Trending now

វៀតណាម - ស្លូវ៉ាគី៖ កម្លាំងចលករថ្មីសម្រាប់ចំណងមិត្តភាពប្រពៃណី

14:05 | 19/04/2026 ឌឹកអាញ់

យុគសម័យ - ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ចាប់ពីថ្ងៃទី ១២ ដល់ទី ១៤ ខែមេសា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Le Minh Hung បានកត់សម្គាល់នូវតំណាក់កាលប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

រក្សាខ្សែចំណងតភ្ជាប់រវាងប្រជាជន វៀតណាម – ស្លូវ៉ាគី សមាគមមិត្តភាពវៀតណាម - ឆេក - ស្លូវ៉ាគី ខេត្ត Bac Giang៖ សកម្មភាពជាក់ស្តែង និងមនុស្សធម៌ជាច្រើន
វៀតណាម - ស្លូវ៉ាគី៖ កម្លាំងចលករថ្មីសម្រាប់ចំណងមិត្តភាពប្រពៃណី
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Le Minh Hung ទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico។

ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុងបរិបទដ៏ពិសេស នៅពេលដែលវៀតណាមទើបនឹងបញ្ចប់ការរៀបចំរចនាសម្ព័ន្ធស្ថាប័នដឹកនាំជាន់ខ្ពស់ឡើងវិញ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ នៃបក្សកុម្មុយនីស្តវៀតណាម។ ដំណើរទស្សនកិច្ចនេះ គឺជាការអះអាងអំពីមនោសញ្ចេតនាជិតស្និទ្ធ និងភាពស្មោះត្រង់; អំពីការគោរព និងទំនុកចិត្តនយោបាយដាច់ខាត។ ជាមួយនឹងរយៈកាលជាង ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនង (ចាប់ពីឆ្នាំ ១៩៥០ រហូតមកដល់បច្ចុប្បន្ន) ពេលនេះ គឺជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរចំណងមិត្តភាពប្រពៃណីទៅជាជំពូកថ្មីមួយ៖ ដៃគូយុទ្ធសាស្ត្រ។

ស្វាគមន៍មិត្តចាស់

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Robert Fico មានអត្ថន័យនយោបាយយ៉ាងសំខាន់បំផុត។ នេះគឺជាគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលបរទេសដំបូងគេ ដែលនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Le Minh Hung បានទទួលស្វាគមន៍ក្នុងតំណែងថ្មី។ ទន្ទឹមនឹងនេះ លោក Fico ក៏ជានាយកដឹកនាំជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទីមួយ ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម បន្ទាប់ពីទំនាក់ទំនងវៀតណាម - EU ត្រូវបានលើកកម្ពស់ទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នាយករដ្ឋមន្ត្រី Robert Fico មិនមែនជាឈ្មោះដែលមិនស្គាល់សម្រាប់ប្រជាជនវៀតណាមនោះទេ។ នេះគឺជាលើកទីបីហើយដែលលោកបានមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងតំណែងជាប្រមុខរដ្ឋាភិបាលស្លូវ៉ាគី (ពីមុនគឺនៅឆ្នាំ ២០០៨ និងឆ្នាំ ២០១៦)។ ភាពស្ថិតស្ថេរក្នុងគោលនយោបាយការបរទេសរបស់មេដឹកនាំរូបនេះ ចំពោះវៀតណាម បានបង្កើតបានជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយដ៏ជ្រាលជ្រៅសម្រាប់ប្រទេសទាំងពីរ។

យោងតាមនាយករដ្ឋមន្ត្រី លោក Le Minh Hung ដំណើរទស្សនកិច្ចនេះគឺជាសក្ខីភាពដ៏រស់រវើកសម្រាប់ការយកចិត្តទុកដាក់ជាពិសេសរបស់រដ្ឋាភិបាលស្លូវ៉ាគី និងបុគ្គលលោកនាយករដ្ឋមន្ត្រី Fico ផ្ទាល់សម្រាប់វៀតណាម; បង្ហាញពីមនោសញ្ចេតនាមិត្តភាពប្រពៃណី ភាពជិតស្និទ្ធ ស្មោះត្រង់ បរិសុទ្ធ និងទំនុកចិត្តរវាងប្រទេសទាំងពីរ ដូចដែលលោកនាយករដ្ឋមន្ត្រី Fico ធ្លាប់បានថ្លែងជាច្រើនលើកក្នុងជំនួបពិភាក្សា និងការចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមថា៖ "យើងខ្ញុំមកក្នុងនាមជាមិត្តភក្តិដ៏ស្មោះត្រង់ ហើយនៅពេលចាកចេញពីវៀតណាមលើកនេះ យើងខ្ញុំនឹងនាំយកទៅវិញនូវចំណងមិត្តភាពដែលកាន់តែធំធេងជាងមុន"។

ដំណើរទស្សនកិច្ចនេះ ក៏ជាការអះអាងផងដែរថាស្លូវ៉ាគីយកចិត្តទុកដាក់លើការជំរុញគោលនយោបាយការបរទេស "ពហុទិស" ការធ្វើពិពិធកម្មទំនាក់ទំនងជាមួយតំបន់នានាក្រៅពីសហភាពអឺរ៉ុប (EU) ជាពិសេសគឺជាមួយតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក; ដោយផ្ទុកនូវក្ដីរំពឹងខ្ពស់លើការតម្រង់ទិស និងការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រកបដោយនិរន្តរភាព។

សមិទ្ធផលដ៏សំខាន់បំផុតនៃដំណើរទស្សនកិច្ចនេះ គឺការដែលនាយករដ្ឋមន្ត្រីទាំងពីរបានអនុម័តជាផ្លូវការនូវ សេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម - ស្លូវ៉ាគី ទៅជាដៃគូយុទ្ធសាស្ត្រ។ សេចក្តីសម្រេចនេះឆ្លុះបញ្ចាំងពីកម្រិតនៃទំនុកចិត្តនយោបាយខ្ពស់រវាងភាគីទាំងពីរ និងតម្រូវការក្នុងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពក្នុងបរិបទអន្តរជាតិថ្មី។

ជាពិសេស ដើម្បីធ្វើឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឈានចូលកាន់តែស៊ីជម្រៅនាពេលខាងមុខ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាខ្ពស់លើការជំរុញប្រកបដោយប្រសិទ្ធភាពនូវបណ្តាកញ្ចប់ដំណោះស្រាយដូចជា៖ ពង្រឹងទំនុកចិត្តនយោបាយ រួមគ្នាគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់តួនាទី និងឋានៈអន្តរជាតិរបស់ប្រទេសនីមួយៗ; បង្កើតការផ្លាស់ប្តូរជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ; ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ - សន្តិសុខ ឱ្យសមស្របនឹងកម្រិតទំនុកចិត្តនយោបាយខ្ពស់រវាងប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - បណ្តុះបណ្តាល ពលកម្ម ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន វប្បធម៌ និងទេសចរណ៍។

នាយករដ្ឋមន្ត្រី លោក Le Minh Hung ជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលទាំងពីរ រួមជាមួយការរួមចិត្តរួមថ្លើមនៃសហគមន៍សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ស្លូវ៉ាគី នឹងរួមចំណែកនាំមកនូវភាពរុងរឿងសម្រាប់ប្រជាជាតិទាំងពីរ និងចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ និងពិភពលោក។

លើសពីនេះទៅទៀត ក្នុងបរិបទដែលវៀតណាមកំពុងអនុវត្តបណ្តាសេចក្តីសម្រេចចិត្តអភិវឌ្ឍន៍ថ្មីៗ ជាមួយនឹងទិសដៅផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពី "បរិមាណ" ទៅជា "គុណភាព" នោះ ភាពស៊ីសង្វាក់គ្នានៃទស្សនៈនយោបាយ និងការគាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាពហុភាគី ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការ ASEAN-EU នឹងបង្កើតបានជាជំហរដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរនៅលើផែនទីភូមិសាស្ត្រនយោបាយអន្តរជាតិ។

កម្រិតកម្ពស់ថ្មី បេសកកម្មថ្មី

ប្រសិនបើកិច្ចសហប្រតិបត្តិការនយោបាយគឺជាគ្រឹះស្ថាន នោះសេដ្ឋកិច្ច និងវិទ្យាសាស្ត្របច្ចេកវិទ្យាគឺជាសសរស្តម្ភដ៏សំខាន់មួយ ដែលនាំឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ស្លូវ៉ាគីឈានចូលកាន់តែស៊ីជម្រៅ។

បច្ចុប្បន្ន វៀតណាមមានសក្តានុពលក្នុងការក្លាយជាស្ពានចម្លងដ៏សំខាន់របស់ស្លូវ៉ាគី ដើម្បីឈានទៅរកទីផ្សារ ASEAN និងខ្សែសង្វាក់ផ្គត់ផ្គង់នៅអាស៊ី។ ផ្ទុយទៅវិញ ស្លូវ៉ាគីនៅតែមានសក្តានុពលជាច្រើនក្នុងការជួយវៀតណាមចូលទៅកាន់ និងជាចំណុចផ្ទេរទំនិញ ព្រមទាំងផ្ទេរចំណេះដឹងបច្ចេកវិទ្យាជាមួយទីផ្សារអឺរ៉ុប។ ក្រៅពីនេះ វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់ស្លូវ៉ាគីនៅអាស៊ី (បន្ទាប់ពីចិន និងកូរ៉េខាងត្បូង); ទន្ទឹមនឹងនេះ ស្លូវ៉ាគីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីពីររបស់វៀតណាមនៅក្នុងតំបន់អឺរ៉ុបកណ្តាល និងខាងកើត។ ប្រទេសទាំងពីរមានតម្រូវការ និងចក្ខុវិស័យក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការផ្លាស់ប្តូរពណ៌បៃតង ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត ការពារជាតិ-សន្តិសុខ វប្បធម៌-ទេសចរណ៍ និងអប់រំ...។

នៅក្នុងវេទិកាសហគ្រាសវៀតណាម - ស្លូវ៉ាគី ឆ្នាំ ២០២៦ ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី ១៣ ខែមេសា នាយករដ្ឋមន្ត្រី លោក Le Minh Hung បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់លើការពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេសអឺរ៉ុប ដែលក្នុងនោះស្លូវ៉ាគីគឺជាដៃគូដ៏មានសក្តានុពល; ព្រមទាំងបានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តបង្ហើយនូវប្រព័ន្ធស្ថាប័ន កែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច បង្កលក្ខណៈងាយស្រួលបំផុតដើម្បីឱ្យសហគ្រាសបរទេស ក្នុងនោះមានសហគ្រាសស្លូវ៉ាគី ជឿជាក់ក្នុងការវិនិយោគរយៈពេលវែង និងប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។

ចំណែកខាងភាគីស្លូវ៉ាគីវិញ ដោយវាយតម្លៃខ្ពស់ចំពោះសក្តានុពលអភិវឌ្ឍន៍ដ៏រស់រវើកនៃសេដ្ឋកិច្ចវៀតណាម នាយករដ្ឋមន្ត្រី លោក Robert Fico បានសម្តែងនូវបំណងចង់ជំរុញឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Fico បានបញ្ជាក់យ៉ាងច្បាស់ថា ស្លូវ៉ាគីត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធន៍ ផ្ទេរបច្ចេកវិទ្យា ក៏ដូចជាបង្កលក្ខណៈងាយស្រួលឱ្យសហគ្រាសវៀតណាមចូលកាន់តែស៊ីជម្រៅទៅក្នុងទីផ្សារអឺរ៉ុបតាមរយៈស្លូវ៉ាគី ដែលជាច្រកទ្វារដ៏សំខាន់មួយនៅក្នុងសហភាពអឺរ៉ុប។

ជាពិសេស តាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Robert Fico ប្រទេសទាំងពីរមានឱកាសជំរុញឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ស្លូវ៉ាគី និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - EU។ ក្នុងដំណើរទស្សនកិច្ចនេះ ខាងភាគីស្លូវ៉ាគីមានគណៈប្រតិភសហគ្រាសដ៏ធំអមដំណើរប្រមុខរដ្ឋាភិបាល។ ផ្អែកលើមូលដ្ឋាននោះ លោក Fico រំពឹងថា បណ្តាការផ្លាស់ប្តូរ និងវេទិការវាងសហគ្រាសនៃប្រទេសទាំងពីរ នឹងនាំមកនូវលទ្ធផលជាក់ស្តែង រួមចំណែកដល់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ; ព្រមទាំងបានអះអាងថា រាល់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ នឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលទាំងពីរ។

មិនត្រឹមតែជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺភ្លាមៗនៅក្នុងដំណើរទស្សនកិច្ចនេះ ឯកសារសហប្រតិបត្តិការចំនួន ១៦ ក៏ត្រូវបានចុះហត្ថលេខា និងផ្លាស់ប្តូរក្នុងវិស័យគន្លឹះជាច្រើនដូចជា៖ នយោបាយ ការទូត ការពារជាតិ ថាមពលអាតូមិក សន្តិសុខ សុខាភិបាល និងទេសចរណ៍។ ក្នុងនោះ ឯកសារសំខាន់ៗចំនួន ៦ ត្រូវបានប្រគល់ជូនក្រោមសក្ខីភាពនៃនាយករដ្ឋមន្ត្រីទាំងពីរ រួមមានកិច្ចព្រមព្រៀងស្តីពីឧស្សាហកម្មការពារជាតិ វប្បធម៌ និងជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានថាមពលអាតូមិកវៀតណាម ជាមួយវិទ្យាស្ថានស្រាវជ្រាវរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរស្លូវ៉ាគី។ នាយករដ្ឋមន្ត្រី លោក Robert Fico បានអះអាងថា ស្លូវ៉ាគីត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធន៍ជំនាញស៊ីជម្រៅជាមួយវៀតណាម ក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងឧស្សាហកម្មការពារជាតិ។

វិទ្យាសាស្ត្រ - បច្ចេកវិទ្យាបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម គឺជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងបណ្តាសេចក្តីសម្រេចចិត្តអភិវឌ្ឍន៍ជាតិរបស់វៀតណាម ហើយក៏ជាទិសដៅអភិវឌ្ឍន៍ដ៏សំខាន់ក្នុងគោលនយោបាយរបស់ស្លូវ៉ាគីផងដែរ។ អាចនិយាយបានថា ទិសដៅរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបង្កើតនូវកម្លាំងចលករថ្មី បើកផ្លូវឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីឈានចូលកាន់តែស៊ីជម្រៅ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Robert Fico ប្រព្រឹត្តទៅក្នុងបរិបទដ៏ពិសេស នៅពេលដែលវៀតណាមទើបនឹងបញ្ចប់ការរៀបចំរចនាសម្ព័ន្ធស្ថាប័នដឹកនាំជាន់ខ្ពស់ឡើងវិញ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ នៃបក្សកុម្មុយនីស្តវៀតណាម។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Robert Fico ប្រព្រឹត្តទៅក្នុងបរិបទដ៏ពិសេស នៅពេលដែលវៀតណាមទើបនឹងបញ្ចប់ការរៀបចំរចនាសម្ព័ន្ធស្ថាប័នដឹកនាំជាន់ខ្ពស់ឡើងវិញ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ នៃបក្សកុម្មុយនីស្តវៀតណាម។

ស្ពានចម្លងប្រកបដោយនិរន្តរភាពសម្រាប់អនាគត

ទន្ទឹមនឹងនោះ ចំណុចលេចធ្លោដ៏ពិសេស និងជ្រាលជ្រៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ គឺការទទួលស្គាល់នូវឋានៈរបស់សហគមន៍ជនជាតិវៀតណាមនៅប្រទេសស្លូវ៉ាគី។

កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ រដ្ឋាភិបាលស្លូវ៉ាគីបានទទួលស្គាល់ជាផ្លូវការនូវសហគមន៍ជនជាតិវៀតណាម ជាជនជាតិភាគតិចទី ១៤។ នេះគឺជាការទទួលស្គាល់ដ៏មានតម្លៃ បង្កើតបានជាឋានៈគតិយុត្តដ៏រឹងមាំ ដើម្បីឱ្យបងប្អូនជនរួមជាតិមានភាពកក់ក្តៅក្នុងចិត្តក្នុងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងជីវភាពសង្គមនៅទីនោះ បន្ទាប់ពីបានផ្សារភ្ជាប់អស់រយៈពេលជិត ៧០ ឆ្នាំ ឆ្លងកាត់បីជំនាន់។ សហគមន៍ជនជាតិវៀតណាម មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា "ស្ពានចម្លង" ផ្សព្វផ្សាយវប្បធម៌វៀតណាម តាមរយៈព្រឹត្តិការណ៍នានាដូចជា "ការដើរក្បួនក្នុងសម្លៀកបំពាក់វៀតណាម" (Viet phục bộ hành) ឬបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់សហគមន៍ ដែលរួមចំណែករឹតចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ។

ក្រៅពីនេះ កិច្ចសហប្រតិបត្តិការទេសចរណ៍ និងអប់រំក៏ត្រូវបានជំរុញជាបន្តបន្ទាប់ផងដែរ។ វៀតណាមបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការទេសចរណ៍ក្នុងរយៈពេល ៤៥ ថ្ងៃ សម្រាប់ប្រជាពលរដ្ឋស្លូវ៉ាគី ចាប់ពីខែសីហា ឆ្នាំ ២០២៥។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Robert Fico បានសម្តែងនូវបំណងចង់ជំរុញឱ្យមានខ្សែហោះហើរត្រង់រវាងស្លូវ៉ាគី មកកាន់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ក្នុងពេលឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងចំណូលចិត្តធ្វើដំណើរកម្សាន្តនៅវៀតណាមរបស់ប្រជាជនស្លូវ៉ាគី។

ក្នុងវិស័យអប់រំ ស្លូវ៉ាគីមានបំណងចង់ទទួលយកនិស្សិត និងអ្នកជំនាញវ័យក្មេងវៀតណាមបន្ថែមទៀតឱ្យមកសិក្សា ជាពិសេសគឺក្នុងវិស័យថាមពលនុយក្លេអ៊ែរ ដើម្បីបម្រើឱ្យបណ្តាផែនការអភិវឌ្ឍន៍នាពេលអនាគត។

អាចនិយាយបានថា ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រី លោក Robert Fico គឺជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រមួយ ដែលកត់សម្គាល់នូវការផ្លាស់ប្តូររូបរាងយ៉ាងខ្លាំងក្លានៃទំនាក់ទំនងប្រទេសទាំងពីរ បន្ទាប់ពីការបង្កើតទំនាក់ទំនងមិត្តភាពអស់រយៈពេលជាង ៧៥ ឆ្នាំ។ ការលើកកម្ពស់ទំនាក់ទំនងជាផ្លូវការទៅជា ដៃគូយុទ្ធសាស្ត្រ គឺជាលទ្ធផលដែលមិនអាចខ្វះបាននៃទំនុកចិត្តនយោបាយដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនាជិតស្និទ្ធ ស្មោះត្រង់ រវាងប្រជាជាតិទាំងពីរ។

ជាមួយនឹងកម្លាំងចលករថ្មីចេញពីឯកសារសហប្រតិបត្តិការចំនួន ១៦ ដែលត្រូវបានចុះហត្ថលេខា រួមនឹងការប្តេជ្ញាចិត្តរួមដំណើរយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលទាំងពីរចំពោះសហគមន៍សហគ្រាស ទំនាក់ទំនងវៀតណាម - ស្លូវ៉ាគី កំពុងឈរនៅចំពោះមុខកាលានុវត្តភាពដ៏ធំធេង ដើម្បីអភិវឌ្ឍន៍ជាក់ស្តែងក្នុងបណ្តាវិស័យ ចាប់ពីសេដ្ឋកិច្ច ការពារជាតិ រហូតដល់ថាមពលនុយក្លេអ៊ែរ។

នៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការទទួលស្គាល់ផ្នែកច្បាប់សម្រាប់សហគមន៍ជនជាតិវៀតណាម និងសេចក្តីប្រាថ្នារួមអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព យើងមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ស្លូវ៉ាគី នឹងកាន់តែរីកសុះសាយ នាំមកនូវភាពរុងរឿងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ ក៏ដូចជាលើសកលលោក៕

មនុស្សជាង ១០.០០០ នាក់បានចូលរួមទិវាវៀតណាមលើកទី ៣ នៅប្រទេសស្លូវ៉ាគី មនុស្សជាង ១០.០០០ នាក់បានចូលរួមទិវាវៀតណាមលើកទី ៣ នៅប្រទេសស្លូវ៉ាគី

យុគសម័យ - ព្រឹត្តិការណ៍ទិវាវៀតណាមលើកទី ៣ នៅប្រទេសស្លូវ៉ាគីបានទាក់ទាញភ្ញៀវទេសចរជាង ១០.០០០ នាក់ដែលភាគច្រើនជាប្រជាជនក្នុងតំបន់។

ប្រជាជនស្លូវ៉ាគីថែរក្សាការចងចាំរបស់លោកប្រធានហូជីមិញ ប្រជាជនស្លូវ៉ាគីថែរក្សាការចងចាំរបស់លោកប្រធានហូជីមិញ

យុគសម័យ - យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំនៅអឺរ៉ុបកណ្តាល និងខាងកើត បានឲ្យដឹងថា នាថ្ងៃទី ១៩ ឧសភា នៅសាលប្រជុំ Horne Saliby (តំបន់ Trnava ប្រទេសស្លូវ៉ាគី) ស្ថានទូតវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី ១៣៤ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ស្លូវ៉ាគី៖ កម្លាំងចលករថ្មីសម្រាប់ចំណងមិត្តភាពប្រពៃណី
វៀតណាមតែងតែបង្កើតទំនុកចិត្តជាមួយភ្ញៀវទេសចរអន្តរជាតិថាជាគោលដៅប្រកបដោយសុវត្ថិភាព និងទាក់ទាញ
លើកកម្ពស់បទពិសោធន៍ទេសចរណ៍តាមផ្លូវទឹកនៅទីក្រុងហូជីមិញ
បើកការដ្ឋានសាងសង់បន្ទប់រៀនចំនួន ២ នៅចំណុចសាលាតំបន់លំបាក Hon Dat
អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An