Trending now
បក្សកុម្មុយនីស្តវៀតណាមនិងគណបក្សប្រជាជនកម្ពុជា

ពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្សទាំងពីរ

16:37 | 05/11/2021

នារសៀលថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានជួបជាមួយ ឯកឧត្តម វ៉ូ វ៉ាន់ ធឿង សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្សទាំងពីរ តាមប្រព័ន្ធវីដេអូ ។

បន្តកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅបណ្តាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា បន្តកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅបណ្តាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា
ទដ្ឋភាពនៃកិច្ចប្រជុំ។​​ រូបថត ​TTXVN
ទដ្ឋភាពនៃកិច្ចប្រជុំ។​​ រូបថត ​TTXVN

នៅក្នុងជំនួបនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយដែលបានជួបពិភាក្សាជាមួយឯកឧត្តម វ៉ូ វ៉ាន់ ធឿង តាមប្រព័ន្ធវីដេអូ និងបានអបអរសាទរចំពោះឯកឧត្តម វ៉ូ វ៉ាន់ ធឿង ដែលត្រូវបានគណបក្សកុម្មុយនីស្តវៀតណាម ជ្រើសតាំងជាសមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅក្នុងអាណត្តិថ្មីនេះ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវអំណរសាទរដ៏កក់ក្តៅចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតលើកទី១៣របស់គណបក្សកុម្មុយនីស្តវៀតណាម និងមានជំនឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់គណបក្សកុម្មុយនិស្តវៀតណាម ដែលមានឯកឧត្តម ង្វៀន ភូត្រុង ជាអគ្គលេខាធិការ ប្រទេសវៀតណាមនឹងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅ «ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់ នៅឆ្នាំ២០៤៥ »។

ភាគីទាំងពីរបានអះអាងថា ប្រវត្តិនៃទំនាក់ទំនងជាបងប្អូនរវាងគណបក្សនិងប្រទេសទំាំងពីរ ដែលតែងតែជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ បានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ កម្មាភិបាលគ្រប់លំដាប់ថ្នាក់ និងប្រជាជននៃប្រទេសទាំងពីរ។ ក្រោមមាគ៌ាដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់គណបក្ស និងថ្នាក់ដឹកនាំបក្សទាំងពីរ ទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងនេះ ត្រូវបានពង្រឹងនិងពង្រីកតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។

សម្តេចវិបុលសេនាភក្តី សាយ​ ឈុំ។ (រូបថត​ Cpp.org.kh)
សម្តេចវិបុលសេនាភក្តី សាយ​ ឈុំ។ (រូបថត​ Cpp.org.kh)

ក្នុងកាលៈទេសៈដែលពិភពលោកកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំទាំងក្នុងជួរបក្ស និងរដ្ឋាភិបាលទាំងពីរ កាន់តែបង្កើន និងពង្រឹងទំនាក់ទំនងរវាងគ្នា តាមរយៈការជួបសន្ទនាគ្នាតាមទូរសព្ទ័ តាមប្រព័ន្ធវីដេអូ និងដោយផ្ទាល់ជាច្រើនលើក ដើម្បីសួរសុខទុក្ខគ្នា និងការគាំទ្រគ្នាទៅវិញទៅមកទាំងសម្ភារៈ និងស្មារតី ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេសនីមួយៗ ព្រមទាំងទិសដៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សនិងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កាក្នុងការអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូល និងកិច្ចព្រមព្រៀងរវាងគណបក្សយើងទាំងពីរ ដែលរួមមាន ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈប្រតិភូជំនាញ អង្គការមហាជន និង បណ្តាខេត្តជាប់ព្រំដែន ជាដើម ។

ឯកឧត្តម វ៉ូ វ៉ាន់ ធឿង សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម (រូបថត​ TTXVN)
ឯកឧត្តម វ៉ូ វ៉ាន់ ធឿង សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម (រូបថត​ TTXVN)

ភាគីទាំងពីរបានឯកភាព បន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ។ ជំរុញស្ថាប័នគណបក្ស អង្គការមហាជន និងគណបក្សខេត្ត ក្រុង ជាពិសេសគឺគណបក្សខេត្តដែលមានព្រំដែនជាប់គ្នា ឲ្យបន្តសហការគ្នាល្អ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ ។ បង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍ ជាពិសេសកិច្ច សហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន និងតំបន់ទន្លេមេគង្គ ។

នៅចុងបញ្ចប់នៃជំនួប ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តថា ជំនួបនេះពិតជាទទួលបាននូវលទ្ធផល ផ្លែផ្កា និងបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ ភាពជា អ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

cpp.org.kh/baotintuc

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ