នាថ្ងៃទី១៨ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួប លោកប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សមាជិកឧត្តមប្រឹក្សាផ្ទាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា
![]() |
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា |
លោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ និងរំភើបចិត្តចំពោះទំនាក់ទំនងរីកចម្រើនរវាងកម្ពុជា និងវៀតណាមលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសនីមួយៗ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ លោក ប្រាក់ សុខុន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏ថ្លៃថ្លា ដែលវៀតណាមបានផ្តល់មកកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិ សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យរួចផុសពីរបបប្រល័យពូជសាសន៍ ក៏ដូចជាក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។
លោក ប្រាក់ សុខុន បានជម្រាបជូនលោកអគ្គលេខាបក្ស Nguyen Phu Trong អំពីលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងគណៈទាក់ទងបរទេសទាំងពីរ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ប្រទេសទាំងពីរ និងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។ លោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញា កិច្ចព្រមព្រៀង និងសេចក្តីសន្និដ្ឋានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ ហើយបានសង្កត់ធ្ងន់ថា ទោះបីជាលោកកាន់មុខតំណែងណាក៏ដោយក៏លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមឲ្យកាន់តែរីកចម្រើនថែមទៀត។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្របុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយជឿជាក់ថា កម្ពុជានឹងបន្តទទួលបានសមិទ្ធិផលថ្មី អស្ចារ្យនិងទូលំទូលាយបន្ថែមទៀតក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដំណាក់កាល ២០២៣-២០២៨ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ប្រពៃណីប្រវត្តិសាស្ត្រនៃចំណងសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងគណបក្សទាំងពីរ និងរដ្ឋទាំងពីរ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលជាកត្តាសំខាន់បំផុតមួយ និងជាប្រភពកម្លាំងដ៏ខ្លាំងក្លាសម្រាប់បុព្វហេតុរំដោះជាតិ តស៊ូដណ្តើមឯករាជ្យ កាលពីមុន ក៏ដូចជាក្នុងការការពារ កសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន ព្រមទាំងអះអាងថា នឹងរួមគ្នាថែរក្សា និងពូនជ្រំទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាឱ្យមានការរីកចម្រើនខ្លាំងក្លាថែមទៀត។ គណបក្សទាំងពីរមានដើមកំណើតរួមមកពីបក្សកុម្មុយនិស្តឥណ្ឌូចិន ហើយប្រទេសទាំងពីរជាប្រទេសជិតខាង។ បក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយរបស់គណបក្ស និងប្រជាជនកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ និងការកសាង និងការពារប្រទេសរបស់ប្រជាជនវៀតណាម។
លោកអគ្គលេខាបក្សបានស្នើឱ្យភាគីទាំងពីរអនុវត្តលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរ និងជំនួបរវាងប្រមុខដឹកនាំនៃគណបក្សទាំងបីវៀតណាម-កម្ពុជា-ឡាវ បន្តផ្លាស់ប្តូរថ្មីនូវវិធីសាស្រ្តនៃកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ដើម្បីបំពេញតាមតម្រូវការនៃស្ថានភាពថ្មី។ អាស្រ័យលើនេះ បន្តចាត់ទុកទំនាក់ទំនងនយោបាយជាស្នូលតម្រង់ទិសរួមសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ បង្កើនកិច្ចសហប្រតិបត្តិការក្នុងកិច្ចការបរទេស បង្កើតរបកគំហើញ បង្កើនប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេស និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
* ក្នុងដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូ នាថ្ងៃទី ១៧ ខែតុលា លោក Le Hoai Trung លេខាមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានជួបពិភាក្សាការងារជាមួយលោកប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។
នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់គណបក្សនីមួយៗ និងប្រទេសនីមួយៗ ជាពិសេសលើការកសាងបក្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ផ្លាស់ប្តូរអំពីស្ថានភាពពិភពលោក និងតំបន់ដែលកំពុងលេចឡើងនាពេលថ្មីៗនេះ និងកិច្ចការបរទេសរបស់គណបក្សនីមួយៗ និងប្រទេសនីមួយៗ វាយតំលៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការរវាងគណៈទាក់ទងបរទេសទាំងពីរ និងបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នា៕
មតិពីមិត្តអ្នកអាន