យុគសម័យ - នាថ្ងៃទី ១៣ ខែឧសភា មហាសន្និបាតតំណាងរណសិរ្សមាតុភូមិ (MTTQ) វៀតណាម លើកទី XI អាណត្តិ ២០២៦ - ២០៣១ បានបើកសម័យប្រជុំបិទមហាសន្និបាត នៅមជ្ឈមណ្ឌលសន្និបាតជាតិ (រដ្ឋធានីហាណូយ)។ លោកស្រី Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនមជ្ឈិម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានថ្លែងសុន្ទរកថាបិទមហាសន្និបាត។ ទស្សនាវដ្ដីយុគសម័យ សូមណែនាំដោយគោរពនូវខ្លឹមសារទាំងស្រុងដូចតទៅ៖
| ព្រឹកមិញនេះ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI បានបិទបញ្ចប់ រណសិរ្សមាតុភូមិវៀតណាម បំពេញបន្ថែមកម្មវិធីសកម្មភាពថ្មី ស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបំប្លែងឌីជីថល |
សូមគោរពសមមិត្ត Vo Thi Anh Xuan លេខាមជ្ឈិមបក្ស អនុប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម;
សូមគោរពបណ្តាសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម,
សូមគោរពបណ្តាសមមិត្តសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស; បណ្តាសមមិត្តថ្នាក់ដឹកនាំបណ្តាគណៈ ក្រសួង ស្ថាប័នមជ្ឈិម,
អង្គមហាសន្និបាតទាំងមូលជាទីមេត្រី,
ក្នុងស្មារតី “សាមគ្គីភាព - ប្រជាធិបតេយ្យ - នវានុវត្តន៍ - ច្នៃប្រឌិត - អភិវឌ្ឍន៍” បន្ទាប់ពីការធ្វើការងារយ៉ាងមមាញឹក ម៉ឺងម៉ាត់ ទទួលខុសត្រូវ និងមានប្រសិទ្ធភាពអស់រយៈពេល ២,៥ ថ្ងៃ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI បានបញ្ចប់កម្មវិធីដែលបានកំណត់ទុកជាស្ថាពរ។
ក្នុងនាមគណៈប្រធានមហាសន្និបាត នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដោយស្មោះចំពោះស្មារតីទទួលខុសត្រូវ កម្លាំងចិត្ត និងបញ្ញារបស់បណ្តាលោក លោកស្រី ជាប្រតិភូដែលបានចូលរួមមហាសន្និបាត។ ការរួមចំណែករបស់លោក លោកស្រី បានដើរតួនាទីយ៉ាងសំខាន់ចំពោះជោគជ័យនៃមហាសន្និបាតនេះ។
សូមគោរពបណ្តាសមមិត្ត និងអង្គមហាសន្និបាតទាំងមូល,
មហាសន្និបាតរបស់យើងប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសជាតិមានកត្តាងាយស្រួល និងកាលានុវត្តភាពជាច្រើន គួបផ្សំនឹងការលំបាក និងបញ្ហាប្រឈមមិនតិចនោះទេ។ មហាសន្និបាតនេះ មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយ-សង្គមដ៏សំខាន់ ដែលត្រូវបានរៀបចំឡើងភ្លាមៗបន្ទាប់ពីជោគជ័យយ៉ាងត្រចះត្រចង់នៃមហាសន្និបាតបក្សលើកទី XIV ការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភាអាណត្តិទី XVI និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១ ប៉ុណ្ណោះទេ; ប៉ុន្តែថែមទាំងមានអត្ថន័យជាមហាសន្និបាតលើកដំបូង នៅពេលដែលរណសិរ្សមាតុភូមិរបស់យើងអនុវត្តការរៀបចំគំរូអង្គការថ្មី ដែលជាចំណុចដៅពិសេសនៅពេលបានច្របាច់បញ្ចូល និងរៀបចំបណ្តាអង្គការនយោបាយ-សង្គម បណ្តាសមាគមមហាជនដែលបក្ស និងរដ្ឋប្រគល់ភារកិច្ចឱ្យមកស្ថិតនៅក្រោមចំណុះរណសិរ្សមាតុភូមិវៀតណាមផ្ទាល់។ នេះជាការបញ្ជាក់ពីឋានៈ និងតួនាទីស្នូលខាងនយោបាយរបស់រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយ-សង្គម ក្នុងបុព្វហេតុកសាងផែនមហាសាមគ្គីជាតិទាំងមូល កសាងរណសិរ្សមាតុភូមិវៀតណាមឱ្យក្លាយជាអង្គការសម្ព័ន្ធភាពនយោបាយ សម្ព័ន្ធភាពស្ម័គ្រចិត្ត និងឯកភាពសកម្មភាព ប្រកបដោយប្រសិទ្ធភាពតាមគំរូថ្មី។
មហាសន្និបាតបានផ្ដោតលើការវាយតម្លៃគ្រប់ជ្រុងជ្រោយនូវលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១០ (ដំណាក់កាល ២០២៤ - ២០២៦); ចង្អុលបង្ហាញដោយត្រង់ៗនូវរាល់ចំណុចខ្វះខាត ការលំបាក និងដកស្រង់នូវមេរៀនពិសោធន៍ដ៏មានតម្លៃជាច្រើន។ មហាសន្និបាតបានឯកភាពគ្នាខ្ពស់លើទិសដៅ ភារកិច្ច គោលដៅ និងកម្មវិធីសកម្មភាពសម្រាប់អាណត្តិ ២០២៦ - ២០៣១ ជាមួយនឹងសូចនាករជាក់លាក់ចំនួន ១៥ កម្មវិធីសកម្មភាពចំនួន ០៧ និងផែនការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XI។
មហាសន្និបាតមានកិត្តិយស និងក្តីរំភើបរីករាយយ៉ាងខ្លាំងដែលបានស្តាប់នូវសុន្ទរកថាដឹកនាំដ៏សំខាន់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយរបស់សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam។ បញ្ហាធំៗ និងសំណូមពរនានាដែលបានដាក់ចេញសម្រាប់ការងាររណសិរ្សក្នុងដំណាក់កាលថ្មី ដែលសមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋបានណែនាំនោះ គឺជាប្រភពលើកទឹកចិត្ត ការប្រគល់ភារកិច្ច និងជាទិសដៅដែលមានលក្ខណៈយុទ្ធសាស្ត្រ ដើម្បីឱ្យប្រព័ន្ធរណសិរ្សទាំងមូលបន្តផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវខ្លឹមសារ វិធីសាស្ត្រប្រតិបត្តិការ និងធ្វើសកម្មភាពឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពជាងមុនក្នុងពេលខាងមុខ។ មហាសន្និបាតសូមទទួលយកដោយម៉ឺងម៉ាត់ និងពេញលេញនូវរាល់មតិដឹកនាំរបស់សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ ដើម្បីប្រែក្លាយទៅជាកម្មវិធីសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងពេលឆាប់ៗនេះ។
![]() |
| លោកស្រី Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនមជ្ឈិម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អាណត្តិទី XI ថ្លែងមតិទទួលភារកិច្ច។ |
មហាសន្និបាតបានពិគ្រោះពិភាក្សាប្រជាធិបតេយ្យ និងឯកភាពគ្នាខ្ពស់ក្នុងការជ្រើសតាំងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អាណត្តិទី XI អាណត្តិ ២០២៦ - ២០៣១ ដែលមានសមាជិកចំនួន ៣៩៧ រូប ជាបុគ្គលឆ្នើមតំណាងឱ្យបណ្តាស្រទាប់វណ្ណៈ ស្រទាប់សង្គម បណ្តាជនជាតិ សាសនា បញ្ញវន្ត សហគ្រិន ជនជាតិវៀតណាមរស់នៅបរទេស កម្មាភិបាលរណសិរ្សមាតុភូមិ និងបណ្តាអង្គការជាសមាជិក។
សូមគោរពអង្គមហាសន្និបាតទាំងមូល,
មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI អាណត្តិ ២០២៦ - ២០៣១ បានបញ្ចប់ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់។ មហាសន្និបាតសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ដឹកនាំពីសំណាក់មជ្ឈិមបក្ស ដែលផ្ទាល់ និងជាប្រចាំគឺការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ដែលមានសមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ជាប្រមុខ; សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់បណ្តាសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងបណ្តាភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួម និងលើកទឹកចិត្តដល់មហាសន្និបាត។
មហាសន្និបាតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាល បណ្តាគណៈ ក្រសួង ស្ថាប័ន អង្គការមហាជនមជ្ឈិម និងមូលដ្ឋាន; អរគុណគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គណៈប្រតិភូតំណាងរដ្ឋសភានៃបណ្តាខេត្ត ក្រុង ជាពិសេសគឺរដ្ឋធានីហាណូយ ដែលបានសហការផ្ទាល់ ជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួល និងរួមចំណែកយ៉ាងសំខាន់ចំពោះជោគជ័យនៃមហាសន្និបាត។
មហាសន្និបាតសូមកត់សម្គាល់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាសមមិត្តអតីតថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាមតាមសម័យកាលនីមួយៗ; អរគុណកម្មាភិបាលរណសិរ្សគ្រប់ជាន់ថ្នាក់ចាប់ពីមជ្ឈិមដល់មូលដ្ឋាន គណៈការងាររណសិរ្សនៅតាមសហគមន៍ បណ្តាស្រទាប់ប្រជាជន បងប្អូនរួមជាតិ និងសមមិត្តទាំងអស់... ដែលបានយកចិត្តទុកដាក់ តាមដាន ផ្តល់មតិយោបល់ និងគាំទ្រសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាម រួមចំណែកដល់ជោគជ័យនៃមហាសន្និបាត។
មហាសន្និបាតសូមអរគុណដល់បណ្តាសមូហភាព និងបុគ្គលដែលបានគាំទ្រជាសម្ភារៈ និងលើកទឹកចិត្តខាងស្មារតី ដើម្បីឱ្យមហាសន្និបាតទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ អរគុណដល់បណ្តាទីភ្នាក់ងារសារព័ត៌មាន សិល្បករ យុទ្ធជន កម្មាភិបាលនៃកងកម្លាំងប្រដាប់អាវុធ; កម្មាភិបាល បុគ្គលិក និងអ្នកពលកម្មនៃស្ថាប័នគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; បណ្តាផ្នែកបម្រើការងារនៃមជ្ឈមណ្ឌលសន្និបាតជាតិ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងកងកម្លាំងទាំងអស់ដែលបានខិតខំប្រឹងប្រែង និងទទួលខុសត្រូវ រួមចំណែកដល់ជោគជ័យរួមនៃមហាសន្និបាត។
សូមគោរពអង្គមហាសន្និបាតទាំងមូល,
ជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI គឺជាភស្តុតាងដ៏រស់រវើក ដែលបង្ហាញពីកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល។ ពីវេទិកានៃមហាសន្និបាតនាថ្ងៃនេះ រណសិរ្សមាតុភូមិវៀតណាមសូមអំពាវនាវដល់បណ្តាស្រទាប់ប្រជាជន បងប្អូនបណ្តាជនជាតិ សាសនា បញ្ញវន្ត សិល្បករ សហគ្រិន និងបងប្អូនរួមជាតិនៅឯបរទេស សូមលើកតម្កើងស្មារតីស្នេហាជាតិ មោទនភាពជាតិ ជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់បក្ស និងរដ្ឋ; ចូលរួមវិភាគទានបញ្ញា និងកម្លាំងកាយចិត្ត ខិតខំធ្វើពលកម្ម និងផលិតកម្ម បន្តពង្រឹង កសាង និងពង្រីកកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល ផ្សារភ្ជាប់នឹងកម្លាំងនៃយុគសម័យ រួមចិត្តរួមថ្លើម កសាងប្រទេសវៀតណាមប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ខ្លាំងក្លា រុងរឿង វីល័យ សុភមង្គល និងបោះជំហានយ៉ាងរឹងមាំទៅកាន់សង្គមនិយម។
ជាមួយនឹងជំនឿយ៉ាងមុតមាំនោះ ក្នុងនាមគណៈប្រធានមហាសន្និបាត នាងខ្ញុំសូមប្រកាសបិទមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI អាណត្តិ ២០២៦ - ២០៣១ ជាស្ថាពរ។
សូមជូនពរបណ្តាសមមិត្តថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស បងប្អូនរួមជាតិ និងសមមិត្តទាំងអស់មានសុខភាពល្អបរិបូរណ៍ និងសុភមង្គល។
សាមគ្គី សាមគ្គី មហាសាមគ្គី
ជោគជ័យ ជោគជ័យ មហាជោគជ័យ
សូមអរគុណយ៉ាងជ្រាលជ្រៅ!
យុគសម័យ - ក្នុងឱកាសអបអរសាទរខួបលើកទី ៥១ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ និងទិវាពលកម្មអន្តរជាតិ ១ ឧសភា នាថ្ងៃទី ២៧ ខែមេសា គណៈប្រតិភូថ្នាក់ដឹកនាំបក្ស និងរដ្ឋ ដឹកនាំដោយលោកស្រី Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនមជ្ឈិម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញសួរសុខទុក្ខ ... |
យុគសម័យ - មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ ដោយមានការអញ្ជើញចូលរួមពីប្រតិភូជាង ១.៣០០ នាក់។ មហាសន្និបាតនឹងសម្រេចលើខ្លឹមសារសំខាន់ៗជាច្រើនទាក់ទងនឹងការចាត់តាំង បុគ្គលិក និងទិសដៅសកម្មភាពក្នុងដំណាក់កាលថ្មី។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន