Trending now

រូបភាព ឋានៈ និងតួនាទីរបស់វៀតណាមជាមួយអាស៊ាន ក្នុងពិភពលោកដែលមានបម្រែបម្រួល

08:33 | 11/05/2026 ឌឹកអាញ់

យុគសម័យ - ដំណើរការងាររបស់នាយករដ្ឋមន្ត្រី លោក Le Minh Hung និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដើម្បីអញ្ជើញចូលរួមសន្និសីទកំពូលអាស៊ានលើកទី ៤៨ គឺសំដៅបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវមាគ៌ាកិច្ចការបរទេស តាមស្មារតីនៃមហាសន្និបាតលើកទី XIV របស់បក្ស ដែលក្នុងនោះ អាស៊ានបន្តជាអាទិភាពយុទ្ធសាស្ត្រជួរមុខ។ ទន្ទឹមនឹងនោះ ដំណើរនេះក៏បានអះអាងនូវរូបភាព ឋានៈ និងតួនាទីរបស់វៀតណាម ក្នុងការរួមចំណែកកសាងអាស៊ានមួយដែលឈានមុខ ដឹកនាំ និងតម្រង់ទិសដៅនៃការផ្លាស់ប្តូរក្នុងបរិបទថ្មី៖ នោះគឺពិភពលោកមួយដែលពោរពេញដោយបម្រែបម្រួល ហើយបរិយាកាសយុទ្ធសាស្ត្រកាន់តែខ្វះសន្តិសុខ និងមិនច្បាស់លាស់។

"រូបភាព" សេដ្ឋកិច្ចក្នុងរយៈពេល ៤ ខែដើមឆ្នាំ បន្តមានភាពល្អប្រសើរ រូបភាព៖ កងកម្លាំងនគរបាល និងមហាផ្ទៃវៀតណាម - ឡាវ - កម្ពុជា អនុវត្តការងារបង្ការ និងពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ

នាដប់អាធ្រាត្រថ្ងៃទី ០៨ ខែឧសភា នាយករដ្ឋមន្ត្រី លោក Le Minh Hung និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកដល់ទីក្រុងហាណូយវិញ ដោយបញ្ចប់ដោយជោគជ័យនូវដំណើរចូលរួមសន្និសីទកំពូលអាស៊ានលើកទី ៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាថ្ងៃទី ០៧ និង ០៨ ខែឧសភា។ នេះគឺជាដំណើរការងារនៅបរទេសលើកដំបូងរបស់លោក Le Minh Hung ក្នុងតំណែងជាប្រមុខរដ្ឋាភិបាល ហើយក៏ជាលើកទីមួយដែរដែលលោកអញ្ជើញចូលរួមសន្និសីទកំពូលអាស៊ាន។

ប្រព្រឹត្តទៅក្នុងបរិបទដែលតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកកំពុងឈរនៅចំពោះមុខបម្រែបម្រួលធំៗ និងស្មុគស្មាញ ជាពិសេសគឺស្ថានភាពវិបត្តិនៅមជ្ឈិមបូព៌ា សន្និសីទកំពូលអាស៊ានលើកទី ៤៨ ត្រូវបានវាយតម្លៃថាបានប្រព្រឹត្តទៅទាន់ពេលវេលា និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាមួយលទ្ធផលសំខាន់ៗ និងជាក់ស្តែងជាច្រើន។

រូបភាព ឋានៈ និងតួនាទីរបស់វៀតណាមជាមួយអាស៊ាន ក្នុងពិភពលោកដែលមានបម្រែបម្រួល
នាយករដ្ឋមន្ត្រី លោក Le Minh Hung អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទកំពូលអាស៊ានលើកទី ៤៨។

លើកកម្ពស់ភាពធន់របស់អាស៊ាន និងដើម្បីឱ្យប្រជាជនទទួលបានផលប្រយោជន៍

គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Le Minh Hung បានចូលរួម និងមានការរួមចំណែកយ៉ាងសំខាន់ចំពោះជោគជ័យនៃសន្និសីទ។ នាយករដ្ឋមន្ត្រីបានលើកឡើងនូវសំណើ និងគំនិតផ្តួចផ្តើមជាច្រើនដែលរួមចំណែកដល់ដំណោះស្រាយរួមរបស់អាស៊ាន ដើម្បីពង្រឹងសាមគ្គីភាព និងលើកកម្ពស់ភាពធន់របស់អាស៊ានក្នុងការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ក៏ដូចជាឆ្ពោះទៅអនាគត។

បណ្តាសំណើរបស់វៀតណាមបានផ្តល់អាទិភាពខ្ពស់បំផុតលើការធានាបរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីជំរុញ និងបង្កលក្ខណៈងាយស្រួលឱ្យអាស៊ានបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីឱ្យប្រជាជនអាស៊ានមានជីវភាពរស់នៅកាន់តែបរិបូរណ៍ និងមានសុភមង្គល។ បណ្តាវិធានការដែលវៀតណាមបានដាក់ចេញគឺមានលក្ខណៈគ្រប់ជ្រុងជ្រោយ ចាប់ពីសន្តិភាព សន្តិសុខ និងស្ថិរភាព; ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង; រហូតដល់ការបង្កើនការតភ្ជាប់សេដ្ឋកិច្ច-ពាណិជ្ជកម្មផ្ទៃក្នុង និងការលុបបំបាត់របាំងពាណិជ្ជកម្មក្នុងអាស៊ាន; ការពង្រីកទំនាក់ទំនងកិច្ចការបរទេស និងការពង្រីកលំហររបស់អាស៊ាន តាមរយៈការតភ្ជាប់ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយដៃគូខាងក្រៅ ក៏ដូចជាការបង្កើនសហប្រតិបត្តិការ និងការតភ្ជាប់អាស៊ានក្នុងការធានាសន្តិសុខថាមពល សន្តិសុខស្បៀង និងសន្តិសុខមនុស្សជាតិ។

សាររបស់វៀតណាមនៅសន្និសីទ ក៏បានបង្ហាញយ៉ាងច្បាស់នូវទស្សនៈខ្ជាប់ខ្ជួនអំពីការជំរុញការអភិវឌ្ឍបរិយាបន្ន ប្រកបដោយចីរភាព ដោយយកប្រជាជនជាមជ្ឈមណ្ឌល; ទន្ទឹមនឹងនោះ បង្កើនការផ្សារភ្ជាប់សេដ្ឋកិច្ចផ្ទៃក្នុង ជំរុញការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍបៃតង។ ចំណុចគន្លឹះគឺធ្វើឱ្យយ៉ាងណាឱ្យប្រជាជនទទួលបាននូវសមិទ្ធផល និងលទ្ធផលនៃអាស៊ាន ព្រមទាំងលើកកម្ពស់សមត្ថភាពទប់ទល់ និងភាពធន់របស់អាស៊ាននៅចំពោះមុខបញ្ហាប្រឈមបច្ចុប្បន្ន។

នៅក្នុងសម័យប្រជុំពេញអង្គ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅចំពោះមុខបញ្ហាប្រឈមដែលមានលក្ខណៈប្រទាក់ក្រឡា និងពហុវិមាត្រ សំណួរដែលចោទឡើងសម្រាប់អាស៊ាន មិនមែនជាការសួរថា "តើមានការប៉ះពាល់ឬទេ?" នោះឡើយ ប៉ុន្តែគឺអាស៊ាននឹង "ឆ្លើយតបយ៉ាងដូចម្តេច និងឆ្លើយតបជាមួយគ្នាដោយរបៀបណា?"។ យោងតាមនោះ នាយករដ្ឋមន្ត្រី លោក Le Minh Hung បានលើកឡើងនូវសំណើធំៗចំនួនបី។

ជាបឋម លោកនាយករដ្ឋមន្ត្រីយល់ឃើញថា ចាំបាច់ត្រូវប្រមូលផ្តុំធនធានដើម្បីធានានូវតម្រូវការសន្តិសុខចាំបាច់ រួមមានសន្តិសុខថាមពល សន្តិសុខស្បៀង និងសន្តិសុខមនុស្សជាតិ ដែលក្នុងនោះរួមមានការផ្តល់សច្ចាប័ន និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសន្តិសុខប្រេងកាតអាស៊ាន, ការអនុវត្តជាក់ស្តែងនូវផែនការសកម្មភាពសហប្រតិបត្តិការថាមពលអាស៊ាន ដំណាក់កាល ២០២៦ - ២០៣០, បណ្តាញអគ្គិសនីអាស៊ាន និងប្រព័ន្ធបំពង់បង្ហូរឧស្ម័នអាស៊ាន; ការធ្វើពិពិធកម្មប្រភពថាមពល ជំរុញការផ្លាស់ប្តូរថាមពល និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង និងបច្ចេកវិទ្យាទំនើប; លើកកម្ពស់ប្រសិទ្ធភាពនៃក្របខ័ណ្ឌ និងកិច្ចព្រមព្រៀងសន្តិសុខស្បៀងដែលមានស្រាប់ បង្កើនការត្រៀមបម្រុងយុទ្ធសាស្ត្រ និងបង្កើតយន្តការត្រៀមបម្រុងបន្ទាន់ និងឯកទេសសម្រាប់អង្ករ និងមុខទំនិញចាំបាច់ផ្សេងៗទៀត។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រស្បៀងអាហារក្នុងស្ថានភាពបន្ទាន់ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការងារគាំទ្រពលរដ្ឋ។

រូបភាព ឋានៈ និងតួនាទីរបស់វៀតណាមជាមួយអាស៊ាន ក្នុងពិភពលោកដែលមានបម្រែបម្រួល
នាយករដ្ឋមន្ត្រី លោក Le Minh Hung និងប្រមុខគណៈប្រតិភូនៃបណ្តាប្រទេសអាស៊ាន អញ្ជើញចូលរួមពិធីបើកសន្និសីទកំពូលអាស៊ានលើកទី ៤៨។

លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យជំរុញសហប្រតិបត្តិការជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពផ្ទៃក្នុង និងសមត្ថភាពទប់ទល់របស់អាស៊ាន។ យោងតាមនោះ ចាំបាច់ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងសម្រេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។

ជាចុងក្រោយ នាយករដ្ឋមន្ត្រី លោក Le Minh Hung បានអំពាវនាវឱ្យបង្កើនការសម្របសម្រួល និងសាមគ្គីភាពអាស៊ាន ដែលក្នុងនោះត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការពិគ្រោះយោបល់ និងការសម្របសម្រួលអន្តរវិស័យក្នុងស្ថានភាពបន្ទាន់ ក៏ដូចជាបន្តលើកកម្ពស់តួនាទីសម្របសម្រួលរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីធានាថាបណ្តាការសន្យាក្នុងតំបន់ត្រូវបានអនុវត្តជាបន្តបន្ទាប់ ស៊ីចង្វាក់គ្នា និងមានប្រសិទ្ធភាព។

នៅក្នុងសម័យប្រជុំចង្អៀត លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងបរិយាកាសយុទ្ធសាស្ត្រដែលកាន់តែខ្វះសន្តិសុខ និងមិនច្បាស់លាស់ អាស៊ានមិនអាចត្រឹមតែបន្ស៊ាំខ្លួនទៅនឹងការផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែឈានមុខ ដឹកនាំ និងតម្រង់ទិសដៅនៃការផ្លាស់ប្តូរ។ យោងតាមនោះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងនូវសំណើផ្ដោតសំខាន់ចំនួន ០៣ សម្រាប់អាស៊ានក្នុងបរិបទថ្មី៖

ទីមួយ អាស៊ានត្រូវតែដើរតួជាអ្នកត្រួសត្រាយផ្លូវក្នុងការរក្សាច្បាប់ ពង្រឹងជំនឿទុកចិត្តក្នុងទំនាក់ទំនងអន្តរជាតិ តាមរយៈការប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ។ យោងតាមនោះ អាស៊ានត្រូវចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅលើពិភពលោក ក៏ដូចជានៅក្នុងតំបន់។ នៅសមុទ្រខាងកើត អាស៊ានត្រូវខិតខំរួមជាមួយចិន ដើម្បីធានាការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចឱ្យបានឆាប់នូវក្រមប្រតិបត្តិសមុទ្រខាងកើត (COC) ដែលមានប្រសិទ្ធភាព ជាក់ស្តែង និងស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) តាមតារាងពេលវេលាដែលបានព្រមព្រៀងគ្នា។

រូបភាព ឋានៈ និងតួនាទីរបស់វៀតណាមជាមួយអាស៊ាន ក្នុងពិភពលោកដែលមានបម្រែបម្រួល
សម័យប្រជុំពេញអង្គនៃសន្និសីទកំពូលអាស៊ានលើកទី ៤៨។

ទីពីរ ក្នុងពិភពលោកដែលពោរពេញដោយបម្រែបម្រួល អាស៊ានត្រូវតែឈានមុខគេក្នុងការផ្លាស់ប្តូរ ដោយការបង្ការ និងគ្រប់គ្រងវិបត្តិដោយបុរេសកម្ម។ តាមរយៈមេរៀននៅមជ្ឈិមបូព៌ា លោកនាយករដ្ឋមន្ត្រីបានស្នើថា អាស៊ានត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដែលមានស្រាប់ ជាពិសេសគឺក្របខ័ណ្ឌសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីជំរុញកិច្ចសន្ទនា កសាងទំនុកចិត្ត និងដាក់ចេញនូវការអនុវត្តការទូតបង្ការ។ បណ្តាយន្តការ និងឧបករណ៍ដោះស្រាយជម្លោះនៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) ចាំបាច់ត្រូវទាញយកមកប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ដើម្បីជំរុញកិច្ចសន្ទនា និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាដែលមានភាពខុសគ្នា។

ទីបី ការលើកកម្ពស់ស្វ័យភាពយុទ្ធសាស្ត្រ និងការលើកកម្ពស់តួនាទីមជ្ឈភាព គឺជាជម្រើសតែមួយគត់ដែលជួយឱ្យអាស៊ានឈរជើងបានរឹងមាំ និងឆ្លងកាត់បណ្តាបញ្ហាប្រឈមពហុវិមាត្រនាពេលបច្ចុប្បន្ន។ នៅចំពោះមុខការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងសម្ពាធនៃការជ្រើសរើសភាគី អាស៊ានកាន់តែត្រូវការពង្រឹងសាមគ្គីភាព ឯកភាព និងការប្រព្រឹត្តប្រកបដោយតុល្យភាពជាមួយដៃគូនានា។ អាស៊ានត្រូវរក្សាតួនាទីមជ្ឈភាព តម្រង់ទិសដៅរបៀបវារៈនៅតាមបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ព្រមទាំងបន្តពង្រីកលំហរអភិវឌ្ឍន៍តាមរយៈការជំរុញទំនាក់ទំនងកិច្ចការបរទេសជាមួយដៃគូដែលមានសក្តានុពល។

បណ្តាសំណើរបស់វៀតណាម ត្រូវបានថ្នាក់ដឹកនាំអាស៊ានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះខ្លឹមសារ និងភាពទាន់ពេលវេលា។ ផ្អែកលើមូលដ្ឋាននៃសំណើរបស់វៀតណាម សន្និសីទបានពិភាក្សា និងឯកភាពចេញ "សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីបណ្តាសកម្មភាពអាទិភាពក្នុងការពង្រឹងភាពធន់ក្នុងតំបន់ ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ពីស្ថានភាពនៅមជ្ឈិមបូព៌ា" ដែលបង្ហាញពីទស្សនៈនយោបាយរបស់អាស៊ានចំពោះស្ថានភាពនៅមជ្ឈិមបូព៌ា ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំក្នុងការកំណត់ទីតាំងរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ និងយុទ្ធសាស្ត្រ ព្រមទាំងវិធានការឆ្លើយតបរួមដែលមានលក្ខណៈជាសកម្មភាព និងការអនុវត្តជាក់ស្តែងខ្ពស់។

ការចូលរួមដោយបុរេសកម្ម និងយ៉ាងសកម្មរបស់វៀតណាមនៅសន្និសីទកំពូលអាស៊ានលើកទី ៤៨ បន្តអះអាងនូវឋានៈ និងកេរ្តិ៍ឈ្មោះដែលកាន់តែខ្ពស់ត្រដែតរបស់ប្រទេសជាតិនៅក្នុងតំបន់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមតែងតែត្រូវបានវាយតម្លៃថាជាសមាជិកសកម្មបំផុតមួយក្នុងអាស៊ាន ដោយមានការរួមចំណែកយ៉ាងជាក់ស្តែងដល់ដំណើរការកសាងសហគមន៍អាស៊ាន ក៏ដូចជាការជំរុញសហប្រតិបត្តិការក្នុងតំបន់ផងដែរ។

តាមរយៈបណ្តាសម័យប្រជុំ វៀតណាមបានបង្ហាញយ៉ាងច្បាស់នូវទស្សនៈខ្ជាប់ខ្ជួនអំពីការកសាងអាស៊ានមួយដែលមានសាមគ្គីភាព ភាពធន់ និងការបន្ស៊ាំខ្លួនដោយភាពបត់បែន; ទន្ទឹមនឹងនោះ ជំរុញឱ្យមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព រវាងការផ្លាស់ប្តូរឌីជីថល និងការធានាសុខុមាលភាពសង្គម។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងក្នុងតំបន់បានចុះផ្សាយអត្ថបទជាច្រើនអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលក្នុងនោះ រូបភាពរបស់គណៈប្រតិភូវៀតណាមមានភាពលេចធ្លោរយ៉ាងខ្លាំង។ រូបភាពនៃគណៈប្រតិភូវៀតណាមដែលចូលរួមយ៉ាងសកម្មក្នុងបណ្តាសកម្មភាពនៃសន្និសីទ ក៏បានបន្តរីកសាយភាយនូវសារអំពីវៀតណាមមួយដែលមានភាពរស់រវើក សមាហរណកម្មយ៉ាងស៊ីជម្រៅ និងត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកដល់បញ្ហារួមនៃតំបន់។

ជំរុញសហប្រតិបត្តិការជាក់ស្តែងជាមួយដៃគូនានា

រូបភាព ឋានៈ និងតួនាទីរបស់វៀតណាមជាមួយអាស៊ាន ក្នុងពិភពលោកដែលមានបម្រែបម្រួល
នាយករដ្ឋមន្ត្រី លោក Le Minh Hung ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr.។

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទកំពូលអាស៊ានលើកទី ៤៨ នាយករដ្ឋមន្ត្រី លោក Le Minh Hung បានមានជំនួបពិភាក្សា និងការជួបប្រាស្រ័យជាមួយបណ្តាថ្នាក់ដឹកនាំអាស៊ាន អគ្គលេខាធិការអាស៊ាន និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នេះក៏ជាបណ្តាជំនួបដោយផ្ទាល់លើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានក្នុងតំណែងថ្មី។

ទោះបីជាបណ្តាជំនួបមានរយៈពេលខ្លី ប៉ុន្តែមានលក្ខណៈជាក់ស្តែងខ្ពស់ ដោយផ្តោតចំៗទៅលើខ្លឹមសារសំខាន់ៗ ដោះស្រាយបញ្ហាដែលនៅសេសសល់ និងការរាំងស្ទះ ដែលតាមរយៈនោះជំរុញសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងដៃគូនានា។

បណ្តាការជួបប្រាស្រ័យទាំងនេះ បានរួមចំណែកបង្កើតនូវទំនាក់ទំនងបុគ្គលរវាងនាយករដ្ឋមន្ត្រី លោក Le Minh Hung និងបណ្តាថ្នាក់ដឹកនាំអាស៊ាន ព្រមទាំងរួមចំណែកពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាម និងបណ្តាប្រទេសដទៃទៀត។ ក្នុងជំនួបទាំងនោះ ថ្នាក់ដឹកនាំនានាសុទ្ធតែបានអបអរសាទរលោកនាយករដ្ឋមន្ត្រី Le Minh Hung ក្នុងតំណែងថ្មី និងមានបំណងចង់សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរួមគ្នាជំរុញទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម ដែលជាដៃគូស្នូល ដ៏សំខាន់ និងមានផលប្រយោជន៍រួមជាច្រើន ក្នុងបរិបទដែលស្ថានភាពតំបន់ និងពិភពលោកមានបម្រែបម្រួល និងបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន។

រូបភាព ឋានៈ និងតួនាទីរបស់វៀតណាមជាមួយអាស៊ាន ក្នុងពិភពលោកដែលមានបម្រែបម្រួល
នាយករដ្ឋមន្ត្រី លោក Le Minh Hung ទទួលជួបអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន (Kao Kim Hourn)។

បណ្តាជំនួបពិភាក្សាក៏បានអះអាងនូវការប្តេជ្ញាចិត្តរួម ក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី និងឯកភាពលើដំណោះស្រាយជាក់ស្តែងជាច្រើន។ នាយករដ្ឋមន្ត្រី លោក Le Minh Hung និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅអំពីវិធានការបង្កើនទំនុកចិត្តនយោបាយ ជំរុញសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ-ការពារជាតិ វប្បធម៌-អប់រំ និងទេសចរណ៍។ ទន្ទឹមនឹងនោះ ភាគីនានាបានសង្កត់ធ្ងន់លើអាទិភាពក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងសន្តិសុខថាមពល សន្តិសុខស្បៀង និងពង្រីកសហប្រតិបត្តិការទៅកាន់វិស័យថ្មីៗដែលមានសក្តានុពល ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ បន្ទះឈីប (Semiconductor) និងបញ្ញាសិប្បនិម្មិត (AI)។

រូបភាព ឋានៈ និងតួនាទីរបស់វៀតណាមជាមួយអាស៊ាន ក្នុងពិភពលោកដែលមានបម្រែបម្រួល
នាយករដ្ឋមន្ត្រី លោក Le Minh Hung ជួបពិភាក្សាទ្វេភាគីជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Masato Kanda។

ក្នុងជំនួបពិភាក្សាត្រីភាគីជាមួយឡាវ និងកម្ពុជា នាយករដ្ឋមន្ត្រីទាំងបីរូបបានឯកភាពណែនាំដល់ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងបី ឱ្យសម្របសម្រួលយ៉ាងសកម្មក្នុងការដាក់ចេញនូវការអនុវត្តលទ្ធផលនៃជំនួបប្រមុខបក្សទាំងបី (នាខែកុម្ភៈ ឆ្នាំ ២០២៦) សំដៅដឹកនាំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីឱ្យមានការប្រែប្រួលជាវិជ្ជមាននូវលក្ខណៈសម្បត្តិ និងបង្កើតលំហរអភិវឌ្ឍន៍ថ្មី។

រូបភាព ឋានៈ និងតួនាទីរបស់វៀតណាមជាមួយអាស៊ាន ក្នុងពិភពលោកដែលមានបម្រែបម្រួល
នាយករដ្ឋមន្ត្រី លោក Le Minh Hung ធ្វើការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។

ក្នុងការពិភាក្សាជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ភាគី ADB បានសន្យានឹងបន្តធ្វើជាដៃគូដ៏គួរឱ្យទុកចិត្តរបស់វៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី ឆ្លើយតបឱ្យបានកាន់តែល្អប្រសើរនូវតម្រូវការធនធានសម្រាប់វៀតណាម និងបណ្តាសមាជិកដទៃទៀត។

រូបភាព ឋានៈ និងតួនាទីរបស់វៀតណាមជាមួយអាស៊ាន ក្នុងពិភពលោកដែលមានបម្រែបម្រួល
នាយករដ្ឋមន្ត្រី លោក Le Minh Hung ជួបពិភាក្សាទ្វេភាគីជាមួយព្រះចៅស៊ុលតង់នៃប្រទេសប្រ៊ុយណេ Haji Hassanal Bolkiah។

បណ្តាដៃគូសុទ្ធតែផ្តល់តម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងអាស៊ាន ក៏ដូចជាក្នុងសហគមន៍អន្តរជាតិ។ នាយករដ្ឋមន្ត្រី លោក Le Minh Hung និងបណ្តាថ្នាក់ដឹកនាំ បានចំណាយពេលយ៉ាងច្រើនដើម្បីផ្លាស់ប្តូរមតិអំពីស្ថានភាពតំបន់ និងអន្តរជាតិនាពេលថ្មីៗនេះ ជាពិសេសគឺបញ្ហាប្រឈមដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។

ថ្នាក់ដឹកនាំនានាយល់ឃើញថា ក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់មានបម្រែបម្រួលយ៉ាងស្មុគស្មាញ វៀតណាម និងបណ្តាប្រទេសដទៃទៀត ចាំបាច់ត្រូវបង្កើនសហប្រតិបត្តិការ សម្របសម្រួលទស្សនៈក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ដើម្បីជំរុញតួនាទីមជ្ឈភាពរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់។

រូបភាព ឋានៈ និងតួនាទីរបស់វៀតណាមជាមួយអាស៊ាន ក្នុងពិភពលោកដែលមានបម្រែបម្រួល
នាយករដ្ឋមន្ត្រី លោក Le Minh Hung ជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim។

អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន (Kao Kim Hourn) បានអះអាងថា បន្ទាប់ពីរយៈពេលជាង ៣០ ឆ្នាំនៃការចូលជាសមាជិក វៀតណាមបានក្លាយជាសមាជិកស្នូលមួយរបស់អាស៊ាន ហើយលោកយល់ឃើញថា វៀតណាមមួយដែលរឹងមាំ និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាព នឹងក្លាយជាការរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងសហគមន៍អាស៊ាន។

អាចអះអាងបានថា ដំណើរការងារនៅបរទេសលើកដំបូងរបស់នាយករដ្ឋមន្ត្រី លោក Le Minh Hung ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ទាំងលើទិដ្ឋភាពពហុភាគី និងទ្វេភាគី ដោយនាំមកនូវលទ្ធផលជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ នេះបង្ហាញយ៉ាងច្បាស់នូវការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវមាគ៌ាកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ភាពធន់ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស តាមស្មារតីនៃមហាសន្និបាតលើកទី XIV របស់បក្ស។

ដំណើរការងារនេះ បន្តអះអាងនូវរូបភាពនៃវៀតណាមមួយដែលបុរេសកម្ម សកម្ម ស្មោះត្រង់ ទទួលខុសត្រូវ និងត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមរបស់អាស៊ាន។ ទន្ទឹមនឹងនោះ ក៏បន្តលើកកម្ពស់តួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ ក៏ដូចជារួមចំណែកពង្រឹងទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសសមាជិកអាស៊ាន បើកចេញនូវបុព្វបទ និងកម្លាំងរុញច្រានអំណោយផល ដើម្បីដឹកនាំទំនាក់ទំនងរវាងវៀតណាម និងដៃគូនានាឱ្យរីកចម្រើនទាំងទំហំ និងជម្រៅនាពេលខាងមុខ រួមចំណែកដល់សន្តិភាព ស្ថិរភាព សហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងតំបន់ និងលើពិភពលោក៕

វៀត​ណាម​បន្ត​​លើក​កម្ពស់​ឋានៈ​​ជា​សមាជិក​សកម្ម​និង​មានទំនួល​​ខុស​ត្រូវ​​នៅយូណេស្កូ វៀត​ណាម​បន្ត​​លើក​កម្ពស់​ឋានៈ​​ជា​សមាជិក​សកម្ម​និង​មានទំនួល​​ខុស​ត្រូវ​​នៅយូណេស្កូ

នៅថ្ងៃទី ១៨-១៩ ខែមីនា នៅទីក្រុងប៉ារីស ប្រទេសបារាំង បានប្រព្រឹត្តិទៅសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំលើកទី ២១៩ របស់ក្រុមប្រឹក្សាប្រតិបត្តិអង្គការ (UNESCO) ដោយមានការចូលរួមពីប្រទេសសមាជិកចំនួន ៥៨ និងជាងប្រទេសជាអ្នកសង្កេតការណ៍ចំនួន១០០ ។

រូបភាព​កុមារ​មត្តេយ្យ​សិក្សា Da Nang សប្បាយ​រីករាយ​ទៅ​សាលា​តាំងពី​ព្រឹក​ថ្ងៃ​ទី ២១ខែកុម្ភៈ រូបភាព​កុមារ​មត្តេយ្យ​សិក្សា Da Nang សប្បាយ​រីករាយ​ទៅ​សាលា​តាំងពី​ព្រឹក​ថ្ងៃ​ទី ២១ខែកុម្ភៈ

យុគសម័យ - នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈនេះ គ្រឹះស្ថានអប់រំមត្តេយ្យសិក្សាជាច្រើនក្នុងទីក្រុង Da Nang បានបើកការបង្រៀនផ្ទាល់មុខគ្នា។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រូបភាព ឋានៈ និងតួនាទីរបស់វៀតណាមជាមួយអាស៊ាន ក្នុងពិភពលោកដែលមានបម្រែបម្រួល
ទីក្រុងហាណូយ បែងចែកខ្សែផ្លូវចរាចរណ៍ ដើម្បីបម្រើមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XI នៃរណសិរ្សមាតុភូមិវៀតណាម
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងស្ថានីយរថភ្លើង Da Lat និងស្ថានីយរថភ្លើង Trouville-Deauville៖ “ការជួបជុំគ្នា” ប្រកបដោយអត្ថន័យប្រវត
តំណាងដែលមានវ័យចាស់ជាងគេ និងវ័យក្មេងជាងគេ ផ្ញើនូវក្តីសង្ឃឹមចំពោះមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម
សកម្មភាពជាច្រើនរំលឹកខួបនៃទិវាជ័យជម្នះ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ