សហព័ន្ធខ្មែរកីឡាទោចក្រយាន និងប្រធានសមាគមកីឡាប្រណាំងកង់កម្ពុជា (Cambodia Cycling Academy) បានសម្រេចដាក់បញ្ចូលកីឡាករកូនកាត់ខ្មែរ-អាមេរិក ១ រូប ដើម្បីឱ្យហ្វឹកហាត់ជាមួយក្រុមប្រណាំងកង់ជម្រើសជាតិកម្ពុជាទាំង ៣ នាក់ និងគ្រូបង្វឹក លោក ខ្លួត ករណី ដែលកំពុងហ្វឹកហាត់រួមគ្នា នៅប្រទេសបារាំង បន្ទាប់ពីអ្នកទាំង ៤ បានធ្វើដំណើរទៅដល់ប្រទេសមហាអំណាចមួយនេះ កាលពីសប្តាហ៍មុន។
![]() |
![]() |
![]() |
ក្រុមកង់កម្ពុជានឹងដាក់បញ្ចូលកីឡាករកូនកាត់ ឱ្យហាត់សម្រួចលើវិញ្ញាសាជាក្រុម ត្រៀមប្រកួតស៊ីហ្គេមនៅវៀតណាម |
តាមលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានឱ្យដឹងថា កីឡាករកូនកាត់ខ្មែរ-អាមេរិក ចនី ផាន់ នឹងត្រូវដាក់បញ្ចូលឱ្យហ្វឹកហាត់ជាមួយក្រុមប្រណាំងកង់ជម្រើសជាតិកម្ពុជា នៅប្រទេសបារាំង នាខែក្រោយនេះ ដើម្បីសម្រួចការប្រកួតលើវិញ្ញាសាក្រុម ចម្ងាយ ១៥០ គីឡូម៉ែត្រ ឬ ១៧០ គីឡូម៉ែត្រ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម ចុងឆ្នាំនេះ។
លោក នូ ចំរើន បានប្រាប់ថា៖ «ការហ្វឹកហាត់ នៅប្រទេសបារាំងនេះ សហព័ន្ធ និង សមាគមកីឡាប្រណាំងកង់កម្ពុជា បានឯកភាពគ្នាហ្វឹកហាត់សម្រួចលើវិញ្ញាសាជាក្រុម ដែលតម្រូវឱ្យមានកីឡាករ ៤ នាក់ ឬ ៥ នាក់ អ៊ីចឹងបើគិតតាមបច្ចេកទេស យើងត្រូវបញ្ជូនអត្តពលិកជាដៃគូហ្វឹកហាត់ម្នាក់ទៀតឈ្មោះ កីឡាករ ចនី ផាន់ ជាកូនកាត់ខ្មែរ-អាមេរិក ទៅហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិរបស់យើង ដើម្បីឱ្យសមជាដៃគូយល់ចិត្តគ្នា ពេលប្រកួត នៅស៊ីហ្គេម»។
ចំណែកលោក ខ្លូត ករណី ជាគ្រូបង្វឹកដឹកនាំការហ្វឹកហាត់ បាននិយាយថា៖ «ក្រុមយើងមកហ្វឹកហាត់នៅស្រុកបារាំងនេះ គឺផ្តោតលើវិញ្ញាសាប្រណាំងកង់គួកជាក្រុម ដើម្បីសម្រួចក្នុងការទៅចូលរួមនៅស៊ីហ្គេម ប្រទេសវៀតណាម ចុងឆ្នាំ ២០២១ នេះ ហើយខ្លួនខ្ញុំ និងក្រុមអត្តពលិក ពិតជាមានចិត្តសប្បាយរីករាយ បន្ទាប់ពីបានសម្រេចបំណង ក្នុងការមកហាត់នៅប្រទេសបារាំងនេះ ដោយមានការយកចិត្តទុកដាក់ខ្លាំងពីលោកស្រី ប៉ែន ស្រីមុំ ក៏ដូចស្វាមី ជាប្រធាន សមាគមកីឡាប្រណាំងកង់កម្ពុជា ប្រចាំនៅប្រទេសបារាំង»។
ជាមួយគ្នានេះ លោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមកីឡាប្រណាំងកង់កម្ពុជា បានប្រាប់ថា៖ «កីឡាករទាំង៣រូប និងគ្រូបង្វឹក ១ រូប នៅពេលនេះ បានចាប់ផ្ដើមហ្វឹកហាត់ជាបណ្ដើរៗហើយ។ ជាមួយគ្នានោះដែរ ស្វាមីខ្ញុំ ជាគ្រូបង្វឹកជនជាតិបារាំង គឺគាត់ជួយជ្រោមជ្រែង និងទំនុកបម្រុងដល់ក្រុមកីឡាករកម្ពុជា មិនឱ្យលំបាកទេ គឺធ្វើយ៉ាងណា ឱ្យពួកគាត់ហ្វឹកហាត់មានគុណភាព កម្លាំង និងហាត់តាមបច្ចេកទេស ដែលក្នុងក្រុមមាន ៤ ទៅ ៥ នាក់។
បន្ថែមលើនេះ ប្រធានសមាគមកីឡាប្រណាំងកង់កម្ពុជា លោកស្រី ប៉ែន ស្រីមុំ និងស្វាមី ក៏នឹងជួយឱ្យកីឡាករកម្ពុជា បានចូលរួមប្រកួតដកស្រង់បច្ចេកទេសជាមួយកីឡាករអាជីពនៅឯប្រទេសបារាំង ផងដែរ ដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបង្កើនកម្លាំង ក៏ដូចជាបច្ចេកទេស៕
Postkhmer
មតិពីមិត្តអ្នកអាន