ភ្នំពេញ៖ ខេត្តក្រចេះ សម្បូរទៅដោយធម្មជាតិចម្រុះជាច្រើនកន្លែង ជាពិសេស សត្វផ្សោតទន្លេមេគង្គ ដែលជាផ្នែកយ៉ាងសំខាន់ក្នុងការទាក់ទាញទេសចរផងដែរ។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តក្រចេះ ក៏បានជំរុញលើការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ដែលមានក្នុងខេត្តសរុប ២១កន្លែងផងដែរ។
![]() |
ខេត្តក្រចេះ មានព្រំប្រទល់ខាងត្បូងជាប់ខេត្តត្បូងឃ្មុំ ខាងជើងជាប់ខេត្តស្ទឹងត្រែង ខាងកើតជាប់ខេត្តមណ្ឌលគិរី និងប្រទេសវៀតណាម ចំណែកខាងលិចជាប់កំពង់ចាម និងកំពង់ធំ។ បច្ចុប្បន្ន ខេត្តក្រចេះ មានតំបន់ទេសចរណ៍ទាំង២១កន្លែង រួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តចំនួន ៦កន្លែង, រមណីយដ្ឋានធម្មជាតិចំនួន ១១កន្លែង, រមណីយដ្ឋានវប្បធម៌ធម្មជាតិ ១កន្លែង និងវប្បធម៌កែច្នៃចំនួន ៣កន្លែង។
តំបន់ទេសចរណ៍ទាំងនោះមានដូចជា វត្តសសរ១០០, អន្លង់ផ្សោតកាំពី, ឆ្នេរកោះទ្រង់, សហគមន៍អេកូទេសចរណ៍កោះផ្តៅ, សហគមន៍អេកូទេសចរណ៍កោះសាមសិប, ភ្នំសុពណ៌កាឡី, សហគមន៍អេកូទេសចរណ៍ជួរតាចោរ ក្រហមក និងរមណីយដ្ឋានវប្បធម៌ធម្មជាតិ ព្រៃគគីភ្នំព្រះ ព្រមទាំងតំបន់ទេសចរណ៍ជាច្រើនទៀត។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា៖ «ខេត្តកំពុងយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ ដែលមាននៅក្នុងខេត្តសរុបចំនួន២១កន្លែងនេះ។ ទន្ទឹមនឹងនោះ ខេត្តក៏មានធនធានដ៏កម្រ គឺសត្វផ្សោតទឹកសាបត្រូវបានគ្រប់គ្រង និងអភិរក្ស ដោយបច្ចុប្បន្នសត្វផ្សោតរស់នៅប្រមាណ ៨០ក្បាល។ ហើយតំបន់នេះ ក៏កំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត និងទស្សនា ដោយមានកំណើនជារៀងរាលឆ្នាំ»។
បើតាមអភិបាលខេត្តក្រចេះរូបនេះ វិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការបង្កើតការងារជូនពលរដ្ឋនៅតាមមូលដ្ឋាន និងចំណូលផ្ទាល់ពីភ្ញៀវទេសចរ។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរសរុប ៣៦៣ ៩១៧នាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន ៧ ០៦៥នាក់។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក្នុងខែមករានៃសប្តាហ៍ទី១កន្លងមកនេះ ខេត្តក្រចេះមានចំនួន ២ ៥៣៥នាក់ក្នុងនោះមានភ្ញៀវជាតិមានចំនួន ២ ២៣៧នាក់ រីឯភ្ញៀវបរទេសមានចំនួន ២៩៨នាក់។ ដោយឡែក សប្តាហ៍ទី៤នេះ គឺទទួលបានទេសចរចំនួន ៧ ០៧០នាក់ ដោយភ្ញៀវជាតិមានចំនួន ៦ ៤៨៧នាក់ និងបរទេសចំនួន ៥៨៣នាក់ផងដែរ៕
thmeythmey25.com
មតិពីមិត្តអ្នកអាន