នាថ្ងៃទី ៦ កក្កដា នៅទីស្នាក់ការមជ្ឈិមបក្ស លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបានទទួលជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចនៅវៀតណាម។
![]() |
![]() |
![]() |
លោកអគ្គលេខាបក្ស Nguyen Phu Trong និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov |
រដ្ឋមន្ត្រីការបរទេស Sergei Lavrov បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ប្រធានាធិបតីរុស្ស៊ី V. Putin និងប្រធានគណបក្សរួបរួមរុស្ស៊ី Medvedev ជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong។ លោករដ្ឋមន្ត្រី Sergei Lavrov បានវាយតម្លៃខ្ពស់ចំពោះកិត្យានុភាពនយោបាយនិងតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការអភិវឌ្ឍប្រទេស និងគោលនយោបាយការបរទេសរបស់វៀតណាម រួមទាំងទំនាក់ទំនងជាមួយសហភាពសូវៀតកាលពីមុន និងរុស្ស៊ីនាពេលបច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រី Sergei Lavrov បានអះអាងនូវសារៈសំខាន់របស់សហព័ន្ធរុស្ស៊ីចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ គាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងតំបន់ ព្រមទាំងលោករដ្ឋមន្ត្រី Sergei Lavrov ថ្លែងអំណរគុណវៀតណាមចំពោះការរួមចំណែករបស់វៀតណាមក្នុងការជំរុញទំនាក់ទំនងរវាងរុស្ស៊ី និងអាស៊ានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងបានបង្ហាញពីទស្សនៈរបស់រុស្ស៊ីលើបញ្ហាអន្តរជាតិ រួមទាំងជម្លោះនៅអ៊ុយក្រែនផងដែរ។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមចងចាំជានិច្ចនូវការជួយគាំទ្ររបស់មិត្តភក្ដិអន្តរជាតិ រួមទាំងជំនួយដ៏ធំធេង និងប្រកបដោយប្រសិទ្ធភាពរបស់សហភាពសូវៀតកាលពីមុន និងសហព័ន្ធរុស្ស៊ីនាបច្ចុប្បន្នក្នុងការតស៊ូ និងការអភិវឌ្ឍន៍ប្រទេស។ ក្នុងក្របខ័ណ្ឌនៃគោលនយោបាយការបរទេសដោយឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និងពហុភាគីភាវូបនីយកម្មនៃទំនាក់ទំនងបរទេសវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានពិភាក្សាជាមួយលោករដ្ឋមន្ត្រី Sergei Lavrov អំពីទស្សនៈរបស់វៀតណាមលើបញ្ហាអន្តរជាតិដែលភាគីទាំងពីរយកចិត្ដទុកដាក់ដូចគ្នា ស្របតាមគោលនយោបាយការបរទេសឥតងាករេរបស់វៀតណាម រួមទាំងការសន្ទនា និងការចរចាដើម្បីដំណោះស្រាយសន្ដិភាព និងជម្លោះអន្តរជាតិ។ តាមគោលនយោបាយការបរទេសនិងគោលការណ៍ជាមិត្ត ដៃគូគួរឲ្យទុកចិត្ត ហើយជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកជំរុញសន្តិភាព ស្ថិរភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
![]() |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov |
នារសៀលថ្ងៃទី៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការដែលភាគីទាំងពីរសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។
រដ្ឋមន្ត្រីការបរទេស Sergei Lavrov បានឲ្យដឹងថា រុស្ស៊ីចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមបន្ថែមទៀត។ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ; រក្សាកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណីនិងមានឧត្ដមភាពនៃភាគីទាំងពីរ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសដោយឯករាជ្យ ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការកសាងសេដ្ឋកិច្ចដោយឯករាជ្យ ស្វ័យភាព ចូលរួមយ៉ាងសកម្ម និងធ្វើសមាហរណកម្មអន្ដរជាតិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ លោកនាយករដ្ឋមន្ត្រីបានស្នើភាគីទាំងពីរបន្តរៀបចំសម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - សហព័ន្ធរុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ - បច្ចេកទេសនៅវៀតណាម។
លោករដ្ឋមន្ត្រី Sergei Lavrov បានចែករំលែកគោលជំហររបស់រុស្ស៊ីចំពោះអ៊ុយក្រែន។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្ស៊ីដែលបានជួយជម្លៀសប្រជាពលរដ្ឋវៀតណាមនៅអ៊ុយក្រែនក្នុងរយៈពេលកន្លងមក។ រដ្ឋមន្ត្រីការបរទេស Sergei Lavrov បានវាយតំលៃខ្ពស់ចំពោះគោលជំហរ តួនាទី និងការរួមចំណែកយ៉ាងសកម្មនិងការទទួលខុសត្រូវរបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក។
ហើយឯកភាពលើសារៈសំខាន់នៃការដោះស្រាយវិវាទនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងមានបំណងចង់សម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។
*នាព្រឹកថ្ងៃដដែល នៅអាគារទទួលភ្ញៀវនៃរដ្ឋាភិបាល រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov៕
មតិពីមិត្តអ្នកអាន