នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុននៅទីក្រុងតូក្យូ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញស្រស់ស្រូបអាហារពេលព្រឹក និងពិភាក្សាការងារជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
![]() |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម រួមជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា |
ថ្នាក់ដឹកនាំទាំង ៣ រូបបានវាយតម្លៃខ្ពស់ចំពោះរបៀបពិគ្រោះយោបល់ប្រកបដោយភាពបត់បែនរវាងនាយករដ្ឋមន្ត្រីទាំង៣ ក្នុងឱកាសចូលរួមសកម្មភាពពហុភាគី រួមចំណែកយ៉ាងសំខាន់ក្នុងការពិនិត្យ និងស្វែងរកទិសដៅដោះស្រាយការលំបាក និងបញ្ហាក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីទាំង ៣ ក៏បានពិភាក្សាអំពីការបង្កើតយន្តការនៃកិច្ចប្រជុំសម្រាប់នាយករដ្ឋមន្ត្រីទាំងបី ដើម្បីអនុវត្តលទ្ធផលដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលរវាងប្រមុខគណបក្សទាំងបីកម្ពុជា-ឡាវ-វៀតណាម។
នាយករដ្ឋមន្ត្រីទាំងបីរូបបានអះអាងថា បន្តពង្រឹងសាមគ្គីភាពរវាងប្រទេសទាំងបីក្នុងការធានាសន្តិសុខជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ បង្កើនការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបី ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់ រួមគ្នាជួយឧបត្ថម្ភគ្នាទៅវិញទៅមកកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ សមាហរណកម្មអន្តរជាតិស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព។ ថ្នាក់ដឹកនាំទាំង ៣ រូបក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីការពារសន្តិសុខតាមព្រំដែន និងទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន; ពួតដៃគ្នាបន្តកសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍; បន្តមានគោលនយោបាយ និងវិធានការបន្ថែមទៀត ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល និងលើកទឹកចិត្តដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ; អនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពដើម្បីភ្ជាប់ខឿនសេដ្ឋកិច្ច CLV ទាំងបីដល់ឆ្នាំ ២០៣០។
![]() |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញស្រស់ស្រូបអាហារពេលព្រឹក និងពិភាក្សាការងារជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា |
ថ្នាក់ដឹកនាំទាំង ៣ រូបបានស្វាគមន៍ចំពោះសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពីការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងបីនៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងបី។ ថ្នាក់ដឹកនាំទាំង ៣ រូបបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការយល់ដឹង និងសាមគ្គីភាពក្នុងចំណោមយុវជនជំនាន់ក្រោយ ព្រមទាំងឯកភាពជំរុញការផ្លាស់ប្តូរ និងបណ្តុះបណ្តាលយុវជន និងអ្នកដឹកនាំវ័យក្មេង ដើម្បីពូនជ្រំអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងបី។ ថ្នាក់ដឹកនាំទាំង ៣ រូប បានយល់ព្រមសម្របសម្រួលរក្សាសាមគ្គីភាព គោលជំហរ និងតួនាទីជាមជ្ឈភាពរបស់អាស៊ាន ក្នុងបញ្ហាតំបន់៕
មតិពីមិត្តអ្នកអាន