Trending now
ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម - ឡាវ - កម្ពុជា៖

លោកវរសេនីយ៍ឯក រ៉ែម កាន់ នាយការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម៖ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឡើងកម្រិតខ្ពស់ថ្មី

09:28 | 13/12/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសដែលវៀតណាម ឡាវ និងកម្ពុជា នឹងរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ​ព្រំដែនវៀតណាម-ឡាវ-កម្ពុជា ជាលើកដំបូង នៅពាក់កណ្តាលខែធ្នូនេះ អ្នកយកព័ត៌មាន នៃកាសែតកងទ័ពប្រជាជន បានជួបសម្ភាសន៍ជាមួយលោកវរសេនីយ៍ឯក រ៉ែម កាន់ នាយការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម ដើម្បីមានការយល់ឃើញបន្ថែមទៀតអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះ។

រក្សាទំនាក់ទំនងជាមួយបណ្ដាប្រទេសមិត្ដជាប្រពៃណីជាការរួមចំណែកដល់បរិយាកាសសន្ដិភាពសម្រាប់ខ្លួន​ឯង និងក្នុងតំបន់ រក្សាទំនាក់ទំនងជាមួយបណ្ដាប្រទេសមិត្ដជាប្រពៃណីជាការរួមចំណែកដល់បរិយាកាសសន្ដិភាពសម្រាប់ខ្លួន​ឯង និងក្នុងតំបន់
វៀតណាមជួយ​ឧបត្ថម្ភ​ដល់​សហគ្រាស ​បង្កើនការនាំចេញទៅ​កាន់​ទីផ្សារ​កម្ពុជា វៀតណាមជួយ​ឧបត្ថម្ភ​ដល់​សហគ្រាស ​បង្កើនការនាំចេញទៅ​កាន់​ទីផ្សារ​កម្ពុជា
លោកវរសេនីយ៍ឯក រ៉ែម កាន់ នាយការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម
លោកវរសេនីយ៍ឯក រ៉ែម កាន់ នាយការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថិរយូរអង្វែងរវាងវៀតណាម និងកម្ពុជា យ៉ាងដូចម្តេច?

លោកវរសេនីយ៍ឯក រ៉ែម កាន់ ៖ វៀតណាម និងកម្ពុជា គឺជាប្រទេស​ជិតខាងគ្នាយ៉ាងជិតស្និទ្ធ និងមានទំនាក់ទំនងជាប្រពៃណីយូរអង្វែង ទំនាក់ទំនងនេះ ត្រូវបានថ្នាក់ដឹកនាំជាច្រើនជំនាន់ និងប្រជាជននៃប្រទេសទាំងពីរបានខិតខំកសាង ហើយជាទ្រព្យសម្បត្តិរួមមិនអាចកាត់ថ្លៃបានរបស់ប្រជាជនយើងទាំងពីរ។ ក្នុងដំណើរប្រវត្តិសាស្ត្រជាងកន្លះសតវត្ស ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ទោះបីជាមានការលំបាក បញ្ហាប្រឈម និងការធ្លាក់ចុះជាច្រើនក៏ដោយ ក៍ទំនាក់ទំនងកម្ពុជា-វៀតណាម ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ ដោយ​ឥតឈប់ឈរ រួមចំណែកជាក់ស្តែងក្នុងការកសាងប្រទេសអភិវឌ្ឍន៍ប្រកបដោយវិបុលភាព ហើយទន្ទឹមនឹងនោះ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

អ្នកយកព័ត៌មាន៖ តាមគំនិតរបស់លោក តើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី នាពេលថ្មីៗនេះបានរួមចំណែកដល់ទំនាក់ទំនងវៀតណាម-កម្ពុជាយ៉ាងដូចម្តេច? តើលោកវាយតម្លៃពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះដោយរបៀបណា?

លោកវរសេនីយ៍ឯក រ៉ែម កាន់ ៖ ក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា កាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព ជាក់ស្តែង និងជាសសរស្តម្ភដ៏សំខាន់មួយ។ ក្នុងរយៈពេលកន្លងមក ស្ថាប័ន និងអង្គភាពនានានៃភាគីទាំងពីរយល់ជ្រួតជ្រាបបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដោយ​បាន​សម្របសម្រួលយ៉ាងសកម្ម និងអនុវត្តយ៉ាងពេញលេញនូវខ្លឹមសារកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានឯកភាពរវាងក្រសួងការពារជាតិទាំងពីរ លេចធ្លោបណ្ដាវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី ព្រមទាំងបានលើកកម្ពស់យន្តការ និងគំរូកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដូចជា៖ ការផ្លាស់ប្តូរព័ត៌មាន ការយាម​ល្បាតរួមគ្នា កិច្ចប្រជុំប្រចាំឆ្នាំ ការចងសម្ព័ន្ធ​មេត្រីភាពរវាង​យោធាជាមួយប្រជាជន និងការជួប​ប្រាស្រ័យ​នាយទាហាន​វ័យក្មេង ការបណ្ដុះបណ្ដាលធនធានមនុស្ស ការពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព និង​ប្រជាជន...

ទន្ទឹមនឹងនោះ កងកម្លាំងការពារព្រំដែន និងយោធភូមិភាគជាប់ព្រំដែននៃប្រទេសទាំងពីរ បានសហការគ្នាយ៉ាងល្អក្នុងការបង្ក្រាបបទល្មើស និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅតាមបណ្តោយខ្សែព្រំដែន នៃប្រទេសទាំងពីរ ។​ការងារអប់រំ និងផ្សព្វផ្សាយជូនប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ អំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់ នៃសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ត្រូវបានយក​ចិត្តទុកដាក់​យ៉ាងខ្លាំង។

ក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២២” ខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា (២៤ មិថុនា ១៩៦៧ / ២៤ មិថុនា ២០២២) និងខួបលើកទី ៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២) ក្រសួងការពារជាតិ នៃប្រទេសទាំង​ពីរបានសម្របសម្រួលរៀបចំសកម្មភាពសំខាន់ៗជាច្រើនដែល​មាន​អត្ថន័យ​ផ្សព្វផ្សាយយ៉ាង​សកម្ម​អំពី​​ចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា។ កង​ទ័ពនៃប្រទេសទាំងពីរក៏បានសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងយន្តការពហុភាគី ជាពិសេសយន្តការដែលដឹកនាំដោយអាស៊ាន...

ត្រូវតែបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ រួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។​​ ជាមួយនឹងការប្តេជ្ញាចិត្តផ្នែកនយោបាយ និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា ពិតជានឹងមានការអភិវឌ្ឍន៍ខ្លាំងជាងមុននាពេលខាងមុខ ដោយ​លើកកំពស់​តួនាទីរបស់ខ្លួនក្នុងទំនាក់ទំនងទ្វេភាគី។

អ្នកយកព័ត៌មាន៖ តើលោកយល់យ៉ាងណាចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាព រវាងប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា?

លោកវរសេនីយ៍ឯក រ៉ែម កាន់ ៖ យើងជាអ្នកជិតខាងផឹកទឹកទន្លេមេគង្គដូចគ្នា ហើយមានទំនាក់ទំនងស្និទ្ធស្នាលជាប្រពៃណីពីយូរលង់​មក​ហើយ ចាប់តាំងពីមានការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន ក្រោយមកបក្សកុម្មុយនិស្តវៀតណាម បក្សបដិវត្តន៍ឡាវ និងគណបក្សប្រជាជនកម្ពុជា ទំនាក់ទំនងនោះកាន់តែមានការអភិវឌ្ឍន៍ និងប្រសើរឡើង។

ត្រូវតែបញ្ជាក់ថា ទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាព និងភាពជិតស្និទ្ធរវាងវៀតណាម ឡាវ និងកម្ពុជា គឺជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន បង្កើតបានទាំងកម្លាំងស្មារតី និងកម្លាំងចិត្ត ដើម្បីប្រទេសទាំងបីតែងតែប្រ​កៀកស្មាគ្នាក្នុងការតស៊ូដណ្តើម​ឯករាជ្យកាល​ពីមុន ក៏ដូចជាការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។

អ្នកយកព័ត៌មាន៖ វៀតណាម ឡាវ និងកម្ពុជានឹងរៀបចំជំនួបប្រាស្រ័យ​មិត្តភាពការពារជាតិព្រំដែន វៀតណាម-ឡាវ-កម្ពុជា ជាលើកដំបូងនៅពាក់កណ្តាលខែធ្នូខាងមុខនេះ។ តើលោកវាយតម្លៃព្រឹត្តិការណ៍ នេះយ៉ាងដូចម្តេច?

លោកវរសេនីយ៍ឯក រ៉ែម កាន់ ៖ នាពេលថ្មីៗខាងមុខនេះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា តែងតែត្រូវបានយកចិត្តទុកដាក់ និងជំរុញដោយថ្នាក់ដឹកនាំនៃប្រទេសទាំងបី រួមទាំងការផ្តោតការយកចិត្តទុកដាក់លើការសម្របសម្រួល និងអនុវត្តយ៉ាងសកម្មនូវសកម្មភាពជួប​ប្រាស្រ័យ​មិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម - ឡាវ លើកទីមួយ ។​

ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើនដែលនឹងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃការជំនួបប្រាស្រ័យនេះ​ ខ្ញុំគិតថាព្រឹត្តិការណ៍នេះនឹងជម្រុញ​កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ឡើង​កម្រិតថ្មីមួយ រួមចំណែកពង្រឹងការជឿទុកចិត្តខាងនយោបាយ កសាងមនោសញ្ចេតនា មិត្តភាព និងសាមគ្គីភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងបី អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតាមតំបន់ព្រំដែន អាស្រ័យ​លើ​នេះ រួមចំណែកកសាងព្រំដែនវៀតណាម ឡាវ កម្ពុជា ប្រកប​ដោយ​សន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និង​បង្ហាញ​នូវ​សារទៅកាន់ប្រទេសក្នុងតំបន់ និងប្លុកអាស៊ានអំពីចំណងសាមគ្គីភាព មិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងបី៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតបែលហ្ស៊ិកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តភក្តិវៀតណាម
ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau
ការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសផ្សេងៗគឺចាំបាច់ និងមានអត្ថន័យ
មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc
បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា