Trending now

សម្ដេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ

10:06 | 05/02/2021

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ថា នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដំបូង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន៦០ម៉ឺនដូស ក្នុងដំណាក់ កាលទីមួយ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន​ក្នុងចំណោម​១លានដូល ដែលនឹងមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នោះ។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ

ក្នុងសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំបានទទួលដំណឹងពីរដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១”។ សម្ដេចតេជោថ្លែងបន្ដថា ដូចការប្រកាសរបស់សម្ដេច​កន្លងទៅ​ហើយ​ថា ពេលវ៉ាក់សាំងពេលមកដល់ សម្ដេចនឹងទៅទទួល។ សម្ដេចតេជោបានគូស​បញ្ជាក់ថា “ឥឡូវនេះ ត្រូវរៀបចំការ​ទទួលវ៉ាក់សាំងនៅឯព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែលមានវត្តមានរបស់ខ្ញុំ និងមានឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សម្ដេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏នឹងចូលរួម។ ដូច្នេះ​ត្រូវ​រៀបចំពិធីទទួលនៅទីនោះ ហើយអាចនឹងមានសុន្ទរកថាខ្លីមួយរវាងភាគីទាំងសងខាង”។ សម្ដេចតេជោក៏បានជំរុញឱ្យក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ រៀបចំកិច្ចការងារនេះ។ សម្ដេចតេជោបន្ថែម​ថា បន្ទាប់ពីបានទទួលវ៉ាក់សាំងហើយ គឺគណៈកម្មការវ៉ាក់សាំង ត្រូវធ្វើនីតិវិធីដាក់​ឱ្យ​ប្រើ ប្រាស់វ៉ាក់សាំងស៊ីណូហ្វាម ដូចប្រទេសនានា ដែលគេអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង ស៊ីណូ ហ្វាមនេះដែរ ហើយកំណត់យកតែម្ដង គឺថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំថ្ងៃពុធ មុនចូល ឆ្នាំចិន ដើម្បីធ្វើពិធីចាក់វ៉ាក់សាំងដំបូង ដោយមានការផ្សាយបន្តផ្ទាល់ និងសន្និសីទ​កាសែត របស់នាយករដ្ឋមន្ត្រីតែម្ដង។

សម្ដេចតេជោលើកឡើងថា “ខ្ញុំមិនអាចត្រូវរង់ចាំថា ឱ្យក្រុមគ្រូពេទ្យរបស់យើង​ទទួលវ៉ាក់​សាំងមុនសិននោះទេ ព្រោះមុនក្រោយគង់តែទទួលវ៉ាក់សាំងដូចគ្នា។ ដូច្នេះខ្ញុំ​នឹងទទួលវ៉ាសាំងនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រៅពីខ្ញុំ យើង អាចចុះឈ្មោះនៅមន្ត្រីជាន់ខ្ពស់របស់យើងមួយចំនួន ក្នុងការិយាល័យនយោបាយ ក្នុងរាជ​រដ្ឋាភិបាល ថាតើប៉ុន្មាននាក់ត្រូវចាក់នៅកន្លែងនោះ គឺមិនត្រូវរង់ចាំទេ។ ដូចដែលខ្ញុំ​បាន​បញ្ជាក់ហើយថា នេះវាជាទំនិញយុទ្ធសាស្ត្រ ហើយវាបានក្លាយជាបញ្ហានយោបាយក្នុងស្រុកផង នយោបាយក្រៅប្រទេសផង។ ដូច្នេះ​យើងត្រូវប្ដូរផ្ដាច់ធ្វើការងារនេះឱ្យបាន ដោយដណ្ដើមពេលវេលា។” សម្ដេចតេជោបាន​បន្ថែម​ទៀតថា លទ្ធភាពដែលថាកម្ពុជាទទួលបានវ៉ាក់សាំងទីបី បន្ទាប់ពីប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ហើយមកដល់កម្ពុជា គឺមេដឹកនាំប្រទេសទាំងបីនេះទទួលបានមុនគេ។ សម្ដេចតេជោបានឱ្យដឹងដែរថា គ្រូពេទ្យដែលត្រូវចាក់វ៉ាក់សាំងឱ្យសម្ដេចគឺអាចនឹង​ចាក់​វ៉ាក់សាំងឱ្យ​អ្នកដទៃទៀតបាន នៅក្នុងដំណើរការនៃការចាក់វ៉ាក់សាំងលើកដំបូងនេះ។ ដូច្នេះ​សូមត្រៀមរៀបចំឱ្យគ្រប់លក្ខណៈសម្បត្តិទាំងអស់ ហើយអ្នកដែលត្រូវទទួល​បន្ទុក​ចាក់វ៉ាក់សាំងឱ្យមេដឹកនាំរបស់យើង ត្រូវហ្វឹកហាត់។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា “វាមិនជាការលំបាកអ្វីនោះទេ ព្រោះ​ប្រទេសរបស់យើង ធ្លាប់បានចាក់វ៉ាក់សាំងឱ្យកុមាររាប់លាននាក់ទៅហើយ តែត្រូវ​រៀន​សូតពីក្រុមគ្រូពេទ្យចិនដែលមកជួយហ្វឹកហាត់ ពីបទពិសោធន៍នានាក្រោយ​ការ​ចាក់វ៉ាក់​សាំង”។

គួររម្លឹកដែរថា កាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្នុងពិធីបើក​ការដ្ឋាន​សាង​សង់រោងចក្រប្រព្រឹត្ដិកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ​រោង​ចក្រប្រព្រឹត្ដិកម្មទឹកស្អាតចម្ការមន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់​សាំង​ប្រឆាំងកូវីដ-១៩ ចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ និងដោយស្ម័គ្រចិត្ត ដោយបុគ្គលម្នាក់ត្រូវចាក់ចំនួនពីរដង។ ក្នុងចំណោម​វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងផែនការរបស់កម្ពុជាទាំង២០លានដូសនេះ ក៏មានជំនួយ​១១លានដូសផងដែរ៕

(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ