Trending now

ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់

15:23 | 26/06/2026 ឌឹកអាញ់

យុគសម័យ​ - បណ្តាមូលដ្ឋានកំពុងជម្រុញល្បឿននៃការពិនិត្យឡើងវិញ ចុះឈ្មោះ និងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់អត្តសញ្ញាណបាន ដើម្បីបម្រើឱ្យយុទ្ធនាការកម្រិតខ្ពស់នៅទូទាំងប្រទេស។ ការកសាងមូលដ្ឋានទិន្នន័យ ADN ត្រូវបានរំពឹងថានឹងបើកបន្ថែមឱកាសកំណត់អត្តសញ្ញាណសម្រាប់យុទ្ធជនពលីរាប់សែនរូបដែលនៅខ្វះព័ត៌មាន។

អដ្ឋិធាតុយុទ្ធជនពលីជាង ២១.០០០ នាក់នៅខេត្តដុងថាប់ នឹងត្រូវយកសំណាក ADN នីតិវិធីសម្របសម្រួលកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះខាតព័ត៌មាន តាមរយៈវិធីសាស្ត្រធ្វើកោសល្យវិច័យ ADN
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់

បន្ថែមមូលដ្ឋានដើម្បីស្វែងរកឈ្មោះនិងអាយុរបស់យុទ្ធជនពលីឡើងវិញ

យោងតាមច្រកព័ត៌មានអេឡិចត្រូនិកនៃក្រសួងនគរបាល បានឱ្យដឹងថា ក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមកនេះ គ្រួសារលោកស្រី Tran Thị Lan (កើតឆ្នាំ ១៩៥១ នៅឃុំ Loc Ha ខេត្ត Ha Tinh) គឺនៅមិនទាន់ស្វែងរកឃើញផ្នូរសពរបស់បងប្រុសបង្កើតនៅឡើយទេ ដែលជាយុទ្ធជនពលី Tran Van Dao (ស្រុកកំណើតនៅឃុំ Mai Phu ខេត្ត Ha Tinh) ជាអ្នកដែលបានចូលរួមប្រយុទ្ធនៅសមរភូមិភាគខាងត្បូង ហើយមិនបានត្រឡប់មកវិញ។

ព័ត៌មានអំពីយុទ្ធជនពលីគឺនៅសេសសល់តិចតួចណាស់។ គ្រួសារគ្រាន់តែដឹងថាលោកបានប្រយុទ្ធនៅភាគខាងត្បូង ដោយមិនច្បាស់អំពីអង្គភាព និងកន្លែងពលីជីវិតឡើយ។ ហេតុដូច្នេះ នៅពេលដែលត្រូវបាននគរបាលឃុំ Mai Phu ណែនាំឱ្យចុះឈ្មោះយកសំណាក ADN របស់សាច់ញាតិ លោកស្រី Lan មានសេចក្តីសង្ឃឹមថា ការផ្ទៀងផ្ទាត់ប្រៀបធៀប ADN នឹងបើកបន្ថែមឱកាសដើម្បីស្វែងរកឃើញផ្នូរសពរបស់បងប្រុសខ្លួន។

ដូចគ្នានឹងគ្រួសារលោកស្រី Lan ដែរ សាច់ញាតិយុទ្ធជនពលីជាច្រើនរូបនៅទូទាំងប្រទេស នៅតែបន្តរង់ចាំព័ត៌មានដ៏ត្រឹមត្រូវមួយអំពីសាច់ញាតិរបស់ខ្លួន ក្រោយរយៈពេលច្រើនទសវត្សរ៍នៃការស្វែងរក។ នៅក្នុងបរិបទនោះ ការប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលី ត្រូវបានចាត់ទុកថាជាដំណោះស្រាយដែលមានអត្ថន័យជាក់ស្តែង បង្កើតបន្ថែមនូវទិន្នន័យវិទ្យាសាស្ត្រ ដើម្បីបម្រើឱ្យការងារកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។

នៅខេត្ត Ha Tinh នគរបាលបណ្តាឃុំ សង្កាត់ កំពុងសម្របសម្រួលជាមួយរដ្ឋអំណាច អង្គការមហាជន និងកម្មាភិបាលមូលដ្ឋាន ដើម្បីពិនិត្យឡើងវិញនូវព័ត៌មានយុទ្ធជនពលី ណែនាំសាច់ញាតិបំពេញបែបបទលិខិតស្នាម រៀបចំដ្យាក្រាមពង្សាវតារ កំណត់ឱ្យបានត្រឹមត្រូវនូវមុខសញ្ញាដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីយកសំណាក។ ការងារនេះគឺដើម្បីរៀបចំសម្រាប់យុទ្ធនាការកម្រិតខ្ពស់ក្នុងការប្រមូលសំណាក ADN ដែលត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែកក្កដា នៅតាមបណ្តុំចំនួន ៥ នៅក្នុងភូមិសាស្ត្រខេត្ត។

យោងតាមនគរបាលឃុំ Mai Phu បានឱ្យដឹងថា នាពេលបច្ចុប្បន្ន មូលដ្ឋានមានយុទ្ធជនពលីចំនួន ៨៤ រូប ដែលមិនទាន់កំណត់បានព័ត៌មានផ្នូរសព ដោយមានសាច់ញាតិចំនួន ១៣៣ រូប ស្ថិតក្នុងករណីត្រូវយកសំណាក ADN។ នៅឃុំ Thạch Lạc ក្នុងចំណោមយុទ្ធជនពលីសរុបចំនួន ៣០២ រូប គឺនៅសេសសល់ ១៤៨ ករណី ដែលមិនទាន់កំណត់បានព័ត៌មានផ្នូរសពពេញលេញនៅឡើយ។ កម្លាំងនគរបាលមូលដ្ឋានកំពុងជួយជ្រោមជ្រែងដោយផ្ទាល់ដល់គ្រួសារនីមួយៗក្នុងការបំពេញបែបបទ ផ្ទៀងផ្ទាត់ព័ត៌មានពង្សាវតារ; ទន្ទឹមនឹងនោះ មានផែនការសកម្មភាពជួយជ្រោមជ្រែងដល់បណ្តាសាច់ញាតិដែលមានអាយុច្រើន សុខភាពខ្សោយ និងជួបការលំបាកក្នុងការធ្វើដំណើរ។

យោងតាមការិយាល័យនគរបាលគ្រប់គ្រងរដ្ឋបាលស្តីពីសណ្តាប់ធ្នាប់សង្គម នៃនគរបាលខេត្ត Ha Tinh បានឱ្យដឹងថា នៅទូទាំងខេត្តបានធ្វើបច្ចុប្បន្នភាពយុទ្ធជនពលីចំនួន ២២.៤៦៦ រូប ចូលទៅក្នុងមូលដ្ឋានទិន្នន័យជាតិស្តីពីប្រជាជន។ ក្នុងនោះ យុទ្ធជនពលីចំនួន ១២.២៤១ រូប មិនទាន់មានព័ត៌មានផ្នូរសព; យុទ្ធជនពលីចំនួន ១០.១០០ រូប កំណត់បានព័ត៌មានផ្នូរសពរួចរាល់; ១២៥ ករណី ត្រូវបានកំណត់ថាជាផ្នូរសពយុទ្ធជនពលីដែលលែងមានអដ្ឋិធាតុទៀតហើយ។ មកទល់ពេលនេះ សាច់ញាតិយុទ្ធជនពលីចំនួន ១៦.៣១០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពឡើងលើប្រព័ន្ធ ដើម្បីបម្រើឱ្យការប្រមូលសំណាក ADN ក្នុងនោះសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីចំនួន ២៥៦ សំណាក ត្រូវបានប្រមូល និងធ្វើបច្ចុប្បន្នភាពរួចរាល់ហើយ។

ដំណើរការអនុវត្តនៅតែជួបប្រទះការលំបាកជាច្រើន ដោយសារតែយុទ្ធជនពលីជាច្រើនរូបគឺលែងមានសាច់ញាតិខាងខ្សែស្រឡាយខាងម្តាយដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីយកសំណាកផ្ទៀងផ្ទាត់ប្រៀបធៀប; សាច់ញាតិមួយចំនួនមានអាយុច្រើន សុខភាពខ្សោយ; ករណីជាច្រើនបានផ្លាស់ប្តូរកន្លែងស្នាក់នៅឆ្លងកាត់ច្រើនដំណាក់កាល។ ទន្ទឹមនឹងនោះ លិខិតស្នាម និងឯកសាររក្សាទុកមិនតិចនោះទេដែលទាក់ទិននឹងយុទ្ធជនពលី គឺនៅខ្វះខាត ឬខុសឆ្គងព័ត៌មាន ដែលជះឥទ្ធិពលដល់ការប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យ។

យុទ្ធនាការកម្រិតខ្ពស់ក្នុងការប្រមូលសំណាក ADN នៅទូទាំងប្រទេស

ការប្រមូលសំណាកជីវសាស្ត្រ ADN របស់សាច់ញាតិយុទ្ធជនពលី កំពុងត្រូវបានអនុវត្តនៅតាមមូលដ្ឋានជាច្រើន តាមផែនការរបស់ក្រសួងនគរបាល។

នៅខេត្ត Lang Son នគរបាលខេត្តបានសម្របសម្រួលជាមួយបណ្តាអង្គភាពជំនាញនៃក្រសួងនគរបាល នគរបាលមូលដ្ឋាន និងអង្គភាពយកសំណាក ដើម្បីរៀបចំការប្រមូលសំណាក ADN ដោយផ្ទាល់នៅតាមគ្រួសារសាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់បានផ្នូរសព និងអត្តសញ្ញាណ។ ដំណើរការយកសំណាកត្រូវបានអនុវត្តតាមលំដាប់លំដោយជំនាញ ធានាបាននូវសុវត្ថិភាព និងភាពត្រឹមត្រូវ។ ក្នុងឆ្នាំ ២០២៥ នគរបាលខេត្ត Lang Son ប្រមូលបានសំណាកជីវសាស្ត្រ ADN របស់សាច់ញាតិយុទ្ធជនពលីចំនួន ៧០ សំណាក រួចធ្វើបច្ចុប្បន្នភាពចូលទៅក្នុងមូលដ្ឋានទិន្នន័យដើម្បីបម្រើឱ្យការងារផ្ទៀងផ្ទាត់ប្រៀបធៀប។

ក្នុងពេលជាមួយគ្នានោះ នគរបាលខេត្ត An Giang បានដាក់ចេញនូវគោលដៅប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់អត្តសញ្ញាណបាន ឱ្យបានជាង ៣.០០០ សំណាក ដោយខិតខំប្រឹងប្រែងបំពេញសម្រេចទិន្នន័យឱ្យបានពេញលេញបំផុតនៅក្នុងខែកក្កដា ឆ្នាំ ២០២៦។

នាថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ អនុនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានអញ្ជើញចូលរួមពិធីបំផុសចលនាអនុវត្តយុទ្ធនាការកម្រិតខ្ពស់ក្នុងការប្រមូលសំណាកជីវសាស្ត្រ ADN របស់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាននៅទូទាំងប្រទេស។ សកម្មភាពនេះស្ថិតនៅក្នុងយុទ្ធនាការ “៥០០ ថ្ងៃយប់ ជម្រុញការអនុវត្តការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី” សំដៅឆ្ពោះទៅរកការរំលឹកខួបលើកទី ៨០ នៃទិវាជនពិការនិងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ ដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧)។

យោងតាមព័ត៌មាននៅក្នុងពិធី នាពេលកន្លងទៅ ក្រសួងនគរបាលបានធ្វើជាប្រធាន និងសម្របសម្រួលជាមួយបណ្តាអង្គភាព ដើម្បីអនុវត្តការងារប្រមូល ផ្ទៀងផ្ទាត់ប្រៀបធៀប វិភាគ និងធ្វើសមកាលកម្មទិន្នន័យ ADN របស់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន ឱ្យបានជាង ៥៣.០០០ ទិន្នន័យ ចូលទៅក្នុងមូលដ្ឋានទិន្នន័យ តាមរយៈនោះ កំណត់ និងទទួលស្គាល់អត្តសញ្ញាណជូនយុទ្ធជនពលីចំនួន ២៥ រូប ដែលមិនទាន់កំណត់បានព័ត៌មាន រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការកំណត់អត្តសញ្ញាណយុទ្ធជនពលី។

សារព័ត៌មាន Thanh Nien បានស្រង់ប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ Vu Van Tan អនុប្រធាននាយកដ្ឋាននគរបាលគ្រប់គ្រងរដ្ឋបាលស្តីពីសណ្តាប់ធ្នាប់សង្គម (C06 - ក្រសួងនគរបាល) ឱ្យដឹងថា យុទ្ធនាការកម្រិតខ្ពស់ក្នុងការស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីតាមរយៈបច្ចេកវិទ្យាជីវសាស្ត្រ និងទិន្នន័យប្រជាជន ត្រូវបានក្រសួងនគរបាលអនុវត្តយ៉ាងលឿនរហ័សនៅទូទាំងប្រទេស។

យុទ្ធនាការបានដាក់ចេញនូវគោលដៅយ៉ាងបន្ទាន់៖ ខិតខំប្រឹងប្រែងប្រមូលសំណាកជីវសាស្ត្រឱ្យបាន ៣០០.០០០ សំណាក ភ្លាមៗនៅក្នុងឆ្នាំ ២០២៦។ ផែនការផ្លូវត្រូវបានបែងចែកជាពីរដំណាក់កាល ក្នុងនោះ ដំណាក់កាលទី ១ (ចាប់ពីថ្ងៃទី ២៥ ខែមិថុនា ដល់ថ្ងៃទី ២៥ ខែកក្កដា) ដាក់គោលដៅប្រមូលឱ្យបាន ២៥០.០០០ សំណាក និងដំណាក់កាលទី ២ (ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែធ្នូ) ប្រមូលចំនួន ៥០.០០០ សំណាកដែលនៅសេសសល់។

នាពេលបច្ចុប្បន្ន នៅទូទាំងប្រទេសនៅសេសសល់យុទ្ធជនពលីជាង ១៧៥.០០០ រូប ដែលមិនទាន់ស្វែងរកឃើញអដ្ឋិធាតុ និងផ្នូរសពយុទ្ធជនពលីជាង ៣០០.០០០ ផ្នូរ នៅខ្វះព័ត៌មាន។ ហេតុដូច្នេះ ការកសាង និងបំពេញសម្រេចមូលដ្ឋានទិន្នន័យ ADN របស់សាច់ញាតិយុទ្ធជនពលី គឺជាមូលដ្ឋានដ៏សំខាន់មួយ ដើម្បីបង្កើនលទ្ធភាពផ្ទៀងផ្ទាត់ប្រៀបធៀប និងផ្ទៀងផ្ទាត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី រួមចំណែកឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់បណ្តាគ្រួសារគោលនយោបាយ និងអនុវត្តឱ្យកាន់តែល្អប្រសើរនូវការងារតបស្នងសងគុណ៕

ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧ ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧

យុគសម័យ - ខេត្ត Hung Yen កំពុងជម្រុញខ្លាំងក្លាការដាក់ពង្រឹងអនុវត្ត «យុទ្ធនាការ ៥០០ ថ្ងៃយប់» អំពីការស្វែងរក ការប្រមូលផ្តុំ ព្រមទាំងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់ច្បាស់លាស់ព័ត៌មាន ក្នុងនោះតម្រូវឱ្យបំពេញរួចរាល់ការយកសំណាក ADN ចំពោះសាកសពផ្នូរយុទ្ធជនពលីដែលមិនទាន់កំណត់បានអត្តសញ្ញាណមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧ សំដៅបម្រើឱ្យការងារធ្វើកោសល្យវិច័យ ព្រមទាំងប្រគល់ឈ្មោះត្រឡប់ជូនបណ្ដាវីរយុទ្ធជនពលីវិញ។

ADN បើកបន្ថែមសង្ឃឹមក្នុងការកំណត់អត្តសញ្ញាណយុទ្ធជនពលី ADN បើកបន្ថែមសង្ឃឹមក្នុងការកំណត់អត្តសញ្ញាណយុទ្ធជនពលី

យុគសម័យ - ការធ្វើកោសល្យវិច័យ ADN ការកសាងធនាគារហ្សែន ព្រមទាំងការធ្វើឌីជីថលភាវូបនីយកម្មទិន្នន័យ បានក្លាយជាទិសដៅស្នូលនៅក្នុងការងារកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីនិងរដ្ឋាភិបាលបានដាក់ចេញនូវយន្តការពិសេស សំដៅដោះស្រាយរាល់ការលំបាក ព្រមទាំងការជំពាក់ជំពិនដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង "របាំងការពារ" ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់
បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនលើកទី ១៣
នាយករដ្ឋមន្ត្រី Le Minh Hung អញ្ជើញចូលរួមមហាសន្និបាតជាន់ខ្ពស់អាស៊ាន-រុស្ស៊ី៖ បង្ហាញពីការប្តេជ្ញាចិត្តនយោបាយក្នុងកម្រិតខ្ពស់បំផុត និងជាភស្តុតាងសម្រាប់ត
បច្ចេកវិទ្យាបើកចំហទិសដៅសន្សំសំចៃអគ្គិសនីប្រកបដោយវៃឆ្លាត