នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅពិធីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីរវាងសម្ព័ន្ធសមាគមនារីវៀតណាម និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដំណាក់កាល ២០២២-២០២៧។
![]() |
![]() |
![]() |
ពិធីចុះហត្ថលេខារវាងឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកជំទាវ ម៉ែន សំអន និងប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Ha Thi Nga |
អញ្ជើញចូលរួមក្នុងពិធី មានលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ លោកស្រី Ha Thi Nga សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang រួមជាមួយគណៈប្រតិភូសម្ព័ន្ធសមាគមនារីវៀតណាម តំណាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា សមាគមនារីខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលរវាងសមាគមនារីវៀតណាមនិងកម្ពុជា នាពេលកន្លងមក ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ហើយថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជន ជាពិសេសគឺនារីវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រ និងរួមសុខរួមទុក្ខជាមួយកម្ពុជា។
រីឯខ្លួនវិញ ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Ha Thi Nga បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជន និងនារីកម្ពុជាសម្រេចបានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ លោកស្រី Ha Thi Nga បានបញ្ជាក់ថា បក្ស រដ្ឋ ប្រជាជន និងនារីវៀតណាមជានិច្ចកាលគោរព ថែរក្សា និងអភិវឌ្ឍទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែងរវាងវៀតណាម-កម្ពុជា”។ លោកស្រី Ha Thi Nga ក៏បានចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរគប្បីជំរុញឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀត នៅគ្រប់លំដាប់ថ្នាក់ ហើយសមាគមនារីនៃប្រទេសទាំងពីរគប្បីរួមចំណែកបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្នុងតំបន់។
នៅចុងបញ្ចប់នៃពិធី ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី ដំណាក់កាល ២០២២-២០២៧ ដោយប្តេជ្ញាធ្វើការរួមគ្នា ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពបន្ថែមទៀតលើគ្រប់វិស័យ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើរ ផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍លើសមិទ្ធផលក្នុងការអភិវឌ្ឍប្រទេសជាតិ និងការរៀបចំសកម្មភាពដើម្បីភាពរីកចម្រើនរបស់ស្រ្តីនិងសមភាពយេនឌ័រ៕
មតិពីមិត្តអ្នកអាន