យុគសម័យ - ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម ២០២៦ (VITM 2026) បានកត់ត្រានូវលទ្ធផលវិជ្ជមាន។ នេះគឺជាឱកាសមួយសម្រាប់សហគ្រាសក្នុងការវាស់វែងតម្រូវការ និងកត់ត្រានូវនិន្នាការនៃទីផ្សារ។
| អ្នកវិទ្យាសាស្ត្រវៀតណាម៩នាក់ស្ថិតក្នុងតុប១០.០០០នាក់ក្នុងពិភពលោកក្នុងឆ្នាំ២០២៤ វៀតណាម៖ កៀរគរកម្មាភិបាល និងយុទ្ធជនជិត ៤៥៨.០០០ នាក់ ដើម្បីឆ្លើយតបនឹងព្យុះលេខ៣ |
ចំណូលសម្រេចបានលើសពី ១៩៥ ពាន់លានដុង
នារសៀលថ្ងៃទី ១២ ខែមេសា ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ឆ្នាំ ២០២៦ បានបិទបញ្ចប់ជាផ្លូវការ បន្ទាប់ពីសកម្មភាពយ៉ាងរស់រវើកអស់រយៈពេល ៤ ថ្ងៃ។ ក្នុងការកត់ត្រានូវលទ្ធផលនៃពិព័រណ៍ លោក Nguyen Hong Hai - អនុប្រធានសមាគមទេសចរណ៍វៀតណាម បានឱ្យដឹងថា ពិព័រណ៍នេះបានទទួលភ្ញៀវមកទស្សនា ទទួលបទពិសោធន៍ និងទិញទំនិញបានជាង ៩០.០០០ នាក់។
លោក Nguyen Hong Hai បានសង្កត់ធ្ងន់ថា៖ “VITM 2026 បន្តអះអាងថាជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ឈានមុខគេនៃទេសចរណ៍វៀតណាម និងជាពិធីបុណ្យប្រចាំឆ្នាំរបស់បណ្ដាសហគ្រាសទេសចរណ៍វៀតណាម”។
ព្រឹត្តិការណ៍ឆ្នាំនេះ បានប្រមូលផ្ដុំសហគ្រាសជិត ៤.៥០០ មកពីក្នុង និងក្រៅប្រទេស ដោយបង្កើតឱ្យមានជំនួបពិភាក្សា និងការតភ្ជាប់កិច្ចសហប្រតិបត្តិការជាង ២៥.០០០ លើក ព្រមទាំងបានណែនាំខ្សែទស្សនកិច្ច (tour) និងផលិតផលទេសចរណ៍បញ្ចុះតម្លៃប្រហែល ១៥.០០០។
តាមការស្ទង់មតិរហ័សចំពោះបណ្ដាអង្គភាពដែលបានចូលរួមក្នុងពិព័រណ៍ ចំណូលពីការលក់ផលិតផលទេសចរណ៍សម្រេចបានជាង ១៩៥ ពាន់លានដុង។ សហគ្រាសចំនួន ៩៥% សម្រេចបានតាមគោលដៅនៅពេលចូលរួមពិព័រណ៍ ក្នុងនោះមាន ៨,២% សម្រេចបានលើសពីការរំពឹងទុក; ហើយសហគ្រាសជាង ៩២% មានភាពពេញចិត្តចំពោះសកម្មភាពនានានៅក្នុងពិព័រណ៍។
ក្រុមហ៊ុន Vietravel ភាគខាងជើង កត់ត្រាបានភ្ញៀវប្រហែល ១.៨០០ នាក់ចុះឈ្មោះប្រើប្រាស់សេវាកម្ម ជាមួយនឹងចំណូលជាង ៣០ ពាន់លានដុង។ ក្រុមហ៊ុនទេសចរណ៍ Hanoitourist សម្រេចបានប្រហែល ១៦ ពាន់លានដុង។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន BestPrice Travel បានឱ្យដឹងថា ចំនួនអ្នកកក់ទុក (booking) និងការដាក់ប្រាក់កក់នៅនឹងកន្លែង បានកើនឡើងទ្វេដង បើធៀបនឹងលើកមុន ហើយចំណូលបានកើនឡើងប្រហែល ១,២ ដង។
![]() |
| ភ្ញៀវទេសចរចូលរួមបទពិសោធន៍លេងហ្គេមតូចៗ (minigame) ដោយការជិះកង់បង្កើតថាមពលដើម្បីកិនទឹកក្រឡុក នៅឯស្ដង់តាំងបង្ហាញក្នុងពិព័រណ៍ VITM 2026។ |
ភ្ញៀវទេសចរមិនត្រឹមតែ “ប្រមាញ់” ខ្សែទស្សនកិច្ច តម្លៃថោកប៉ុណ្ណោះទេ
ការកត់ត្រាជាក់ស្តែងបង្ហាញថា ទោះបីជាបរិបទអន្តរជាតិនៅមានការប្រែប្រួលច្រើនក៏ដោយ ក៏ចំនួនភ្ញៀវមកកាន់ពិព័រណ៍នៅតែមានច្រើនកុះករ។ ផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្លាំង រួមមានខ្សែទស្សនកិច្ចទៅក្រៅប្រទេស តម្លៃពិសេស និងកញ្ចប់សេវាកម្ម សំបុត្រយន្តហោះ - សណ្ឋាគារ ទៅកាន់គោលដៅទេសចរណ៍សមុទ្រនានាដូចជា Da Nang, Phu Quoc, Nha Trang, Quy Nhon ដែលរួមចំណែកជំរុញចំណូលនៃព្រឹត្តិការណ៍ទាំងមូល។
លោក Pham Van Bay - នាយកមជ្ឈមណ្ឌលភ្ញៀវរាយនៃក្រុមហ៊ុន Vietravel ភាគខាងជើង - បានឱ្យដឹងថា ភ្ញៀវទេសចរទៅក្រៅប្រទេសមានចំនួន ៥៥%, ភ្ញៀវក្នុងស្រុកមាន ៤៥%, ក្នុងនោះបណ្ដាកញ្ចប់សេវាកម្មទេសចរណ៍សមុទ្រតាមផ្លូវអាកាស ទទួលបានការចាប់អារម្មណ៍ច្រើន ដោយសារមានការបញ្ចុះតម្លៃរហូតដល់ ២០%។
លោក Pham Van Bay បានឱ្យដឹងបន្ថែមថា៖ “ស្ដង់តាំងបង្ហាញរបស់ Vietravel ក៏មានសកម្មភាពជាច្រើនទាក់ទាញភ្ញៀវទស្សនាយ៉ាងច្រើនកុះករដូចជា Photobooth AI សម្រាប់ថតរូបយកភ្លាមៗដើម្បី check-in នៅតាមគោលដៅទេសចរណ៍ក្រៅប្រទេស, ការគូររូបឌីជីថល Teamlap, ការជិះកង់បៃតងដើម្បីទទួលទានទឹកក្រឡុកផ្លែឈើ។ សកម្មភាពសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានទេសចរណ៍ប្រទេសថៃ កូរ៉េខាងត្បូង សិង្ហបុរី ដូចជាការទទួលទាននំ tart ស្វាយ, ការធ្វើរូបភាពពីសម្បកខ្យង, ការធ្វើកម្រងផ្កា... ក៏ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាច្រើនផងដែរ”។
បណ្ដាផលិតផលសម្រាកលំហែកាយលំដាប់ខ្ពស់នៅតាមរីសត (resort) កម្រិត ៥ ផ្កាយ ក៏កត់ត្រាបានចំនួនភ្ញៀវមានស្ថិរភាព ដែលភាគច្រើនធ្វើដំណើរជាក្រុមតូចៗ ដែលបង្ហាញថា តម្រូវការទទួលបទពិសោធន៍ប្រកបដោយគុណភាពខ្ពស់ កំពុងតែមានរូបរាងកាន់តែច្បាស់។
![]() |
| ពិព័រណ៍បានប្រគល់រង្វាន់កិត្តិយសដល់បណ្ដាស្ដង់តាំងបង្ហាញដែលបានរៀបចំសកម្មភាពលេចធ្លោ និងទាក់ទាញភ្ញៀវទស្សនាបំផុតនៅ VITM 2026។ |
លោក Bui Thanh Tu - នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុន BestPrice Travel បានផ្ដល់ព័ត៌មានថា មានភ្ញៀវរាប់ពាន់នាក់បានមកទស្សនា និងទទួលការប្រឹក្សាយោបល់ដោយផ្ទាល់នៅឯស្ដង់តាំងបង្ហាញ។ អត្រាភ្ញៀវដែលចាប់អារម្មណ៍លើផលិតផលបែបឯកជនភាវូបនីយកម្ម និងខ្សែទស្សនកិច្ច បែប “No Shopping” (មិនចូលហាងលក់ទំនិញបង្ខំ) មានចំនួនជាង ៦០%។
លោក Bui Thanh Tu បានឱ្យដឹងថា៖ “អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ឥរិយាបថរបស់អតិថិជនបានបង្ហាញពីការផ្លាស់ប្តូរយ៉ាងច្បាស់លាស់៖ ពួកគេលែងផ្ដល់អាទិភាពលើខ្សែទស្សនកិច្ចតម្លៃថោកទៀតហើយ ប៉ុន្តែបានប្តូរមកជ្រើសរើសខ្សែទស្សនកិច្ចដែលត្រូវតាមតម្រូវការ និងផ្ដល់នូវបទពិសោធន៍ដ៏សមស្របវិញ”។
ពេញមួយរយៈកាលនៃពិព័រណ៍នេះ ទីផ្សារទេសចរណ៍ទៅក្រៅប្រទេស នៅតែបន្តជាចំណុចលេចធ្លោមួយសម្រាប់ក្រុមហ៊ុន Vietluxtour។ ខ្សែទស្សនកិច្ចនៅតំបន់អាស៊ីរយៈពេលខ្លី នៅតែមានសមាមាត្រដ៏ធំ ដោយសារវាស្របតាមនិន្នាការទេសចរណ៍ពី ៤ ទៅ ៦ ថ្ងៃ ជាមួយនឹងចំណូលកើនឡើងប្រហែល ១៥% បើធៀបនឹងឆ្នាំមុន។
លោកស្រី Tran Thi Bao Thu - នាយកផ្នែកទីផ្សារ និងទំនាក់ទំនងនៃក្រុមហ៊ុន Vietluxtour បានចែករំលែកថា៖ “នៅក្នុងទីផ្សារក្នុងស្រុក តម្រូវការផ្តោតសំខាន់លើទេសចរណ៍សមុទ្រ - សម្រាកលំហែកាយ; ទេសចរណ៍វប្បធម៌ - ប្រវត្តិសាស្ត្រ; ទេសចរណ៍បៃតង - ទទួលបទពិសោធន៍។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ និន្នាការទេសចរណ៍បែប free & easy (កក់សេវាកម្មដោយសេរី) និងការដើរជាក្រុមតូចៗ មានចំនួនប្រហែល ១៥% ដែលបង្ហាញថាភ្ញៀវទេសចរកាន់តែផ្ដល់អាទិភាពលើភាពបត់បែន និងការរៀបចំធ្វើដំណើរតាមចំណូលចិត្តផ្ទាល់ខ្លួន”។
ក្នុងពេលជាមួយគ្នានោះដែរ ស្ដង់តាំងបង្ហាញរបស់ក្រុមហ៊ុន Flamingo Redtours បានទទួលស្វាគមន៍ភ្ញៀវជាង ១.០០០ នាក់ ដែលមកទស្សនា និងស្វែងយល់ព័ត៌មានអំពីខ្សែទស្សនកិច្ច ។ ជំនួសឱ្យការជ្រើសរើសខ្សែទស្សនកិច្ចឆ្ងាយៗ និងរយៈពេលច្រើនថ្ងៃដូចមុន ភ្ញៀវទេសចរបានផ្ដល់អាទិភាពលើបណ្ដាខ្សែទស្សនកិច្ចជិតៗ ដើម្បីបង្កើនប្រសិទ្ធភាពចំណាយ។ ភ្ញៀវបានផ្ដោតសំខាន់លើបណ្ដាខ្សែទស្សនកិច្ចក្នុងស្រុក ការបើកបររថយន្តដោយខ្លួនឯង ឬការកក់សំបុត្ររថភ្លើង រថយន្តឈ្នួល និងជ្រើសរើសបណ្ដាមណ្ឌលសម្រាកលំហែកាយដែលមានសេវាកម្មគ្រប់ជ្រុងជ្រោយ។
តម្រូវការទេសចរណ៍ទៅក្រៅប្រទេស ជាពិសេសគឺបណ្ដាខ្សែទស្សនកិច្ចឆ្ងាយៗមានការថយចុះ។ ភ្ញៀវទេសចរបានជ្រើសរើសគោលដៅជិតៗ ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី; និងតំបន់អាស៊ីឦសានដូចជា ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន... ជាដើម៕
យុគសម័យ - ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM ហាណូយឆ្នាំ ២០២៣ បានក្លាយទៅជាចំណុចលេចធ្លោនៃឧស្សាហកម្មទេសចរណ៍វៀតណាម។ បន្តអះអាងនូវម៉ាកយីហោនាំមុខគេ និងជំហររបស់ពិព័រណ៍ទេសចរណ៍អន្តរជាតិនៅវៀតណាម។ |
ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM ទីក្រុងហាណូយឆ្នាំ ២០២៣ នឹងបើកនៅព្រឹកថ្ងៃទី ១៣ មេសា នៅវិមានវប្បធម៌ Huu Nghi ទីក្រុងហាណូយ។ |


មតិពីមិត្តអ្នកអាន