Trending now

ពិធីបួងសួងនៅប្រាសាទអង្គរវត្ត ដើមី្បសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍ "សម្រាកសៀមរាប"

16:10 | 17/08/2020

អាជ្ញាធរខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០២០នេះបានរៀបចំពិធីបួងសួងដើមី្បសុំសេចក្តីសុខក្នុងពេលដំណើរការ កម្មវិធី សម្រាកសៀមរាប ដែលបានប្រារព្ធឡើងនៅលើក្តារបែនមុខប្រាសាទអង្គរវត្ត ។

ពិធីបួងសួងនៅប្រាសាទអង្គរវត្ត ដើមី្បសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហភាពសហព័ន្ធកម្ពុជាខេត្ត និង មន្ត្រីរាជការយ៉ាងច្រើនកុះករផងដែរ ។
កម្មវិធីសាសនា បួងសួងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក រួមមានបារមីប្រាង្គប្រាសាទអង្គរវត្ត និង ប្រាសាទបុរាណនានាកេរ្តិ៍ដំណែលស្ថាបត្យកម្មដូនតាខ្មែរ មានលោកតារាជ្យ លោកយាយទេព ព្រះអង្គចេកព្រះអង្គចម បារមីព្រះអង្គធំខ្នងភ្នំគូលែន ជាដើមផង ដើម្បីសុំសេចក្តីសុខនៃកិច្ចដំណើរការព្រឹត្តិការណ៍សម្រាកសៀមរាប ប្រកបដោយជោគជ័យ សិរីមង្គលដ៏បវរ ប្រកបតាមសេចក្តីប៉ងប្រាថ្នា នៃប្រជាពលរដ្ឋខ្មែរ ព្រមជាមួយភ្ញៀវជាតិ-អន្តរជាតិ កុំបីក្លាយជាប្រការដទៃឡើយ ។ ម៉្យាងទៀតក៏សូមឱ្យបារមីវត្ថុស័ក្តិសិទ្ធទាំងពួងគង់ប្រថាប់នៅតាមប្រាង្គប្រាសាទនានា សូមជួយកំចាត់នូវជំងឺកូវីដ១៩ ជំងឺគ្រុនឈីក គ្រុនឈាម ជៀសចេញឱ្យឆ្ងាយពី ពិភពលោក សំខាន់កុំឱ្យមានកើតមកលើប្រជាពលរដ្ឋខ្មែរគ្រប់រូប និង នៅលើទឹកដីអង្គរដ៏បវរនៃយើង ព្រមទាំងក្រោយបញ្ចប់វិបត្តិជំងឺកូវីដ១៩ អស់ពីពិភពលោក និង ធ្វើឱ្យមានការទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តឱ្យកាន់តែច្រើនផងដែរ ។


បន្ទាប់ពីធ្វើកិច្ចទៅតាមបែបព្រះពុទ្ធសាសនារួចមក លោកតាអាចារ្យបានធ្វើសេចក្តីប្រកាសអំពាវនាវ ដែលបានប្រសិទ្ធីពិធីការ នាក្នុងឱកាសនោះ ពិធីបួងសួងសុំសេចក្តីសុខ គឺជាពិធីសាសនាដែលត្រូវបានរៀបចំប្រាព្ធឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ ។ ដូច្នេះហើយទើបនៅក្នុងពីធីបួងសួងនេះ គេពុំឃើញមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃនោះឡើយ ។ តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿនិងសង្គម ។ ពិធីបួង សួង ក៏ដូចជាពិធីក្រុងពាលីផងដែរ គឺជាពិធីដែលស្ថិតក្នុងជំនឿតាមបែបព្រលឹង ដែលប្រជាជនខ្មែរយើង មានជំនឿជឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកឋានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកូនចៅដែលប្រព្រឹត្តិអំពើល្អ និង មានមនសិការស្នហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ ។ ការប្រារព្ធពិធីនានាតាមបែបព្រហ្មសាសនានេះផងដែរ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿនៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរ ដែលជាសម័យកាលនៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មសាសនា និង ការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា ។


ក្នុងពិធីបួងសួងរបស់លោកតាអាចារ្យ ក៏បានអំពាវនាវដល់បារមីវត្ថុស័ក្តិសិទ្ធិតាមបីបាច់ថែរក្សាថ្នាក់ដឹកនាំកំពូលៗនៅកម្ពុជា និង អាជ្ញាធរខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា សំខាន់ប្រជាពលរដ្ឋខេត្តសៀមរាប និងបងប្អូនដែលបានអញ្ជើញមកកម្សាន្ត នៅលើទឹកដីអង្គរ ក្នុងព្រឹត្តិការណ៍ សម្រាកសៀមរាប បានចូលរួមកម្សាន្តតាមបែបប្រពៃណី សាសនា , ពិព័រណ៍ជឹះកង់កម្សាន្តតាមព្រៃ ផ្សារទឹក និង ពិព័រណ៍បន្លែ ផ្លែឈើ ដែលជាកសិផលក្នុងស្រុក ជាផលិតផលទាំង១២ក្រុង ស្រុក និង ការប្រកួតម្ហូប អាហារ ,កីឡាវាយ កូនហ្គោល និង ទស្សនាទស្សនីយភាពនៅពេលរាត្រីឱ្យទទួលបានតែសេចក្តីសុខសប្បាយ និង សូមឱ្យទុក្ខសោករោគាភ័យឧបទ្រុឌចង្រៃ ទាំងពួង វិនាសចេញពីកម្ពុជា និង ពិភពលោកយើងទាំងមូលផងដែរ ៕

(ប្រភពព័ត៌មាន: akp.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម