រសៀលថ្ងៃ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារទី២១ ខែធ្នូ ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ង្វៀន សួនហ៊្វុក ( Nguyen Xuan Phuc ) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
![]() |
សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមឯកឧត្តម ង្វៀន សួនហ៊្វុក ( Nguyen Xuan Phuc )។ (រូបថត៖ information.gov.kh) |
ក្នុងនាមប្រជាជន និងព្រឹទ្ធសភាកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម ង្វៀន សួនហ៊្វុក និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋនាពេលនេះ ពិតជានឹងនាំមកនូវការពង្រឹង និងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រិតបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។
នៅក្នុងឱកាសនោះ ឯកឧត្តម ង្វៀន សួនហ៊្វុក បានមានប្រសាសន៍ថា ប្រជាជន និងប្រទេសទាំងពីរបានប្រកៀកស្មា និងសហការគ្នាយ៉ាងល្អប្រសើរ ដើម្បីរួមគ្នាតស៊ូជាមួយពួកចក្រពត្តិ។ តាំងពីពេលមុនរហូតមកដល់បច្ចុប្បន្ននេះប្រទេសទាំងពីរ បានពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃ និងកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តម ង្វៀន សួនហ៊្វុក បានមានប្រសាសន៍បន្តទៀតថា ប្រទេសទាំងពីរបានធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ដូចជា វិស័យការពារជាតិ សន្តិសុខ វប្បធម៌ សេដ្ឋកិច្ច និងវិស័យអប់រំ។ល។ ហើយបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ដោយសម្រេចបានប្រហែលជាង ៩ពាន់លានដុល្លារអាម៉េរិក។
ឯកឧត្តមប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខនេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង មិត្ត ភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ ដើម្បីចាត់ទុកជាមរតកឱ្យយុវវជនជំនាន់ក្រោយ។ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្ស និងអញ្ជើញសម្តេ ចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ក្នុងពេលវេលាសមស្របណាមួយ។
![]() |
(រូបថត៖ information.gov.kh) |
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញថា ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។ នៅក្នុងអំលុងពេលនៃវិបត្តិជំងឺកូវីដ-១៩នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហានានាតាមប្រពន័្ធនិម្មិត។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែបានផ្តល់ជំនួយដល់គ្នាទៅវិញទៅមកទាំងថវិកា វ៉ាក់សាំង ក៏ដូចជាឧបករណ៍សម្ភារសុខាភិបាល។
សម្តេចប្រធានព្រឹទ្ធសភា បានរម្លឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។ ជាក់ស្តែងនាពេលនេះ ឯកឧត្តមប្រធានរដ្ឋបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាវិញ។ ប្រការនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពី ទំនាក់ទំនងមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រជាជន និងប្រទេសទាំងពីរ តាមពាក្យស្លោក «អ្នកជិកខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ»។
ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា ក្នុងគ្រប់ដំណាក់កាលទាំងអស់។ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តឥតងាករេដើម្បីការពារ ថែរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរតាមស្មារតី “ ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង ” ។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលដ៏មហាសាលរបស់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់បក្សកុម្មុយនីស្តវៀតណាម។ សម្តេចបានប្រសិទ្ធពរសូមឱ្យប្រទេសវៀតណាម បន្តសម្រេចបាននូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចធំៗបន្ថែមទៀត ស្របតាមសេចក្តីសម្រេច នៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម ៕
information.gov.kh
មតិពីមិត្តអ្នកអាន