នារសៀលថ្ងៃទី ២៦ ខែធ្នូ នៅរាជធានីភ្នំពេញ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសំដែងការគួរសមលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បន្ទាប់ពីកម្ពុជាបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧។
![]() |
![]() |
![]() |
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសំដែងការគួរសមលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា |
ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអបអរសាទរចំពោះលោក ស សុខា ដែលត្រូវបានរដ្ឋសភាកម្ពុជា នីតិកាលទី៧ តែងតាំងឱ្យកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។ លោកឯកអគ្គរដ្ឋទូតក៏ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ប្រកបដោយជោគជ័យ និងការផ្ទេរអំណាចដោយរលូន។
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang សង្ឃឹមថា រដ្ឋាភិបាលទាំងពីរ រួមទាំងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាល វៀតណាមបន្តសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាព និងកាន់តែស៊ីជម្រៅថែមទៀត។
រីឯខ្លួនវិញ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍លើគ្រប់វិស័យរបស់វៀតណាម និងសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែងរវាងរដ្ឋាភិបាលទាំងពីរ និងក្រសួងទាំងពីរត្រូវបានពង្រឹង និងអភិវឌ្ឍន៍ឥតឈប់ឈរ។
លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញសមិទ្ធផលដែលសម្រេចបាន ពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួង និងមូលដ្ឋាន ជាពិសេសខេត្តដែលមានព្រំដែនរួម ព្រមទាំងរួមគ្នាអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្ដិការដែលភាគីទាំងពីរបានឯកភាពលើគ្រប់វិស័យ។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានសង្កត់ធ្ងន់លើការពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើវិស័យការពារជាតិ និងសន្តិសុខ ដើម្បីរក្សាស្ថិរភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមរបស់ប្រទេសនីមួយៗ ក៏ដូចជាប្រទេសទាំងពីរ រួមចំណែកក្នុងការពង្រឹង និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
នៅក្នុងជំនួបសម្តែងការគួរសម លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត បានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ បង្កើនការជួបប្រជុំដើម្បីចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍ បន្តជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់ ហើយទន្ទឹមនឹងនោះស្វែងរកឱកាស និងយន្តការសហប្រតិបត្តិការថ្មីឲ្យមានប្រសិទ្ធភាព។
ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខ និងស្ថិរភាព រួមគ្នារក្សាសណ្តាប់ធ្នាប់នៅតាមព្រំដែនដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មតាមព្រំដែន និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ៕
មតិពីមិត្តអ្នកអាន