យុគសម័យ - នាថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ កាសែតអេឡិចត្រូនិកនៃសំឡេងវៀតណាម (VOV) បានសម្របសម្រួលជាមួយបណ្តាអង្គភាពពាក់ព័ន្ធ រៀបចំវេទិកា “អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត” សំដៅបង្កើតជាវេទិកាផ្លាស់ប្តូរមតិ ចែករំលែកបទពិសោធន៍អន្តរជាតិ និងស្នើឡើងនូវបណ្តាដំណោះស្រាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលទំនើប។
វេទិកានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃវិទ្យុសំឡេងវៀតណាម; លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅវៀតណាម; តំណាងក្រសួងឧស្សាហពាណិជ្ជកម្ម ក្រសួងសំណង់ ធនាគាររដ្ឋវៀតណាម; ព្រមទាំងបណ្តាអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ អង្គការអន្តរជាតិ សមាគមវិជ្ជាជីវៈ និងសហគមន៍សហគ្រាសដែលធ្វើសកម្មភាពនៅក្នុងបណ្តាវិស័យថាមពល បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ។
ព្រឹត្តិការណ៍នេះគឺសំដៅបង្កើតជាលំហសន្ទនារវាងស្ថាប័នគ្រប់គ្រងរដ្ឋ បណ្តាអង្គការអន្តរជាតិ ស្រទាប់អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ សហគ្រាស និងវិនិយោគិន។ នេះគឺជាឱកាសមួយដើម្បីឱ្យភាគីនានារួមគ្នាផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង ធ្វើបច្ចុប្បន្នភាពនិន្នាការបច្ចេកវិទ្យាថ្មីៗ ទទួលស្គាល់នូវបណ្តាឱកាស និងការប្រឈម ព្រមទាំងស្នើឡើងនូវបណ្តាដំណោះស្រាយ សំដៅជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាតនៅវៀតណាម។
យោងតាមបណ្តាអ្នកជំនាញការបានឱ្យដឹងថា នៅក្នុងបរិបទដែលវៀតណាមកំពុងជម្រុញការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរឌីជីថល; អនុវត្តបណ្តាការប្តេជ្ញាចិត្តអន្តរជាតិស្តីពីកំណើនបៃតង ការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយការភាយចេញនូវឧស្ម័នផ្ទះកញ្ចក់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាតត្រូវបានចាត់ទុកថាជាកត្តាមូលដ្ឋានគ្រឹះមួយក្នុងចំណោមកត្តាមូលដ្ឋានគ្រឹះនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ដំណើរការប្រព័ន្ធថាមពល ធានាសន្តិសុខថាមពលជាតិ និងជំរុញដំណើរការផ្លាស់ប្តូរថាមពលនៅក្នុងដំណាក់កាលថ្មី។
ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាតដើរតួនាទីយ៉ាងសំខាន់នៅក្នុងការងារធ្វើឱ្យប្រសើរឡើងបំផុតនូវការដំណើរការប្រព័ន្ធថាមពល លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល បង្កើនលទ្ធភាពសមាហរណកម្មបណ្តាប្រភពថាមពលកកើតឡើងវិញ ទន្ទឹមនឹងនោះ រួមចំណែកជំរុញការផ្លាស់ប្តូរឌីជីថល និងឈានទៅសម្រេចបាននូវបណ្តាគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាម។
![]() |
| វេទិកា “អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត” នាថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ។ |
ថ្លែងមតិនៅក្នុងវេទិកា អនុអគ្គនាយក VOV លោក Pham Manh Hung បានបញ្ជាក់យ៉ាងមុតមាំថា វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ជាមួយនឹងបណ្តាគោលដៅដ៏ធំធេង និងពោរពេញដោយសេចក្តីប្រាថ្នា។ មហាសន្និបាតលើកទី ១៤ របស់បក្សបានកំណត់ថា ត្រឹមឆ្នាំ ២០៣០ ប្រទេសយើងនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; ត្រឹមឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់។
បណ្តាតម្រូវការជំរុញសភាវូបនីយកម្មឧស្សាហកម្ម សភាវូបនីយកម្មទំនើប ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងសំដៅឆ្ពោះទៅរកគោលដៅកំណើនខ្ពស់ បានដាក់ចេញនូវតម្រូវការថា ហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវតែដើរមុនមួយជំហាន ធានាការផ្គត់ផ្គង់បានពេញលេញ ស្ថិរភាព និងសុវត្ថិភាពសម្រាប់សកម្មភាពផលិតកម្ម អាជីវកម្ម ក៏ដូចជាជីវភាពរស់នៅរបស់សង្គម។
សេចក្តីសម្រេចចិត្តលេខ ៧០-NQ/TW ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីការធានាសន្តិសុខថាមពលជាតិត្រឹមឆ្នាំ ២០៣០ ចក្ខុវិស័យត្រឹមឆ្នាំ ២០៤៥ បានកំណត់យ៉ាងច្បាស់នូវតម្រូវការកសាងប្រព័ន្ធថាមពលជាតិឱ្យមានភាពស៊ីសង្វាក់គ្នា ទំនើប និងវៃឆ្លាត; បង្កើតការទម្លាយភាពទាល់ច្រកក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យថាមពល។
“រួមជាមួយច្បាប់អគ្គិសនីឆ្នាំ ២០២៤ ផែនការអភិវឌ្ឍន៍អគ្គិសនីជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យត្រឹមឆ្នាំ ២០៥០ ដែលត្រូវបានកែសម្រួល ព្រមទាំងបណ្តាយន្តការ និងគោលនយោបាយពាក់ព័ន្ធ គឺបណ្តាទិសដៅធំៗទាំងនេះកំពុងបើកចេញនូវលំហអភិវឌ្ឍន៍ថ្មី ទន្ទឹមនឹងនោះ ដាក់ចេញនូវតម្រូវការកាន់តែខ្ពស់ចំពោះការងាររៀបចំផែនការ ការវិនិយោគ ការគ្រប់គ្រង និងការដំណើរការប្រព័ន្ធថាមពលជាតិ។
![]() |
| អនុអគ្គនាយក VOV លោក Pham Manh Hung មានប្រសាសន៍យល់ឃើញថា ហេដ្ឋារចនាសម្ព័ន្ធថាមពលនៃថ្ងៃអនាគតត្រូវតែជាហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត ដែលត្រូវបានដំណើរការនៅលើមូលដ្ឋានគ្រឹះទិន្នន័យ បច្ចេកវិទ្យាឌីជីថល និងបណ្តាដំណោះស្រាយនវានុវត្តន៍។ |
“ទន្ទឹមនឹងនោះ ការប្តេជ្ញាចិត្តសម្រេចបាននូវកម្រិតភាយចេញសុទ្ធសូន្យត្រឹមឆ្នាំ ២០៥០ របស់វៀតណាម នៅក្នុងសន្និសីទ COP26 គឺបន្តជាកម្លាំងចលករដ៏សំខាន់ជម្រុញការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងបង្កើតជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធថាមពលជំនាន់ថ្មី” លោក Hung បានលើកឡើងជាភស្តុតាង។
ហេតុដូច្នេះ លោក Hung មានប្រសាសន៍យល់ឃើញថា នៅក្នុងបរិបទដែលបដិវត្តន៍ឧស្សាហកម្មលើកទីបួនកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា ហេដ្ឋារចនាសម្ព័ន្ធថាមពលគឺមិនមែនគ្រាន់តែជាបណ្តារោងចក្រអគ្គិសនី ឬបណ្តាខ្សែបណ្តាញបញ្ជូនអគ្គិសនីទៀតនោះទេ។ ហេដ្ឋារចនាសម្ព័ន្ធថាមពលនៃថ្ងៃអនាគតត្រូវតែជាហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត ដែលត្រូវបានដំណើរការនៅលើមូលដ្ឋានគ្រឹះទិន្នន័យ បច្ចេកវិទ្យាឌីជីថល និងបណ្តាដំណោះស្រាយនវានុវត្តន៍។
ដោយមានទស្សនៈដូចគ្នា រងសាស្ត្រាចារ្យ បណ្ឌិត Nguyen Dinh Tho - អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ គោលនយោបាយកសិកម្ម និងបរិស្ថាន មានប្រសាសន៍យល់ឃើញថា ពិភពលោកកំពុងផ្លាស់ប្តូរពីវិធីសាស្ត្រអភិក្រមផ្តោតលើការពង្រីកអានុភាពផលិតអគ្គិសនី ទៅជាការកសាងប្រព័ន្ធថាមពលដែលមានលទ្ធភាពសម្របសម្រួលប្រកបដោយភាពបត់បែនរវាងការផលិតអគ្គិសនី ការបញ្ជូន ការរក្សាទុក និងការប្រើប្រាស់។
ការផ្លាស់ប្តូរថាមពលកំពុងឈានចូលដំណាក់កាលថ្មីមួយ ខណៈពេលដែលចំណុចស្នូលគឺមិនមែនគ្រាន់តែជាការអភិវឌ្ឍប្រភពអគ្គិសនីស្អាតនោះទេ ប៉ុន្តែគឺការកសាងប្រព័ន្ធថាមពលវៃឆ្លាត បត់បែន និងមានលទ្ធភាពធន់ខ្ពស់។ នេះត្រូវបានចាត់ទុកថាជាលក្ខខណ្ឌដ៏សំខាន់មួយ ដើម្បីឱ្យវៀតណាមជំរុញកំណើនបៃតង និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចឌីជីថល។
![]() |
| លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅវៀតណាម បានចែករំលែកនូវមេរៀនបទពិសោធន៍ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលពីប្រទេសអៀរឡង់។ |
យោងតាមលោក Tho បានឱ្យដឹងថា ទោះបីជាការវិនិយោគជាសកលសម្រាប់ការផ្លាស់ប្តូរថាមពលបន្តកើនឡើងយ៉ាងខ្លាំងក្លា និងបានវ៉ាដាច់ឆ្ងាយពីខ្សែទុនដែលបម្រុងទុកសម្រាប់ឥន្ធនៈហ្វូស៊ីលក៏ដោយ ក៏ដំណើរការនេះនៅតែប្រឈមមុខនឹងការសាកល្បងជាច្រើន ដូចជាការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី ការបែកបាក់ខ្សែច្រវាក់ផ្គត់ផ្គង់ និងសម្ពាធក្នុងការធានាប្រភពអគ្គិសនីគោល។
“មិនអាចអភិវឌ្ឍន៍ថាមពលកកើតឡើងវិញប្រកបដោយចីរភាពបានឡើយ ប្រសិនបើខ្វះប្រព័ន្ធរក្សាទុក ការបញ្ជូន និងបណ្តាញអគ្គិសនីវៃឆ្លាត។ ប្រសិនបមិនអាចដោះស្រាយបាននូវលំហាត់គណិតវិទ្យាស្តីពីការសម្របសម្រួលទេនោះ សភាពការណ៍កន្លែងលើសអគ្គិសនី កន្លែងខ្វះអគ្គិសនី នឹងបន្តបង្កការខ្ជះខ្ជាយប្រភពធនធាន” អ្នកជំនាញការរូបនេះបានឱ្យដឹង។
ដោយចែករំលែកនូវមេរៀនពីប្រទេសអៀរឡង់ លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅវៀតណាម បានមានប្រសាសន៍ឱ្យដឹងថា អៀរឡង់សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ជាពិសេសគឺនៅក្នុងវិស័យថាមពលខ្យល់។
ក្នុងឆ្នាំ ២០២៥ បណ្តាកសិដ្ឋានថាមពលខ្យល់នៅប្រទេសអៀរឡង់ បានផ្គត់ផ្គង់ ១/៣ នៃបរិមាណអគ្គិសនីប្រើប្រាស់នៅទូទាំងកោះអៀរឡង់។ នាពេលបច្ចុប្បន្ន មានអានុភាពថាមពលខ្យល់នៅលើគោកជាង ៥.០០០ MW ត្រូវបានតម្លើងរួចរាល់ ក្នុងនោះមានថាមពលចំនួន ១៥០ MW បន្ថែមទៀតត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០២៥។ ករណីនេះបានបង្ហាញឱ្យឃើញពីសក្តានុពលដ៏ធំធេងរបស់ប្រទេសអៀរឡង់ ក្នុងការកសាងប្រព័ន្ធថាមពលមួយដែលដំណើរការដោយប្រភពថាមពលស្អាតជាង និងសន្សំសំចៃជាង។
ចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត លោកស្រី Deirdre Ní Fhallúin បានផ្តល់ព័ត៌មានថា គិតមកទល់ពេលនេះ ប្រទេសអៀរឡង់បានដំឡើងកុងទ័រអគ្គិសនីវៃឆ្លាតប្រមាណ ២,២ លានគ្រឿង នៅតាមបណ្តាគ្រួសារ និងមូលដ្ឋានអាជីវកម្មនៅលើទូទាំងប្រទេស។ ករណីនេះមានន័យថា នាពេលបច្ចុប្បន្ន ជាង ៨០% នៃគ្រួសារនៅប្រទេសអៀរឡង់ ត្រូវបានបំពាក់កុងទ័រអគ្គិសនីវៃឆ្លាតរួចរាល់។
៩៧% នៅក្នុងចំណោមកុងទ័រទាំងនេះ គឺកំពុងអនុវត្តការបញ្ជូនទិន្នន័យជារៀងរាល់ថ្ងៃ។ អាស្រ័យដោយមានបណ្តាកុងទ័រទាំងនេះ ប្រព័ន្ធអគ្គិសនីអាចដំណើរការប្រកបដោយភាពបត់បែនជាងមុន តាមរយៈការអនុវត្តតារាងតម្លៃអគ្គិសនីទៅតាមពេលវេលាប្រើប្រាស់ តាមដានកម្រិតប្រើប្រាស់អគ្គិសនីឱ្យបានលម្អិតជាងមុន ប្រើប្រាស់អគ្គិសនីមានប្រសិទ្ធភាពជាងមុន ទាញយកផលប្រយោជន៍បានល្អជាងមុនពីបណ្តាប្រភពថាមពលកកើតឡើងវិញដូចជាថាមពលពន្លឺព្រះអាទិត្យ ទន្ទឹមនឹងនោះ ជួយជ្រោមជ្រែងដល់ការអនុវត្តបណ្តាសេវាកម្មឆ្លើយតបទៅនឹងតម្រូវការថាមពលអគ្គិសនីនាពេលអនាគត។
កុងទ័រអគ្គិសនីវៃឆ្លាតក៏ជួយឱ្យប្រជាពលរដ្ឋជ្រើសរើសពេលវេលាដ៏សមស្របបំផុតដើម្បីប្រើប្រាស់បណ្តាឧបករណ៍អគ្គិសនី តាមរយៈនោះ កាត់បន្ថយតម្រូវការប្រើប្រាស់អគ្គិសនី និងសន្សំសំចៃការចំណាយ ជាពិសេសគឺនៅក្នុងបណ្តាម៉ោងដែលជាពេលវេលាមានតម្រូវការខ្ពស់។
“ផែនការសកម្មភាពដើម្បីអាកាសធាតុរបស់ប្រទេសអៀរឡង់ ក៏បានបញ្ជាក់យ៉ាងមុតមាំពីភាពចាំបាច់ត្រូវតែអនុវត្តបណ្តា ‘តារាងតម្លៃអគ្គិសនីបៃតងបត់បែន’ យោងតាមនោះ អ្នកប្រើប្រាស់អាចទទួលបាននូវកម្រិតតម្លៃដែលមានការអនុគ្រោះជាងមុន នៅចំពេលវេលាដែលទិន្នផលថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យមានភាពសំបូរបែប។ បណ្តាតារាងតម្លៃទាំងនេះនាំមកនូវផលប្រយោជន៍គឺឆ្លុះបញ្ចាំងដោយផ្ទាល់នូវការប្រែប្រួលនៃតម្លៃអគ្គិសនីលក់ដុំទៅតាមម៉ោងនីមួយៗក្នុងមួយថ្ងៃ។ ខ្ញុំជឿជាក់ថាមានអត្ថន័យជាក់ស្តែងចំពោះវៀតណាម” លោកស្រី Deirdre Ní Fhallúin មានប្រសាសន៍។
នៅក្នុងវេទិកា បណ្តាតំណាង និងអ្នកជំនាញការបានផ្តោតអារម្មណ៍ពិភាក្សាលើខ្លឹមសារស្នូលជាច្រើន ដូចជា៖ យន្តការកៀរគរប្រភពធនធានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត; តថភាព និងទស្សនវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់វៀតណាមត្រឹមឆ្នាំ ២០៣៥; ទិសដៅអភិវឌ្ឍន៍ទីក្រុងវៃឆ្លាតផ្សារភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងដំណាក់កាល ២០២៦-២០៣៥; និន្នាការផ្លាស់ប្តូរថាមពលជាសកល និងមេរៀនបទពិសោធន៍សម្រាប់វៀតណាម; ដំណោះស្រាយសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងការរៀបចំផែនការទីក្រុងបៃតង បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងសំដៅឆ្ពោះទៅរកគោលដៅអព្យាក្រឹតកាបូន...
យុគសម័យ - នៅក្នុងបរិបទដែលខឿនសេដ្ឋកិច្ចបន្តប្រឈមមុខនឹងការលំបាកលំបិនជាច្រើន ថ្នាក់ដឹកនាំគុយបាយល់ឃើញថា ប្រទេសនេះចាំបាច់ត្រូវអនុវត្តបណ្តាវិធានការកែទម្រង់ឱ្យកាន់តែខ្លាំងក្លាជាងមុន សំដៅបើកចំហប្រភពធនធានផលិតកម្ម ទាក់ទាញការវិនិយោគ និងបង្កើតកម្លាំងចលករកំណើនថ្មី។ |
យុគសម័យ - ឈានចូលទៅក្នុង «យុគសម័យនៃការឈានឡើងរបស់ប្រជាជាតិ» សារព័ត៌មានមិនត្រឹមតែបញ្ឈប់នៅត្រឹមភារកិច្ចផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបេសកកម្មកសាងជំនឿទុកចិត្ត ផ្សព្វផ្សាយសេចក្តីប្រាថ្នា និងកសាងការឯកភាពគ្នាចិត្ត ដើម្បីនាំឱ្យប្រទេសជាតិមានការទម្លាយភាពទាល់ច្រក និងអះអាងពីឋានៈរបស់ខ្លួននៅលើផែនទីពិភពលោក។ |



មតិពីមិត្តអ្នកអាន