យុគសម័យ - ចាប់តាំងពីការស្វែងរកនូវបណ្តារចនាសម្ព័ន្ធសម្ភារថ្មីៗ រហូតដល់ការវិភាគរូបភាពដើម្បីកំណត់បរិមាណវីរុសរលាកថ្លើមប្រភេទ B បញ្ញាសិប្បនិម្មិត (AI) កំពុងពង្រីកសមត្ថភាពដោះស្រាយបណ្តាបញ្ហានៅក្នុងរូបវិទ្យា។ ទោះជាយ៉ាងណាក៏ដោយ បណ្តាអ្នកវិទ្យាសាស្ត្របានសង្កត់ធ្ងន់ថា AI នៅតែជាឧបករណ៍ជំនួយ ចំណែកឯការកំណត់បញ្ហា ការជ្រើសរើសទិន្នន័យ និងការផ្ទៀងផ្ទាត់បញ្ជាក់លទ្ធផល គឺស្ថិតនៅលើមនុស្ស។
ថ្ងៃទី ១៤ ខែកញ្ញា នៅ Ha Noi មជ្ឈមណ្ឌលទិន្នន័យ និងព័ត៌មានវិទ្យាសាស្ត្រ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានសហការជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ និងបច្ចេកវិទ្យាសម្ភារ នៃសាកលវិទ្យាល័យ VinUni និងសមាគមរូបវិទ្យាវៀតណាម រៀបចំការបង្រៀនជាសាធារណៈ «AI ជាមួយរូបវិទ្យា»។
នៅក្នុងកម្មវិធី លទ្ធភាពនៃការអនុវត្ត AI ក្នុងការស្រាវជ្រាវសម្ភារ និងរូបវិទ្យាណាណូ ត្រូវបានឧទ្ទេសនាមតាមរយៈមេរៀនបង្រៀនចំនួនពីរ ចាប់តាំងពីការជួយគាំទ្រដល់ការស្វែងរកសម្ភារថ្មីៗ រហូតដល់ការអភិវឌ្ឍបច្ចេកវិទ្យារោគវិនិច្ឆ័យឆ្លាតវៃ។
![]() |
| សហសាស្ត្រាចារ្យ បណ្ឌិត Nguyen Hong Quang អនុប្រធាន និងជាអគ្គលេខាធិការនៃសមាគមរូបវិទ្យាវៀតណាម ថ្លែងមតិនៅក្នុងកម្មវិធី។ |
ថ្លែងមតិនៅក្នុងកម្មវិធី សហសាស្ត្រាចារ្យ បណ្ឌិត Nguyen Hong Quang អនុប្រធាន និងជាអគ្គលេខាធិការនៃសមាគមរូបវិទ្យាវៀតណាម បានចាត់ទុកថា ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃ AI កំពុងបង្កើតឡើងនូវដំណាក់កាលបច្ចេកវិទ្យាថ្មីមួយ។ ការណ៍នេះ បានដាក់ចេញនូវតម្រូវការចំពោះសហគមន៍វិទ្យាសាស្ត្រ មិនត្រឹមតែយល់ដឹងអំពី AI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវស្វែងរកវិធីអនុវត្តបច្ចេកវិទ្យានេះឱ្យមានប្រសិទ្ធភាពនៅក្នុងវិស័យជំនាញនីមួយៗផងដែរ។
ចេញពីលក្ខណៈសម្បត្តិដែលចង់បាន ឆ្ពោះទៅកាន់រចនាសម្ព័ន្ធសម្ភារ
នៅក្នុងមេរៀនបង្រៀន «យុគសម័យថ្មីក្នុងការស្វែងរកសម្ភារ៖ AI រូបវិទ្យា និងការក្លែងធ្វើគំរូ» បណ្ឌិត Phan Duc Anh នៃមជ្ឈមណ្ឌលនវានុវត្តន៍ និងបច្ចេកវិទ្យាសម្ភារ សាកលវិទ្យាល័យ VinUni បានលើកឡើងអំពីការផ្លាស់ប្តូរនានានៅក្នុងវិធីសាស្ត្រស្រាវជ្រាវសម្ភារ នៅពេលដែល AI ត្រូវបានយកមកប្រើប្រាស់កាន់តែទូលំទូលាយ។
យោងតាមបណ្ឌិត Phan Duc Anh វិស័យនេះបានឆ្លងកាត់ដំណើរការអភិវឌ្ឍ ចាប់តាំងពីវិធីសាស្ត្រពិសោធន៍បែបប្រពៃណី រហូតដល់ការអនុវត្តការក្លែងធ្វើគំរូនៅលើកុំព្យូទ័រ ដើម្បីស្រាវជ្រាវប្រព័ន្ធរូបវិទ្យាដ៏ស្មុគស្មាញនានា។
ការកើនឡើងនៃសមត្ថភាពគណនា រួមជាមួយ AI កំពុងផ្តល់បន្ថែមនូវឧបករណ៍ ដើម្បីឱ្យបណ្តាអ្នកវិទ្យាសាស្ត្រដំណើរការទិន្នន័យដ៏ច្រើនលើសលប់ ព្យាករណ៍លក្ខណៈសម្បត្តិ និងស្វែងរកនូវបណ្តារចនាសម្ព័ន្ធសម្ភារថ្មីៗ។
ទិសដៅអភិក្រមមួយគួរឱ្យកត់សម្គាល់ គឺ «ការរចនាបញ្ច្រាស»។ ជំនួសឱ្យការជ្រើសរើសរចនាសម្ព័ន្ធសម្ភារជាមុន រួចទើបគណនា និងព្យាករណ៍លក្ខណៈសម្បត្តិរបស់វា អ្នកស្រាវជ្រាវអាចចាប់ផ្តើមចេញពីលក្ខណៈសម្បត្តិដែលចង់បាន ហើយប្រើប្រាស់ AI ដើម្បីស្វែងរករចនាសម្ព័ន្ធដែលសមស្រប។
យោងតាមវិធីសាស្ត្រអភិក្រមនេះ មនុស្សជាអ្នកកំណត់សំណួរ និងគោលដៅវិទ្យាសាស្ត្រ ចំណែកឯ AI ជួយគាំទ្រដល់ការវិភាគ និងស្វែងរកជម្រើសជាច្រើននៅក្នុងលំហទិន្នន័យ។
AI ក៏អាចយកមកប្រើប្រាស់ដើម្បីស្វែងរក បូកសរុប និងវិភាគបណ្តាការបោះពុម្ពផ្សាយវិទ្យាសាស្ត្រ កំណត់អត្តសញ្ញាណនិន្នាការស្រាវជ្រាវ និងផ្តល់យោបល់អំពីបញ្ហាទាំងឡាយណាដែលមិនទាន់ត្រូវបានទាញយកផលនៅឡើយ។ បច្ចេកវិទ្យានេះ ក៏ជួយគាំទ្រដល់ការព្យាករណ៍លក្ខណៈសម្បត្តិនៃសម្ភារជាច្រើនប្រភេទ ដូចជា ប៉ូលីមែរ (Polymer) ថ្នាំពេទ្យ លោហៈ និងលោហធាតុផ្សំ (Alloy)។
ទោះជាយ៉ាងណាក៏ដោយ បណ្ឌិត Phan Duc Anh បានកត់សម្គាល់ថា AI មិនអាចជំនួសអ្នកវិទ្យាសាស្ត្របានឡើយ។ គុណភាព និងប្រសិទ្ធភាពនៃគំរូ ពឹងផ្អែកយ៉ាងធំធេងលើទំហំ គុណភាព ក៏ដូចជាកម្រិតនៃភាពសមស្របរបស់ទិន្នន័យ។
អាស្រ័យហេតុនេះ តួនាទីរបស់អ្នកស្រាវជ្រាវនៅតែមានលក្ខណៈសម្រេច នៅក្នុងការកំណត់ឱ្យបានត្រឹមត្រូវនូវបញ្ហា ការជ្រើសរើសទិន្នន័យ ការវាយតម្លៃគំរូ និងការផ្ទៀងផ្ទាត់បញ្ជាក់លទ្ធផលនានាដែល AI បានដាក់ចេញ។
ការប្រើប្រាស់ AI វិភាគសញ្ញាដើម្បីកំណត់បរិមាណវីរុស
ប្រសិនបើការស្រាវជ្រាវសម្ភារបានបង្ហាញពីលទ្ធភាពនៃការប្រើប្រាស់ AI ដើម្បីស្វែងរកនូវបណ្តារចនាសម្ព័ន្ធថ្មីៗ នោះនៅក្នុងរូបវិទ្យាណាណូ បច្ចេកវិទ្យានេះកំពុងត្រូវបានសាកល្បងជាមួយនឹងបណ្តាបញ្ហាដែលមានសមត្ថភាពអនុវត្តផ្ទាល់ទៅក្នុងការធ្វើរោគវិនិច្ឆ័យ។
នៅក្នុងមេរៀនបង្រៀន «រូបវិទ្យាណាណូ និងបញ្ញាសិប្បនិម្មិត៖ ចាប់ពីបាតុភូតរូបវិទ្យា រហូតដល់បច្ចេកវិទ្យារោគវិនិច្ឆ័យឆ្លាតវៃ» សហសាស្ត្រាចារ្យ បណ្ឌិត Le Van Lich នៃមជ្ឈមណ្ឌលនវានុវត្តន៍ និងបច្ចេកវិទ្យាសម្ភារ សាកលវិទ្យាល័យ VinUni បានឧទ្ទេសនាមការស្រាវជ្រាវអនុវត្ត AI ដើម្បីរកឱ្យឃើញ និងកំណត់បរិមាណវីរុសរលាកថ្លើមប្រភេទ B (HBV)។
ក្រុមស្រាវជ្រាវបានរួមបញ្ចូលគ្នានូវភាគល្អិតណាណូមាស បាតុភូតអុបទិកណាណូ និងបណ្តាគំរូរៀនម៉ាស៊ីន (Machine Learning) ដើម្បីអភិវឌ្ឍវិធីសាស្ត្រនេះ។
ភាគល្អិតណាណូមាស មានលក្ខណៈសម្បត្តិអុបទិកពិសេស។ បម្រែបម្រួលពណ៌នៃសូលុយស្យុង អាចបង្កើតបានជាសញ្ញាដែលពាក់ព័ន្ធនឹងប្រតិកម្មដែលកើតឡើងនៅក្នុងប្រព័ន្ធ។ ក្រុមស្រាវជ្រាវបានទាញយកផលពីលក្ខណៈសម្បត្តិនោះ ដើម្បីកសាងឧបករណ៍ចាប់សញ្ញាជីវសាស្ត្រ (Biosensor) បន្ទាប់មកប្រើប្រាស់ AI វិភាគរូបភាព និងបំប្លែងព័ត៌មានអំពីពណ៌ឱ្យទៅជាទិន្នន័យកំណត់បរិមាណបន្ទុកវីរុស។
សំណុំទិន្នន័យដែលត្រូវបានប្រើប្រាស់នៅក្នុងការស្រាវជ្រាវ រួមមាន ៩៩០ រូបភាព ត្រូវគ្នានឹងសំណាកគំរូនានាដែលមានកំហាប់វីរុសចាប់ពី ០ ដល់ ១០⁸ copies/reaction។
![]() |
| មេរៀនបង្រៀន «AI ជាមួយរូបវិទ្យា» មិនត្រឹមតែធ្វើបច្ចុប្បន្នភាពនូវបណ្តាការអនុវត្តរបស់ AI នៅក្នុងរូបវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកចេញនូវទស្សនវិស័យថ្មីមួយអំពីការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងយុគសម័យទិន្នន័យផងដែរ។ |
ក្នុងចំណោមទិន្នន័យសរុបទាំងនេះ ទិន្នន័យចំនួន ៨១០ ត្រូវបានប្រើប្រាស់សម្រាប់ការបង្វឹកហាត់ ទិន្នន័យចំនួន ១៦២ បម្រើឱ្យការផ្ទៀងផ្ទាត់ និងទិន្នន័យចំនួន ១៨ សម្រាប់ធ្វើការត្រួតពិនិត្យសាកល្បង។ ក្រុមការងារបានជ្រើសរើស និងប្រៀបធៀបគំរូរៀនម៉ាស៊ីនចំនួន ៣ និងគំរូរៀនស៊ីជម្រៅ (Deep Learning) ចំនួន ៣ សំដៅវាយតម្លៃលទ្ធភាពសមស្របទៅនឹងបញ្ហា។
គោលដៅរយៈពេលវែងមួយរបស់ក្រុមការងារ គឺការដាក់បញ្ចូលក្បួនដោះស្រាយវិភាគរូបភាព និងគំរូ AI ទៅលើទូរស័ព្ទឆ្លាតវៃ។ ពេលនោះ អ្នកប្រើប្រាស់អាចថតរូបសំណាកគំរូដោយប្រើទូរស័ព្ទ ដើម្បីឱ្យប្រព័ន្ធដំណើរការវិភាគរូបភាពដោយស្វ័យប្រវត្តិ និងផ្តល់នូវលទ្ធផលនៃការកំណត់បរិមាណ។
ដើម្បីឈានឱ្យកាន់តែកៀកទៅនឹងលទ្ធភាពនៃការអនុវត្តជាក់ស្តែង ក្រុមការងារបន្តផ្តោតលើការស្រាវជ្រាវអំពីលក្ខណៈជ្រើសរើស កម្រិតភាពជាក់លាក់ លទ្ធភាពពង្រីកចំពោះភ្នាក់ងារបង្ករោគដទៃទៀត និងសមត្ថភាពធ្វើសមាហរណកម្មឱ្យក្លាយជាដំណោះស្រាយរោគវិនិច្ឆ័យនៅនឹងកន្លែង។
ទិសដៅស្រាវជ្រាវទាំងពីរដែលត្រូវបានបង្ហាញនៅក្នុងកម្មវិធី បានបង្ហាញឱ្យឃើញថា AI អាចបញ្ចេញនូវប្រសិទ្ធភាពខ្ពស់ នៅពេលត្រូវបានរួមបញ្ចូលគ្នាជាមួយចំណេះដឹងជំនាញឯកទេស ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនានា ចាប់តាំងពីការពង្រីកលំហស្វែងរកសម្ភារ រហូតដល់ការជួយគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យារោគវិនិច្ឆ័យ។
«AI ជាមួយរូបវិទ្យា» គឺជាការបន្តវេនពីស៊េរី «AI និងគណិតវិទ្យា» សំដៅឆ្ពោះទៅរកការជំរុញការផ្លាស់ប្តូរសិក្សាស្រាវជ្រាវ បង្កើនការតភ្ជាប់រវាងបណ្តាវិស័យវិទ្យាសាស្ត្រ និងនាំយកការអនុវត្តថ្មីៗនៃ AI ឱ្យកាន់តែកៀកជិតទៅដល់សាធារណជន៕
យុគសម័យ - នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Hai Phong បានចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលបរទេសជាង ១.៣៦ លានដុល្លារអាមេរិក នៅក្នុងនោះបានបើកផ្តល់ថវិកាលើសពី ១.១ លានដុល្លារអាមេរិក។ នាពេលខាងមុខ ទីក្រុងផ្តល់អាទិភាពពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជីវភាពរស់នៅប្រកបដោយចីរភាព ការអប់រំ សុខាភិបាលព្រមទាំងការផ្លាស់ប្តូរឌីជីថល។ |
យុគសម័យ - នាឱកាសដែលរដ្ឋមន្ត្រីក្រសួងការបរទេស Lithuania លោក Kęstutis Budrys អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម (ថ្ងៃទី ២៧ - ២៨ ខែកក្កដា) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៉ូឡូញ កាន់កាប់បន្ថែម Lithuania លោក Ha Hoang Hai បានចែករំលែកជាមួយកាសែត «ពិភពលោក និងវៀតណាម» អំពីអត្ថន័យនៃដំណើរទស្សនកិច្ច និងប្រកាសនីយភាពនៃការអភិវឌ្ឍ នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ |


មតិពីមិត្តអ្នកអាន