យុគសម័យ - នាថ្ងៃទី ៥ ខែកុម្ភៈ ប្រធានរដ្ឋចិន លោកស៊ីជីនពីង (Xi JinPing) បានបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងការរាតត្បាតជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ ហើយអាជ្ញាធរមានសមត្ថកិច្ច ចាំបាច់ត្រូវទប់ស្កាត់ការរីករាលដាលរបស់វីរុសដ៏កាចសាហាវនេះតែម្តង។
ប្រជាជនចិននៅទីក្រុងស៊ាងហៃ (រូបថត៖ AFP)
នៅក្នុងសេចក្តីប្រកាសមួយ ប្រធានរដ្ឋចិន លោកស៊ីជីនពីង បានសង្កត់ធ្ងន់ថារដ្ឋាភិបាលចាំបាច់ត្រូវរាយការណ៍ព័ត៌មានអំពីជំងឺនេះឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ព្រមទាំងចាត់ការយ៉ាងតឹងរឹងតាមផ្លូវច្បាប់ចំពោះអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនត្រឹមត្រូវដែលទាក់ទងនឹងវីរុសកូរ៉ូណា។ អាជ្ញាធរមានសមត្ថកិច្ច គួរតែធានាថាទំនិញជំនួយឧបត្ថម្ភត្រូវបានប្រើប្រាស់ទាំងស្រុងក្នុងគោលដៅ គ្រប់គ្រងការរាតត្បាតជំងឺនេះ។
លោក ស៊ីជីនពីង ក៏បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ កំពុងទទួលបានលទ្ធផលជាវិជ្ជមាន ហើយចិនមានទំនុកចិត្តលើខ្លួនឯង និងមានសមត្ថភាពគ្រប់គ្រាន់ដើម្ពីវាយឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះផងដែរ។
ក្នុងអំឡុងពេលនោះ ក្រុមអ្នកជំនាញបានវាយតម្លៃថាការពន្លឿនដំណើរការធ្វើតេស្ត៍មេរោគនៅ ខេត្តហ៊ូប៉ី (ចិន) បានជួយកាត់បន្ថយចំនួនករណីដែលសង្ស័យឆ្លងមេរោគនេះ ប៉ុន្តែក៏មានការកើនឡើងនូវចំនួនករណីថ្មីដែលបានបញ្ជាក់ឆ្លងមេរោគនេះនាពេលថ្មីៗនេះផងដែរ។ គួរបញ្ជាក់ថា
គិតត្រឹមដំណាច់ថ្ងៃទី ៤ ខែកុម្ភៈចិនបានកត់ត្រា ២៤.៣២៤ ករណីដែលឆ្លងវីរុសដ៏កាចសាហាវនេះ ដោយមានអ្នកស្លាប់ចំនួន ៤៩០ នាក់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មីផងដែរ៕(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន