តាមរយៈកិច្ចសន្ទនាជំនួសឱ្យការប្រឈមមុខដាក់គ្នា។ តាមលោក នេះគឺជាការរួមចំណែកដ៏ជាក់ស្តែងរបស់វៀតណាមចំពោះការខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការ និងការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។
ក្នុងពេលជាមួយគ្នានោះ ភាគីឡាវក៏បានកត់សម្គាល់នូវបណ្តាការរួមចំណែករបស់វៀតណាមចំពោះដំណើរការនៃកិច្ចសហប្រតិបត្តិការអាស៊ានផងដែរ។ តំណាងក្រសួងការបរទេសឡាវបានអះអាងថា វៀតណាមបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ បង្កើនសាមគ្គីភាពផ្ទៃក្នុងប្លុក និងពង្រឹងស្មារតីទទួលខុសត្រូវរួមរបស់បណ្តាប្រទេសជាសមាជិក។ ទន្ទឹមនឹងនោះ បានសម្តែងនូវជំនឿចិត្តថា រួមជាមួយបណ្តាគំនិតផ្តួចផ្តើមដែលមានលក្ខណៈស្ថាបនារបស់វៀតណាម និងបណ្តាប្រទេសជាសមាជិក អាស៊ាននឹងបន្តរីកចម្រើនទៅជាសហគមន៍មួយដ៏រឹងមាំ និងមានសំឡេងកាន់តែសំខាន់ជាលំដាប់នៅលើឆាកអន្តរជាតិ។
បណ្តាការវាយតម្លៃប្រកបដោយភាពវិជ្ជមានពីសំណាក់ឯកអគ្គរដ្ឋទូត និងអ្នកការទូតអន្តរជាតិទាំងឡាយ បានបង្ហាញឱ្យឃើញពីការកត់សម្គាល់ចំពោះការរួមចំណែកកាន់តែច្បាស់ក្រឡែតឡើងជាលំដាប់របស់វៀតណាមនៅក្នុងអាស៊ាន ក្រោយរយៈពេល ៣០ ឆ្នាំនៃការចូលរួមនៅក្នុងសមាគមមួយនេះ។ តាមរយៈបណ្តាគំនិតផ្តួចផ្តើមដូចជា AFF ប្រទេសវៀតណាមបានបន្តអះអាងនូវតួនាទីជាសមាជិកដ៏សកម្ម ម្ចាស់ការ និងប្រកបដោយការទទួលខុសត្រូវ ដោយរួមចំណែកចូលទៅក្នុងការកំណត់រូបរាងនូវបណ្តាទិសដៅអភិវឌ្ឍន៍របស់អាស៊ាននៅក្នុងដំណាក់កាលថ្មី៕
យុគសម័យ - ដំណើរការងាររបស់នាយករដ្ឋមន្ត្រី លោក Le Minh Hung និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដើម្បីអញ្ជើញចូលរួមសន្និសីទកំពូលអាស៊ានលើកទី ៤៨ គឺសំដៅបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវមាគ៌ាកិច្ចការបរទេស តាមស្មារតីនៃមហាសន្និបាតលើកទី XIV របស់បក្ស ដែលក្នុងនោះ អាស៊ានបន្តជាអាទិភាពយុទ្ធសាស្ត្រជួរមុខ។ ទន្ទឹមនឹងនោះ ដំណើរនេះក៏បានអះអាងនូវរូបភាព ឋានៈ និងតួនាទីរបស់វៀតណាម ក្នុងការរួមចំណែកកសាងអាស៊ានមួយដែលឈានមុខ ដឹកនាំ និងតម្រង់ទិសដៅនៃការផ្លាស់ប្តូរក្នុងបរិបទថ្មី៖ នោះគឺពិភពលោកមួយដែលពោរពេញដោយបម្រែបម្រួល ហើយបរិយាកាសយុទ្ធសាស្ត្រកាន់តែខ្វះសន្តិសុខ ... |
យុគសម័យ - ដំណើរការងាររបស់នាយករដ្ឋមន្ត្រី លោក Le Minh Hung ដើម្បីអញ្ជើញចូលរួមសន្និសីទកំពូលអាស៊ានលើកទី ៤៨ បានបង្ហាញយ៉ាងច្បាស់នូវសារអំពីវៀតណាមមួយដែលម្ចាស់ការ មានការទទួលខុសត្រូវ និងត្រៀមលក្ខណៈជាស្រេចក្នុងការរួមចំណែកកំណត់អនាគតតំបន់ក្នុងដំណាក់កាលថ្មី។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន