យុគសម័យ - បន្ទាប់ពីរយៈពេល ៤០ ឆ្នាំនៃការអនុវត្តមាគ៌ាផ្លាស់ប្តូរថ្មី ខេត្ត Tuyen Quang បានផ្លាស់ប្តូរមុខមាត់ចេញពីតំបន់ភ្នំមួយដែលនៅមានការលំបាកជាច្រើន ហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត ជីវភាពរស់នៅរបស់ប្រជាជននៅខ្វះខាត ដោយបានឈានទៅបង្កើតជាមូលដ្ឋានគ្រឹះអភិវឌ្ឍន៍ថ្មីជាបណ្តើរៗ។ បន្ទាប់ពីការរួមបញ្ចូលគ្នារួចមក បទពិសោធន៍ដែលបានសន្សំសំចៃក្នុងរយៈពេលបួនទសវត្សរ៍ កំពុងដាក់ចេញនូវតម្រូវការបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត វិធីសាស្ត្រគ្រប់គ្រង និងរបៀបកៀរគរធនធាន ដើម្បីបង្កើតជាកម្លាំងចលករកំណើនថ្មី។
![]() |
| រូបភាពឧទាហរណ៍។ |
នាបណ្តាឆ្នាំដំបូងដែលប្រទេសជាតិឈានចូលក្នុងកិច្ចការផ្លាស់ប្តូរថ្មី ខេត្ត Tuyen Quang ដែលកាលណោះស្ថិតនៅក្នុងខេត្ត Ha Tuyen ត្រូវបានប្រឈមមុខនឹងការលំបាកជាច្រើន។
ភូមិសាស្ត្រតំបន់ភ្នំធំល្វឹងល្វើយ ភូមិសាស្ត្រត្រូវបានខណ្ឌចែក ប្រជាជនរស់នៅមិនស្មើគ្នា លក្ខខណ្ឌផលិតកម្ម និងរចនាសម្ព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត។ បន្ទាប់ពីសង្គ្រាម ធនធានដែលខ្សត់ខ្សោយស្រាប់ទៅហើយ នោះត្រូវចំណាយមួយផ្នែកធំសម្រាប់ភារកិច្ចការពារព្រំដែន ការកសាងខ្សែត្រៀមការពារ ទាំងផលិតផង ទាំងត្រៀមខ្លួនប្រយុទ្ធផង។
មុនសម័យកាលផ្លាស់ប្តូរថ្មី ទូទាំងខេត្តកាលណោះមានដីបង្កបង្កើនផលពីររដូវតែជាង ២.០០០ ហិកតាប៉ុណ្ណោះ ទិន្នផលស្បៀងអាហារទើបតែឆ្លើយតបបានប្រមាណ ៧០% នៃតម្រូវការ ចំណែកដែលនៅសល់ត្រូវរង់ចាំការឧបត្ថម្ភធន។
ប្រព័ន្ធចរាចរណ៍ភាគច្រើនជាផ្លូវដី និងផ្លូវគ្រួសក្រោះ។ អគ្គិសនីបម្រើឱ្យជីវភាពរស់នៅ និងផលិតកម្មនៅមានកម្រិត ហើយកន្លែងជាច្រើនត្រូវប្រើប្រាស់ម៉ាស៊ីនភ្លើង។ សូម្បីតែសំណង់សំខាន់ដូចជាស្ពាន Nong Tien ក៏ត្រូវចំណាយពេលច្រើនឆ្នាំទើបបានកសាងរួចរាល់។
តាមសមមិត្ត Nguy Van Than អតីតអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បានឱ្យដឹងថា មហាសន្និបាតលើកទី VI របស់បក្សនាខែធ្នូ ឆ្នាំ ១៩៨៦ បានបើកនូវរបត់ថ្មីមួយនៅក្នុងផ្នត់គំនិតអភិវឌ្ឍន៍ ដោយបានដាក់ចេញនូវតម្រូវការរំដោះកម្លាំងផលិតកម្ម រៀបចំឡើងវិញនូវរចនាសម្ព័ន្ធផលិតកម្ម និងការវិនិយោគ ផ្លាស់ប្តូរថ្មីយន្តការគ្រប់គ្រងសេដ្ឋកិច្ច លើកកម្ពស់បណ្តាធនធាន និងឈានទៅបង្កើតជានិន្នាការសេដ្ឋកិច្ចពាណិជ្ជកម្មច្រើនសមាសភាគជាបណ្តើរៗ។
រួមជាមួយនឹងគោលដៅនៃការធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចសង្គមមានស្ថេរភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កម្មវិធីសំខាន់ៗចំនួនបីទាក់ទងនឹងម្ហូបអាហារ ទំនិញប្រើប្រាស់ និងទំនិញនាំចេញត្រូវបានកំណត់ថាជាអាទិភាពសំខាន់ៗ។
ចំពោះខេត្តតំបន់ភ្នំដែលមានចំណុចចាប់ផ្តើមទាបដូចជា Tuyen Quang ស្មារតីផ្លាស់ប្តូរថ្មីជាដំបូងត្រូវបានបង្ហាញឡើងតាមរយៈរបៀបពិនិត្យមើលឡើងវិញនូវធនធាន។
ដីធ្លី ពលកម្ម សមត្ថភាពផលិតកម្មរបស់ប្រជាជន និងបណ្តាសមាសភាគសេដ្ឋកិច្ច ត្រូវបានបើកចំហជាបណ្តើរៗ។ យន្តការប្រមូលផ្តុំការិយាល័យនិយម ឧបត្ថម្ភធន ត្រូវបានជំនួសជាបណ្តើរៗដោយរបៀបគ្រប់គ្រងដែលសមស្របជាងទៅនឹងតថភាពជាក់ស្តែង បង្កើតជាកម្លាំងចលករលើកកម្ពស់ទិន្នផល គុណភាព និងប្រសិទ្ធភាពផលិតកម្ម។
ពីការដោះស្រាយតម្រូវការចាំបាច់ ទៅជាការពង្រីកលំហអភិវឌ្ឍន៍
ចេញពីតថភាពជាក់ស្តែងនៅមូលដ្ឋាន គោលការណ៍ជាច្រើនត្រូវបានបង្កើតឡើងតាមទិសដៅប្រមូលផ្តុំលើបណ្តាតម្រូវការចាំបាច់បំផុតរបស់ប្រជាជន និងការកៀរគរការចូលរួមទាំងពីរដ្ឋ និងសហគមន៍។
ចលនា «ដំបូលផ្ទះ អាងទឹក មេគោ» ចាប់តាំងពីដើមឆ្នាំ ២០០០ គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាក់ស្តែងភាវូបនីយកម្មផ្នត់គំនិតនេះ។ ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ការគាំទ្រទឹកស្អាត ការផ្តល់ពូជសត្វ ជាពិសេសគឺមេគោប្រកបមុខរបរចិញ្ចឹមជីវិត បានរួមចំណែកបង្កើតលក្ខខណ្ឌឱ្យបណ្តាគ្រួសារក្រីក្រមានស្ថិរភាពជីវភាពរស់នៅ និងមានបន្ថែមមធ្យោបាយផលិតកម្ម។
នៅពេលដែលប្រព័ន្ធចរាចរណ៍បានក្លាយជាចំណុចស្ទះ ខេត្តបានអនុវត្តបាវចនា «រដ្ឋនិងប្រជាជនរួមគ្នាធ្វើ» ដោយបានពង្រីកបណ្តាញផ្លូវចរាចរណ៍ និងចាក់បេតុងផ្លូវជនបទជាបណ្តើរៗ។
បណ្តាខ្សែផ្លូវជាតិលេខ ២៧៩, ២C, ៣៧ និងក្រោយមកទៀតគឺបណ្តាខ្សែផ្លូវល្បឿនលឿន បានបង្កើតឱ្យមានការផ្លាស់ប្តូរជាសារវន្តអំពីសមត្ថភាពតភ្ជាប់ ដោយបានប្រែក្លាយប្រព័ន្ធចរាចរណ៍ចេញពីចំណុចស្ទះ ឱ្យក្លាយទៅជាមូលដ្ឋានគ្រឹះពង្រីកលំហអភិវឌ្ឍន៍។
ស្របពេលជាមួយគ្នានឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការងារកសាងប្រព័ន្ធនយោបាយនៅថ្នាក់មូលដ្ឋានត្រូវបានយកចិត្តទុកដាក់។ ការបញ្ជូនកម្មាភិបាលចុះទៅពង្រឹងនៅតាមភូមិសាស្ត្រ ចុះជិតស្និទ្ធជាមួយភូមិឋាន ការស្វែងរក និងបំប៉នមហាជនឆ្នើម បានរួមចំណែកលុបបំបាត់ជាបណ្តើរៗនូវបណ្តាភូមិ «ទទេស្អាតសមាជិកបក្ស» «ទទេស្អាតសាខាបក្ស» ព្រមទាំងពង្រឹងតួនាទីស្នូលនៃការដឹកនាំចាប់តាំងពីថ្នាក់មូលដ្ឋានមក។
នៅពេលដែលបណ្តាតម្រូវការគ្រឹះត្រូវបានដោះស្រាយជាបណ្តើរៗ ផ្នត់គំនិតអភិវឌ្ឍន៍របស់ខេត្តបានបន្តផ្លាស់ប្តូរ។
វិស័យកសិកម្ម មិនត្រឹមតែសំដៅធានាស្បៀងអាហារទៀតនោះទេ ប៉ុន្តែបានផ្លាស់ប្តូរជាបណ្តើរៗទៅជាផលិតកម្មពាណិជ្ជកម្ម បង្កើតជាបណ្តាតំបន់ផលិតកម្មប្រមូលផ្តុំ អភិវឌ្ឍន៍សេដ្ឋកិច្ចរុក្ខាប្រមាញ់ ផលិតផលលក្ខណៈពិសេស និងផលិតផល OCOP។
គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ ទូទាំងខេត្តមានខ្សែច្រវាក់តភ្ជាប់ការផលិត និងការបរិភោគកសិផលជាង ១១៨ ខ្សែ និងមានផលិតផល OCOP ចំនួន ៤៥៤ មុខដែលទទួលបានកម្រិតចាប់ពីផ្កាយ ៣ ឡើងទៅ។ អត្រាគ្របដណ្តប់ព្រៃឈើត្រូវបានរក្សាលើសពី ៦០% ដោយបានប្រែក្លាយសេដ្ឋកិច្ចរុក្ខាប្រមាញ់ឱ្យក្លាយជាប្រៀបខ្លាំងដ៏លេចធ្លោមួយរបស់មូលដ្ឋាន។
បន្ទាប់ពីរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី រចនាសម្ព័ន្ធហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍របស់ខេត្ត Tuyen Quang ត្រូវបានពង្រីក បណ្តាញអគ្គិសនីបានលាតសន្ធឹងទៅដល់តាមបណ្តាភូមិឋាន ការអប់រំ សុខាភិបាល ការកាត់បន្ថយភាពក្រីក្រ ការកសាងជនបទថ្មី និងសន្តិសុខសង្គម មានការប្រែប្រួលជាវិជ្ជមានជាច្រើន។
រចនាសម្ព័ន្ធសេដ្ឋកិច្ចក៏បានផ្លាស់ប្តូរតាមទិសដៅចម្រុះជាងមុនផងដែរ។ ចេញពីកន្លែងដែលភាគច្រើនផលិតដើម្បីធានាស្បៀងអាហារ មូលដ្ឋានបានឈានទៅអភិវឌ្ឍន៍ជាបណ្តើរៗនូវកសិកម្មពាណិជ្ជកម្ម សេដ្ឋកិច្ចរុក្ខាប្រមាញ់ ផលិតផលលក្ខណៈពិសេស និងបណ្តាខ្សែច្រវាក់តភ្ជាប់ការផលិត-ការបរិភោគ។
ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត និងការបំប្លែងជាឌីជីថល កាន់តែបានក្លាយជាបណ្តាវិស័យយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។
អ្វីដែលសំខាន់ជាងនេះទៅទៀត ជីវភាពរស់នៅផ្នែកសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាបណ្តើរៗ ហើយប្រព័ន្ធនយោបាយ និងអង្គការបក្សនៅថ្នាក់មូលដ្ឋានបន្តត្រូវបានពង្រឹង។
បង្កើតកម្លាំងចលករកំណើននៅក្នុងលំហអភិវឌ្ឍន៍ថ្មី
បណ្តាមូលដ្ឋានគ្រឹះដែលបានបង្កើតឡើងក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី កំពុងដាក់ខេត្ត Tuyen Quang ឱ្យស្ថិតនៅចំពោះមុខតម្រូវការអភិវឌ្ឍន៍ខ្ពស់ជាងមុន។
មហាសន្និបាតតំណាងអង្គការបក្សខេត្តលើកទី I អាណត្តិ ២០២៥-២០៣០ បានដាក់ចេញនូវគោលដៅដល់ឆ្នាំ ២០៣០ ខេត្ត Tuyen Quang នឹងក្លាយជាខេត្តអភិវឌ្ឍន៍បង្គួរ គ្រប់ជ្រុងជ្រោយ ចីរភាព និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយដល់ឆ្នាំ ២០៤៥ នឹងក្លាយជាខេត្តអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់នៅក្នុងតំបន់ដីទួល និងតំបន់ភ្នំភាគខាងជើង។
នេះគឺជាគោលដៅដ៏ធំមួយនៅក្នុងបរិបទដែលខេត្ត Tuyen Quang នៅតែជាខេត្តតំបន់ភ្នំ មានចំណុចចាប់ផ្តើម និងលក្ខខណ្ឌអភិវឌ្ឍន៍នៅមានកម្រិតនៅឡើយ។ ដើម្បីបង្រួមគម្លាតឱ្យបានឆាប់ រហ័ស ខេត្តត្រូវការវិធីសាស្ត្រធ្វើថ្មីៗ និងដំណោះស្រាយដែលមានលក្ខណៈលោតផ្លោះ។
បន្ទាប់ពីការរួមបញ្ចូលគ្នារួចមក ការប្រតិបត្តិការដោយមានប្រសិទ្ធភាពនូវគំរូរដ្ឋាភិបាលមូលដ្ឋាន ២ កម្រិត គឺជាភារកិច្ចគ្រឹះមួយ។
ក្បាលម៉ាស៊ីនថ្មី ចាំបាច់ត្រូវតែនៅជិតប្រជាជន ចុះផ្ទាល់នៅមូលដ្ឋាន ច្បាស់លាស់អំពីការទទួលខុសត្រូវ កាត់បន្ថយកម្រិតថ្នាក់កណ្តាល លើកកម្ពស់គុណភាពបម្រើប្រជាជន និងសហគ្រាស។ នេះមិនត្រឹមតែជាតម្រូវការអំពីការរៀបចំក្បាលម៉ាស៊ីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកចេញនូវឱកាសផ្លាស់ប្តូរថ្មីវិធីសាស្ត្រគ្រប់គ្រង កែលម្អបរិយាកាសវិនិយោគ និងការអភិវឌ្ឍផងដែរ។
ស្របពេលជាមួយគ្នានឹងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ខេត្តចាំបាច់ត្រូវលើកកម្ពស់បណ្តាវិស័យដែលមានប្រៀបខ្លាំង លើកកម្ពស់តម្លៃផលិតផល សមត្ថភាពប្រកួតប្រជែង និងបង្កើតជាបណ្តាខ្សែច្រវាក់តភ្ជាប់។
វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត ការបំប្លែងជាឌីជីថល និងប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ ចាំបាច់ត្រូវតែក្លាយជាបណ្តាកម្លាំងចលករកំណើនថ្មី។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍវប្បធម៌ មនុស្ស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បង្រួមគម្លាតរវាងបណ្តាតំបន់ រក្សាយ៉ាងរឹងមាំនូវការពារជាតិ សន្តិសុខ និងពង្រីកការតភ្ជាប់ កិច្ចការបរទេស។
នៅក្នុងអាណត្តិថ្មី ដើម្បីធ្វើឱ្យគោលដៅកំណើនកម្រិតពីរខ្ទង់ក្លាយជាការពិត ខេត្ត Tuyen Quang ចាំបាច់ត្រូវធ្វើឱ្យជាក់ស្តែង និងរៀបចំអនុវត្តដោយមានប្រសិទ្ធភាពនូវបណ្តាសេចក្តីសម្រេចចិត្តស្នូលរបស់ការិយាល័យនយោបាយ ជាពិសេសគឺបណ្តាគោលការណ៍ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត និងការធ្វើសមាហរណកម្មអន្តរជាតិ។
ចំណុចធ្ងន់ធ្ងរគឺការបំប្លែងបណ្តាគោលការណ៍ ឱ្យទៅជាកម្មវិធី និងគម្រោងជាក់ស្តែង ដោយជ្រើសរើសឱ្យចំផ្លូវនូវបណ្តាកម្លាំងចលករកំណើនដែលមានសមត្ថភាពបង្កើតកម្លាំងសាយភាយនៅក្នុងលំហអភិវឌ្ឍន៍ថ្មី។
ការបំប្លែងជាឌីជីថល ក៏ចាំបាច់ត្រូវមើលឃើញថាជាវិធីសាស្ត្រនៃការអភិវឌ្ឍមួយ មិនមែនត្រឹមតែជាការអនុវត្តបច្ចេកវិទ្យាក្នុងការគ្រប់គ្រងនោះឡើយ។
ខេត្តចាំបាច់ត្រូវរញុញច្រានរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ដោយនាំយកទិន្នន័យឱ្យក្លាយជាប្រភពធនធាន ហើយបច្ចេកវិទ្យាក្លាយជាឧបករណ៍លើកកម្ពស់ទិន្នផល ពង្រីកទីផ្សារ បង្កើតជាបណ្តាគំរូអាជីវកម្មថ្មីៗ។
នេះអាចក្លាយជាកូនសោមួយក្នុងចំណោមកូនសោទាំងឡាយ ដែលជួយឱ្យខេត្ត Tuyen Quang ពុះពារជំនះរាល់ការកម្រិតនៃភូមិសាស្ត្រ គម្លាតចម្ងាយ និងបង្កើតបន្ថែមនូវកម្លាំងចលករកំណើន។
យកលទ្ធផលបម្រើប្រជាជនធ្វើជាបន្ទាត់វាស់វែង
ចេញពីតថភាពជាក់ស្តែងនៃរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី មេរៀនមួយក្នុងចំណោមមេរៀនជាប្រព័ន្ធ គឺរាល់គោលការណ៍ទាំងអស់ត្រូវតែចេញពីតថភាពជាក់ស្តែង និងតម្រង់ទិសដៅទៅរកបណ្តាតម្រូវការជាក់ស្តែងរបស់ប្រជាជន។
កម្មាភិបាលត្រូវតែចុះផ្ទាល់នៅមូលដ្ឋាន នៅជិតប្រជាជន យល់ពីអ្វីដែលប្រជាជនត្រូវការ ក្តាប់យកការលំបាក និងបញ្ហាប្រឈមនានាក្នុងតថភាពជាក់ស្តែង ដើម្បីធ្វើជាប្រឹក្សា និងរៀបចំអនុវត្តគោលនយោបាយឱ្យបានសមស្រប។
ប្រសិទ្ធភាពនៃការដឹកនាំ ក៏ចាំបាច់ត្រូវវាស់វែងដោយការប្រែប្រួលជាក់ស្តែងនៅក្នុងជីវភាពរស់នៅ ចាប់តាំងពីការហូបចុក សម្លៀកបំពាក់ ទឹកស្អាត ផ្លូវចរាចរណ៍ រហូតដល់ផ្ទះសម្បែង ការងារធ្វើ និងមុខរបរចិញ្ចឹមជីវិត។
នៅពេលដែលបណ្តាតម្រូវការជាក់ស្តែងត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយ នោះប្រជាជននឹងទទួលដឹងបានកាន់តែច្បាស់អំពីប្រសិទ្ធភាពនៃគោលការណ៍ និងគោលនយោបាយ ដោយហេតុនោះ ពង្រឹងជំនឿទុកចិត្តចំពោះបក្ស និងអាជ្ញាធរ។
នៅក្នុងគំរូរដ្ឋាភិបាលមូលដ្ឋាន ២ កម្រិត តម្រូវការចំពោះថ្នាក់ឃុំ/សង្កាត់កាន់តែផ្ទាល់ និងគ្រប់ជ្រុងជ្រោយជាងមុន។
ដើម្បីចៀសវាងការជាន់ថ្នាក់គ្នា ការរំលងចោលការងារ ចាំបាច់ត្រូវអនុវត្តឱ្យ «ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ការទទួលខុសត្រូវ ច្បាស់ពេលវេលា ច្បាស់លទ្ធផល» ព្រមទាំងពង្រឹងការសម្របសម្រួលរវាងគណៈកម្មាធិការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិ និងបណ្តាអង្គការនយោបាយ - សង្គម។
អ្នកដឹកនាំត្រូវតែចុះត្រួតពិនិត្យ រំលឹកដាស់តឿនជាប្រចាំ ដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា មិនទុកឱ្យការងារកកស្ទះ ឬរុញច្រានការទទួលខុសត្រូវនោះឡើយ។
ការងារទទួលប្រជាពលរដ្ឋ ការសន្ទនា និងការដោះស្រាយអនុសាសន៍ ក៏ចាំបាច់ត្រូវកំណត់ថាជាភារកិច្ចជាប្រចាំផងដែរ។ កម្មាភិបាលមូលដ្ឋានត្រូវតែចុះផ្ទាល់ទៅតាមភូមិ ក្រុមប្រជាជន ក្តាប់យកបណ្តាបញ្ហាដែលប្រជាជនយកចិត្តទុកដាក់ និងចាត់ការដោះស្រាយបានទាន់ពេលវេលាចាប់តាំងពីថ្នាក់មូលដ្ឋានមក។
ការឯកភាពគ្ន និងលទ្ធផលនៃការដោះស្រាយការងារជូនប្រជាជន ចាំបាច់ត្រូវតែក្លាយជាបន្ទាត់វាស់វែងគុណភាពសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន។
លើកកម្ពស់សក្ដានុពលតាមរយៈហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងមនុស្ស
បន្ទាប់ពីការរួមបញ្ចូលគ្នារួចមក ខេត្ត Tuyen Quang បានឈានចូលទៅក្នុងលំហអភិវឌ្ឍន៍ដ៏ទូលំទូលាយជាងមុន ដោយមានសមត្ថភាពបំពេញបន្ថែមឱ្យគ្នារវាងឧស្សាហកម្មនៅមូលដ្ឋាន ទេសចរណ៍ ពាណិជ្ជកម្មព្រំដែន និងកសិផលលក្ខណៈពិសេស ដើម្បីបង្កើតជាបណ្តាខ្សែច្រវាក់តម្លៃតភ្ជាប់គ្នា។
ទោះជាយ៉ាងណាក៏ដោយ សក្ដានុពលអាចបំប្លែងទៅជាកម្លាំងចលករអភិវឌ្ឍន៍បាន លុះត្រាតែដើរទន្ទឹមគ្នានឹងបណ្តាលក្ខខណ្ឌចាំបាច់នានា។
ជាដំបូង គឺហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្នុងនោះត្រូវបញ្ចប់ឱ្យបានឆាប់នូវបណ្តាខ្សែផ្លូវល្បឿនលឿន និងលើកកម្ពស់កម្រិតច្រកទ្វារព្រំដែន ដើម្បីកាត់បន្ថយការចំណាយលើសេវាកម្មភស្តុភារកម្ម។
ទីពីរ គឺស្ថាប័ន ដោយធានាឱ្យក្បាលម៉ាស៊ីនប្រតិបត្តិការបានរលូន ការរៀបចំផែនការធ្វើសមាហរណកម្មប្រកបដោយភាពជាក់ស្តែង និងនីតិវិធីវិនិយោគមានភាពរហ័សទាន់ចិត្ត។
ចុងក្រោយ គឺកត្តាមនុស្ស។ ខេត្តចាំបាច់ត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាលពលករនៅនឹងកន្លែង បង្កើតលក្ខខណ្ឌឱ្យបងប្អូនជនជាតិភាគតិចបានចូលរួមយ៉ាងជ្រាលជ្រៅបន្ថែមទៀតទៅក្នុងបណ្តាខ្សែច្រវាក់តម្លៃ ព្រមទាំងផ្សារភ្ជាប់ការបំប្លែងជាឌីជីថលជាមួយនឹងបណ្តាផលិតផលជាក់ស្តែង។
សែសិបឆ្នាំនៃការកែទម្រង់បានដាក់ចេញនូវមូលដ្ឋានគ្រឹះសំខាន់ៗសម្រាប់ខេត្ត Tuyen Quang ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ប្រព័ន្ធនយោបាយ និងជីវភាពសង្គម។ នៅក្នុងដំណាក់កាលថ្មី សក្តានុពល និងធនធានអាចបើកឱកាស ប៉ុន្តែស្ថាប័ន ធនធានមនុស្ស និងសមត្ថភាពអង្គការសម្រាប់ការអនុវត្តគឺជាកត្តាសម្រេចចិត្តក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕
យុគសម័យ - សេចក្តីសន្និដ្ឋានស្តីពីយុទ្ធសាស្ត្រជាតិស្តីពីការទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ បានកំណត់ថា ធនធានមនុស្សដែលមានទេពកោសល្យ គឺជាធនធានយុទ្ធសាស្ត្រដ៏ពិសេសរបស់ជាតិ ព្រមទាំងបានដាក់ចេញនូវតម្រូវការក្នុងការផ្លាស់ប្តូរជាមូលដ្ឋាននូវវិធីសាស្ត្រអភិបាលកិច្ច កសាងប្រព័ន្ធអេកូឡូស៊ីទេពកោសល្យបើកទូលាយ និងបែងចែកថវិកាប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ការងារនេះ។ |
យុគសម័យ - ទិវាមហាសាមគ្គីទូទាំងជនជាតិនៅក្នុងសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស លើកទី ២ នៅទីក្រុង Fukuoka (ប្រទេសជប៉ុន) នឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ជាមួយនឹងចំណុចលេចធ្លោ “ភូមិវៀតណាមនៅ Fukuoka” - លំហណែនាំវប្បធម៌តាមតំបន់ ភាសាវៀតណាម ម្ហូបអាហារ និងរឿងរ៉ាវស្រុកកំណើត ជូនដល់សហគមន៍ជនជាតិវៀតណាម ប្រជាជនជប៉ុន និងមិត្តភក្តិអន្តរជាតិ។ |

មតិពីមិត្តអ្នកអាន