យុគសម័យ - ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី - អឺរ៉ុបលើកទី ១៤ (FMM14) នាថ្ងៃទី ១៦ ខែធ្នូ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានជួបប្រជុំទ្វេភាគីជាមួយបណ្តារដ្ឋមន្ត្រីការបរទេសនៃប្រទេសនានានៅក្នុងកិច្ចប្រជុំនេះ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសរ៉ូម៉ានីលោក Bogdan Aurescu (រូបថត៖ VGP)
នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសរ៉ូម៉ានីលោក Bogdan Aurescu ភាគីទាំងពីរបានសម្តែងនូវការសប្បាយរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងទ្វេភាគីជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទៅកាន់ រូម៉ានី (ខែមេសាឆ្នាំ ២០១៩); ភាគីទាំងពីរទើបតែរៀបចំកិច្ចប្រជុំលើកទី ១៦ នៃគណៈកម្មាធិការចំរុះសហប្រតិបត្តិការសេដ្ឋកិច្ចនៅថ្ងៃទី ៣ និង ៤ ខែតុលាឆ្នាំ ២០១៩ ។ ភាគីទាំងពីរបានលើកឡើងថាទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនិងសហគមន៍ជនជាតិ វៀតណាមនៅរ៉ូម៉ានី រួមជាមួយប្រជាជនវៀតណាមដែលធ្លាប់សិក្សានៅរ៉ូម៉ានីគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាន់តែខ្លាំងក្លា។ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានស្នើថាប្រទេសរូម៉ានីបន្តទទួលបានកម្លាំងពលកររបស់វៀតណាមនិងផ្តោតការយកចិត្តទុកដាក់ថែមទៀតក្នុងការបង្កើតលក្ខខណ្ឌសម្រាប់ សហគមន៍វៀតណាម ឲ្យកាន់តែល្អប្រសើរឡើងជាមួយមូលដ្ឋាននៅប្រទេសនេះ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសស្តីទីអេស្បាញ លោកស្រី Margarita Robles (រូបថត៖ VGP)
នៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh និងរដ្ឋមន្រ្តីក្រសួងការបរទេសកាហ្សាក់ស្តង់ លោក Kazakstan Tleuberdi Mukhtar ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តដែលចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរកំពុងរីកចម្រើននិងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដែលកាហ្សាក់ស្តង់ជាសមាជិក បាននាំមកនូវផលប្រយោជន៍ខាងសេដ្ឋកិច្ចដល់ប្រទេសទាំងពីរដោយពាណិជ្ជកម្មទ្វេភាគីឈានដល់ ២៦៨ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ។ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តសហការគ្នាលើវេទិកាតំបន់និងអន្តរជាតិ ជាពិសេសក្នុងបរិបទដែលវៀតណាមធ្វើជាប្រធានអាស៊ាន ហើយកាហ្សាក់ស្តង់ជាប្រធានសន្និសីទសម្របសម្រួលសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅ អាស៊ី (CICA) ឆ្នាំ ២០២០ ផងដែរ។
ពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសស្តីទីអេស្បាញ លោកស្រី Margarita Robles ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានអបអរសាទរអេស្បាញដែលបានរៀបចំកិច្ចប្រជុំ COP 25 និង FMM 14 ប្រកបដោយជោគជ័យ ទោះបីជាមានពេលវេលាត្រៀមរៀបចំជាបន្ទាន់ក៏ដោយ។ រដ្ឋមន្រ្តីស្តីទីលោកស្រី Margarita Robles បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានគាំទ្រនិងចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍សំខាន់ៗទាំងនេះ។ ទន្ទឹមនឹងនេះ ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានឯកភាពគ្នាថាភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកកាន់តែខ្លាំងឡើងក្រោយរយៈពេល ១០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត(២០០៩-២០១៩) ។ ភាគីទាំងពីរគួរតែបន្តរក្សាទំនាក់ទំនងនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច ហើយឆាប់ៗរៀបបចំឡើងកិច្ចប្រជុំលើកដំបូងស្តីពីគណៈ កម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគផងដែរ។
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh និងរដ្ឋមន្រ្តីក្រសួងការបរទេសប៊ុលហ្គារី លោកស្រី Ekaterina Zakarieva (រូបថត៖ VGP)
នៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh និងរដ្ឋមន្រ្តីក្រសួងការបរទេសប៊ុលហ្គារី លោកស្រី Ekaterina Zakarieva ភាគីទាំងពីរបានសំដែងនូវក្តីរីករាយចំពោះការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាននៃចំណងមិត្តភាពប្រពៃណីរវាងវៀតណាមនិងប៊ុលហ្គារី ហើយឯកភាគគ្នារៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២០។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរនិងឯកភាពគ្នាលើវិធានការនានាដើម្បីជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាដូចជានយោបាយ ការទូត សេដ្ឋកិច្ច- ពាណិជ្ជកម្ម វប្បធម៌និងអប់រំផងដែរ។
គួរបញ្ជាក់ថាក្នុងជំនួបពិភាក្សាទ្វេភាគីទាំងនេះ ប្រទេសទាំងអស់បានអបអរសាទប្រទេសវៀតណាមដែលបានទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ហើយត្រូវបានជ្រើសតៃងជាសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ. ស.ប) សម្រាប់អាណត្តិ ២០២០-២០២១ ដោយមានសម្លេងឆ្នោតខ្ពស់ ហើយចំណុចនេះបានបញ្ជាក់ជាថ្មីនូវឆន្ទៈនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងក្របខ័ណ្ឌនៃអាស៊ាន និងក្នុង អ. ស.ប ក៏ដូចជាវេទិកាតំបន់និងសកលលោកផងដែរ៕(បកប្រែដោយ ហេង វុធ្ធ)
មតិពីមិត្តអ្នកអាន