យុគសម័យ - ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ វៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧៦ លាននាក់ កើនឡើង ១២,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ ដែលនេះជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ; ចំណែកចំនួនភ្ញៀវទេសចរផ្ទៃក្នុងត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៧ លាននាក់។
| លើកកម្ពស់បទពិសោធន៍ទេសចរណ៍តាមផ្លូវទឹកនៅទីក្រុងហូជីមិញ ជំរុញការផ្សព្វផ្សាយទេសចរណ៍វៀតណាមយ៉ាងខ្លាំងក្លានៅប្រទេសកាណាដា |
![]() |
| សន្និសីទសារព័ត៌មានជាទៀងទាត់ ត្រីមាសទី ១ ឆ្នាំ ២០២៦ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ |
នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ត្រីមាសទី ១ ឆ្នាំ ២០២៦ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Huu Ngoc - អនុប្រធានការិយាល័យក្រសួង បានឱ្យដឹងថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ វិស័យទាំងមូលបានអនុវត្តយ៉ាងសមកាលកម្ម និងប្រកបដោយប្រសិទ្ធភាពនូវបណ្តាសកម្មភាពលើវិស័យវប្បធម៌ ព័ត៌មាន កីឡា និងទេសចរណ៍។ តាមរយៈនោះ រួមចំណែកផ្សព្វផ្សាយនូវតម្លៃវប្បធម៌ លើកកម្ពស់ជីវភាពស្មារតី និងកាយសម្បទារបស់ប្រជាជន ព្រមទាំងជំរុញទេសចរណ៍ឱ្យរីកចម្រើនតាមទិសដៅប្រកបដោយនិរន្តរភាព។
ក្នុងនោះ មានចំណុចលេចធ្លោមួយចំនួនដូចជា៖ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានធ្វើជាសេនាធិការជូនរដ្ឋាភិបាលក្នុងការចេញសេចក្តីសម្រេចចិត្តលេខ ៣០/NQ-CP ចុះថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្តីពីការដាក់ចេញនូវកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW ចុះថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម; សេចក្តីសម្រេចដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌អរូបីចំនួន ១២ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ; សម្របសម្រួលជាមួយបណ្តាមូលដ្ឋានរៀបចំពិធីបុណ្យ ពិធីការ និងទំនៀមទម្លាប់ចំនួន ១៣; ដាក់ជូននាយករដ្ឋមន្ត្រីដើម្បីអនុម័តលើកម្មវិធីអភិវឌ្ឍន៍ប្រភេទកីឡាសំខាន់ៗ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតកីឡា Olympic និង ASIAD ដំណាក់កាល ២០២៦-២០៤៥។
ចំពោះវិស័យបោះពុម្ពផ្សាយ វិស័យនេះបានដាក់ជូននាយករដ្ឋមន្ត្រីនូវសេចក្តីសម្រេចអនុម័តលើកម្មវិធីបញ្ជាទិញការបោះពុម្ពផ្សាយ ដោយប្រើប្រាស់ថវិការដ្ឋសម្រាប់ដំណាក់កាល ២០២៧ - ២០៣១; បញ្ចប់បទបញ្ជាស្តីពីការរៀបចំ និងសកម្មភាពរបស់ប្រតិភូអន្តរវិស័យបង្ការ និងប្រឆាំងការបោះពុម្ពផ្សាយខុសច្បាប់ថ្នាក់មជ្ឈិម។
ទេសចរណ៍សម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍
ទាក់ទិននឹងវិស័យទេសចរណ៍ លោកស្រី Nguyen Thi Hoa Mai - អនុប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម បានឱ្យដឹងបន្ថែមថា បណ្តាសូចនាករស្តីពីចំណូល និងចំនួនភ្ញៀវទេសចរក្នុងរយៈពេល ៣ ខែដើមឆ្នាំ សុទ្ធតែសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។
ជាក់ស្តែង វៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧៦ លាននាក់ (កើនឡើង ១២,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥) ដែលនេះជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ រួមជាមួយភ្ញៀវទេសចរផ្ទៃក្នុងចំនួន ៣៧ លាននាក់។ ចំណូលសរុបពីភ្ញៀវទេសចរត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ២៦៧ ពាន់លានដុង។ បច្ចុប្បន្ន ប្រទេសទាំងមូលមានសហគ្រាសទេសចរណ៍អន្តរជាតិចំនួន ៤.៥២៥។
តាមលោកស្រី Hoa Mai ការរីកចម្រើននេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលជួយឱ្យចំណូលសរុបនៃវិស័យទាំងមូលឈានដល់កម្រិត ២៦៧ ពាន់លានដុង។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ ការងារគ្រប់គ្រងសកម្មភាពទេសចរណ៍ និងសម្ភារៈរូបវន្តត្រូវបានយកចិត្តទុកដាក់វិនិយោគយ៉ាងស៊ីជម្រៅ។
ទូទាំងប្រទេសបច្ចុប្បន្នមានអង្គភាពអាជីវកម្មទេសចរណ៍អន្តរជាតិចំនួន ៤.៥២៥ ក្នុងនោះរួមមាន៖ ក្រុមហ៊ុនភាគហ៊ុនចំនួន ១.៣៤៣, ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតចំនួន ៣.១៧៦ និងសហគ្រាសឯកជនចំនួន ៦។ ក្រុមការងារកម្លាំងពលកម្មបម្រើផ្ទាល់ក៏មានការរីកចម្រើនយ៉ាងខ្លាំងក្លាផងដែរ ជាមួយនឹងប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន ៤៤.១៩៦ ដែលកំពុងដំណើរការ ដើម្បីធានានូវសមត្ថភាពបម្រើសេវាកម្មនៅតាមគោលដៅនានា។
ហេដ្ឋារចនាសម្ព័ន្ធស្នាក់នៅកម្រិតខ្ពស់បន្តបញ្ជាក់ពីគុណភាព ជាមួយនឹងមូលដ្ឋានស្នាក់នៅលំដាប់ផ្កាយ ៥ ចំនួន ២៩៩ កន្លែង (៩៦.៤៤១ បន្ទប់) និងផ្កាយ ៤ ចំនួន ៣៤៨ កន្លែង (៤៧.៦៦៣ បន្ទប់)។ ប្រព័ន្ធគោលដៅទេសចរណ៍ក៏ត្រូវបានពង្រីកទ្រង់ទ្រាយផងដែរ ជាមួយនឹងតំបន់ទេសចរណ៍កម្រិតជាតិចំនួន ៩, តំបន់ទេសចរណ៍កម្រិតខេត្តចំនួន ៦៦ និងចំណុចទេសចរណ៍ចំនួន ៥៣៤ ដែលត្រូវបានទទួលស្គាល់ទូទាំងប្រទេស បង្កើតបានជាបណ្តាញសេវាកម្មសមកាលកម្ម និងវិជ្ជាជីវៈ។
ក្នុងត្រីមាសទី ១ វិស័យទេសចរណ៍បានអនុវត្តសកម្មភាពផ្សព្វផ្សាយក្នុងទ្រង់ទ្រាយធំដូចជា៖ ចូលរួមវេទិកាទេសចរណ៍អាស៊ាន (ATF) នៅប្រទេសហ្វីលីពីន, រៀបចំពិធីបើកឆ្នាំទេសចរណ៍ជាតិនៅខេត្ត Gia Lai, អនុវត្តយុទ្ធនាការផ្សព្វផ្សាយនៅតាមខេត្ត-ក្រុងចំនួន ៣៤... ជាពិសេស ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយធនាគារ SHB ដើម្បីអភិវឌ្ឍទេសចរណ៍វៃឆ្លាតលើមូលដ្ឋានទិន្នន័យ និងហិរញ្ញវត្ថុឌីជីថល ព្រមទាំងដាក់ចេញនូវផែនការបណ្តុះបណ្តាលការផ្លាស់ប្តូរឌីជីថលក្នុងឆ្នាំ ២០២៦។
ម្យ៉ាងវិញទៀត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ កំពុងពិនិត្យ និងកែសម្រួលច្បាប់ទេសចរណ៍ឆ្នាំ ២០១៧ និងកែសម្រួលផែនការមេនៃប្រព័ន្ធទេសចរណ៍ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នាពេលខាងមុខ វិស័យទេសចរណ៍នឹងផ្តោតលើការជំរុញការផ្សព្វផ្សាយនៅតាមទីផ្សារសំខាន់ៗ ខិតខំសម្រេចឱ្យបាននូវគោលដៅរីកចម្រើនប្រកបដោយនិរន្តរភាពសម្រាប់ឆ្នាំ ២០២៦ ទាំងមូល។
បច្ចុប្បន្ន វៀតណាមត្រូវបានចាត់ទុកថាមានប្រៀបខ្លាំងក្នុងការប្រកួតប្រជែង ដោយសារតែជាគោលដៅប្រកបដោយសុវត្ថិភាព ស្ថិរភាព និងទាក់ទាញ ជាមួយនឹងកញ្ចប់ផលិតផលសមស្របទៅនឹងនិន្នាការទេសចរណ៍ពិភពលោកនាពេលបច្ចុប្បន្ន។ ក្នុងបរិបទដែលជម្លោះនៅមជ្ឈិមបូព៌ា និងតំបន់កំពុងមានការប្រែប្រួល ការដែលរលកភ្ញៀវទេសចរតាមផ្លូវអាកាសនៅតែរក្សាបានកម្រិតខ្ពស់ មិនត្រឹមតែឆ្លុះបញ្ចាំងពីសមត្ថភាពតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិចំពោះវៀតណាម៕
យុគសម័យ - ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម ២០២៦ (VITM 2026) បានកត់ត្រានូវលទ្ធផលវិជ្ជមាន។ នេះគឺជាឱកាសមួយសម្រាប់សហគ្រាសក្នុងការវាស់វែងតម្រូវការ និងកត់ត្រានូវនិន្នាការនៃទីផ្សារ។ |
យុគសម័យ - ពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ ២០២៦ បានទាក់ទាញការចូលរួមពីបណ្ដាស្ថាប័នគ្រប់គ្រង ស្ថាប័នជំរុញទេសចរណ៍ និងអាជីវកម្មទេសចរណ៍មកពី ៣១ ខេត្ត ក្រុងនៃប្រទេសវៀតណាម ព្រមទាំងប្រទេស និងតំបន់ដែនដីចំនួន ២០ ដោយមានសហគ្រាសជាង ៦០០ មានស្ដង់តាំងបង្ហាញនៅក្នុងពិព័រណ៍នេះ។ |

មតិពីមិត្តអ្នកអាន