ទិវាបុណ្យវប្បធម៌ជនជាតិ Mong ទូទាំងប្រទេសលើកទី៣ ដែលទើបតែប្រព្រឹត្តទៅនៅខេត្ត Lai Chau បានទាក់ទាញការចូលរួមរបស់ប្រតិភូ សិប្បករប្រជាប្រិយ តួរសម្ដែង និងកីឡាករមិនមែនអាជីពរាប់ពាន់នាក់ដែលជាជនជាតិ Mong នៃខេត្តចំនួន១១។ ព្រឹត្តិការណ៍បានចូលរួមចំណែកក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏ថ្លៃថ្លារបស់ប្រជាជនបណ្ដាជនជាតិនិយាយរួម និងជនជាតិ Mong និយាយដោយឡែក ដោយបានបន្សល់ទុកមកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅក្នុងដួងចិត្តទស្សនិកជននិងភ្ញៀវទេសចរម្នាក់ៗផងដែរ។
![]() |
![]() |
ផ្នែកមហោស្រពសិល្បៈមហាជន គឺជាចំណុចដ៏លេចធ្លោមួយនៃទិវាបុណ្យវប្បធម៌ជនជាតិ Mong ដោយមានការចូលរួមរបស់ក្រុមចំនួន១០ ដែលបានសម្ដែងឈុតសិល្បៈដ៏វិសេសវិសាលជាច្រើនហើយត្រូវបានបង្ហាញតាមរយៈស្នូរសម្លេងដ៏ពិរោះរណ្ដំនៃសម្លេងគែន ខ្លុយ ត្រែស្លឹក ត្រែបបូរមាត់ រួមជាមួយបទចម្រៀងប្រជាប្រិយជាភាសា Mong ទៀតផង។ ខេត្តនីមួយៗបានសម្ដែងចំណែកមួយនៅក្នុងពិធីបុណ្យ ពិធីការវប្បធម៌របស់ជនជាតិ Mong។ ឧទាហរណ៍ដូចជាពិធីបុណ្យ “សែនរដូវថ្មី” របស់ជនជាតិ Mong នៅស្រុក Muong Lat ខេត្ត Thanh Hoa អញ្ចឹង។ លោក Ly Ly Po សិប្បករមកពីស្រុក Muong Lat បានឲ្យដឹងថា៖
![]() |
ឈុតសម្ដែងគែន Mong នៅក្នុងទិវាបុណ្យវប្បធម៌ជនជាតិ Mong។ (រូបថត៖ VOV) |
“ជារៀងរាល់ឆ្នាំ នៅពេលនិទាឃរដូវមកដល់ លាឆ្នាំចាស់ ទទួលអំណរឆ្នាំថ្មី គឺជនជាតិ Mong តែងតែរៀបចំពិធីសែនរដូវថ្មី ដើម្បីបួងសួងសុំឲ្យក្នុងឆ្នាំថ្មីប្រមូលផលបានច្រើនជាងឆ្នាំមុន។ ក្រៅពីនោះ បួងសួងសុំឲ្យសមាជិកទាំងអស់ក្នុងក្រុមគ្រួសារ ប្រកបរបរបានជោគជ័យ ចម្រុងចម្រើន ហើយបំណងប្រាថ្នាទាំងអស់ក្លាយជាការពិត”។
គណៈប្រតិភូពីបណ្ដាខេត្ត ក៏បានដាក់តាំងបង្ហាញគំនូរ រូបភាព វត្ថុ ឧបករណ៍តន្ត្រី របរសិប្បកម្មនិងចរបាប់ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវវប្បធម៌របស់ជនជាតិ Mong ស្ថិតក្នុងការបង្រួបបង្រួមនៃខឿនវប្បធម៌វៀតណាម។ លំហតាំងបង្ហាញ ផ្សព្វផ្សាយ
ផលិត ផលវប្បធម៌និងទេសចរណ៍របស់ប្រជាជនជនជាតិ Mong បានបង្ហាញពីការគោរពវប្បធម៌របស់កុលសម្ព័ន្ធមួយសម្បូរទៅដោយប្រពៃណី។ សិប្បករ Thao Van Cuong មកពីខេត្ត Dak Lak បានសម្ដែងថា៖
“ខ្ញុំពិតជាមានកិត្តិយសណាស់ ដោយបានមកកម្សាន្តនិងជួបប្រាស្រ័យជាមួយបងប្អូននៅក្នុងទិវាបុណ្យវប្បធម៌ជនជាតិ Mong នេះ។ នៅពេលឃើញគេតាំងបង្ហាញឧបករណ៍កិនពោត ត្បាល់បុកស្រូវយ៉ាងដូច្នេះ គឺខ្ញុំសប្បាយរីករាយណាស់។ កាលពីមុន ជនជាតិ Mong ប្រើប្រាស់ត្បាល់សម្រាប់កិនពោត បុកស្រូវ ប៉ុន្តែបច្ចុប្បន្ននេះលែងមានទៀតឡើយ ដូច្នេះនៅពេលឃើញវាត្រូវបានដាក់តាំងបង្ហាញនៅទិវាបុណ្យវប្បធម៌ថ្ងៃនេះ គឺខ្ញុំសប្បាយរីករាយមែនទែន”។
ប្រសិនបើជនជាតិ Mong ច្រើនតែបានភ្ញៀវទេសចរស្គាល់ដល់ដោយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលដូចជា របាំ សូរសម្លេងគែនគួរឲ្យទាក់ចិត្តនោះ គឺនៅទិវាបុណ្យវប្បធម៌នេះ រូបភាពជនជាតិ Mong ថែមទាំងត្រូវបានបង្ហាញតាមរយៈសម្លៀកបំពាក់ដ៏ល្អ ឆើតឆាយគួរឲ្យទាក់ភ្នែកទៀតផង។ សិប្បករ Lau Minh Po មកពីខេត្ត Thanh Hoa បានចែករំលែកថា៖
“យើងខ្ញុំនាំយករបស់របរមួយចំនួនដូចជាកាំបិត និងសម្លៀកបំពាក់របស់ជនជាតិ Mong។ កាលពីមុន នារីជនជាតិ Mong ភាគច្រើនស្លៀកសំពត់ពណ៌ស ប៉ុន្តែបច្ចុប្បន្ននេះ ត្រូវទៅធ្វើស្រែចម្ការ បើស្លៀកសំពត់គឺធ្វើដំណើរពិបាកណាស់ ដូច្នេះ នារីក៏ស្លៀកពាក់ខោដែរ។ លុះត្រាតែពេលមានពិធីបុណ្យឬពិធីមង្គលការ ទើបនារីស្លៀកសំពត់”។
![]() |
ទិវាបុណ្យវប្បធម៌គឺជាឱកាសសម្រាប់ប្រជាជនជនជាតិ Mong នៅគ្រប់ទិសទីក្នុងប្រទេស ជួបប្រាស្រ័យគ្នាដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ជនជាតិ Mong ទៅកាន់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ (រូបថត៖VOV) |
បណ្ដាស្តង់ទំនិញនៅទិវាបុណ្យបានឧទ្ទេសនាម ផ្សព្វផ្សាយផលិតផលវប្បធម៌និងទេសចរណ៍នៅតាមតំបន់នីមួយៗ។ អ្នកស្រី Hang Thi Qua មកពីភូមិវប្បធម៌ Mong Sin Suoi Ho ស្រុក Phong Tho ខេត្ត Lai Chau បានចែករំលែកថា៖
“ស្តង់ទំនិញរបស់យើងខ្ញុំមានមុខទំនិញជាច្រើន ដែលត្រូវបានដេរ ប៉ាក់ដោយនារីនៅភូមិ Sin Suoi Ho។ មានមុខទំនិញ របស់របរជាច្រើនដែលបានបងប្អូនយកមកពីក្នុងព្រៃ ឬដាំដុះដោយខ្លួនឯង។ ជាពិសេស យើងខ្ញុំបានតាំងបង្ហាញចរបាប់ជាច្រើននៃសម្លៀកបំពាក់របស់ជនជាតិ Mong។ យើងខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងមកស្តង់ទំនិញនៃភូមិ Sin Suoi Ho ហើយប្រសិនបើមានឱកាស សូមអញ្ជើញមកទស្សនាភូមិទេសចរណ៍សហគមន៍ Sin Suoi Ho ដែលជាកន្លែងទេសចរណ៍សហគមន៍មួយគួរឲ្យទាក់ទាញនៃខេត្ត Lai Chau”។
ទិវាបុណ្យវប្បធម៌ជនជាតិ Mong ទូទាំងប្រទេសឆ្នាំ២០២១ មានប្រធានបទ “អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ Mong - សមភាព សាមគ្គីភាព សមាហរណកម្មនិងអភិវឌ្ឍន៍”។ នេះគឺជាឱកាសសម្រាប់ប្រជាជនជនជាតិ Mong នៅគ្រប់ទិសទីក្នុងប្រទេស ជួបប្រាស្រ័យគ្នាដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ជនជាតិ Mong ទៅកាន់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ៕
មតិពីមិត្តអ្នកអាន