កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាម នៅស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) ទើបតែបានសហការជាមួយអង្គភាពការពារបញ្ជាការដ្ឋានរបស់ប្រទេសនេប៉ាល់ ដើម្បីរៀបចំកម្មវិធីពិនិត្យជំងឺ ចែកថ្នាំដោយឥតគិតថ្លៃ និងជូនអំណោយដល់គ្រូបង្រៀននៅតំបន់ Abyei ដើម្បីកសាងទំនាក់ទំនងល្អ និងជួយគ្នាទៅវិញទៅមករវាងកងទ័ពប្រជាជនវៀតណាម និងសហគមន៍នៅតំបន់ Abyei។
![]() |
![]() |
![]() |
កងកម្លាំងមួកខៀវវៀតណាម នៅស្ថានបេសកកម្ម UNISFA ពិនិត្យជំងឺសម្រាប់គ្រូបង្រៀននៅតំបន់ Abyei |
សកម្មភាពសប្បុរសធម៌នេះ បានធ្វើឡើងក្នុងស្ថានភាពសីតុណ្ហភាពនៅតំបន់ Abyei ឡើងដល់ ៤០ អង្សារសេ ខណៈចំនួនអ្នកជំងឺមានដល់ ២០០ នាក់ ដូច្នេះការងារត្រៀមរៀបចំត្រូវធានាឲ្យបានហ្មត់ចត់។ កងកម្លាំងវៀតណាមបានបញ្ជូនគ្រូពេទ្យនៃកងពេទ្យកម្រិត១ របស់ក្រុមទ័ពជាងវៀតណាម រួមជាមួយកម្មាភិបាលពេទ្យនៃអង្គភាពនេប៉ាល់ ចូលរួមក្នុងកម្មវិធីនេះ។
ទន្ទឹមនឹងការពិនិត្យ និងព្យាបាលជំងឺជូនគ្រូបង្រៀនជិត ២០០ នាក់នៅមូលដ្ឋាននោះ គ្រូពេទ្យវៀតណាម នេប៉ាល់ និងប៉ាគីស្ថាន ក៏បានពិនិត្យសុខភាពសម្រាប់សិស្សជិត ៥០ នាក់ និងសាច់ញាតិរបស់គ្រូបង្រៀនមួយចំនួនដែលមានស្ថានភាពលំបាកផងដែរ។ បន្ទាប់ពីពិនិត្យជំងឺ គ្រូបង្រៀនបានទទួលថ្នាំព្យាបាលតាមជំងឺ សៀវភៅកត់ត្រា និងប៊ិចជាអនុស្សាវរីយ៍ ពីក្រុមទ័ពជាងវៀតណាមទៀតផង។
លោកវរសេនីយ៍ត្រី Truong Van Thanh អនុប្រធានកងពេទ្យកម្រិត១ វៀតណាមមានប្រសាសន៍ថា យើងមានបំណងចង់រួមចំណែកផ្សព្វផ្សាយរូបភាពរបស់ទឹកដី និងមនុស្សវៀតណាមដែលស្រឡាញ់សន្តិភាព និងមានចិត្តសប្បុរស។ យើងសង្ឃឹមថា នៅពេលអនាគត យើងអាចរៀបចំកម្មវិធីពិនិត្យសុខភាពបន្ថែមទៀតសម្រាប់ប្រជាជននៅ Abyei។ សូមជូនពរលោកគ្រូ អ្នកគ្រូទាំងអស់នៅ Abyei មានសុខភាពល្អ ដើម្បីរួមចំណែកកសាងអនាគតដ៏ត្រចះត្រចង់៕
មតិពីមិត្តអ្នកអាន