Trending now

លោក Vuong Dinh Hue ប្រធានរដ្ឋសភា ជួបជាមួយសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា

09:19 | 22/11/2022

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-43) នារសៀលថ្ងៃទី២០ ខែវិច្ឆិកា លោក Vuong Dinh Hue ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានទៅបំពេញទស្សនកិច្ចនៅស្ថានទូត និងជួបជាមួយតំណាងសហគ្រាស និងសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា
លោក Vuong Dinh Hue ប្រធានរដ្ឋសភា ថ្លែងក្នុងជំនួប (រូបថត៖ vnanet.vn)
លោក Vuong Dinh Hue ប្រធានរដ្ឋសភា ថ្លែងក្នុងជំនួប

លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា តំណាងសមាគមខ្មែរ-វៀតណាមប្រចាំនៅកម្ពុជា សមាគមសហគ្រាសវៀតណាម និងតំណាងនិស្សិតវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកម្ពុជា បានរាយការណ៍ និងចែករំលែក ព្រមទាំងលើកឡើងសំណើជូនលោកប្រធានរដ្ឋសភា និងគណៈប្រតិភូ ស្តីពីការងាររបស់ស្ថានទូត សកម្មភាពផលិតកម្ម និងអាជីវកម្ម ការសិក្សារបស់និស្សិតវៀតណាម និងការងាររបស់សហគមន៍។

ក្នុងជំនួប លោកប្រធានរដ្ឋសភា បានចាត់ទុកថា អាណិកជនវៀតណាមជាង ១០ ម៉ឺននាក់នៅកម្ពុជា គឺជាសហគមន៍មួយដែលមានចំនួនច្រើន មានវប្បធម៌ស្រដៀងគ្នា និងជិតស្និទ្ធនឹងកម្ពុជា។ ទន្ទឹមនឹងនោះ ទំហំពាណិជ្ជកម្មក្នុងឆ្នាំ ២០២១ រវាងប្រទេសទាំងពីរសម្រេចបាន ៩.៥ ពាន់លានដុល្លារអាមេរិក ហើយតាមការព្យាករណ៍ថានៅឆ្នាំ ២០២២ អាចឡើងដល់ ១១ ពាន់លានដុល្លារ។ វៀតណាមមានគម្រោងវិនិយោគចំនួន ១៩៨ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២.៩២ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ាន និងស្ថិតក្នុងចំណោមប្រទេសទាំង ៥ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។ លោក Vuong Dinh Hue ប្រធានរដ្ឋសភា បានចាត់ទុកថា ទាំងនេះគឺជាលក្ខខណ្ឌអំណោយផលបំផុត ហើយស្នើឲ្យសហគមន៍អាណិកជនវៀតណាម ក៏ដូចជាសហគ្រាសវៀតណាមលើកកំពស់គុណសម្បត្តិទាំងនេះ។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជានេះ លោកប្រធានរដ្ឋសភា បានពិភាក្សាជាមួយប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីកម្ពុជា អំពីបញ្ហាធានាការងារធ្វើសម្រាប់អាណិកជនវៀតណាម។ ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពលើគោលការណ៍ដែលអំពាវនាវឲ្យសហគ្រាសវៀតណាម សហការជាមួយភាគីកម្ពុជាក្នុងការវិនិយោគលើគម្រោងវារីវប្បកម្មនៅលើគោក ដើម្បីមិនត្រឹមតែសម្រាប់ជនដើមកំណើតវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជនកម្ពុជាមានការងារធ្វើផង។ លោក Vuong Dinh Hue ប្រធានរដ្ឋសភា បានឲ្យដឹងថា ស្ថាប័នពាក់ព័ន្ធរបស់វៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ ផ្ទេរបច្ចេកវិទ្យាទៅកម្ពុជា និងចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមត្រីក្នុងក្បូននៅតាមដងទន្លេ និងបឹង ដែលគួបផ្សំនឹងការធ្វើទេសចរណ៍។

នៅក្នុងជំនួបនេះ លោក Vuong Dinh Hue ប្រធានរដ្ឋសភា ក៏បានចែករំលែកអំពីសារៈសំខាន់នៃការថែរក្សាភាសាវៀតណាម និងភាសាខ្មែរនៅក្នុងសហគមន៍ ព្រមទាំង លោកបានសម្តែងនូវឯកភាព និងគាំទ្រចំពោះផែនការរបស់ស្ថានទូត និងសមាគមអាណិកជនវៀតណាមនៅកម្ពុជា។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភា រំពឹងថា សហគ្រាសវៀតណាមនៅកម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនដើមកំណើតវៀតណាមមកធ្វើការ និងជួយពួកគេក្នុងការបណ្តុះបណ្តាលជំនាញការងារ និងជំនាញវិជ្ជាជីវៈ។

លោកប្រធានរដ្ឋសភាវាយតំលៃខ្ពស់ចំពោះអាណិកជនវៀតណាមដែលតែងតែមានស្មារតីសាមគ្គីភាព ឆ្ពោះទៅមាតុភូមិ និងប្រទេសជាតិ។ លោកបានឲ្យដឹងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងចាត់ទុកសហគមន៍អាណិកជនវៀតណាមជាផ្នែកមួយ និងកត្តាដ៏សំខាន់រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងវៀតណាមនិងប្រទេសនានា។

លោក Vuong Dinh Hue ប្រធានរដ្ឋសភា ក៏បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជាក្នុងការការពារប្រជាពលរដ្ឋ ព្រមទាំងឧបត្ថម្ភថវិកាចំនួន ៣ ម៉ឺនដុល្លារជូនមូលនិធិជួយការរើទីលំនៅរបស់ប្រជាជនវៀតណាមដែលរស់នៅតាមបឹង និងទន្លេ ហើយខុទ្ទកាល័យរដ្ឋសភាផ្តល់ថវិកាចំនួន ៥.០០០ ដុល្លារដល់សមាគមខ្មែរ-វៀតណាមនៅកម្ពុជា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស