កម្ពុជា-ឡាវ-វៀតណាម បន្តពង្រឹងបន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទឆ្លងកាត់ព្រំដែន ជាពិសេស បទល្មើសគ្រឿងញៀន ជួញដូរមនុស្ស រត់ពន្ធមនុស្ស អំពើភេរវកម្ម និងបទល្មើសបច្ចេកវិទ្យា ដើម្បីបុព្វហេតុ នៃសន្តិសុខសណ្តាប់ធ្នាប់។
![]() |
![]() |
យោងតាមសេចក្ដីប្រកាសព័ត៌មានអំពី លទ្ធផលកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី កម្ពុជា-ឡាវ-វៀតណាម លើកទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើសរវាង ក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខឡាវ និងក្រសួងនគរបាលវៀតណាម នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា, នាយឧត្តមសេនីយ៍ វិស័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ និងឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី និងត្រីភាគី ស្របតាមខ្លឹមសារដែលមានចែង ក្នុងផែនការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ និងកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខារវាង និងក្នុងចំណោមក្រសួងទាំងបី។
![]() |
រដ្ឋមន្ត្រីបីរូប អញ្ជើញចូលរួមសន្និសីទ (រូបថត៖ cand.com.vn) |
ក្រសួងមហាផ្ទៃ បញ្ជាក់ថា «បន្តពង្រឹងបន្ថែមទៀតកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឆ្លងកាត់ព្រំដែន ជាពិសេស បទល្មើសពាក់ព័ន្ធគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធមនុស្ស អំពើភេរវកម្ម និងបទល្មើស បច្ចេកវិទ្យា ដើម្បីបុព្វហេតុនៃសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បម្រើដល់ផលប្រយោជន៍ទៅវិញទៅមក នៃការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសទាំងបី»។
ក្រសួង បន្ថែមថា បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងការដោះស្រាយ បង្ការ និងប្រយុទ្ធប្រឆាំងនូវការរាតត្បាតនៃជំងឺកូវីដ-១៩ ជំងឺឆ្លងរាតត្បាតផ្សេងៗ និងគ្រោះធម្មជាតិនានា បានទាន់ពេលវេលា នៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីការពារសុខុមាលភាព សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់រងផលប៉ះពាល់។
ក្រសួង បញ្ជាក់ទៀតថា បន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាថ្នាក់តំបន់ និងអន្តរជាតិ រួមទាំងនៅក្នុងឱកាសដែល កម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅក្រោមក្របខណ្ឌអាស៊ាន ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងការថែរក្សាសន្តិសុខ ដើម្បីរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ដែលប្រទេសនីមួយៗត្រូវរៀបចំ និងធ្វើជាម្ចាស់ផ្ទះ។
លើសពីនេះទៀត ក្រសួងមហាផ្ទៃ លើកឡើងថា កម្ពុជា-ឡាវ-វៀតណាម ក៏ជំរុញដល់អាជ្ញាធរខេត្តជាប់ព្រំដែន ឲ្យបន្តរក្សាការជួបប្រជុំជាទៀងទាត់ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយដោយសន្តិវិធីចំពោះឧប្បត្តិហេតុនានា ដែលកើតឡើងនៅតាមតំបន់ព្រំដែន ក៏ដូចជាជំរុញ ការផ្លាស់ប្តូរទស្សនកិច្ច និងសកម្មភាពមិត្តភាពផ្សេងៗ ក្នុងចំណោមអាជ្ញាធរមូលដ្ឋាននៅតាមតំបន់ព្រំដែននៃប្រទេសទាំងបី។
សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កម្ពុជា-ឡាវ-វៀតណាម ត្រូវបានប្រារព្ធធ្វើឡើងដោយប្តូរវេនរៀងរាល់ ០២ឆ្នាំម្តង រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕
Dap - news
មតិពីមិត្តអ្នកអាន