នារសៀលថ្ងៃទី៨ ខែសីហា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
![]() |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត |
នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អ ហើយវៀតណាមចងចាំជានិច្ចនូវការជួយគាំទ្រដ៏មានតម្លៃរបស់កម្ពុជាក្នុងបុព្វហេតុតស៊ូរំដោះជាតិក្នុងអតីតកាល ក៏ដូចជាការកសាង និងការពារប្រទេសនាបច្ចុប្បន្ន។ លោកនាយឧត្តមសេនីយ៍ Phan Van Giang ក៏បានបញ្ជាក់ទៀតថា វៀតណាមមានគោលបំណងជំរុញទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា ដោយចាត់ទុកថា នេះជាអាទិភាពមួយក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនារវាងគណៈប្រតិភូទាំងពីរនាព្រឹកថ្ងៃដដែល ដោយទទួលស្គាល់លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ នាពេលកន្លងមក ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនៅតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ ការជួយគាំទ្រគ្នាទោវិញទៅមកក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការបណ្តុះបណ្តាលធនធានមនុស្ស។ល។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា នាពេលខាងមុខ កងទ័ពនៃប្រទេសទាំងពីរផ្តោតទៅលើវិស័យសំខាន់ៗមួយចំនួន ដូចជា ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ដើម្បីរក្សា និងអភិវឌ្ឍន៍ខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ បង្កើតបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍប្រទេស ពង្រឹងការផ្សព្វផ្សាយ និងអប់រំអំពីប្រពៃណីសាមគ្គីភាពនិងភាពស្និទ្ធស្នាលរវាងប្រទេសទាំងពីរ និងរវាងកងទ័ពទាំងពីរ។ល។
![]() |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត |
ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានផ្តាំផ្ញើការសួរសុខទុក្ខតាមរយៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ហើយនិងអញ្ជើញសម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមពិព័រណ៌ការពារជាតិអន្តរជាតិ ដែលរៀបចំដោយប្រទេសវៀតណាម នៅចុងឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang ដែលបានចំណាយពេលទទួលគណៈប្រតិភូ ហើយសង្កត់ធ្ងន់ថា ប្រទេសវៀតណាមតែងតែគាំទ្រ និងសម្របសម្រួលរៀបចំពិធីរំលឹកខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយជោគជ័យ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា ដំណើរទស្សនកិច្ចលើកនេះ ក្នុងគោលបំណងអនុវត្តគោលការណ៍ជម្រុញឲ្យកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ៕
មតិពីមិត្តអ្នកអាន