នារសៀលថ្ងៃទី៥ ខែធ្នូ នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ត្រូវបានបង្កើតឡើង។
![]() |
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។រូបថត៖ TTXVN |
ក្នុងជំនួបនេះ លោក Nguyen Huy Tang បានអបអរសាទរចំពោះលោក នេត សាវឿន ដែលត្រូវបានរដ្ឋសភាកម្ពុជា នីតិកាលទី៧ បោះឆ្នោតជ្រើសតាំងជាឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកសម្តែងនូវការកោតសរសើរចំពោះប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ដែលរដ្ឋាភិបាលអាណត្តិទី ៧ ទទួលបានបន្ទាប់ពីរយៈពេលជាង ៣ ខែនៃការបង្កើត។
ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូតវៀតណាម ក៏រំពឹងដែរថា រដ្ឋាភិបាល ក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន មានប្រសិទ្ធភាព និងស៊ីជម្រៅ។
ក្នុងជំនួបនេះដែរ លោក នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍរបស់វៀតណាម ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងអ្នកជិតខាងរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបន្តពង្រីកសមិទ្ធផលដែលសម្រេចបាន ពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ អនុវត្តយ៉ាងសកម្មនូវខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពជាក់ស្តែងរវាងប្រទេសទាំងពីរ។
លោក នេត សាវឿន និងលោក Nguyen Huy Tang ក៏បានពិភាក្សាអំពីខ្លឹមសារមួយចំនួនដែលទាក់ទងនឹងទំនាក់ទំនងរវាងភាគីទាំងពីរ។ ជាពិសេសភាគីទាំងពីរឯកភាពលើការរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ បង្កើនជំនួបប្រាស្រ័យដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍ បន្តពង្រីកយន្តការដែលមានស្រាប់ ហើយស្វែងរកឱកាស និងយន្តការសហប្រតិបត្តិការថ្មី។
ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពរបស់ភាគីទាំងពីរ សហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែនដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការផ្លាស់ប្ដូរពាណិជ្ជកម្មតាមព្រំដែននៃប្រទេសទាំងពីរ៕
មតិពីមិត្តអ្នកអាន