យុគសម័យ - ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍វៀតណាម កំពុងមានភាពប្រសើរឡើងយ៉ាងច្បាស់ក្រឡែតលើចំណាត់ថ្នាក់ ទំហំវិនិយោគ និងកម្រិតនៃការតភ្ជាប់។ នៅក្នុងដំណាក់កាលថ្មី ចំណុចស្នូលត្រូវបានផ្លាស់ប្តូរពីការអភិវឌ្ឍបរិមាណ ទៅជាការលើកកម្ពស់គុណភាពសហគ្រាស សមត្ថភាពធ្វើពាណិជ្ជកម្មនីយកម្មបច្ចេកវិទ្យា ការកៀរគរប្រភពធនធាន និងកម្លាំងប្រកួតប្រជែងនៅលើទីផ្សារ។
| ការតាំងបង្ហាញរូបភាពលោកប្រធានហូជីមិញក្នុងសារព័ត៌មានបដិវត្តន៍វៀតណាម កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ - ជ័យជំនះដ៏អស្ចារ្យលើកដំបូងនៅលើឆាកអន្តរជាតិនៃការទូតបដិវត្តន៍វៀតណាម |
យោងតាមរបាយការណ៍សន្ទស្សន៍ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មីសកល ឆ្នាំ ២០២៦ របស់អង្គការ StartupBlink ក្នុងឆ្នាំ ២០២៥ ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍របស់វៀតណាមបានកើនឡើង ៥ លេខ មកឈរនៅចំណាត់ថ្នាក់ទី ៥០ លើសកលលោក។ នេះគឺជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់វៀតណាម ចាប់តាំងពីតារាងចំណាត់ថ្នាក់នេះត្រូវបានប្រកាសជាសាធារណៈមក។
ទន្ទឹមនឹងភាពប្រសើរឡើងនៃចំណាត់ថ្នាក់ អត្រាកំណើននៃប្រព័ន្ធអេកូឡូស៊ីសម្រេចបាន ៦៧,៩% ដែលខ្ពស់ជាងគួរឱ្យកត់សម្គាល់បើធៀបនឹងកម្រិតមធ្យម ១៧,៥% នៃប្រព័ន្ធអេកូឡូស៊ីកំពូលទាំង ១០០ លើពិភពលោក។ នេះក៏ជាកម្រិតកំណើនខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍ និងស្ថិតក្នុងក្រុមដែលមានល្បឿនកំណើនខ្ពស់នៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក។
វៀតណាមបន្តរក្សាតំណែងចំណាត់ថ្នាក់ទី ៥ នៅអាស៊ីអាគ្នេយ៍ និងទី ១០ នៅអាស៊ី; ឈរលំដាប់ថ្នាក់លេខ ២ នៅអាស៊ីអាគ្នេយ៍លើសសរស្តម្ភតម្លៃម៉ាកសញ្ញាប្រព័ន្ធអេកូឡូស៊ី និងទី ៦ នៅអាស៊ី - ប៉ាស៊ីហ្វិកលើសកម្មភាពសហគមន៍ធុរកិច្ចបង្កើតថ្មី។
![]() |
| Techfest វៀតណាម ឆ្នាំ ២០២៥ នៅតំបន់បឹង Hoan Kiem រដ្ឋធានី Ha Noi។ |
ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ វៀតណាមឈរនៅចំណាត់ថ្នាក់ទី ៣៩ លើសកលលោក និងទី ៩ នៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក។
នៅថ្នាក់មូលដ្ឋាន ទីក្រុងចំនួន ៤ របស់វៀតណាមបានជាប់ក្នុងចំណោមទីក្រុងកំពូលទាំង ១.០០០ នៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍សកល។ ទីក្រុង Ho Chi Minh ឈរនៅចំណាត់ថ្នាក់លេខ ៩៨ កើនឡើង ១២ លេខ; Ha Noi ឈរនៅចំណាត់ថ្នាក់លេខ ១១៨ កើនឡើង ៣០ លេខ; Da Nang ឈរនៅចំណាត់ថ្នាក់លេខ ៥៥៤ កើនឡើង ២១២ លេខ; Hai Phong ឈរនៅចំណាត់ថ្នាក់លេខ ៧៦៥ និងបានបង្ហាញវត្តមានជាលើកដំបូងក្នុងបញ្ជី។
លំហូរទុនវិនិយោគចូលក្នុងប្រព័ន្ធអេកូឡូស៊ីក៏បានកត់ត្រានូវកំណើនផងដែរ។ ក្នុងឆ្នាំ ២០២៥ ទុនវិនិយោគប្រថុយប្រថាន ចូលមកវៀតណាមសម្រេចបាន ៥០៩ លានដុល្លារអាមេរិក តាមរយៈកិច្ចព្រមព្រៀងចំនួន ១០៣ កើនឡើង ២៨% បើធៀបនឹងឆ្នាំ ២០២៤។
ទុនឯកជនសរុប រួមទាំងទុនភាគហ៊ុនឯកជន សម្រេចបានប្រមាណ ៤,៥ ពាន់លានដុល្លារអាមេរិក តាមរយៈកិច្ចព្រមព្រៀងចំនួន ១៤៩ ស្ទើរតែកើនឡើងទ្វេដងបើធៀបនឹងកម្រិត ២,២៥៥ ពាន់លានដុល្លារអាមេរិកនៃឆ្នាំ ២០២៤។
លទ្ធផលទាំងនេះបង្ហាញឱ្យឃើញថា ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍វៀតណាម កំពុងបន្តពង្រីកវិសាលភាពជាមួយនឹងការចូលរួមពីសំណាក់សហគ្រាសបង្កើតថ្មី វិនិយោគិន មូលនិធិវិនិយោគប្រថុយប្រថាន មូលដ្ឋានបណ្តុះបណ្តាលធុរកិច្ច អង្គការជំរុញអាជីវកម្ម មជ្ឈមណ្ឌលនវានុវត្តន៍ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ អ្នកជំនាញ ទីប្រឹក្សា និងបណ្តាញគាំទ្រទាំងក្នុងនិងក្រៅប្រទេស។
ផ្លាស់ប្តូរចំណុចស្នូលពីបរិមាណទៅជាគុណភាព
យោងតាមរដ្ឋបាលធុរកិច្ចបង្កើតថ្មី និងសហគ្រាសបច្ចេកវិទ្យា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បណ្តាលទ្ធផលដែលសម្រេចបានគឺជាមូលដ្ឋានគ្រឹះដើម្បីឱ្យប្រព័ន្ធអេកូឡូស៊ីបន្តការអភិវឌ្ឍតាមជម្រៅ ដោយផ្លាស់ប្តូរពីការបង្កើនបរិមាណ ទៅជាការយកចិត្តទុកដាក់លើគុណភាព និងប្រសិទ្ធភាពជាក់ស្តែង។
សញ្ញាសម្គាល់ដ៏សំខាន់មួយ គឺរដ្ឋាភិបាលបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៨៦/NQ-CP ចុះថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៦ ស្តីពីយុទ្ធសាស្ត្រជាតិស្តីពីធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍។
![]() |
| ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍របស់វៀតណាម សម្រេចបាននូវជំហានអភិវឌ្ឍន៍ជាវិជ្ជមាន។ |
យុទ្ធសាស្ត្របានសង្កត់ធ្ងន់លើស្មារតីធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍ទូទាំងប្រជាជន ដែលតាមនោះ ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែមានសេចក្តីប្រាថ្នា និងអាចចាប់ផ្តើមអាជីវកម្មតាមរយៈការច្នៃប្រឌិតលើគ្រប់វិស័យ ដោយឈរលើមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។
តាមទិសដៅនេះ ធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍លែងប្រមូលផ្តុំតែលើក្រុមមុខសញ្ញាជាក់លាក់ណាមួយទៀតហើយ ប៉ុន្តែសំដៅក្លាយជាសកម្មភាពដ៏ទូលំទូលាយរបស់ប្រជាពលរដ្ឋ និងអង្គការនានា; ក្នុងនោះ បច្ចេកវិទ្យាដើរតួនាទីជាមូលដ្ឋានគ្រឹះ និងជាឧបករណ៍ដើម្បីបង្កើតឡើងនូវទម្រង់គំរូ ផលិតផល និងដំណោះស្រាយថ្មីៗ។
បណ្តាក្រុមដំណោះស្រាយត្រូវបានដាក់ចេញតាមទិសដៅដោះស្រាយចំណុចស្ទះ បង្កើតបរិយាកាសអំណោយផល និងផ្តល់កម្លាំងបន្ថែមដល់សហគ្រាស។
ភារកិច្ចចម្បងមួយក្នុងចំណោមភារកិច្ចដំបូងបង្អស់ គឺការធ្វើឱ្យពេញលេញនូវច្រករបៀងគតិយុត្ត បន្តកែទម្រង់នីតិវិធីរដ្ឋបាលនៅលើបរិយាកាសឌីជីថល ព្រមទាំងស្រាវជ្រាវ និងអនុវត្តសាកល្បងនូវបណ្តាយន្តការពិសេស សំដៅលើកទឹកចិត្តដល់ស្មារតីហ៊ានសាកល្បង។
ទិសដៅមួយចំនួនត្រូវបានដាក់ចេញ រួមមាន ទម្រង់គំរូ «សហគ្រាសមនុស្សតែម្នាក់» យន្តការដោះស្រាយការក្ស័យធនបែបកាត់បន្ថយដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចាប់ផ្តើមអាជីវកម្មឡើងវិញ និងតំបន់សាកល្បងដែលមានការគ្រប់គ្រង សម្រាប់បច្ចេកវិទ្យាថ្មី។
ទន្ទឹមនឹងនោះ គឺភារកិច្ចអភិវឌ្ឍធនធានមនុស្ស និងកសាងប្រព័ន្ធអេកូឡូស៊ីឱ្យបានស៊ីសង្វាក់គ្នា។
ការអប់រំអំពីធុរកិច្ចបង្កើតថ្មី និងនវានុវត្តន៍ នឹងត្រូវបានដាក់បញ្ចូលកាន់តែស៊ីជម្រៅទៅក្នុងប្រព័ន្ធអប់រំជាតិ ចាប់ពីកម្រិតចំណេះទូទៅរហូតដល់សាកលវិទ្យាល័យ។ ជាមួយគ្នានោះ ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់រួមគ្នា មជ្ឈមណ្ឌលនវានុវត្តន៍ លំហធុរកិច្ចបង្កើតថ្មីសហគមន៍ និងបណ្តាថ្នាលឌីជីថលគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម នឹងបន្តត្រូវបានអភិវឌ្ឍនៅលើទូទាំងប្រទេស។
បើកផ្លូវលំហូរទុន ជំរុញការធ្វើពាណិជ្ជកម្មនីយកម្ម
ភារកិច្ចសំខាន់មួយទៀត គឺការអភិវឌ្ឍប្រភពទុន និងការពង្រឹងសមាហរណកម្មអន្តរជាតិ។
តាមទិសដៅ ទីផ្សារទុនវិនិយោគប្រថុយប្រថាននឹងត្រូវបានជំរុញកាន់តែខ្លាំងក្លា ដោយការបង្កើតឡើងនូវបណ្តាមូលនិធិវិនិយោគចាប់ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន មូលនិធិរបស់សហគ្រាស និងសាកលវិទ្យាល័យ; ព្រមទាំងស្រាវជ្រាវយន្តការគាំទ្រហិរញ្ញវត្ថុដោយផ្ទាល់ និងការធានាឥណទានដោយផ្អែកលើកម្មសិទ្ធិបញ្ញា។
![]() |
| វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតស្វែងរកទេពកោសល្យធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍ថ្នាក់ជាតិ ឆ្នាំ ២០២៥។ |
នៅថ្ងៃទី ១៥ ខែកញ្ញា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានអនុម័តលើកម្មវិធីជាតិស្តីពីធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍ ដំណាក់កាល ២០២៦-២០៣៥។
កម្មវិធីនេះបានផ្លាស់ប្តូរចំណុចស្នូលពីការគាំទ្រតាមចលនា ទៅជាការគាំទ្រផ្អែកលើលទ្ធផលជាក់ស្តែង ដោយយកគុណភាពសហគ្រាស សមត្ថភាពនវានុវត្តន៍ សមត្ថភាពធ្វើពាណិជ្ជកម្មនីយកម្មបច្ចេកវិទ្យា ការកៀរគរប្រភពធនធានសង្គម និងកម្លាំងប្រកួតប្រជែងនៃផលិតផល សេវាកម្មនៅលើទីផ្សារ ធ្វើជាបន្ទាត់រង្វាស់រង្វាល់។
ខ្លឹមសារនៃការគាំទ្របានផ្តោតលើការបណ្តុះបណ្តាលធុរកិច្ច ការបង្កើនល្បឿន និងការអភិវឌ្ឍទីផ្សារសម្រាប់សហគ្រាសបង្កើតថ្មីប្រកបដោយនវានុវត្តន៍; ព្រមទាំងគាំទ្របុគ្គល និងអង្គការនានាក្នុងការអភិវឌ្ឍ និងប្រើប្រាស់ឧបករណ៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបម្រើដល់ការចាប់ផ្តើមអាជីវកម្ម។
អំពីប្រភពទុន ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងស្រាវជ្រាវ និងស្នើកែលម្អឱ្យបានពេញលេញនូវបណ្តាបទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធនឹងមូលនិធិវិនិយោគប្រថុយប្រថានថ្នាក់ជាតិ និងមូលនិធិវិនិយោគប្រថុយប្រថាននៅថ្នាក់មូលដ្ឋាន។
គោលដៅគឺដើម្បីបង្កើតច្រករបៀងគតិយុត្តដ៏ស៊ីសង្វាក់គ្នាមួយ សម្រាប់ការកៀរគរ ការគ្រប់គ្រង និងការប្រើប្រាស់ប្រភពធនធានគាំទ្រដល់ធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍។
ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ត្រូវបានប្រគល់ភារកិច្ចឱ្យបង្កើតមូលនិធិវិនិយោគប្រថុយប្រថានថ្នាក់ជាតិ ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅចុងខែធ្នូ ឆ្នាំ ២០២៦។
មូលនិធិនេះត្រូវបានតម្រង់ទិសដៅឱ្យដើរតួនាទីជាទុនជំរុញដំបូង (seed capital) តាមរយៈនោះ ជួយកៀរគរបន្ថែមនូវប្រភពធនធានឯកជនទាំងក្នុងនិងក្រៅប្រទេស ឱ្យចូលមកវិនិយោគលើសហគ្រាសបង្កើតថ្មីប្រកបដោយនវានុវត្តន៍នានា។
ទន្ទឹមនឹងនោះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានសហការជាមួយក្រសួងហិរញ្ញវត្ថុ រៀបចំសេចក្តីព្រាងអនុក្រឹត្យកំណត់អំពីការរៀបចំទីផ្សារមូលបត្រជំនាញសម្រាប់សហគ្រាសបង្កើតថ្មីប្រកបដោយនវានុវត្តន៍ ដោយបង្កើតបន្ថែមនូវមូលដ្ឋានដើម្បីឱ្យសហគ្រាសអាចទទួលបាន និងកៀរគរទុន។
ក្រៅពីការអភិវឌ្ឍប្រភពទុនក្នុងស្រុក វៀតណាមបន្តជំរុញសមាហរណកម្ម ទាក់ទាញអ្នកជំនាញអន្តរជាតិ និងនាំយកបណ្តាសហគ្រាសបង្កើតថ្មីប្រកបដោយនវានុវត្តន៍ ឱ្យចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់តម្លៃសកល។
សំដៅឆ្ពោះទៅប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍ជាក់ស្តែង
នាពេលខាងមុខ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងបន្តត្រួតពិនិត្យឡើងវិញ ធ្វើឱ្យពេញលេញ និងចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាបទប្បញ្ញត្តិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការគាំទ្រធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍។
តម្រូវការដែលបានដាក់ចេញគឺធានាគោលនយោបាយប្រកបដោយតម្លាភាព ភាពអាចអនុវត្តបាន និងសមស្របទៅនឹងការអនុវត្តជាក់ស្តែង; ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យសហគ្រាសទទួលបានប្រភពធនធានចាំបាច់នានាក្នុងដំណើរការអភិវឌ្ឍ។
ចំណុចស្នូលនៃការគាំទ្រនឹងផ្តោតលើសមត្ថភាពអភិវឌ្ឍផលិតផល ការធ្វើពាណិជ្ជកម្មនីយកម្មបច្ចេកវិទ្យា ការកៀរគរទុន និងការពង្រីកទីផ្សារ។
ទន្ទឹមនឹងភាពប្រសើរឡើងនៃចំណាត់ថ្នាក់ និងលំហូរទុន ទិសដៅអភិវឌ្ឍន៍ថ្មីនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មីប្រកបដោយនវានុវត្តន៍របស់វៀតណាម កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាទៅកាន់គុណភាព ប្រសិទ្ធភាព និងសមត្ថភាពបង្កើតចេញនូវបណ្តាសហគ្រាសដែលមានសមត្ថភាពបច្ចេកវិទ្យា កម្លាំងប្រកួតប្រជែង និងតម្លៃជាក់ស្តែងនៅលើទីផ្សារ៕
សំដៅលើកតម្កើងនិងចងចាំនូវគុណូបការៈរបស់ជនកុម្មុយនិស្តជំនាន់ដំបូងនៃបដិវត្តន៍វៀតណាម សារមន្ទីរប្រវត្តិសាស្ត្រជាតិសហការជាមួយបណ្ណសារដ្ឋាន នៃការិយាល័យមជ្ឈឹមបក្ស បានរៀបចំការតាំងពិព័រណ៍ក្រោមប្រធានបទ “គ្រាប់ពូជក្រហម”។ ការតាំងពិព័រណ៍នេះ បានប្រព្រឹត្តទៅនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ លេខ ២៥ Tong Dan ខណ្ឌ Hoan Kiem ទីក្រុងហាណូយ។ |
នាព្រឹកថ្ងៃទី១៨ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Baiyun ក្នុងទីក្រុងក្វាងចូវ (Guangzhou) ខេត្តក្វាងតុង (Guangdong) ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ |



មតិពីមិត្តអ្នកអាន