យុគសម័យ - សូម្បីតែមុនពេលបានជាន់ដីប្រទេសវៀតណាមក្តី ក៏ខ្ញុំបានផ្តល់ក្តីស្រឡាញ់យ៉ាងពិសេសមួយចំពោះប្រទេសនេះរួចទៅហើយ។ ប្រវត្តិសាស្ត្រតស៊ូដើម្បីឯករាជ្យភាព ឆន្ទៈដ៏មោះមុត និងដំណើរការកសាងប្រទេសឡើងវិញរបស់វៀតណាម បានក្លាយជាភាពជិតស្និទ្ធជាមួយប្រជាជនប៉ាឡេស្ទីនជាច្រើនជំនាន់តាំងពីយូរយារណាស់មកហើយ។ នៅពេលបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមជាឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម ភាពជិតស្និទ្ធនោះកាន់តែលេចឡើងយ៉ាងច្បាស់ក្រឡែតថែមទៀត។
![]() |
| អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ទទួលជួបឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម Shadi Zarqa ជូនសារតាំង កាលពីថ្ងៃទី ៣ ខែតុលា។ |
ចំពោះប្រជាជនប៉ាឡេស្ទីនជាច្រើន វៀតណាមមិនដែលគ្រាន់តែជាប្រទេសមួយដ៏សែនឆ្ងាយនៅលើផែនទីនោះឡើយ។ ប្រវត្តិសាស្ត្រវៀតណាមមានវត្តមាននៅក្នុងសៀវភៅពុម្ពសិក្សា នៅក្នុងកិច្ចពិភាក្សានយោបាយនានា ក្នុងស្នាដៃអក្សរសិល្ប៍បដិវត្តន៍ និងនៅក្នុងរាល់ការជួបជុំគ្នារបស់ពួកយើង។
ការតស៊ូដ៏យូរអង្វែងរបស់ប្រជាជនវៀតណាមដើម្បីឯករាជ្យ អធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ បានបង្កើតឡើងនូវការយល់ចិត្តគ្នា និងការអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅជាមួយនឹងអ្វីដែលប្រជាជនប៉ាឡេស្ទីនធ្លាប់បានឆ្លងកាត់។
ខ្ញុំបានស្រឡាញ់ចូលចិត្តវៀតណាមតាំងពីមុនពេលមានឱកាសមកកាន់ទីនេះទៅទៀត។ ហើយនៅពេលបានជាន់ដីរដ្ឋធានី Ha Noi ជាលើកដំបូង មនោសញ្ចេតនានោះក៏បានប្រែក្លាយទៅជាជាក់ស្តែងយ៉ាងឆាប់រហ័ស។
ការធ្វើដំណើរឆ្លងកាត់ដងវិថីនានា និងសង្កាត់បុរាណ ខ្ញុំមានអារម្មណ៍ថា ប្រវត្តិសាស្ត្រមិនមែនស្ថិតនៅត្រឹមតែក្នុងសារមន្ទីរ ឬសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវត្តមានយ៉ាងជាក់ស្តែងនៅក្នុងស្ថាបត្យកម្ម ទំនៀមទម្លាប់ ចង្វាក់ជីវិតប្រចាំថ្ងៃ និងនៅលើទឹកមុខរបស់ប្រជាជនទៀតផង។
ចំពោះខ្ញុំ Ha Noi មិនត្រឹមតែរៀបរាប់អំពីប្រវត្តិសាស្ត្រប៉ុណ្ណោះទេ។ ទីក្រុងនេះបានធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ និងដឹងគុណតម្លៃនៃប្រវត្តិសាស្ត្រ។
ទោះបីជារស់នៅវៀតណាមមិនទាន់បានយូរប៉ុន្មានក៏ដោយ ក៏ខ្ញុំបានផ្តល់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះវប្បធម៌ ប្រពៃណី និងលើសពីអ្វីៗទាំងអស់គឺមនុស្សនៅទីនេះ។ មានរឿងរ៉ាវមួយចំនួនដែលពិបាកនឹងពណ៌នាដោយភាសាការទូតណាស់៖ ភាពល្អសប្បុរសនៅក្នុងការជួបប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ភាពគួរសមរាក់ទាក់ចំពោះមនុស្សប្លែកមុខ និងស្នាមញញឹមដែលងាយនឹងបានឃើញ។
ទោះបីជាជីវភាពរស់នៅកន្លែងណាក៏ដោយតែងតែមានការប្រឈម និងឧបសគ្គក្តី អ្វីដែលខ្ញុំបានកត់សម្គាល់យ៉ាងច្បាស់អំពីប្រជាជនវៀតណាម គឺថាមពលជីវិត ស្មារតីសុទិដ្ឋិនិយម និងការប្តេជ្ញាចិត្តឈានទៅមុខជានិច្ច។
វៀតណាមនាំយកនូវការចងចាំអំពីអតីតកាលដ៏លំបាកវេទនាជាច្រើន ប៉ុន្តែមិនដែលបណ្តោយឱ្យអតីតកាលនោះមករារាំងខ្លួនឡើយ។ ប្រហែលជាចំណុចនេះហើយ ដែលធ្វើឱ្យប្រទេសនេះបានក្លាយជាទីជិតស្និទ្ធជាមួយខ្ញុំយ៉ាងស្ងៀមស្ងាត់។
ពីប្រវត្តិសាស្ត្រតស៊ូ ឆ្ពោះទៅកាន់សេចក្តីប្រាថ្នានៃការអភិវឌ្ឍ
មនោសញ្ចេតនាចំពោះវៀតណាម បានជំរុញទឹកចិត្តឱ្យខ្ញុំស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រនៃប្រទេសនេះ។
តាំងពីរជ្ជកាល Dai Viet ក្នុងសតវត្សរ៍ទី ១០ រដ្ឋវៀតណាមឯករាជ្យមួយត្រូវបានកកើតឡើង និងកាន់តែបញ្ជាក់ច្បាស់នូវឋានៈរបស់ខ្លួន។ ឆ្លងកាត់ជាច្រើនសតវត្សរ៍ ប្រវត្តិសាស្ត្រវៀតណាមតែងតែផ្សារភ្ជាប់ជាមួយនឹងឆន្ទៈការពារមាតុភូមិ អត្តសញ្ញាណ និងឯករាជ្យភាពជាតិ។
សតវត្សរ៍ទី ២០ បានក្លាយជាសាក្សីនៃដំណាក់កាលដ៏ឈឺចាប់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់វៀតណាម។ សង្គ្រាមជាច្រើនទសវត្សរ៍បានបង្កឱ្យមានការបាត់បង់យ៉ាងធំធេងខាងអាយុជីវិតមនុស្ស បណ្តាលឱ្យមនុស្សរាប់លាននាក់ស្លាប់ របួស ត្រូវចាកចេញពីស្រុកកំណើត ឬរងគ្រោះដោយសារផលវិបាកផ្សេងៗទៀត។
ប៉ុន្តែប្រវត្តិសាស្ត្រវៀតណាម ប្រសិនបើពិចារណាឱ្យបានស៊ីជម្រៅ មិនមែនគ្រាន់តែជារឿងរ៉ាវអំពីសង្គ្រាមនោះឡើយ។
នោះក៏ជារឿងរ៉ាវអំពីការតស៊ូព្យាយាមមិនរុញរារបស់ប្រជាជាតិមួយ ដែលទោះបីជាត្រូវប្រឈមមុខនឹងការលំបាកលំបិន និងគម្លាតដ៏ធំធេងនៃកម្លាំងប្រៀបធៀបក្តី ក៏នៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រាថ្នាដើម្បីឯករាជ្យភាព។
សង្គ្រាមបានបន្សល់ទុកនូវស្លាកស្នាមរបួសជាច្រើន ប៉ុន្តែក៏បានពត់លត់ដំស្មារតីជាតិ និងការប្តេជ្ញាចិត្តក្នុងការកសាងប្រទេសជាតិឡើងវិញផងដែរ។
វៀតណាមនាពេលបច្ចុប្បន្ន គឺជាសក្ខីភាពដ៏រស់រវើកមួយសម្រាប់ការប្តេជ្ញាចិត្តនោះ។
បន្ទាប់ពីជម្លោះអស់ជាច្រើនទសវត្សរ៍ ប្រជាជនវៀតណាមបានជ្រើសរើសយកការស្តារប្រទេសជាតិឡើងវិញ ការអភិវឌ្ឍសេដ្ឋកិច្ច ការអប់រំ ការពង្រីកទំនាក់ទំនងជាមួយពិភពលោក ព្រមទាំងបន្តថែរក្សាអត្តសញ្ញាណជាតិ។
ដំណើរការនោះបានបង្ហាញឱ្យឃើញថា ប្រទេសមួយអាចឈានចេញពីភាពឈឺចាប់ទាំងឡាយ សំដៅឆ្ពោះទៅកាន់សន្តិភាព វិបុលភាព និងបើកចេញនូវកាលានុវត្តភាពសម្រាប់មនុស្សជំនាន់ក្រោយ។
នៅពីក្រោយសមិទ្ធផលទាំងនោះ គឺប្រជាជនវៀតណាម បណ្តាស្ថាប័ន និងក្រុមថ្នាក់ដឹកនាំប្រទេសជាតិ ដោយផលប្រយោជន៍ជាតិ ស្ថិរភាព ការអភិវឌ្ឍ និងឯករាជ្យភាព ត្រូវបានដាក់នៅទីតាំងស្នូល។
ពីបទពិសោធន៍ជាក់ស្តែងរបស់វៀតណាម ខ្ញុំមើលឃើញនូវមេរៀនដ៏សំខាន់មួយ៖ ភាពអង់អាចក្លាហាន និងរឹងមាំ មិនត្រឹមតែជាការឆ្លងកាត់ការលំបាកលំបិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសមត្ថភាពក្នុងការបម្លែងការឈឺចាប់ទាំងឡាយឱ្យទៅជាការប្តេជ្ញាចិត្តកសាងអនាគតដ៏ល្អប្រសើរជាងមុន។
ការយល់ចិត្តគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ
ក្នុងនាមជាអ្នកការទូតប៉ាឡេស្ទីនម្នាក់ នៅពេលស្វែងយល់អំពីប្រវត្តិសាស្ត្រទំនើបរបស់វៀតណាម ខ្ញុំមិនអាចមិននឹកគិតដល់មាតុភូមិរបស់ខ្លួនបានឡើយ។
កាលៈទេសៈរបស់វៀតណាម និងប៉ាឡេស្ទីនមិនដូចគ្នាទាំងស្រុងនោះទេ ហើយប្រវត្តិសាស្ត្រនៃប្រជាជាតិនីមួយៗត្រូវតែមើលឃើញនៅក្នុងបរិបទដោយឡែកពីគ្នា។ ទោះជាយ៉ាងណាក៏ដោយ រវាងប្រជាជាតិទាំងពីរមានការយល់ចិត្តគ្នាយ៉ាងជ្រាលជ្រៅ ដែលកើតចេញពីបទពិសោធន៍នៃការតស៊ូដើម្បីថែរក្សាអត្តសញ្ញាណ ការពារមាតុភូមិ និងសិទ្ធិរស់នៅក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូរ។
ចំពោះប្រជាជនប៉ាឡេស្ទីន ប្រវត្តិសាស្ត្រវៀតណាមតាំងពីយូរយារណាស់មកហើយ គឺជានិមិត្តរូបនៃការពុះពារព្យាយាមនៅចំពោះមុខរាល់ការសាកល្បងដែលហាក់ដូចជាលើសពីសមត្ថភាពទ្រាំទ្ររបស់មនុស្សលោក។
សព្វថ្ងៃនេះ នៅពេលដែលប្រជាជនប៉ាឡេស្ទីនបន្តឆ្លងកាត់ការឈឺចាប់ និងការតស៊ូដើម្បីសេរីភាព សេចក្តីថ្លៃថ្នូរ អធិបតេយ្យភាព ព្រមទាំងបណ្តាសិទ្ធិជាតិស្របច្បាប់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ ការយល់ចិត្ត និងការគាំទ្ររបស់ប្រជាជនវៀតណាម ពិតជាមានអត្ថន័យយ៉ាងពិសេសក្រៃលែង។
ការគាំទ្ររបស់វៀតណាមចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប៉ាឡេស្ទីន តែងតែត្រូវបានប្រជាជនប៉ាឡេស្ទីនចងចាំជានិច្ចដោយក្តីដឹងគុណ។
ចំពោះពួកយើង សាមគ្គីភាពមិនមែនជាទស្សនទានការទូតអរូបីមួយឡើយ។ នោះគឺជាការបង្ហាញចេញនូវមនោសញ្ចេតនារវាងមនុស្សជាតិ និងជាការដាស់តឿនក្រើនរំលឹកថា ការតស៊ូរបស់ប្រជាជាតិមួយ អាចត្រូវបានប្រជាជាតិមួយផ្សេងទៀតយល់ចិត្តយ៉ាងជ្រាលជ្រៅ ទោះបីជាត្រូវខណ្ឌចែកដោយទ្វីបមួយ និងមានភាពខុសប្លែកគ្នាខាងវប្បធម៌ក៏ដោយ។
ទំនាក់ទំនងវៀតណាម - ប៉ាឡេស្ទីន ហេតុដូច្នេះហើយ មិនត្រឹមតែត្រូវបានកសាងឡើងនៅលើគ្រឹះនៃទំនាក់ទំនងការទូតផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រភពចេញពីការគោរពគ្នាទៅវិញទៅមក ការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងតួនាទីជាតំណាងរបស់ប៉ាឡេស្ទីនប្រចាំនៅវៀតណាម ខ្ញុំយល់ដឹងយ៉ាងច្បាស់អំពីទំនួលខុសត្រូវក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងនេះ ជំរុញកិច្ចសន្ទនានយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។
ការទូតជាញឹកញាប់ត្រូវបានគេលើកឡើងតាមរយៈកិច្ចព្រមព្រៀងនានា ការជួបពិភាក្សា ដំណើរទស្សនកិច្ចផ្លូវការ ឬសេចក្តីថ្លែងការណ៍រួម។ ប៉ុន្តែចំពោះខ្ញុំ ស្នូលនៃការទូតនៅតែជាមនុស្សជាតិ គឺការស្តាប់ ការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងសេចក្តីប្រាថ្នារបស់ប្រជាជាតិមួយផ្សេងទៀត។
ដំណើររបស់ខ្ញុំនៅវៀតណាមទើបតែចាប់ផ្តើមប៉ុណ្ណោះ។ នៅមានតំបន់ដី សហគមន៍ បេតិកភណ្ឌ និងរឿងរ៉ាវជាច្រើនទៀត ដែលខ្ញុំចង់ស្វែងយល់។
ប៉ុន្តែរហូតមកដល់ពេលនេះ ជំនឿជាក់មួយបានកកើតឡើងយ៉ាងច្បាស់លាស់នៅក្នុងចិត្តខ្ញុំ៖ វៀតណាមមិនត្រឹមតែជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រពិសេសប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញឱ្យឃើញថា ប្រវត្តិសាស្ត្រអាចក្លាយជាគ្រឹះដើម្បីកសាងអនាគត។
ចំពោះប៉ាឡេស្ទីន វៀតណាមមិនត្រឹមតែជាមិត្តភក្តិម្នាក់ប៉ុណ្ណោះទេ។ នេះថែមទាំងជាប្រជាជាតិមួយដែលមានដំណើរការបង្ហាញឱ្យឃើញនូវកម្លាំងនៃការពុះពារព្យាយាម ការដឹងគុណតម្លៃនៃសេចក្តីថ្លៃថ្នូររបស់ជាតិ និងសេចក្តីប្រាថ្នាចំពោះសន្តិភាព។
ខ្ញុំមកកាន់ប្រទេសវៀតណាមជាមួយនឹងភារកិច្ចដ៏ឧត្តុង្គឧត្តមជាតំណាងឱ្យប៉ាឡេស្ទីន ប៉ុន្តែក៏មកកាន់ប្រទេសមួយដែលនៅលើទិដ្ឋភាពជាច្រើន ខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលតាំងពីមុនមកម្ល៉េះ។
ប្រហែលជានេះគឺជាចំណុចពិសេសមួយនៃការទូត៖ ចម្ងាយរវាងប្រទេសទាំងពីរ ពេលខ្លះមិនត្រូវបានវាស់វែងដោយចំនួនគីឡូម៉ែត្រនោះឡើយ ប៉ុន្តែវាស់វែងដោយកម្រិតដែលប្រជាជននៃប្រទេសទាំងពីរអាចយល់ចិត្ត និងអាណិតស្រឡាញ់គ្នាទៅវិញទៅមក៕
យុគសមម័យ - លោកឯកអគ្គរដ្ឋទូត Pham Hai Anh ក៏បានបញ្ជាក់ផងដែរថាវៀតណាមគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះដំណោះស្រាយរដ្ឋពីរ ដែលបានចាត់ទុកទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីនស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិផងដែរ |
យុគសម័យ - លោក Saadi Salama ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនិងពេញសមត្ថភាពនៃរដ្ឋប៉ាឡេស្ទីនប្រចាំនៅវៀតណាមបានសម្តែងនូវការជឿជាក់ថា៖ «អ្នកបោះឆ្នោតវៀតណាមនឹងជ្រើសរើសសមាជិកសភាប្រកបដោយគុណធម៌ទេពកោសល្យស្នេហាជាតិនិងស្មារតីទទួលខុសត្រូវក្នុងការកសាងប្រទេសវៀតណាមឱ្យរឹងមាំ» ។ brachachon Mọi người |

មតិពីមិត្តអ្នកអាន